អានតួអត្ថបទ
ម៉ារ៉ុក

សហគមន៍​អន្តរជាតិ​អបអរសាទរ​ចំពោះ​​ជោគជ័យ នៃ​ការបោះឆ្នោត​ប្រជាមតិ​ថ្មី​នៅម៉ារ៉ុក

កាលពី​ថ្ងៃសុក្រ ទី​១ កន្លងទៅ ប្រជាជន​ម៉ារ៉ុក​ភាគច្រើន​លើសលុប​បាន​បោះឆ្នោត​គាំទ្រ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ដែលស្នើ​ដោយ​ព្រះមហាក្សត្រ Mohammed ទី៦។ លោក Nicolas Sarkozy ប្រធានាធិបតី​បារាំង​ លោកស្រី ​Hillary Clinton រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​កោតសរសើរ​លទ្ធផលនេះ​ថា ជាជំហាន​ឆ្ពោះ​ទៅកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏ប្រសើរមួយ​នៅក្នុង​ប្រទេស​អារ៉ាប់​មួយនេះ។  

ប្រជាជន​ម៉ារ៉ុក​ដែល​គាំទ្រ​ព្រះមហាក្សត្រ Mohammed ទី៦
ប្រជាជន​ម៉ារ៉ុក​ដែល​គាំទ្រ​ព្រះមហាក្សត្រ Mohammed ទី៦ AFP / ABDELHAK SENNA
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​លិខិត​ជាផ្លូវការមួយ លោក​ប្រធានាធិបតីបារាំង Nicolas Sarkozy បាន​កោតសរសើរ ព្រះមហាក្សត្រ Mohammed ទី៦​ដែលបាន​រៀបចំ​អោយមាន ការបោះឆ្នោត​ប្រជាមតិ​ថ្មី។ ការបោះឆ្នោត​ដែលបង្ហាញ​ពីសំឡេងគាំទ្រ​ជាង​៩៨​ភាគរយ​របស់​ប្រជាជន​ ម៉ារ៉ុក ​ទៅ​លើ​កំណែ​ទម្រង់​​រដ្ឋធម្មនុញ្ញ​ថ្មី។

គួរ​បញ្ជាក់ថា​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញដែលបានស្នើ​ដោយ​ព្រះមហាក្សត្រ​សព្វថ្ងៃ គឺធ្វើឡើង ដើម្បីឆ្លើយតប​ទៅនឹង​ការតវ៉ា​ជាច្រើន​លើក​ជាច្រើនសា​របស់​ប្រជាជន ម៉ារ៉ុក​ដែល​មិនពេញ​ចិត្ត​​​នឹង​របប​បច្ចុប្បន្ន។ ការតវ៉ា​ដែលបានធ្វើឡើង​ជាហូរហែ​តាំងពី​ខែកុម្ភៈមក។

អត្ថបទ​រដ្ឋ​ធម្មនុញ្ញ​ថ្មីនេះសំដៅ​ពង្រឹង​របបរាជា​និយម លទ្ធិ​ប្រជាធិបតេយ្យ រដ្ឋសភា​និង​សង្គម។ ព្រះមហាក្សត្រ​នៅតែបន្ត​អោយមាន​សិទ្ធិ​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ដឹកនាំ​ប្រទេស ប៉ុន្តែ​ ប្រមុខ​រដ្ឋាភិបាល​អាចមាន​សិទ្ធិ​រំលាយ​រដ្ឋសភា ដែល​កាល​ពីមុនអំណាច​នេះ​ឋិត​នៅលើ​ព្រះមហាក្សត្រ។

ម្យ៉ាងវិញ​ទៀត ​ក្រុមបឹ្រក្សា​ច្បាប់ជាន់​ខ្ពស់មួយ ដែល​ដឹកនាំ​ដោយ​ Mohammed ទី៦ នឹងត្រូវ​បង្កើតឡើង​ដើម្បី​ធានា​ប្រព័ន្ធ​យុត្តិធម៌​ជាតិ។

លោក​ Nicolas Sarkozy​បានវាយតម្លៃថា​ នេះគឺជាគំរូដ៏ល្អដែលអាចជួយ​អោយ​ប្រទេស​ ម៉ារ៉ុក ​ដោះស្រាយ​វិបត្តិ​របស់ខ្លួន​ដោយ​សន្តិវិធី។ ប្រធានាធិបតី​បារាំង​រូបនេះ​ក៏បាន​ជំរុញអោយ ម៉ារ៉ុក ​ចូលរួម​ទៅក្នុង​ភាព​ជាដៃគូនៅ​ Deauville​ដែល​គាំទ្រ​ប្រទេស​អ៉ារាប់​ទាំងឡាយ​អោយ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ដ៏ពេញ​លេញ​មួយ។

តែ​ទោះបី​ជាយ៉ាងណា​ក៏ដោយ ចលនា​ប្រឆាំង​មួយចំនួន​នៅតែបន្ត​នៅ​ក្នុង​ប្រទេស។ពួកគេ​រិះគន់​ថា កំណែ​ទម្រង់ថ្មី​មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ​គ្រប់គ្រាន់​ហើយ​មាន​ការកេង​បន្លំ​សន្លឹកឆ្នោត​នៅពេល​បោះឆ្នោត​ប្រជាមតិ​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ