អានតួអត្ថបទ
ម៉ារ៉ុក

ព្រះមហាក្សត្រ​ម៉ារ៉ុក​មហាមេដទី៦​ប្រកាស​ធ្វើកំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​

នៅ​ល្ងាច​ច្ងៃពុធ​ទី៩​មីនា​ឆ្នាំ២០១១​ ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ារ៉ុក​មហាមេដ​ទី៦​ប្រកាស​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ ​ ដោយពុំ​រំលឹក​ពី​បាតុកម្ម​នៃ​ថ្ងៃទី​២០​កុម្ភៈ​ដែល​បាន​រៀបចំ​ធ្វើ​នៅ​តាម​ទីក្រុង​ធំៗ​ជាច្រើន​ដោយ​ប្រជាជន​ម៉ារ៉ុក​ឡើយ។​ ព្រះចៅ​មហាមេដ​ទី៦​គ្រោង​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​ទទួល​បន្ទុក​រៀបចំ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ ​ដោយ​មាន​ការ​​ពិភាក្សា​ជាមួយ​គណបក្ស​នយោបាយ​ ​ សហជីព​ ​ និង​ជាមួយ​សង្គម​ស៊ីវិល។

ព្រះមហាក្សត្រ​​នៃ​​ប្រទេស​ម៉ារ៉ុក​​មហាមេដ​ ទី៦.​
ព្រះមហាក្សត្រ​​នៃ​​ប្រទេស​ម៉ារ៉ុក​​មហាមេដ​ ទី៦.​ ©​ AFP/Abdhelhak Senna
ផ្សាយពាណិជ្ជកម្ម

05:09

បទវិភាគរបស់​ សៀក សារិន

នៅក្នុង​សុន្ទរកថា​មួយ​ដែល​ធ្វើ​ទៅ​កាន់​ប្រជាជាតិ​ ​ ព្រះមហាក្សត្រ​ម៉ារ៉ុក​មហាមេដទី៦​បាន​ប្រកាស​បញ្ជាក់​ថា​ ​ កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​ម៉ារ៉ុក​ឲ្យ​មាន​ឯករាជ្យ​ ​ ពង្រឹង​តួនាទី​របស់​រដ្ឋសភា​និង​តួនាទី​របស់​គណបក្ស​នយោបាយ​ ​ ហើយនិង​រៀបចំ​ឲ្យ​មាន​ “​តំបន់​ភាវូបនីយកម្ម​”​ដើម្បី​ផ្តល់​អំណាច​ឲ្យ​តំបន់​ឲ្យ​បាន​ធំទូលាយ​ជាងមុន។

គម្រោង​នៃ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​នឹង​ត្រូវ​ទទួល​ការអនុម័ត​ពី​ការ​បោះឆ្នោត​ធ្វើ​ប្រជាមតិ​មួយ​ដែល​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​នៅ​ពេល​ខាងមុខ​ដ៏​ខ្លីនេះ។

ហើយ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ព្រះមហាក្សត្រ​ម៉ារ៉ុក​មហាមេដទី៦​នេះ​ក៏​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ប្រជាជន​ម៉ារ៉ុក​រាប់​ម៉ឺននាក់​ដែលបាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​នៅតាម​ទីក្រុង​ធំៗ​នៃ​ប្រទេស​ម៉ារ៉ុក​កាលពី​ថ្ងៃទី២០​កុម្ភៈ​ឆ្នាំ២០១១​កន្លងទៅ។​ បាតុកម្ម​របស់​ប្រជាជន​ម៉ារ៉ុក​រាប់​ម៉ឺននាក់​ដែល​បាន​យក​តម្រាប់​តាម​ “បដិវត្តន៍​ផ្កាម្លិះ​”​នៅ​ប្រទេស​ទុយនីស៊ី​ ​ នៅ​ប្រទេស​អេហ្ស៊ីប​ដែលបាន​នាំគ្នា​ចុះថ្នល់​ធ្វើការ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​នៅក្នុង​ប្រទេស។

គួរកត់​សម្គាល់ថា​ ​ កាលពី​ថ្ងៃទី​២០កុម្ភៈ​កន្លងទៅ​នេះ​ ​  បាតុករ​ម៉ារ៉ុក​បាន​បរិហារ​ពី​សមាជិក​នៃ​ព្រះរាជវង្ស​ម៉ារ៉ុក​ខ្លះ​ហើយ​និង​ឥស្សរជន​ខ្លះ​ដែល​នៅ​ជិត​ព្រះ​មហាក្សត្រ​មហាមេដទី៦​បាន​លូក​ដៃ​ចូល​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ម៉ារ៉ុក​ ​ ហើយ​អ្នកខ្លះ​បាន​ប្រើ​អំណាច​រំលោភ​ច្បាប់​ផងទៀត។​ នេះ​ជាលើក​ទីមួយ​ហើយ​ដែល​មាន​ការ​បរិហារ​បែបនេះ​ ចាប់តាំង​ពី​ព្រះចៅ​មហាមេដ​ទី៦​បាន​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៩៩៩​មក។

ជាផ្លូវការ​ ប្រទេស​ម៉ារ៉ុក​ជា​ប្រទេស​ប្រកាន់​យក​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។​ ក៏​ប៉ុន្តែ​ ព្រះមហាក្សត្រ​ម៉ារ៉ុក​មាន​អំណាច​ដ៏​សែន​ធំទូលាយ។​ ព្រះអង្គ​មាន​សិទ្ធិ៖
-រំលាយ​រដ្ឋសភា។
-ប្រកាស​ដាក់​ប្រទេស​ឲ្យ​ឋិត​នៅ​ក្រោម​ភាពអាសន្ន។
-ជ្រើស​តែងតាំង​នាយករដ្ឋមន្ត្រី។

ដូច្នេះ​ ​ កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ារ៉ុក​មហាមេដ​ទី៦​នេះ​គឺ​ពិតជា​កំណែ​ទម្រង់​មួយ​ដ៏​សែន​ក្លាហាន​ ​ ដោយ​ព្រះអង្គ​បាន​ថ្លែង​បញ្ជាក់​ទៀតថា​ ​ ប្រទេស​ដែល​ចង់បាន​ “អភិបាលកិច្ច​ល្អ​ ​ គោរព​សិទ្ធិ​មនុស្ស​ ​ និង​គោរព​សិទ្ធិ​សេរីភាព”​ ត្រូវតែ​ចារ​កំណែ​ទម្រង់​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

សុន្ទរកថា​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ ព្រះមហាក្សត្រ​មហាមេដ​ទី៦​នេះ​ ​ អាចរំងាប់​ភាពតានតឹង​នៅ​ប្រទេស​ម៉ារ៉ុក​បាន​សម្រាប់​មួយ​រយៈពេល​ ​ ក៏​ប៉ុន្តែ​បញ្ហា​សង្គម​នៅ​ប្រទេស​ម៉ារ៉ុក​នៅ​មាន​ច្រើន​ណាស់។​ ព្រះចៅ​មហាមេដ​ទី៦​ពុំ​បាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​បាតុករ​​ម៉ារ៉ុក​ឡើយ​ពាក់ព័ន្ធ​នឹង​​ការ​បិរហារ​ពី​អំពើ​ពុករលួយ​ ​ ហើយនិង​ការទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​នយោបាយ។

សូមបញ្ជាក់ថា​ ​ សុន្ទរកថា​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​របស់​ព្រះមហាក្សត្រ​មហាមេដ​ទី៦​នេះ​ ​ បាន​ជួយ​ចម្លង​នាវា​នៃ​ប្រទេស​ម៉ារ៉ុក​ឲ្យ​គេចផុត​ពី​តំបន់​គ្រោះ​ថ្នាក់​នៃ​ការធ្វើ​បដិវត្តន៍​ដូចនៅ​ប្រទេស​មួយចំនួន​នៅ​ដើមបូព៌ា​បាន​មួយ​រយរៈពេល។​ ក៏​ប៉ុន្តែ​បញ្ហា​សំខាន់ៗ​ជាច្រើន​នៅ​ពុំ​ទាន់​បាន​ដោះស្រាយ​នៅឡើយ​មាន​ដូចជា​ ​ បញ្ហា​សង្គម​ ​ បញ្ហា​ឥតការងារ​ធ្វើ​នៅ​ប្រទេស​ម៉ារ៉ុក​ដែល​អត្រា​នៃ​អ្នក​ឥត​ការងារ​ធ្វើ​មាន​កម្រិត​ដ៏​ខ្ពស់​ ​ ជាពិសេស​នៅ​ក្នុង​ចំណោម​យុវជន​ម៉ារ៉ុក​តែ​ម្តង។

ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ារ៉ុក​មហាមេដទី៦​មាន​គម្រោង​ធ្វើ​កំណែ​ទម្រង់​ទៅលើ​រដ្ឋធម្មនុញ្ញ​ ​ ដោយ​ព្រះអង្គ​ចង់​បាន​ប្រទេស​ម៉ារ៉ុក​មួយ​ដែល​ប្រកាន់យក​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ពិតប្រាកដ​ដូច​នៅ​ប្រទេស​អង់គ្លេស​ ​ ពោលគឺ​ព្រះមហាក្សត្រ​ម៉ារ៉ុក​លែង​ជ្រើស​តែងតាំង​នាយករដ្ឋមន្ត្រី​ដូចពេលមុនៗ​ទៀតហើយ។​ អ្នកនយោបាយ​ដែល​ត្រូវ​ឡើង​មក​កាន់​កាប់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ារ៉ុក​គឺ​មេដឹកនាំ​គណបក្ស​នយោបាយ​ណា​ដែល​ឈ្នះ​ឆ្នោត​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ