អសប៖ នៅក្នុងពិភពលោក ចំនួនមនុស្សរងគ្រោះដោយគ្រោះអត់ឃ្លាន ថយចុះ ប្រមាណ ១៦៧លាននាក់
កាត់បន្ថយករណីអត់ឃ្លាន នៅក្នុងពិភពលោក ឲ្យមកនៅត្រឹមសូន្យ គឺជារឿងដែលគេអាចធ្វើបាន។ នេះជាការអះអាងរបស់អគ្គនាយកអង្គការចំណីអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ FAO នៅក្នុងឱកាសចេញផ្សាយរបាយការណ៍ កាលពីថ្ងៃពុធ ទី ២៧ ឧសភា។ របាយការណ៍ ដែលអង្គការFAOរួមធ្វើជាមួយ ទីភ្នាក់ងារជំនាញខាងអសន្តិសុខស្បៀងនៅក្នុងពិភពលោក ចំនួនមនុស្សរងគ្រោះដោយការអត់ឃ្លានបានថយចុះ មកនៅត្រឹម ៧៩៥លាន នាក់ នៅឆ្នាំ ២០១៥ ពោលគឺថយចុះប្រមាណ ១៦៧លាននាក់ នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ អង្គការចំណីអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានបង្ហាញតួលេខ គួរឲ្យលើកទឹកចិត្ត នោះ គឺក្នុងរយៈពេល តែ២៥ឆ្នាំ ចំនួនមនុស្សដែលរងគ្រោះ ដោយការខ្វះចំណី បានថយចុះ អស់មួយភាគបួន គឺប្រមាណ ២១៦លាននាក់។ សូមបញ្ជាក់ថា នៅទសវត្សរ៍ ឆ្នាំ ១៩៩០ ២៣% នៃមនុស្សលើភពផែនដី រងគ្រោះដោយគ្រោះអត់ឃ្លាន។ ប៉ុន្តែ នៅឆ្នាំ ២០១៥ មនុស្សខ្វះចំណីអាហារគ្រប់គ្រាន់ នៅក្នុងពិភពលោកថយចុះ មកនៅត្រឹម ១៣ភាគរយប៉ុណ្ណោះ។
តាមរបាយការណ៍របស់អង្គការ ដែលមានទីស្នាក់ការក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កំណើនសេដ្ឋកិច្ច និងការរីកចំរើននៅអាស៊ី និងនៅអាមេរិកឡាទីនជាហេតុផលចំបងដែលធ្វើឲ្យចំនួនមនុស្សដែលរងគ្រោះដោយ អត់ឃ្លាន ថយចុះគួរឲ្យកត់សំគាល់។ ប្រទេសថៃ វៀតណាមភូមា ចិន ប្រេស៊ីល ឈីលី វេណេស៊ុយអេឡា ឬបូលីវី ទទួលបានចំណាត់ថ្នាក់ល្អ នាំមុខគេខាងកាត់បន្ថយចំនួនមនុស្សរងគ្រោះដោយការអត់ឃ្លាន។ បណ្តាប្រទេស នៅតំបន់អាហ្រ្វិកខាងត្បូង ស្គាល់ការរីកចំរើនតិចតួច។ ២៣%នៃប្រជាជនរបស់តំបន់នេះនៅតែរងគ្រោះដោយការខ្វះអាហារូបត្ថម្ភ។
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញដែលថា ជាងពាក់កណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ (៧២ ក្នុងចំណោម ១២៩ប្រទេស)បានសម្រេចទិសដៅសហសវត្សរ៍ ដែលកំណត់ឡើង ដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០០០ នៅទីក្រុងញូវយ៉ក។ តាមទិសដៅ សហសវត្សរ៍ របស់អង្គការសហប្រជាជាតិ ប្រទេសក្នុងពិភពលោកត្រូវចូលរួម កាត់បន្ថយចំនួនមនុស្សរងគ្រោះ ដោយការអត់ឃ្លាន ឲ្យបានពាក់កណ្តាល ក្នុងរយៈពេល ១៥ឆ្នាំ។ ចំនួនមនុស្សរងគ្រោះ ដោយការអត់ឃ្លាន ថយចុះ ប៉ុន្តែ គេក៏មិនត្រូវអរភ្លេចខ្លួនដែរ។ តាមអង្គការFAO រដ្ឋាភិបាលរបស់ប្រទេសនីមួយៗត្រូវចែករំលែកភោគផលនៃកំណើនសេដ្ឋកិច្ច និងបង្កើតប្រព័ន្ធធានាសន្តិសុខទូទៅ សម្រាប់ប្រជាជន។ អង្គការសហប្រជាជាតិលើកទឹកចិត្តផងដែរឲ្យរដ្ឋាភិបាល ចូលរួមលុបបំបាត់គ្រោះអត់ឃ្លានតាមរយៈ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នៅទីជនបទ។ តាមការវាយតម្លៃរបស់មូលនិធីអន្តរជាតិ ដើម្បីអភិវឌ្ឍន៍ កសិកម្ម គេត្រូវទឹកប្រាក់ប្រមាណ ៣០០០ ពាន់លានដុល្លារ ដើម្បី កាត់បន្ថយភាពក្រីក្រនៅទីជនបទ៕
តាមមូលនិធិ FIDA ដដែលគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និង ជម្លោះ សង្រ្គាម ស៊ីវិលនៅ តែជាឧបសគ្គដែលរារាំង ដល់ការប្រយុទ្ធប្រឆាំងនឹងគ្រោះអត់ឃ្លាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ