អានតួអត្ថបទ
បារាំង​ លីប៊ី

បារាំង​អះអាង​ថា​ការ​ទម្លាក់​អាវុធទៅ​អោយ​ក្រុម​បះបោរ​លីប៊ី​ជា​អំពើ​ស្របច្បាប់

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​បារាំង​ លោក Alain Juppé បានអះអាងកាលពី​ថ្ងៃសុក្រ​ម្សិលមិញ​ថា បារាំង​មិនបាន​រំលោភ​លើ​សេចក្តី​សំរេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​កិច្ច​អន្តរាគមន៍​ជួយ​ប្រទេសលីប៊ីនោះទេ។ ការ​ដែល​បារាំង​ផ្តល់​អាវុធទៅ​អោយ​ក្រុម​បះបោរដើម្បី​ការពារ​ជន​ស៊ីវិល​ស្លូត​ត្រង់ពី​របប​ផ្តាច់ការ​របស់​លោក​ Kadhafi​។

ក្រុមបះបោរលីប៊ី ( រូបភាពឯកសារ )
ក្រុមបះបោរលីប៊ី ( រូបភាពឯកសារ ) REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

“​ អ្វី​ដែល​យើង​បាន​ធ្វើ គឺស្រប​ទៅនឹង​សេចក្តី​សំរេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ។ ហើយ​យើង​បាន​ផ្តល់​ពត៌មាន​ជាមុន​រួចទៅ​ហើយ ទៅកាន់​អង្គការ​ខាងលើ​និង ដៃគូអង្គការ​ Otan​ ”​ នេះ​ជា​សំដី​អះអាង របស់​លោក Alain Juppé រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​បារាំង​។

 
ការ​អះអាង​ការពារ​ខ្លួននេះ គឺ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​យ៉ាងខ្លាំង ពីប្រទេស​រុស្ស៊ី​ថា ​ការ​ដែល​បារាំង​ផ្តល់អាវុធ​ទៅអោយ​ក្រុមបះបោរ​​នៅ​លីប៊ី​ គឺ​ជាអំពើ​ខុសច្បាប់។ រុស្ស៊ី​បាន​សរសេរ​លិខិត​មួយ ទៅកាន់​ទីក្រុង​ប៉ារីស​ដើម្បី​ពន្យល់​ពី​រឿងនេះ។

កាល​ពីដើម​ខែ​មិថុនា​កន្លង​មក​បារាំង​បាន​ ទម្លាក់ ​អាវុធ​យុទ្ធភ័ណ្ឌ​មួយ​ចំនួន ទៅអោយ​ក្រុម​បះបោរ​នៅភាគ​ខាងត្បូង​រដ្ឋធានី​ Tripoli ដោយ​ហៅថា​ជាអាវុធ​ការពារ​ខ្លួន។បារាំង​អះអាង​ថា ប្រជាជន​ស្លូតត្រង់​ត្រូវការ​ជំនួយ​ជា​បន្ទាន់ ពីព្រោះ​ពួកគេ​កំពុង​ឋិតនៅ​ក្នុងសភាព​គ្រោះថ្នាក់​និង​ទទួល​រងការ​គំរាមសង្កត់ ពីកម្លាំង​យោធា​របស់​លោក Kadhafi​ដែល​ជា​ផ្ទាំង​ស៊ីប​របស់​សហគមន៍​អន្តរជាតិ​។

បារាំង​ហ៊ាន​ធ្វើ​បែប​នេះ​ដោយ​ផ្អែក​ទៅលើ​សេចក្តី​សំរេច​លេខ​១៩៧៣​គឺស្រប​ទៅនឹង​សេចក្តី​សំរេច​របស់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ដែល​អនុញ្ញាត​អោយ​ប្រទេស​ជា​សមាជិក​អាច​ប្រើ​កម្លាំង​យោធា​ដើម្បី​ការពារ​អាយុ​ជីវិត​ជន​ស៊ីវិល​នៅ​លីប៊ី។

ប៉ុន្តែ​បារាំង​អះអាង​ថា​ពួកគេ​មិនបាន​ផ្តល់​អាវុធ​ធុន​ធ្ងន់​ដូចជា​រថក្រោះ​មីស៊ីល ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ពួកគេ​បាន​ ទម្លាក់ ​អោយ​តែ​អាវុធ​ធុនស្រាល​ដូចជា​កាំភ្លើង​យន្ត និង​ប្រដាប់​បាញ់​Roquettes​ប៉ុណ្ណោះ។

បើទោះបី​ជា​មាន​ការខ្វែង​គំនិតគ្នា​ជាមួយ​នឹង​រុស្ស៊ី​លើ​បញ្ហានេះ​ក៏ដោយ ក៏រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​បារាំង​អះអាង​ថា​មិនមាន​ភាពអ្វី​ល្អក់កករ​កើតឡើង នៅក្នុង​កិច្ចសហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ