អានតួអត្ថបទ
លីប៊ី

ក្រុមបះបោរប្រឆាំងលីប៊ី​ធ្វើការវាយលុក​ខិតកាន់តែ​ជិតដល់​រដ្ឋធានី​ទ្រីប៉ូលី​

ក្រុមបះបោរ​ប្រឆាំង​ចាប់​ធ្វើការ​វាយលុក​នៅ​ថ្ងៃពុធ​ម្សិលមិញ​នៅប៉ែក​ ខាងលិច​នៃ​ប្រទេស​លីប៊ី​ ​ ដោយវាយ​យកបាន​ភូមិ​ឈ្មោះ​Goualich​ឋិតនៅ​ប្រមាណ​៥០ប្លាយ​គីឡូម៉ែត្រ​ ខាងត្បូង​នៃ​រដ្ឋធានី​ទ្រីប៉ូលី។​ ទាំងនេះ​ក្រោយពីមាន​ក្រោយពី​មាន​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈពេល​ជាច្រើន​ សប្តាហ៍។

យុទ្ធជន​​នៃក្រុម​អ្នក​បះបោរ​​ប្រឆាំង​​លីប៊ី​កំពុង​រៀបចំ​អាវុធ​របស់​ខ្លួន
យុទ្ធជន​​នៃក្រុម​អ្នក​បះបោរ​​ប្រឆាំង​​លីប៊ី​កំពុង​រៀបចំ​អាវុធ​របស់​ខ្លួន © REUTERS/Thaier al-Sudani
ផ្សាយពាណិជ្ជកម្ម

នាឱកាស​វាយប្រហារ​គ្នា​នៅថ្ងៃពុធ​ម្សិលមិញ​ ​ ក្រុមបះបោរ​ប្រឆាំង​លីប៊ី​ចាប់​ទាហាន​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​បម្រើ​របប​ផ្តាច់ការ​កាដាហ្វ៊ី​បាន​ជាច្រើននាក់។​ ទាហាន​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​ទាំងនោះ​បាន​ឆ្លើយ​ប្រាប់ថា​ ​ អ្នកខ្លះ​មកពី​ប្រទេស​ហ្កាណា​ ​ អ្នកខ្លះ​ទៀត​មកពី​ប្រទេស​ម៉ាលី។

 
មុន​នឹង​វាយលុក​យកបាន​ភូមិ​ឈ្មោះ​ Goualich​ នេះ​ ​ គេ​សង្កេត​ឃើញមាន​ការ​បាញ់​ឆ្លងឆ្លើយ​តបត​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​កាំភ្លើងធំ​នៃ​ក្រុមអ្នក​បះបោរ​ប្រឆាំង​លីប៊ី​ហើយនិង​កងកម្លាំង​បម្រើ​កាដាហ្វ៊ី។​ យន្តហោះ​នៃ​បក្ស​សម្ព័ន្ធ​ OTAN ​បាន​ហោះហើរ​ត្រួតពិនិត្យ​នៅ​លើ​តំបន់​នោះ​ ​ ប៉ុន្តែ​ពុំបាន​ធ្វើការ​ទម្លាក់​គ្រាប់បែក​ឡើយ។

គួរកត់​សម្គាល់ថា​ ​ បន្ថែម​ពីលើ​ជំនួយ​តាមផ្លូវ​អាកាស​ពី​សំណាក់​បក្ស​សម្ព័ន្ធ​អូតង់​ ​ នៅពេល​ថ្មីៗនេះ​ ក្រុមអ្នក​បះបោរ​ប្រឆាំង​លីប៊ី​ទទួល​បាន​ជំនួយ​សព្វាវុធ​បារាំង​ដែល​ទម្លាក់​ផ្តល់ឲ្យ​តាម​ឆត្រយោង​នៅតំបន់​ភ្នំ​ Nefoussa ផងទៀត​។

ម្យ៉ាងទៀត​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ ប្រជាជន​លីប៊ី​រាប់ម៉ឺននាក់​បាន​នាំគ្នា​ចុះថ្នល់​ស្រែក​ប្រឆាំង​នឹង​របប​ផ្តាច់ការ​កាដាហ្វ៊ី​នៅ​ទីក្រុង​បេងហ្កាហ្ស៊ី​ ​ ដោយបាន​លើកគ្រវី​ទង់ជាតិ​និង​ស្រែក​បណ្តេញ​មូអាម៉ារ​កាដាហ្វ៊ី​ឲ្យ​ចាកចេញ​ពី​មុខតំណែង។

នៅលើ​វិស័យ​ការទូត​វិញ​ ​ គណៈប្រតិភូ​នៃ​ក្រុមអ្នក​បះបោរ​ប្រឆាំង​លីប៊ី​ CNT ឬ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​នឹងត្រូវ​ទទួល​ជាលើក​ទីមួយ​នៅថ្ងៃ​ទី១៣​កក្កដា​ខាងមុខនេះ​ដោយ​អ្នកតំណាង​នៃ​២៨ប្រទេស​នៃ​បក្សសម្ព័ន្ធ​អួតង់​នៅ​ទីក្រុង​ព្រុចសែល។

រីឯ​ឥស្សរជន​សំខាន់​ទីពីរ​នៃ​ក្រុមអ្នក​បះបោរ​ប្រឆាំង​លីប៊ី​ឬ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​លោក​ Mahmoud Jibril បាន​ប្រកាស​អំពាវនាវ​នៅថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​អង់ការ៉ា​ ​ ឲ្យ​សហគមន៍​អន្តរជាតិ​យក​មូលនិធិ​របស់​របប​ផ្តាច់ការ​កាដាហ្វ៊ី​ដែល​ឃាត់​ផ្អាប់ទុក​នោះ​ផ្តល់​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ប្រើប្រាស់​សម្រាប់​ផ្តួល​រំលំ​កាដាហ្វ៊ី។

សូមបញ្ជាក់ថា​ ​ ប្រទេស​លីប៊ី​បាន​ស្គាល់​ការ​ងើប​បះបោរ​ប្រឆាំង​នឹង​ របប​ផ្តាច់ការ​កាដាហ្វ៊ី​តាំងពី​ពាក់​កណ្តាល​ខែកុម្ភៈ​ឆ្នាំ២០១១។​ មេដឹកនាំ​របប​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វ៊ី​ដែល​បាន​ឡើងមក​កាន់កាប់​អំណាច​នៅ​ប្រទេស​លីប៊ី​អស់​រយៈពេល​៤២ឆ្នាំ​មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ