អានតួអត្ថបទ
លីប៊ី

ការវិវឌ្ឍន៍​ទៅនៃ​ចលនា​ប្រឆាំង​នៅប្រទេស​លីប៊ី​

គ្មាន​ឡើយ​ព័ត៌មាន​ពិត​ប្រាកដ​ ស្តី​ពី​ចំនួន​អ្នក​ដែល​បានស្លាប់ ក្រោម​គ្រាប់​កាំភ្លើង​របស់​កងទ័ព​ នៅ​ប្រទេស​លីប៊ី។​ មាន​ស្លាប់​យ៉ាង​តិច​២៣៣​នាក់ នេះ​បើ​យោង​ទៅ​តាម Human Rights Watch។ ​ចំនួន​អ្នក​ស្លាប់​អាច​កើន​ទៅ​ដល់​៣០០ ឬ ៤០០​នាក់​ នេះ​បើ​យោង​ទៅ​តាម​សហព័ន្ធ​រួម​អន្តរជាតិ​ការពារ​សិទ្ធិ​មនុស្ស។ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២១​កុម្ភៈ​ម្សិល​មិញ ជា​លើក​ទី​មួយ​បង្អស់​តាំង​ពី​មាន​បាតុកម្ម​ប្រឆាំង​កើត​ឡើង បុរស​ខ្លាំង​នៃ​របប​លីប៊ី​ដែល​បាន​កាន់​អំណាច​៤២​ឆ្នាំ​កន្លង​មក​ហើយ បាន​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។ 

បុរស​​ខ្លាំង​​នៃ​​របបផ្តាច់ការ​​លីប៊ី​​ Mouammar Kadhafi​
បុរស​​ខ្លាំង​​នៃ​​របបផ្តាច់ការ​​លីប៊ី​​ Mouammar Kadhafi​ © REUTERS / Desrus Benedicte
ផ្សាយពាណិជ្ជកម្ម

01:56

សេចក្តីរាយការណ៍របស់​ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

លោក​កាដាហ្វី​បាន​បង្ហាញ​មុខ​មួយ​ភ្លែត​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ ហើយ​បាន​ថ្លែង​ថា​លោក​មិន​បាន​ចាកចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា ​ដូច​គេ​ថា​នោះ​ឡើយ។ ​ទូរទស្សន៍​ជាតិ​ដដែល​ ក៏​កំពុង​បន្ត​ផ្សព្វផ្សាយ​ត​ទៅ​ទៀត​ដែរ​ រូបភាព​របស់​បណ្តាជន​អ្នក​គាំទ្រ​លោក​កាដាហ្វី​ដែល​បាន​ចុះ​តាម​ដង​ផ្លូវ ​ស្រែក​ជេរ​ប្រទេច​ពួក​ប្រឆាំង​និង​ពួក​បស្ចិម​ប្រទេស។

 
នៅ​ថ្ងៃ​អង្គា​រទី​២២​កុម្ភៈ​នេះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ដូច​សម្ពន្ធ​អារ៉ាប់​ដែរ ត្រូវ​បើក​អង្គប្រជុំ​ដើម្បី​ជជែក​គ្នា​អំពី​ស្ថានភាព​នៅ​ប្រទេស​លីប៊ី។​ មិន​តែ​ប៉ុណ្ណោះ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​សំណេះ​សំណាល​តាម​ទូរស័ព្ទ​ ជាមួយ​លោក​កាដាហ្វី​និង​បាន​ទាមទារ​ឲ្យ​បុរស​ខ្លាំង​លីប៊ី​បញ្ឈប់​ជា​បន្ទាន់​ ការ​វាយ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ប្រឆាំង។

យ៉ាងណា​ក៏​ដោយ​ នា​ពេល​ដែល​ព័ត៌មាន​ស្តី​ពី​ការ​វាយ​បង្ក្រាប​យ៉ាង​សាហាវ​យង់ឃ្នង​ទៅ​លើ​ពួក​បាតុករ​បាន​និង​កំពុង​បន្ត​ធ្លាក់​មក​ដល់ ការ​ថ្កោលទោស​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ក៏​មាន​លក្ខណៈ​កាន់​តែ​ច្បាស់​ដែរ។ ​សម្រាប់​លោក​ប្រធានាធិបតី​បារាំង​ ការ​ប្រើ​កម្លាំង​យោធា​វាយ​បង្ក្រាប​ពួក​ប្រឆាំង​គឺ​ជា​ទង្វើ​មួយ​ដែល​គេ​មិន​អាច​ទទួល​យកបាន។​ លោក​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី និង​លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក៏​បាន​ទាមទារ​ឲ្យ​លោក​កាដាហ្វី ​បញ្ឈប់​ការ​បង្ហូរ​ឈាម​ជា​បន្ទាន់​ដែរ។

ដូច​គ្នា​អ៊ីចឹង​ដែរ ​បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ទាំង​២៧ ​ដែល​បាន​រួម​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ​បាន​ថ្កោលទោស​ជា​សំឡេង​តែ​មួយ​ទៅ​លើ​របប​លីប៊ី​របស់​លោក​កាដាហ្វី​ដែរ។

ទន្ទឹម​នេះ ព័ត៌មាន​លេច​ឮ​ឲ្យ​ដឹង​ថា ពួក​បាតុករ​បាន​វាយ​ដណ្តើម​យក​បាន​ទីក្រុង​មួយ​ចំនួន​និង​កំពុង​បន្ត​ប្រយុទ្ធ​ជាមួយ​កងទ័ព នៅ​ក្នុង​រដ្ឋធានីTripoli តែ​ម្តង។ ​រី​ឯ​ក្រុមហ៊ុន​បរទេស​វិញ​បាន​ផ្តើម​ជម្លៀស​បុគ្គលិក​ការងារ​របស់​ពួក​គេ​ចេញ​ពី​ប្រទេស​លីប៊ី។​ សហរដ្ឋអាមេរិក​បាន​បញ្ជា ឲ្យ​ក្រុម​អ្នក​ការទូត​របស់​ខ្លួន​ចាកចេញ​បណ្តើរៗ​ពី​ប្រទេស​លីប៊ី។ ដូច​គ្នា​អ៊ីចឹង​ដែរ​ បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​រួម​ទាំង​ប្រទេស​រុស្ស៊ី​ផង ក៏​បាន​និង​កំពុង​រៀប​ចំ​ជម្លៀស​ជនជាតិ​របស់​ខ្លួន​ដែរ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ