អានតួអត្ថបទ
អារ៉ាប់

ដំណើរ​វិវឌ្ឍ​នៃ​ចលនា​ប្រឆាំង​នៅតាម​បណ្តា​ប្រទេស​អារ៉ាប់

ជាង​មួយសប្តាហ៍​កន្លងទៅហើយ ដែល​ចលនា​ប្រឆាំង​រដ្ឋាភិបាល​​បាន​រាលដាល​កាន់តែ​ធំឡើងៗ នៅតាម​បណ្ដា​ប្រទេស​អារ៉ាប់។ ប្រជាជន ចាប់តាំងពី​ប្រទេស​យេម៉ែន រហូតដល់​ម៉ារ៉ុក ​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របបដឹកនាំ​ ពីផ្តាច់ការ ទៅ​ប្រជាធិបតេយ្យ។ គិតមកទល់ថ្ងៃ​ចន្ទ​នេះ ចលនា​ប្រឆាំង​នៅតាម​បណ្តា​ប្រទេស​ទាំងនេះ នៅតែ​មិន​សន្ទុះ​ខ្លាំងក្លា​ដដែល បើទោះជា​មាន​ការ​បង្រ្កាប​ដោយ​កម្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដោយ។

កូនប្រុស​របស់​លោក​កាដាហ្វ៊ី៖ ប្រជាជន​ត្រូវ​ជ្រើសរើស​រវាង​​កំណែទម្រង់ និង​សង្រ្គាម​ស៊ីវិល
កូនប្រុស​របស់​លោក​កាដាហ្វ៊ី៖ ប្រជាជន​ត្រូវ​ជ្រើសរើស​រវាង​​កំណែទម្រង់ និង​សង្រ្គាម​ស៊ីវិល ©AFP
ផ្សាយពាណិជ្ជកម្ម

02:20

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ម៉ារ៉ុក

ចលនាប្រឆាំង​បាន​រាលដាល​ទៅ​ដល់​ប្រទេស​ម៉ារ៉ុក កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ ដោយ​មនុស្ស​រាប់ពាន់នាក់​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របបដឹកនាំ ពី​រាជានិយម​ផ្តាច់ការ ទៅ​ជា​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញវិញ។

ការប៉ះទង្គិចគ្នា​បាន​កើតមានឡើង ក្រោយ​ពេល​ដែល​ប៉ូលិស​ម៉ារ៉ុក​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ ដើម្បី​បំបែក​បាតុកម្ម។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​មាន​របាយការណ៍​អំពី​ជនរងគ្រោះ នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​នេះ​នៅឡើយទេ។

យេម៉ែន

ការបង្រ្កាប​បាតុកម្ម​នៅយេម៉ែន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បាន​បណ្តាល​ឲ្យ​បាតុករ​ម្នាក់​ស្លាប់។ នៅ​ព្រឹក​ព្រលឹម​​ថ្ងៃ​ចន្ទនេះ បាតុករ​ម្នាក់​ទៀត​ត្រូវ​បាន​​ប៉ូលិស​បាញ់​សម្លាប់​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប កើនឡើង​រហូតដល់ ១២នាក់ ចាប់តាំង​ពី​ចលនា​ប្រឆាំង​រដ្ឋាភិបាល​​​​យេម៉ែនបាន​ផ្ទុះឡើង កាល​ពីថ្ងៃ​ទី១៦ កុម្ភៈ។

លីប៊ី

ចលនាបាតុកម្ម ដែល​ទទួលរង​ការ​បង្រ្កាប​ខ្លាំងជាងគេ គឺ​នៅ​ប្រទេស​លីប៊ី។ យោងតាម​របាយការណ៍​របស់​អង្គការ Human Rights Watch ដែល​ដកស្រង់​ប្រភព​ពី​មន្ទីរពេទ្យ​លីប៊ី ចាប់តាំង​ពី​ចាប់​មាន​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លីប៊ីមក មាន​មនុស្ស​​យ៉ាងតិច ២២៣​នាក់ បាន​បាត់បង់​ជីវិត ក្នុង​ការ​បង្រ្កាប​បាតុកម្ម។ គ្រាន់តែ​នៅ​ក្នុង​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​នេះ ចំនួន​អ្នក​ស្លាប់ មាន​ដល់​ទៅ ៦០នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​​អស់នេះ ភាគច្រើន គឺ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង។

កូនប្រុស​របស់​លោក​កាដាហ្វ៊ី បាន​ចេញមុខ​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​តាមទូរទស្សន៍​ជាតិ ដោយ​បាន​ព្រមានថា ប្រសិន​បើ​​ចលនា​ប្រឆាំង​រដ្ឋាភិបាល នៅតែ​បន្តធ្វើ លីប៊ី​អាច​នឹង​ត្រូវ​ធ្លាក់​ទៅក្នុង​សង្រ្គាម​ស៊ីវិល។

នៅថ្ងៃ​ចន្ទ​នេះ ប្រជាជន​លីប៊ី​ប្រមាណ​ ៥០០​នាក់ បាន​វាយប្រហារ​ទៅលើ​ការដ្ឋាន​សំណង់​​មួយ របស់ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង។ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យដឹង​ថា កម្មករ​ជនជាតិ​កូរ៉េ​ខាងត្បូង​មួយចំនួន​បាន​រងរបួស ក្នុង​ហេតុការណ៍នេះ។

នៅ​ទីក្រុង​ទ្រីប៉ូលី (Tripoli) រដ្ឋធានី​លីប៊ី ស្ថានីយ៍​ទូរទស្សន៍ និង​វិទ្យុ​របស់​រដ្ឋមួយ ត្រូវ​បាន​បាតុករ​វាយកម្ទេច។ អគារ​រដ្ឋ​ជាច្រើន​ទៀត ជាពិសេស ស្នងការ​ដ្ឋាន​​ប៉ូលិស​ត្រូវ​បាន​បាតុករ​ដុត​​បំផ្លាញ នៅថ្ងៃចន្ទនេះ។

បារ៉ែន

បាតុកម្ម​បាន​បន្ត​ប្រព្រឹត្ត​ទៅ ដោយ​មិនមាន​​អំពើ​ហិង្សា ក្រោយ​ពី​​រដ្ឋាភិបាល​​បារ៉ែន​បាន​សម្រេច​​ដក​កងកម្លាំង​ប្រដាប់អាវុធ​ចេញ​ពី​កន្លែង​បាតុកម្ម កាល​ពី​ថ្ងៃ​សៅរ៍។ នៅពេលនេះ រដ្ឋាភិបាល​​អំពាវនាវ​ឲ្យ​បើក​ការ​ចរចា​ជាមួយ​មេដឹកនាំ​ប្រឆាំង ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចេញ​ពី​វិបត្តិ។ ការ​ទាមទារ​របស់​បាតុករ​បារ៉ែន ក៏មាន​លក្ខណៈស្រដៀង​គ្នា​នឹង​នៅម៉ារ៉ុក​ដែរ គឺ​ទាមទារ​ឲ្យ​រំលាយ​របបរាជានិយម​ផ្តាច់ការ​ចោល ហើយ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញវិញ ពោល​គឺ ស្តេច​គ្រងរាជ្យ ក៏ប៉ុន្តែ មិនត្រូវ​កាន់អំណាច​នោះទេ។

ស៊ូដង់

ចលនា​ប្រឆាំង​នៅមិនទាន់​រាលដាល​ទៅដល់​​ស៊ូដង់​នៅឡើយទេ ក៏ប៉ុន្តែ នៅព្រឹកថ្ងៃ​ចន្ទនេះ មន្រ្តី​គណបក្ស​កាន់អំណាច​បាន​ប្រកាស​ថា លោក​ប្រធានាធិបតី​ស៊ូដង់ អូម៉ា អេលបាស្ហៀរ (Omar el-Bachir) នឹង​មិន​ឈរឈ្មោះ​ជាប្រធានាធិបតី​​ទៀតទេ នៅពេល​គាត់​ផុតអាណត្តិ នៅឆ្នាំ​២០១៥​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ