អានតួអត្ថបទ
កូតឌីវ័រ

សហគមន៍​អន្តរជាតិ​ដាក់​គំនាប​កាន់​តែ​ខ្លាំង​លើ​លោក ឡូរ៉ង់ បាក់បូ

សហគមន៍​អន្តរជាតិ​ មិន​អាច​ឈរ​នៅ​ស្ងៀម​បាន​ទៀត​ទេ នៅ​ចំពោះ​មុខស្ថានការណ៍​ហិង្សា​បង្ហូរ​ឈាម​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​និង​សុក្រ​ម្សិលមិញ នៅ​ក្នុង​ប្រទេស​កូតឌីវ័រ។ ​ ​​អឺរ៉ុប អាមេរិក អង្គការ​សហប្រជាជាតិ និងសហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​​អាហ្វ្រិកខាង​លិច បាន​ចេញ​ថ្លែង​ការណ៍ មួយ​ហើយ​មួយ​ទៀត ​ថ្កោល​ទោស​អំពើ​ហិង្សា​​ និង ​បង្ខំ​​​លោក ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ឲ្យប្រគល់​តួនាទី​ប្រធានាធិបតី​ទៅ​ឲ្យ​លោក អាឡាសាន វ៉ាត់តារ៉ា (Alassane Ouattara) ដែល​ជា​អ្នក​ឈ្នះ​ឆ្នោត ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ ប្រសិន​បើ​លោក​បាក់បូ​​មិន​ចង់​ទទួល​ទណ្ឌកម្ម​អន្តរជាតិ​ទេ​។

​លោក Laurent Gbagbo ទទួល​ស្វាគមន៍​​លោក Jean Ping (ឆ្វេង)​ នៅ​គេហដ្ឋាន​គាត់​នា​ក្រុង​ Abidjan ថ្ងៃទី​១៧ ធ្នូ២០១០
​លោក Laurent Gbagbo ទទួល​ស្វាគមន៍​​លោក Jean Ping (ឆ្វេង)​ នៅ​គេហដ្ឋាន​គាត់​នា​ក្រុង​ Abidjan ថ្ងៃទី​១៧ ធ្នូ២០១០ Reuters
ផ្សាយពាណិជ្ជកម្ម
02:01

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ប្រតិកម្មអន្តរជាតិ​បាន​​ផ្ទុះ​ឡើង​យ៉ាង​ព្រោង​ព្រាត មួយ​ថ្ងៃ​ក្រោយ​អំពើហិង្សា​បង្ហូរ​ឈាម​ រវាង​ទាហាន​ស្និទ្ធ​នឹង​លោក​ប្រធានាធិបតី​ផុត​អាណត្តិ​បាក់បូ និង​​ក្រុម​សកម្មជន​​របស់​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ ដែល​មាន​ចេតនា​ចង់​ដណ្តើម​យក​ទីស្នាក់ការ​ទូរទស្សន៍​ជាតិ។

សហភាព​អឺរ៉ុប តាមរយៈ​លោក​ប្រធានាធិបតី​បារាំង នីកូឡា សាកូហ្ស៊ី បាន​ដាក់​ឱសានវាទ​ឲ្យ​លោក​បាក់បូ​ចាក​ចេញ​ពី​តំណែង យ៉ាង​យូរ​បំផុត​​​នៅ​ចុង​សប្តាហ៍​នេះ។ ពុំ​នោះ​ទេ​ ចាប់​ពី​ថ្ងៃ​ចន្ទ​ទី​២០​ធ្នូ​ទៅ ឈ្មោះ​​លោក​បាក់បូ​និង​ភរិយា នឹង​ត្រូវ​​ចាត់​បញ្ជូល​ក្នុង​បញ្ជី​ស៊ីប ជន​ដែល​សហភាពអឺរ៉ុប​​ដាក់​ទណ្ឌ​កម្ម។

ដូច​គ្នា​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​នឹង​ដាក់​ទណ្ឌកម្ម​លើ​រូប​លោក បាក់បូ​ ព្រម​ទាំង​ក្រុម​គ្រួសារ​ដូច​ជា​សហភាព​អឺរ៉ុប​ដែរ ដោយ​​ថែម​ទាំង​បាន​ព្រមាន​លោក​បាក់បូថា ដល់​វេលា​ដែលត្រូវ​​ឲ្យ​ប្រគល់​តំណែង​ប្រធានាធិបតី​​ទៅ​ឲ្យ​លោក​ វ៉ាត់តារ៉ា ហើយ។ ​

កងទ័ព​មួយ​ខៀវ អាច​នឹងចេញ​​ធ្វើសកម្មភាព ប្រសិន​បើ​លោក​ បាក់បូ​ នៅ​រឹង​ទទឹង​​មិន​ព្រម​ចាក​ចេញ​ពី​តំណែងនោះ​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​​លោក​ បាន គីមូន អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ដែល​យល់​ថា​ការ​បន្ត​ស្ថិត​នៅ​កាន់​តំណែង​របស់​លោក​បាក់បូ​​គឺ​ជា​ឆាក​ល្ខោន​ប្រជាធិបតេយ្យ។

ចំណែក​ខាង​អាហ្វ្រិក​វិញ លោក ហ្សង់ ពីង ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​អាប៊ីហ្សង់​ ហើយ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី​ពាំនាំ​យក​លិខិតរបស់​ប្រធាន​សហគមន៍​​សេដ្ឋកិច្ច​នៃ​រដ្ឋ​​អាហ្វ្រិកខាង​លិច ដែលសរសេរ​ស្នើ​ឲ្យ​ លោក​បាក់បូ ប្រគល់​តំណែង​ប្រធានាធិបតី​​ ជា​បន្ទាន់ ទៅ​ឲ្យ​ប្រធានាធិបតី​ជាប់​ឆ្នោត លោក​ វ៉ាត់តារ៉ា។ ក្នុង​ជំនួបជាមួយ​​លោក ហ្សង់ពីង ​លោក បាក់បូ នៅ​តែ​បង្ហាញ​ពី​ជំហរ​រឹង​រូស​ទាម​ទារ​ចង់​បាន ការ​បែង​ចែក​អំណាច​ជា​អនុប្រធានាធិបតី​ឲ្យ​ទៅ​លោក​វ៉ាត់តារ៉ា។

ស្ថានភា​ព​នយោបាយ​ហាក់​នៅ​ជាប់​គាំង​រហូត​មក​ទល់​ពេល​នេះ ប៉ុន្តែ​ជា​សំណាង​ល្អ តាំង​ពី​ថ្ងៃ​ម្សិលមិញ​មក ក្រុង​អាប៊ីហ្សង់ ហាក់​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​បន្តិច ព្រោះ​សកម្មជន​របស់​លោក​វ៉ាត់តារ៉ា មិន​បាន​​ដង្ហែ​ក្បួន​ទៅ​​ស្ថានីយ៍​ទូរទស្សន៍​​ដូច​ការ​គ្រោងទុក។ តែ​នៅ​ឆ្ងាយ​ពី​ទីក្រុង​បន្តិច​ ការ​ប៉ះ​​ទង្គិច​រវាង​ក្រុម​អ្នក​ស្មោះ​ស្ម័គ្រ​លោក វ៉ាត់តារ៉ា ជាមួយ​នឹង​ក្រុម​ទាហាន​អ្នក​គាំទ្រ​លោក​បាក់បូ មានស្លាប់​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ