អានតួអត្ថបទ
លីប៊ី

វិធានការ​របស់​លោកអូបាម៉ា​និង​លោកខេមេរ៉ន​​ប្រឆាំងនឹង​កាដាហ្វី​

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​លោក​នាយករដ្ឋមន្ត្រី​ អង់គ្លេស​ដេវីឌ​ខេមេរ៉ន​បាន​ពិភាក្សា​គ្នា​តាម​រយៈ​ទូរស័ព្ទ​ដើម្បី​រិះរក​ វិធានការ​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ទង្វើ​ដ៏​ហិង្សា​របស់​ មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​ទៅលើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​ ដោយ​រិះរក​បង្កើត​ឲ្យ​មាន​ “តំបន់​ហាមឃាត់​ពុំ​ឲ្យ​មាន​យន្តហោះ​ហោះហើរ​នៅ​លើ​ប្រទេស​លីប៊ី"​។ 

មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី
មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី © REUTERS/Ahmed Jadallah
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍របស់​ សៀក សារិន

នៅ​ថ្ងៃ​អង្គារ​ទី៨​មីនា​ម្សិលមិញ​ សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹងថា​ ​ នាឱកាស​ជំនួប​ពិភាក្សា​តាម​រយៈ​ទូរស័ព្ទ​ ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​និង​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដេវីឌ​ខេមេរ៉ន​បាន​ព្រមព្រៀង​គ្នា​ចាត់​ឲ្យ​មាន​វិធានការ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ហើយនិង​ទង្វើ​ដ៏​ហិង្សា​របស់​កាដាហ្វី​ទៅលើ​ប្រជាជន​លីប៊ី។

 
វិធានការ​ទាំងនោះ​មាន​ជាអាទិ៍៖
-ធ្វើការ​ឃ្លាំយាម​ទាំងយប់​ទាំងថ្ងៃ​ទៅលើ​ប្រទេស​លីប៊ី។
-ផ្តល់​ជំនួយ​មនុស្សធម៌។
-អនុវត្តន៍​វិធានការ​ហាមឃាត់​ពុំ​ឲ្យ​មាន​សព្វាវុធ​យុទ្ធភ័ណ្ឌ​ចូល​ប្រទេស​លីប៊ី។
-បង្កើត​ឲ្យ​មាន​ “តំបន់​ហាមឃាត់​ពុំ​ឲ្យ​មាន​យន្តហោះ​ហោះហើរ​នៅ​លើ​ប្រទេស​លីប៊ី"​។

សូមបញ្ជាក់ថា​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​អំពាវនាវ​ឲ្យ​មូអាម៉ារ​កាដាហ្វី​ចាកចេញ​ពី​មុខតំណែង​ជាច្រើន​លើក​ច្រើនសា។​ ក៏​ប៉ុន្តែ​រដ្ឋបាល​អាមេរិក​ដែល​ជាប់​ដៃ​ជាប់​ជើង​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​និង​នៅ​ប្រទេស​អ៊ីរ៉ាក់​ ​ ហាក់​ដូចជា​នៅ​រួញរា​ក្នុង​ការ​បញ្ជូន​ទ័ព​ឲ្យ​ទៅ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​លីប៊ី​ទៀត។

ចំណែកឯ​លោក​John McCain ​ដែល​ជា​សមាជិក​នៃ​ព្រឹទ្ធសភា​អាមេរិក​មក​ពី​បក្ស​សាធារណរដ្ឋ​វិញ​យល់ថា​ ​ ការ​បង្កើត​ឲ្យ​មាន​“តំបន់​ហាមឃាត់​ពុំ​ឲ្យ​មាន​យន្តហោះ​ហោះហើរ​នៅ​លើ​ប្រទេស​លីប៊ី"​គឺ​ជា​វិធានការ​ត្រឹមត្រូវ​ ​ ហើយ​មធ្យោបាយ​ដ៏​ប្រពៃ​ដើម្បី​បណ្តេញ​កាដាហ្វី​ឲ្យ​ចាកចេញ​ពី​មុខតំណែង​គឺ​ “​ត្រូវ​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​សហការី​ស្មោះស្ម័គ្រ​ចុងក្រោយ​របស់​កាដាហ្វី​រត់​ទៅ​ចូល​ជាមួយ​ពួក​អ្នក​ប្រឆាំង​លីប៊ី”​។

នៅ​ចំពោះមុខ​សម្ពាធ​ដ៏​សែន​ខ្លាំងក្លា​ពី​សំណាក់​សហគមន៍​អន្តរជាតិ​បែបនេះ​ ​ សំណួរ​មួយ​បាន​លេច​ឡើង​ចោទ​សួរថា​ ​ តើ​មូអាម៉ារ​កាដាហ្វី​អាច​នៅ​បន្ត​កាន់កាប់​អំណាច​នៅ​ប្រទេស​លីប៊ី​ទៀត​ដែរ​ឬទេ?

បើ​ប្រសិន​ជា​កាដាហ្វី​យល់ព្រម​ចាកចេញ​ពី​មុខ​តំណែង​មែននោះ​ ​ មើលទៅ​គ្មាន​ប្រទេស​ណា​មួយ​ក្នុងលោក​យល់ព្រម​ទទួល​យក​កាដាហ្វី​ឲ្យ​ជ្រក​នៅ​ឡើយ​ ​ ក្រៅតែ​ពី​ប្រទេស​វ៉េណេ​ស៊ុយអេឡា​មួយ​ចេញ។​ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាងនេះ​ ​ កាដាហ្វី​បាក់មុខ​បាក់មាត់​ខ្លាំងណាស់​នៅ​ចំពោះ​មុខ​ពិភព​អារ៉ាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ