អានតួអត្ថបទ
លីប៊ី

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​អាល្លឺម៉ង់​​ថ្លែងប្រាប់​​ពីភាព​ទាល់ច្រក​​ក្នុងការ​ដោះស្រាយ​​វិបត្តិ​លីប៊ី​​តាមផ្លូវ​​យោធា​​

នៅទីក្រុងប៉េកាំង​នៅ​ថ្ងៃសុក្រទី១​មេសានេះ​ លោក​Guido Westerwelle​ប្រមុខ​ការទូត​អាល្លឺម៉ង់​បាន​ថ្លែងថា​ ​ វិបត្តិ​នៅ​ប្រទេស​លីប៊ី​នឹង​ពុំអាច​មាន​ដំណោះស្រាយ​តាមផ្លូវ​អាវុធឡើយ។​ លោក​Guido Westerwelle​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​លីប៊ី​កាដាហ្វ៊ី​បិទបញ្ចប់​​ការ​ឈប់បាញ់​គ្នា។ 

មេដឹកនាំផ្តាច់ការ​លីប៊ី​  Mouammar Kadhafi.
មេដឹកនាំផ្តាច់ការ​លីប៊ី​ Mouammar Kadhafi. © REUTERS/Huseyin Dogan
ផ្សាយពាណិជ្ជកម្ម

01:45

សេចក្តីរាយការណ៍របស់​ សៀក សារិន

នាឱកាស​ជំនួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ ​ លោក​Guido Westerwelle​ប្រមុខ​ការទូត​អាល្លឺម៉ង់​បាន​ថ្លែង​ព្រមាន​ថា​ ​ “​វិបត្តិ​នៅ​ប្រទេស​លីប៊ី​នឹង​ពុំអាច​មាន​ដំណោះស្រាយ​តាមផ្លូវ​យោធា​ឡើយ”​។

 
“​គេអាច​ដោះស្រាយ​បាន​តាម​ផ្លូវ​នយោបាយ​ដោយ​ចៀសវាង​ការប្រើ​អាវុធ​ ​ ដូច្នេះ​គេ​ត្រូវតែ​រៀបចំ​ឲ្យ​មាន​អភិក្រម​នយោបាយ​សម្រាប់​រិះរក​ដំណោះស្រាយ។​ ទាំងនេះ​ ត្រូវ​ចាប់​ផ្តើម​ឡើង​ដោយ​មាន​ការ​ឈប់បាញ់​គ្នា​មួយ​ដែល​គោរព​ដោយ​មេដឹកនាំ​លីប៊ី​កាដាហ្វ៊ី។​នេះ​ជាការ​គូស​បញ្ជាក់​របស់​លោក​Guido Westerwelle​ប្រមុខ​ការទូត​អាល្លឺម៉ង់។

ចំណែកឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​វិញ​បាន​បញ្ជាក់ថា​ ​ “ប្រទេសចិន​និង​ប្រទេស​អាល្លឺម៉ង់​បាន​បោះឆ្នោត​អនុបវាទ​ទៅលើ​សេចក្តី​សម្រេចចិត្ត​១៩៧៣​នៃ​អ ស ប កាលពី​ថ្ងៃទី១៧​មីនា​ឆ្នាំ២០១១​ដែល​បាន​បើកផ្លូវ​ឲ្យ​មាន​ការវាយ​ប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​ប្រទេស​លីប៊ី​ពីរថ្ងៃ​ក្រោយមក។​ ទាំងនេះ​សឲ្យ​ឃើញថា​ ​ ប្រទេស​ចិន​និង​ប្រទេស​អាល្លឺម៉ង់​មាន​ជំហរ​អនុបវាទ​ខុសពី​ប្រទេស​បារាំង​ ប្រទេស​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក”​។

លោក​ប្រមុខ​ការទូតចិន​បាន​ថ្លែង​ឲ្យ​ដឹងទៀតថា​ ​ ប្រទេសចិន​មាន​ការបារម្ភ​នៅ​ចំពោះមុខ​ការបន្ត​វាយ​ប្រហារ​នៅ​ប្រទេស​លីប៊ី​ដែល​បាន​បណ្តាល​ឲ្យ​មាន​ប្រជាជន​ស៊ីវិល​ស្លាប់​និងរបួស​ជាច្រើននាក់។

កាលពី​ថ្ងៃពុធ​កន្លងទៅ​ ​ លោកប្រធានាធិបតី​ចិន​ហ៊ូ​ ជិនតាវ​បាន​ថ្លែង​ប្រាប់​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​ថា​ ​​ “​ការវាយ​ប្រហារ​ទៅលើ​ប្រទេស​លីប៊ីនេះ​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោល​គំនិត​ដើម​នៃ​សេចក្តី​សម្រេចចិត្ត​១៩៧៣​នៃ​អ ស ប ដែលគ្រោង​ការពារ​ប្រជាជន​ស៊ីវិល​ស្លូតត្រង់”​។

ហើយ​លោក​Guido Westerwelle​ប្រមុខ​ការទូត​អាល្លឺម៉ង់​បាន​ទិតៀន​ដោយ​មិន​ចំពោះ​ទៅលើ​លោក​សាកូហ្ស៊ី​ថា​ “​ការគំរាម​ទៅលើ​មេដឹកនាំ​ផ្តាច់ការ​នៃ​ប្រទេស​អារ៉ាប់​ដោយប្រើ​អន្តរាគមន៍​យោធា​អន្តរជាតិ​ពុំ​មែន​ជា​មធ្យោបាយ​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ពេល​បច្ចុប្បន្ន​នេះឡើយ”៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ