អានតួអត្ថបទ
អង់គ្លេស-លីប៊ី

សហគមន៍​អន្តរជាតិ​ត្រៀម​រៀបចំ​រដ្ឋាភិបាល​លីប៊ី ក្រោយ​របប​កាដាហ្វី

នៅ​ថ្ងៃ​អង្គារ ទី២៩ មីនា ឆ្នំា ២០១១ ទីក្រុងឡុង៍ ប្រទេស​អង់គ្លេស​ទទួល​រៀបចំ​សន្និសីទ​អន្តរជាតិ​​មួយ​ស្តីពី​វិបត្តិ​នៅ​ ក្នុង​ប្រទេស​លីប៊ី។ សន្និសីទ​អន្តរជាតិ​នេះ​ចូល​រួម​ដោយ ៤០​ប្រទេស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជា​ច្រើន​ផ្សេង​ទៀត។ វត្តមាន​ដែល​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ គឺ​វត្តមាន​របស់​ប្រទេស​អារ៉ាប់​មួយ​ចំនួន ដែល​គេ​ចាត់​ទុក​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ឯកភាព​របស់​សហគមន៍​អន្តរជាតិ។ គោលដៅ​សំខាន់​នៃ​សន្និសីទ​អន្តរជាតិ​នេះ គឺ​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ប្រជាជន​លីប៊ី បន្ទាប់​ពី​របប​កាដាហ្វី​ដួលរលំ។

អង្គការ​អូតង់​​រួមប្រជុំគ្នា​នៅ​ក្នុង​ទីក្រុងឡុងដ៍ ដើម្បី​ជជែក​ពី​យុទ្ធនាការ​របស់​កម្លំាង​សម្ព័ន្ធមិត្ត​នៅ​លីប៊ី
អង្គការ​អូតង់​​រួមប្រជុំគ្នា​នៅ​ក្នុង​ទីក្រុងឡុងដ៍ ដើម្បី​ជជែក​ពី​យុទ្ធនាការ​របស់​កម្លំាង​សម្ព័ន្ធមិត្ត​នៅ​លីប៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

06:03

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

សន្និសីទ​អន្តរជាតិ​នេះ​បាន​រៀប​ចំ​ធ្វើ​ឡើង ១០ ថ្ងៃ ក្រោយ​ពី​មាន​អន្តរាគមន៍​យោធា​តាម​ផ្លូវអាកាស​របស់​កងកម្លំាង​សម្ព័ន្ធមិត្ត​លើ​របប​កាដាហ្វី។ ប្រតិបត្តិការ​យោធា​របស់​កងកម្លំាង​អន្តរជាតិ​ដែល​បាន​ឋិត​នៅ​ក្រោម​បញ្ជាការ​របស់​អង្គការ​អូតង់។ ចាប់​ពី​ពេល​នេះ​ត​ទៅ អង្គការ​អូតង់​ត្រូវ​ទទួល​រ៉ាប់រង​ទំាង​ប្រតិបត្តិការ​យោធា​​ផ្លូវអាកាស ក៏​ដូច​ជា​ប្រតិបត្តិការ​​មនុស្សធម៌ ជួយ​ការពារ​ជន​ស៊ីវិល​លីប៊ី។ ក្រៅ​ពី​វត្តមាន​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប និង​វត្តមាន​ប្រទេស​សមាជិក​អង្គការ​អូតង់ គេ​ក៏​ឃើញ​មាន​វត្តមាន​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន លោក​ប្រធាន​សហភាព​អាហ្រ្វិក Jean Ping និង​វត្តមាន​របស់​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជា​មួយ​កងកម្លំាង​សម្ព័ន្ធមិត្ត ដូច​ជា​ប្រទេស​កាតារ អេមីរ៉ាអារ៉ាប់រួម និង​ប្រទេស​ហ្ស័រដានី។

ក្រោម​ភ្នែក ច្រមុះ​របស់​ប្រទេស​លោក​ខាង​លិច វត្តមាន​របស់​ប្រទេស​អារ៉ាប់ ជាមួយ​បច្ចិមលោក​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​លីប៊ី គឺ​ដើម្បី​បង្ហាញ​ពី​ឯកភាព​របស់​សហគមន៍​អន្តរជាតិ និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទិតៀន រិះគន់​ពី​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត ដែល​តែងតែ​ចោទ​ប្រទេស​លោកខាងលិច​ថា​បាន​ស៊ុមគ្រលុំ​គ្នា លូកដៃ​ជ្រៀតជ្រែកចូល​​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អារ៉ាប់។

រៀបចំ​រដ្ឋាភិបាល​លីប៊ី ក្រោយ​ការ​ដួលរលំ​របប​កាដាហ្វី

គោលដៅ​សំខាន់​នៃ​សន្និសីទ​អន្តរជាតិ​ថ្ងៃ​នេះ គឺ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ប្រជាជន​លីប៊ី បន្ទាប់​ពី​របប​កាដាហ្វី​ដួលរលំទៅ។ គឺ​តួនាទី​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ជួយ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​លីប៊ី​ថ្មី ក៏​ដូច​ជា​ចូលរួម​ជួយ​កសាង​ប្រទេស​លីប៊ី​ឡើង​វិញ។ នៅ​ចំពោះ​មុខ យុទ្ធសាស្រ្ត​ដែល​សន្និសីទ​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​មាន​ពីរ៖ គឺ​យុទ្ធសាស្រ្ត​នយោបាយ និង​យុទ្ធសាស្រ្ត​យោធា។ យុទ្ធសាស្រ្ត​ទំាង​ពីរ​ដែល​ចំា​បាច់​ត្រូវ​ដើរ​ទន្ទឹម​គ្នា មាន​ន័យ​ថា គេ​មិន​អាច​ប្រើ​យុទ្ធសាស្រ្ត​យោធា​តែ​មួយ​គត់ ដើម្បី​ដោះស្រាយ​បញ្ហា​ទេ។ ១០ថ្ងៃ​មក​ហើយ ដែល​កងកម្លំាង​អន្តរជាតិ​បាន​បើក​ការ​វាយប្រហារ​លើ​កងកម្លំាង​របស់​កាដាហ្វី ប៉ុន្តែ​ការ​វាយប្រហារ​នេះ​នឹង​មិន​អាច​អូសបន្លាយ​យូរ​អង្វែង​បាន​ឡើយ។ ម្យ៉ាង​ទៀត ក្រៅ​ពី​អន្តរាគមន៍​តាម​ផ្លូវ​យោធា សេចក្តីសម្រេចចិត្ត​លេខ ១៩៧៣ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ពី​ការ​ជួយ​ការពារ​ជនស៊ីវិល​ស្លូតត្រង់ និង​ការ​មិន​លូកដៃ​ផ្តួលរំលំ​របប​កាដាហ្វី។ ក៏​ប៉ុន្តែ ប្រទេស​បារំាង ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក​បន្ត​អះអាង​ថា របប​កាដាហ្វី​បាន​បាត់បង់​ភាព​ស្របច្បាប់​របស់​ខ្លួន​ហើយ ដូច្នេះ កាដាហ្វី​ត្រូវ​តែ​ចុះ​ចេញ​ពី​អំណាច។

ខណៈ​នេះ នៅ​ក្រោម​គ្រាប់​កំាជ្រួច​របស់​កងកម្លំាង​សម្ព័ន្ធមិត្ត កងកម្លំាង​របស់​កាដាហ្វី​កំពុង​ដកថយ ចំណែក​កងកម្លំាងប្រឆំាង​កាដាហ្វី​ក៏​កំពុង​ចូល​កាន់​កាប់​ទីក្រុង​ម្តង​មួយៗ។ ដូច្នេះ គោលដៅ​នៃ​សន្និសីទ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ពេល​នេះ គឺ​ដើម្បី​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ប្រទេស​លីប៊ី​ឡើង​វិញ
ក្រោយ​ការ​ដួលរលំ​របប​កាដាហ្វី។

តួនាទី​សំខាន់​របស់​ក្រុមប្រឹក្សាជាតិ​​អន្តរកាល

មាន​បញ្ហា​ពីរ​ដែល​ប្រទេស​សម្ព័ន្ធមិត្ត​កំពុង​បន្ត​និយាយ​មិន​ចុះ​សម្រុង​គ្នា ទីមួយ៖ ទាក់ទង​នឹង​រូប​កាដាហ្វី និង​ក្រុម​អ្នក​ជំនិត​របស់​កាដាហ្វី និង​ទីពីរ៖ ទាក់ទង​នឹង​ក្រុម​អ្នក​ប្រឆំាង​ដែល​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​នៅ​ឡើយ។ សំណួរ​ដែល​ចោទ​នោះ​គឺ​ថា បើ​របប​កាដាហ្វី​ដួលរលំ​នៅ​ថ្ងៃស្អែក ឬ​មួយ​​នៅ​ថ្ងៃ​ខាង​ស្អែក តើ​ក្រុម​អ្នក​ប្រឆំាង​អាច​នឹង​គ្រប់គ្រង​សភាពការណ៍​បាន​ដែរ ឬ​ទេ ?។ រហូត​មក​ទល់​ពេល​នេះ ក្រុមអ្នកប្រឆំាង​បាន​បង្កើត​ចេញ​នូវ​ក្រុមប្រឹក្សាជាតិ​​អន្តរកាល​មួយ​ដែល​មាន​សមាជិក ៣១នាក់ និង​សមាជិក ២ ភាគ ៣​នៅ​មិន​ទាន់​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​គេ​ទេ។ ទោះ​បី​ជា​ក្រុមប្រឹក្សាជាតិ​​អន្តរកាល​នោះ​មិន​ទាន់​បាន​ប្រកាស​តំាង​ខ្លួន ជា​រដ្ឋាភិបាល​ក៏​ដោយ ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ទទួល​ស្គាល់​ក្រុមប្រឹក្សាជាតិ​​អន្តរកាល​នេះ​រួច​ទៅ​ហើយ។ ប៉ុន្តែ គ្រប់​គ្នា​កំពុង​ចោទ​អំពី​លទ្ធភាព និងសមត្ថភាព​របស់​ក្រុមប្រឹក្សាជាតិ​អន្តរកាល​​នោះ។

ទន្ទឹម​គ្នា​នេះ មាន​ប្រទេស​លោក​ខាង​លិច​ខ្លះ​ចង់​ដើរ​តួនាទី ​ជា​អន្តរការី​នៅ​ក្នុង​ការ​ផ្សះផ្សាជាតិ​រវាង​មនុស្ស​ខ្លំាង​កាដាហ្វី និង​ក្រុម​អ្នក​ប្រឆំាង។ បំណង​នេះ គឺ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រទេស​លីប៊ី ក្លាយ​ជា​ប្រទេស​អ៊ីរ៉ាក់​ថ្មី ឬមួយ​​ក៏​អាហ្វហ្កានីស្ថាន​ថ្មី។ ចំណែក​ប្រទេស​បារំាង និង​អង់គ្លេស​បាន​លើក​ឡើង​ពី​តួនាទី​ត្រួសត្រាយ​ផ្លូវ​​របស់​ក្រុមប្រឹក្សាជាតិ​​អន្តរកាល នៅ​ក្នុង​កិច្ចចរចា​ផ្សះផ្សាជាតិ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ដំណើរ​ការ​ផ្សះផ្សាជាតិ​នឹង​ច្បាស់​ជា​មិន​អាច​ទៅ​រួច ដោយ​គ្មាន​វត្តមាន​កាដាហ្វី និង​ក្រុម​អ្នក​ជំនិត​របស់​កាដាហ្វី​បាន​ទេ។ សំណួរ​ដែល​កំពុង​បន្ត​ចោទ​គឺ​ថា តើ​គេ​ត្រូវ​ដាក់​កាដាហ្វី​ឲ្យ​នៅ​ក្រៅ​ឆាក​នយោបាយ​លីប៊ី ដោយ​របៀបណា។ យ៉ាង​ណា​ក៏​ដោយ សហគមន៍​អន្តរជាតិ​បាន​បញ្ជាក់​រួច​ហើយ​ថា ទុក​ឲ្យ​ប្រជាជន​លីប៊ី ជា​អ្នក​សម្រេច​ជោគវាសនា​អនាគត ដោយ​ខ្លួន​ឯង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ