អានតួអត្ថបទ
កូតឌីវ័រ

ឡូរ៉ង់ បាក់បូ ចោទ​ទាហាន​បារាំង​ថា​កំពុងតែ​ឈ្លានពាន​កាន់កាប់​កូតឌីវ័រ

ស្ថិត​ក្នុង​ភាព​ទាល់ច្រក បក្សពួក​របស់​លោកបាក់បូ​កំពុង​​​ធ្វើ​សង្រ្គាម​តាម​មធ្យោបាយ​ឃោសនា ដើម្បី​​លាបពណ៌​ថា សង្រ្គាម​នៅ​កូតឌីវ័រ​ពេលនេះ គឺ​ជា​សង្រ្គាម​ប្រឆាំង​នឹង​ការឈ្លានពាន​បរទេស។ មន្រ្តី​ជំនិត​របស់​លោកបាក់បូ បាន​ចោទ​ទាហាន​បារាំង​ថា កំពុងតែ​ឈ្លានពាន​កាន់កាប់​ប្រទេស​កូតឌីវ័រ។ ចំណែក​តាមទូរទស្សន៍​វិញ ក្រុម​លោកបាក់បូ​បាន​ចោទ​ទាហាន​បារាំង​ថា​កំពុង​តែ​រៀបចំ​ផែនការ​ ប្រល័យពូជសាសន៍​នៅ​កូតឌីវ័រ។

Soldados franceses em Abidjã
Soldados franceses em Abidjã Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​កងទ័ព​បារាំង​ធ្វើ​អន្តរាគមន៍​នៅ​កូតឌីវ័រ?
07:09

បទវិភាគ​របស់ សេង ឌីណា

ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​មក ការវាយប្រយុទ្ធគ្នា​នៅ​ទីក្រុង​អាប៊ីដហ្សង់​​បាន​​​ត្រូវ​ផ្អាក។ ក៏ប៉ុន្តែ នាយករដ្ឋមន្រ្តី​របស់​លោក​វ៉ាត់តារ៉ា​បាន​ប្រកាស​ថា ការវាយលុក​ចូល​ក្នុង​វិមាន​ប្រធានាធិបតី​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ ខាងមុខនេះ នៅពេល​ដែល​កងកម្លាំង​ជំនួយ​​មកដល់។

ប្រភព​ព័ត៌មាន​មិនច្បាស់ការណ៍​​មួយ​បាន​ឲ្យដឹង​ថា អគ្គសេនាធិការ​កងទ័ព ដែល​បាន​ផ្តាច់ខ្លួន​ពី​លោកបាក់បូ កាល​ពីថ្ងៃ​ពុធ បាន​ចេញ​ពី​ស្ថានទូត​អាហ្វ្រិក​ខាង​ត្បូង ទៅជួប​លោកបាក់បូ នៅ​វិមាន​ប្រធានាធិបតី។ មេទ័ព​កំពូល​រូបនេះ​ទំនង​ជា​ចង់​​វិលត្រឡប់​ទៅ​​ចូល​ក្រុម​លោកបាក់បូ​វិញ។ ក៏ប៉ុន្តែ រហូតមកទល់ពេលនេះ គេ​នៅមិនទាន់​អាច​បញ្ជាក់​ច្បាស់​អំពី​ព័ត៌មាន​នេះ​នៅឡើយទេ។

បារាំង​ប្រមូលផ្តុំ​ពលរដ្ឋ​បារាំង ដើម្បី​ត្រៀម​ជម្លៀស​ចេញ​

ចាប់តាំង​ពី​មានការវាយប្រយុទ្ធគ្នា នៅ​កណ្តាល​ក្រុង​អាប៊ីដហ្សង់ មាន​ពលរដ្ឋ​បរទេស​ជាង​មួយពាន់នាក់ (ក្នុងនោះ​​ប្រមាណ​ពាក់កណ្តាល​ជា​ពលរដ្ឋ​បារាំង) បាន​នាំគ្នា​រត់​ទៅ​ជ្រកកោន​ក្នុង​បន្ទាយ​ទាហាន​បារាំង ស្ថិត​នៅប៉ែក​ខាង​ត្បូង​​ទីក្រុង​អាប៊ីដហ្សង់។

កាលពី​ថ្ងៃ​អាទិត្យ លោក​សាកូហ្ស៊ី​បាន​កោះប្រជុំបន្ទាន់​ជាមួយ​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​អគ្គសេនាធិការ​កងទ័ព​ចម្រុះ​បារាំង ដើម្បី​ជជែក​អំពី​វិបត្តិ​កូតឌីវ័រ។ នៅក្រោយ​​ការប្រជុំនេះ លោក​ប្រធានាធិបតី​បារាំង​បាន​បញ្ជា​ឲ្យ​កងទ័ព​បារាំង​ប្រមែប្រមូល​ពលរដ្ឋ​ បារាំង​​នៅ​អាប៊ីដហ្សង់​ទាំងអស់​ឲ្យ​នៅជុំគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​ការពារ​សុវត្ថិភាព និង​ងាយស្រួល​​​​ជម្លៀសចេញ ក្នុង​ករណី​ចាំបាច់។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះ មាន​ពលរដ្ឋ​បារាំង​សរុប ចំនួន ១២ ២០០​នាក់ កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ ក្នុងនោះ ជាងពាក់កណ្តាល​​​ជា​អ្នក​មាន​សញ្ជាតិ​ពីរ (បារាំង និង​​កូតឌីវ័រ)។

បារាំង​បញ្ជូន​ទាហាន​បន្ថែម​ ៤៥០​នាក់​ ទៅ​កូតឌីវ័រ

នៅថ្ងៃ​ចន្ទ​នេះ អគ្គសេនាធិការដ្ឋាន​កងទ័ព​បារាំង​បាន​ប្រកាស​​បញ្ជូន​ទាហាន​ ១៥០​នាក់​បន្ថែម​ទៀត ទៅ​កូតឌីវ័រ បន្ថែម​ពី​ចំនួន​ទាហាន​ ៣០០​នាក់ ដែល​​បាន​បញ្ជូន​បន្ថែម​ កាល​ពី​ថ្ងៃ​អាទិត្យ​ ធ្វើ​ឲ្យ​ចំនួន​ទាហាន​បារាំង​ នៅ​កូតឌីវ័រ កើនឡើង​ដល់ ១ ៦៥០​ នាក់។ ទាហាន​ទាំងនេះ​​​មាន​បេសកកម្ម​ការពារ​សុវត្ថិភាព​ពលរដ្ឋ​បរទេស យោងតាម​អាណត្តិ​របស់​​​អ.ស.ប.។

នៅពេលនេះ ទាហាន​​បារាំង​បាន​កាន់កាប់​​​ព្រលាន​យន្តហោះ​អន្តរជាតិ​អាប៊ីដហ្សង់។ បារាំង​បាន​អះអាង​ថា ការកាន់កាប់​ព្រលាន​យន្តហោះ​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុងគោលដៅ​​រក្សា​ច្រកហោះហើរ ដើម្បី​ជម្លៀស​ពលរដ្ឋ​បរទេស​​ចេញ​ពី​កូតឌីវ័រ។

កាល​ពី​ថ្ងៃ​អាទិត្យ មាន​ពលរដ្ឋ​បារាំង និង​ពលរដ្ឋ​លីបង់ ចំនួន ១៦៧​នាក់ ត្រូវបាន​ទាហាន​បារាំង​ជម្លៀស​ចេញ​ពី​កូតឌីវ័រ តាមរយៈជើង​ហោះហើរ​ពិសេស ចេញ​ពី​ព្រលានយន្តហោះ​អាប៊ីដហ្សង់ ទៅ​ប្រទេស​សេណេហ្កាល់។

បាក់បូ​ចោទ​ទាហាន​បារាំង​ថា​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​កូតឌីវ័រ

ទីប្រឹក្សា​របស់​លោកបាក់បូ បាន​ហៅ​ទង្វើ​របស់​ទាហាន​​បារាំង ដែល​​​ចូល​កាន់កាប់​ព្រលាន​យន្តហោះ​អាប៊ីដហ្សង់​ ថា​ជា​​សកម្មភាព​ឈ្លានពាន​កាន់កាប់​ប្រទេស​កូតឌីវ័រ។

នៅលើ​កញ្ចក់​ទូរទស្សន៍​ TRI ដែល​កាន់កាប់​ដោយ​ក្រុមលោកបាក់បូ គេ​ឃើញ​មាន​សារ​ជា​អក្សរ​រត់​ជាប្រចាំ ដោយសរសេរថា “​ទាហាន​របស់​សាកូហ្ស៊ី​កំពុង​រៀបចំផែនការ​ប្រល័យពូជសាសន៍​នៅ​កូតឌីវ័រ ដូច​កាល​នៅ​ប្រទេស​រវ៉ាន់ដា។ ប្រជាជន​កូតឌីវ័រ ចូរនាំគ្នា​ចេញ​​មក​​​​ឲ្យ​បាន​ច្រើន​​នៅតាមដងផ្លូវ”។ សារមួយទៀត​សរសេរថា “ទាហាន​បារាំង​កាន់កាប់​ព្រលាន​យន្តហោះ។ ពួកយើង​កំពុង​ស្ថិត​ក្នុង​ភាពគ្រោះថ្នាក់ហើយ”។

ការឃោសនា​ គឺ​ជា​​ផ្នែក​មួយ​នៃ​សង្រ្គាម​នៅ​កូតឌីវ័រ​បច្ចុប្បន្ន។ ក្រុម​របស់​លោកបាក់បូ កំពុង​ព្យាយាម​លាបពណ៌​សង្រ្គាម​បច្ចុប្បន្ន​ថា ជា​សង្រ្គាម​ប្រឆាំង​នឹង​មហាអំណាច​អាណានិគម ដែល​ចង់​ចូល​មកកាន់កាប់​កូតឌីវ័រ​សាជាថ្មី។

អ.ស.ប.​ចោទ​ក្រុម​លោក​វ៉ាត់តារ៉ា​ថា​បាន​សម្លាប់​​រង្គាលជនស៊ីវិល

មន្រ្តី​អ.ស.ប.​ប្រចាំ​កូតឌីវ័រ (ONUCI) បាន​រាយការណ៍​ថា ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី៣០​ មីនា ២០១១​កន្លងទៅនេះ មានជនស៊ីវិល​កូតឌីវ័រ​ចំនួន ៣៣០​នាក់​ បាន​បាត់បង់ជីវិត។ ក្នុង​នោះ ភាគច្រើន​ស្លាប់​ដោយ​ស្នាដៃ​កងកម្លាំង​របស់​លោកវ៉ាត់តារ៉ា។

រដ្ឋាភិបាល​របស់​លោកវ៉ាត់តារ៉ា​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​ថែម​ទាំងបាន​រិះគន់​អ.ស.ប.​ទៀតផង​ថា បានផ្តល់​របាយការណ៍ ដោយ​គ្មាន​ភស្តុតាង​បញ្ជាក់​ច្បាស់លាស់។ រដ្ឋាភិបាល​លោកវ៉ាត់តារ៉ា​បាន​គាំទ្រ​ឲ្យ​​មានការ​ស៊ើបអង្កេត​អន្តរជាតិ ទៅលើ​ករណី​ស្លាប់​ប្រជាជនស៊ីវិលនេះ។ នាយករដ្ឋមន្រ្តី​របស់​លោក​វ៉ាត់តារ៉ា​បាន​ប្រកាស​ នៅថ្ងៃ​ចន្ទ​នេះ​ថា អ្នកណា​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​​កាប់សម្លាប់​ជនស៊ីវិល​​នឹង​ត្រូវ​ ទទួលទោស​តាមច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ