អានតួអត្ថបទ
កូតឌីវ័រ

កូតឌីវ័រ៖ កងកម្លាំង​លោក​វ៉ាត់តារ៉ា​វាយលុក​ចូល​ដល់​ទីក្រុង​អាប៊ីដហ្សង់

កងទ័ព​របស់លោក​អាឡាសាន វ៉ាត់តារ៉ា (Alassane Ouattara) ប្រធានាធិបតី​កូតឌីវ័រ ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​វាយលុក​ចូល​ដល់​ទីក្រុង​អាប៊ីដហ្សង់ (Abidjan) កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។ នៅពេលនេះ ពួកគេ​កំពុង​តែ​ប្រយុទ្ធ​ដណ្តើម​កាន់កាប់​វិមាន​ប្រធានាធិបតី ដែល​ជា​ទីជម្រក​របស់​លោក​ឡូរ៉ង់ បាក់បូ (Laurent Gbagbo) ប្រធានាធិបតី​ផុតអាណត្តិ ប៉ុន្តែ មិនព្រម​ចុះចេញ​ពី​អំណាច។ក្នុងរយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​សោះ លោក​វ៉ាត់តារ៉ា ដែល​ត្រូវ​លោក​បាក់បូ​ឡោមព័ទ្ធ​ឲ្យ​នៅតែ​ក្នុង​សណ្ឋាគារ ត្រឡប់​ទៅ​ជា​អ្នក​​គ្រប់គ្រង​ប្រទេស​កូតឌីវ័រវិញ។ ចំណែក​លោក​បាក់បូ ត្រូវ​ទាហាន​របស់​លោកវ៉ាត់តារ៉ា​ឡោមព័ទ្ធ​វិញម្តង។

កងទ័ព​របស់​លោក​អាឡាសាន វ៉ាត់តារ៉ា
កងទ័ព​របស់​លោក​អាឡាសាន វ៉ាត់តារ៉ា ©AFP / ZOOM DOSSO
ផ្សាយពាណិជ្ជកម្ម

បាកបូ​ចុះខ្សោយ​ដោយ​សារ​ទណ្ឌកម្ម​អន្តរជាតិ
06:04

បទវិភាគ​របស់ សេង ឌីណា

អស់រយៈពេល ៤ខែ​កន្លងមកហើយ ដែល​កូតឌីវ័រ​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ។ លោក​អាឡាសាន វ៉ាត់តារ៉ា ត្រូវបាន​សហគមន៍​អន្តរជាតិ​ទទួលស្គាល់ថា ជា​ប្រធានាធិបតី​ថ្មី​ កើតចេញ​ពីការបោះឆ្នោត កាលពី​ខែ​វិច្ឆិកា ២០១០។ ក៏ប៉ុន្តែ លោក​ឡូរ៉ង់ បាក់បូ ដែល​ជា​ប្រធានាធិបតី​ផុតអាណត្តិ បាន​បដិសេធ​មិនចុះចេញ​ពី​អំណាច។ ប្រធានាធិបតី​ទាំងពីរ​បាន​ស្បថ​ចូល​កាន់មុខ​តំណែង​តែរៀងៗខ្លួន ក៏ប៉ុន្តែ លោក​បាក់បូ កាន់កាប់​វិមាន​ប្រធានាធិបតី និង​ទីក្រុង​អាប៊ីដហ្សង់​ទាំងមូល។ ចំណែក​លោកវ៉ាត់តារ៉ាវិញ ត្រូវ​កងទ័ព​របស់​លោកបាក់បូ ឡោមព័ទ្ធ​ជុំជិត ត្រូវ​បង្ខំ​ចិត្ត​យក​សណ្ឋាគារ​ធ្វើ​ជា​​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

ដល់វេន​លោក​បាក់បូ​ត្រូវ​​គេ​ឡោមព័ទ្ធវិញ​ម្តង

នៅពេលនេះ ស្ថានភាព​បាន​បញ្ច្រាស់​មកវិញ។ កងកម្លាំង​របស់​លោក​វ៉ាត់តារ៉ា (អតីត​ទាហាន​ឧទ្ទាម) ដែល​កាន់កាប់​កូតឌីវ័រ​មួយកំណាត់ ប៉ែក​ខាង​ជើង បាន​ចាប់ផ្តើម​​វាយលុក​ចូល​មក​​ទិស​ខាង​ត្បូង កាល​ពីថ្ងៃ​ចន្ទ ២៨ មីនា ២០១១។ ក្រោយ​ពី​បាន​វាយដណ្តើម​​កាន់កាប់​ទីក្រុង​យ៉ាមូស៊ូក្រូ (រដ្ឋធានី​ថ្មី​របស់​កូតឌីវ័រ) និង​​កំពង់ផែ​ច្រក​នាំចេញ​កាកាវ (San Pedro) កងកម្លាំង​របស់​លោក​វ៉ាត់តារ៉ា បាន​វាយលុក​ចូល​ដល់​ទីក្រុង​អាប៊ីដហ្សង់ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។

នៅថ្ងៃ​ព្រហស្បតិ៍​ដដែល​នោះ ព្រលាន​យន្តហោះ​អន្តរជាតិ​​នៅ​អាប៊ីដហ្សង់ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កងទ័ព​មួកខៀវ​កាន់កាប់។ ទាហាន​របស់​លោកបាក់បូ បាន​ដក​ចេញ​ពី​ សណ្ឋាគារ Golf ដែល​ជា​ទីជម្រក​របស់​​លោក​វ៉ាត់តារ៉ា។ លោកប្រធានាធិបតី​វ៉ាត់តារ៉ា ក៏​​ចាប់ផ្តើម​មានសេរីភាព​ធ្វើ​ដំណើរ​ចេញចូល ក្នុង​ទីក្រុង​អាប៊ីដហ្សង់​តាមចិត្ត។

ផ្ទុយ​មកវិញ គឺ​លោកបាក់បូ ដែល​ត្រូវ​រត់គេចខ្លួន​វិញ​ម្តង។ អស់រយៈពេល​​ប្រមាណ​ ១សប្តាហ៍​កន្លងមកហើយ ដែល​លោក​បាក់បូ​បានបាត់មុខ​ពី​ទីសាធារណៈ។ ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ ដែល​ជា​មធ្យោបាយ​ឃោសនា​ដ៏​សំខាន់​បំផុត​របស់​លោក​បាក់បូ ត្រូវ​បាន​កងទ័ព​របស់​លោកវ៉ាត់តារ៉ា​វាយដណ្តើម​យក ហើយ​បិទ​លែង​ឲ្យ​ផ្សាយ។ នៅពេលនេះ ការវាយប្រយុទ្ធគ្នា​កំពុង​តែ​បន្តធ្វើ រវាង​កងទ័ព​របស់​លោកវ៉ាត់តារ៉ា និង​ក្រុម​អង្គរក្ស​របស់​លោកបាក់បូ ដើម្បី​ដណ្តើម​កាន់កាប់​វិមាន​ប្រធានាធិបតី។

ទណ្ឌកម្ម​អន្តរជាតិ​បាន​ផ្តល់​ផ្លែផ្កា

មូលហេតុ​ចម្បង​នៃ​បរាជ័យ​របស់​លោកបាក់បូ គឺ​​ទណ្ឌកម្ម​អន្តរជាតិ។ ទ្រព្យសម្បត្តិ​របស់​ក្រុម​លោកបាក់បូ ត្រូវ​បាន​គេ​ផ្អាប់ទុក។ លុយពី​ធនាគារ​កណ្តាល​ក៏​លោកបាក់បូ​លែង​អាច​ប៉ះពាលបាន ដោយសារ​គេ​លែង​ទទួលស្គាល់​ហត្ថលេខា​មន្រ្តី​របស់​លោកបាក់បូ។ ធនធាន​របស់​រដ្ឋាភិបាល​បាក់បូ​ ក៏ចាប់​ថមថយ​ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ លុយ​សម្រាប់​ជួល​ទាហាន​ស៊ីឈ្នួល​បរទេស​ក៏លែងមាន។ លុយ​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​ទាហាន​ក៏​លែងមាន។

ណាមួយ​​គ្មានប្រាក់ខែផង ណាមួយ​ត្រូវ​ប្រឈមមុខ​នឹង​អតីត​ទាហាន​ឧទ្ទាម ដែល​មាន​ភាពក្លាហាន និង​មាន​បទពិសោធន៍​ក្នុង​សមរភូមិ​ផង​ ទាហាន​របស់​លោកបាក់បូ ក៏​បាន​បោះបង់​ចោល​សមរភូមិ​ បណ្តោយ​ឲ្យ​កងទ័ព​របស់​លោកវ៉ាត់តារ៉ា​វាយ​ដណ្តើម​យក​ទីក្រុង​ម្តងមួយៗ រហូតមក​ដល់​អាប៊ីដហ្សង់។

កាល​ពី​ថ្ងៃ​ពុធ អគ្គសេនាធិការ​កងទ័ព​ជាតិ ដែល​ជាមេទ័ពកំពូល​របស់​លោកបាក់បូ បាន​ប្រកាស​លាឈប់​ពី​អំណាច ហើយ​រត់​ទៅ​ជ្រកកោន​ក្នុង​ស្ថាន​ទូត​អាហ្វ្រិក​ខាងត្បូង។ មន្រ្តី​កងកម្លាំង​ប្រដាប់អាវុធ​ផ្សេងទៀត ក៏​បាន​ចាប់ផ្តើម​ផ្តាច់ខ្លួន​ពី​លោក​បាក់បូ​ជាបន្តបន្ទាប់។ គិត​រហូតមក​ទល់នឹង​ថ្ងៃ​សុក្រ​នេះ មាន​ទាហាន ប៉ូលិស និង​ប៉េអឹម ប្រមាណ​ ៥ម៉ឺន​នាក់​ ដែល​បាន​ផ្តាច់ខ្លួន​ពី​លោក​បាក់បូ។

បាក់បូ​​នៅតែ​មិន​ព្រម​ចុះចេញ

ទោះជាយ៉ាងណា​ក៏ដោយ លោក​បាក់បូ នៅមាន​កងអង្គរក្ស និង​កងកុម្ម៉ង់ដូ​ពិសេស ប្រមាណ ២ ៥០០​នាក់​ផ្សេងទៀត ដែល​កំពុង​ប្រយុទ្ធការពារ​វិមាន​ប្រធានាធិបតី។ ទាហាន​ទាំងនោះ សុទ្ធតែ​បាន​ទទួលការ​ហ្វឹកហ្វឺន​ម៉ត់ចត់ និង​បំពាក់​ទៅដោយ​អាវុធ​ទំនើបៗ។ ដូច្នេះ បើសិន​ជា​លោក​បាក់បូ មិន​ព្រម​ទម្លាក់​អាវុធ​ចុះចាញ់​ទេ សមរភូមិ​នៅ​អាប៊ីដហ្សង់ ប្រាកដ​ជា​នឹង​ត្រូវ​​បង្ហូរឈាម​ច្រើន​ជា​មិនខាន។

នៅថ្ងៃ​សុក្រ​នេះ តំណាង​របស់​លោកបាក់បូ ប្រចាំ​ទីក្រុង​ប៉ារីស​​ បាន​ប្រកាស​ថា លោក​បាក់បូ នឹង​មិន​ចុះចេញ​ពី​អំណាច​នោះទេ ហើយ​បាន​ចោទប្រកាន់​លោក​វ៉ាត់តារ៉ា​ថា កំពុង​តែ​ធ្វើ​រដ្ឋប្រហារ។ ប្រភព​ពី​មនុស្ស​ស្និទ្ធិនឹង​លោកបាក់បូ​ក៏​បាន​ឲ្យដឹងដែរ​ថា លោកបាក់បូ នឹង​មិនសុខចិត្ត​និរទេស​ខ្លួន​ទៅ​បរទេស​នោះទេ ដោយ​សុខចិត្ត​នៅ​តស៊ូ​ប្រយុទ្ធ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី រហូត​ដល់​ដំណាក់កាល​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ