អានតួអត្ថបទ
ប៊ូរុនឌី

វិបត្តិ​នយោបាយ​នៅ​ប៊ូរុនឌី៖ ភាព​ស្រពេច​ស្រពិល​ជុំវិញ​ការ​បោះឆ្នោត

ភាព​ស្រពេចស្រពិល​កំពុង​តែ​ចោទ​ឡើង ​ក្នុង​ប្រទេស​ប៊ូរុនឌី ជុំវិញ​កាល​បរិច្ឆេទ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ និង​ប្រធានាធិបតី ​របស់​ប្រទេស​នេះ​ ​ដែល​កំពុង​តែ​ជួប​ចលាចល​នយោបាយ​ ពាសពេញ​ប្រទេស ​​អស់​រយៈពេល​មួយ​ខែ​មក​ហើយ។​ វិបតិ្ត​កាន់តែ​ធ្ងន់ធ្ងរ ​ទៅទៀត​ ដោយសារ​តែ​នៅ​ថ្ងៃ​សៅរ៍​ទី ៣០ ឧសភា ​មាន​លេចឮ​ដំណឹង​ថា ​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប៊ូរុនឌី​ពីរ​រូប ​បាន​លាលែង​ពី​តំណែង ​ហើយ​បាន​នាំ​គ្នា​រត់​ចោល​ស្រុក ​បាត់​ទៅ​ហើយ។

ចលាចល​នយោបាយ  ការ​គម្រាម​បាញ់​ប្រហារ​គ្នា​ទៅវិញ​ទៅមក ​នៅ​​ប្រទេស​ប៊ូរុនឌី នៅ​មុន​ពេល​​ដែល​ប្រទេស​នេះ កំពុង​រៀបចំ​បោះឆ្នោត​ប្រធានាធិនាធិបតី ​និង​សភា
ចលាចល​នយោបាយ ការ​គម្រាម​បាញ់​ប្រហារ​គ្នា​ទៅវិញ​ទៅមក ​នៅ​​ប្រទេស​ប៊ូរុនឌី នៅ​មុន​ពេល​​ដែល​ប្រទេស​នេះ កំពុង​រៀបចំ​បោះឆ្នោត​ប្រធានាធិនាធិបតី ​និង​សភា REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

ចលាចល​នយោបាយ ​ដោយសារ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង ​ប្រជាជន​នឹង ​ក្រុម​អាជ្ញាធរ ​បាន​កើត​ឡើង​​ពាសពេញ​ប្រទេស​ប៊ូរុនឌី​ អស់​រយៈ​ពេល​មួយខែ​មក​ហើយ។ ប្រជាជន​បាន​ធ្វើ​ការ​បះបោរ ​ដើម្បី​ប្រឆាំង ​នឹង​បេក្ខភាព​ប្រធានាធិបតី​របស់​លោក Nkurunziza  ដែល​ជា​ប្រធានាធិបតី​បច្ចុប្បន្ន ​កាន់​អំណាច​បាន​ពីរ​អាណត្តិ​រួច​មក​ហើយ​ តាំង​ពី​ឆ្នាំ​២០០៥​មក។ ទាហាន​ប៊ូរុនឌី ​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ទំលាក់ ​លោក Nkurunziza កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ​មិន​បាន​សម្រេច។

សូមបញ្ជាក់​ថា ​ប្រទេស​ប៊ូរុនឌី ​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​សំខាន់ៗ​ បន្ត​បន្ទាប់​គ្នា ​ពោល​គឺ​បោះឆ្នោត​សភា ​និង​ឃុំ​សង្កាត់ ​នៅ​ថ្ងៃ​សុក្រ​ទី ៥​មិថុនា ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី ២៦​មិថុនា ​និង​បោះឆ្នោត​ព្រឹទ្ធសភា​ នៅ​ថ្ងៃ​ទី ១៧​កក្កដា។ ប្រឈមមុខ​នឹង​ភាព​ចលាចល​យ៉ាង​ធ្ងន់ធ្ងរ ​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ ​ឲ្យ​ពន្យា​ពេល​រៀបចំ​ការ​បោះឆ្នោត​ទាំងនេះ។

អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ ​គឺ​ថា ​ប្រជាជន​ដែល​គាំទ្រ ​គណបក្ស​កាន់​អំណាច​ របស់​លោក Nkurunziza ​និង​ក្រុម​ប្រជាជន​ដែល​ប្រឆាំង ​បាន​ធ្វើ​សកម្មភាព​ជ្រុល​និយម ​គម្រាម​កំហែង ​និង​កាប់​សំលាប់​គ្នា​ទៅវិញ​ទៅមក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​អាជ្ញាធរ​ដែល​ជា​ដៃជើង​របស់​ប្រធានាធិបតី ​​ក៏​បាន​ចូលរួម​ ធ្វើឲ្យ​បរិយាកាស​​នេះ​ មាន​ភាព​តឹងតែង ​និង​ស្អប់​គំគួន​គ្នា​ទៅវិញ​ទៅ​មក ​ផងដែរ។ ស្ថិត​ក្នុង​បរិយកាស​អួរអាប់​បែប​នេះ ​គេ​មិន​សង្ឃឹម​ថា ​ការ​បោះឆ្នោត​ នឹង​ប្រព្រឹតិ្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌​នោះ​ទេ។

ដោយឡែក ​នៅ​ថ្ងៃ​សៅរ៍​ទី ​៣០ ​ឧសភា​ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា ​លោកស្រី ​អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​​បាន​ដាក់​ពាក្យ​លា​ឈប់ ​ហើយ​បាន​រត់​ចោល​ស្រុក​ ទៅ​សំងំ​លាក់​ខ្លួន​នៅ​បរទេស​បាត់​ទៅ​ហើយ។ ចំណែក​សមាជិក​ម្នាក់​ទៀត ​ដែល​មាន​លេចឮ​ដំណឹង​ថា​បាន​រត់​ចោល​ស្រុក​ដែរ​នោះ ​គេ​នៅ​មិន​ទាន់​អាច​ទទួល​បាន​ព័ត៌មាន​ ច្បាស់ការ​នៅ​ឡើយ​ទេ។ បើសិន​ជា​មាន​សមាជិក​ពីរ​នាក់ ​ក្នុង​ចំណោម​៥នាក់ ​លា​ឈប់​ពិត​មែន ​​មាន​ន័យ​ថា ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការ​បោះឆ្នោត នឹង​មិន​អាច​ ចេញ​សេចក្តី​សម្រេច​អ្វី​ បាន​ទាំង​អស់។

ក្នុង​ខណៈ​នេះ​ដែរ ជំនួប​កំពូល​ក្រុម​ប្រទេស​ទ្វីប​អាហ្វ្រិក ​ដែល​កំពុង​តែ​ធ្វើឡើង​ នៅ​ក្នុង​ប្រទេស​តង់ហ្សានី​ នៅ​ថ្ងៃ​នេះ​ គឺ​ជា​ឱកាស​ដែល​បណ្តា​ប្រទេស​អាហ្វ្រិក​ទាំងអស់ ​ត្រូវ​រួម​យោបល់​គ្នា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ប៊ូរុនឌី ​ដើម្បី​ចៀសវាង ​កុំឲ្យ​សង្គ្រាម​ស៊ីវីល​ផ្ទុះ​ឡើង ​ក្នុង​ប្រទេស​ដ៏តូច ​និង​ក្រីក្រ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ