អានតួអត្ថបទ
បារាំង-អាហ្វ្រិក

ប្រធានាធិបតី​បារាំង ស្នើ​ទទួល​រៀប​ចំ​ជំនួប​កំពូល​ស្តី​ពី​ការ​ប្រយុទ្ធ​នឹង​ក្រុម​បូកូហារ៉ាម

មុន​នឹង​ចាក​ចេញ​ពី​ប្រទេស​កាមេរូន​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ ទី៣​ កក្កដា ​លោក​ប្រធានាធិបតី​បារាំង​ បាន​ ធ្វើ​សន្និសីទ​កាសែត ​ដោយ​បាន​ថ្លែង​ថា​បារាំង​​ត្រៀម​ខ្លួន​ជានិច្ច ​ក្នុង​ការ​ទទួល​ចាត់​ចែង​រៀបចំ ឲ្យ​មាន​ជំនួប​កំពូល​ រវាង​ប្រទេស​អាហ្វ្រិក​ពាក់ព័ន្ធ ​ដើម្បី​រិះរក​យុទ្ធសាស្ត្រ ​ឲ្យ​មាន​ប្រសិទ្ធិភាព ​ក្នុងការ​ប្រយុទ្ធ​ជាមួយ ​ក្រុម​បូកូហារ៉ាម។ ក្រុម​អ៊ីស្លាម​បូកូអារ៉ាម ​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ជើង ​ប្រទេស​នីហ្សេរីយ៉ា ​បាន​ធ្វើ​អំពើ​ព្រៃផ្សៃ​ជា​ច្រើន​ករណី ​ហើយ​កម្លាំង​ពួក​វា ​កំពុង​តែ​បង្ក​អសន្តិសុខ​ និង​អស្ថិរភាព ​ក្នុង​តំបន់​ទាំងមូល។

លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់​ស័រ​ ហូឡង់ និងលោក ប្រធានាធិបតី​កាមេរូន ប៉ូល ប៊ីយ៉ា  នៅក្រុង យ៉ាអ៊ូនដេ រដ្ឋធានី កាមេរូន ថ្ងៃទី​៣ កក្កដា ២០១៥
លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់​ស័រ​ ហូឡង់ និងលោក ប្រធានាធិបតី​កាមេរូន ប៉ូល ប៊ីយ៉ា នៅក្រុង យ៉ាអ៊ូនដេ រដ្ឋធានី កាមេរូន ថ្ងៃទី​៣ កក្កដា ២០១៥ AFP PHOTO / ALAIN JOCARD
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់ ​លោក​ហ្វ្រង់ស័រ ហូឡង់ ​ប្រធានាធិបតី​បារាំង ​នៅ​ទ្វីប​អាហ្វ្រិក ​បាន​បញ្ចប់​ទៅ ​កាល​ពី​ល្ងាច​ថ្ងៃ ​សុក្រ​ នៅ ​ប្រទេស​កាមេរូន​ ជា​ទី​ដែល​លោក​ ហូឡង់​ បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​រដ្ឋាភិបាល​បារាំង ​ក្នុង ការ ជ្រោមជ្រែង​ប្រទេស​អាហ្វ្រិក ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​បូកូហារ៉ាម។

 
លោក​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​ថា ​ដរាបណា​គ្មាន​សន្តិសុខ ​និង​ប្រជាធិបតេយ្យ ​គឺ​គ្មាន​ការ​អភិវឌ្ឍន៍​ទេ។ លោក​ប្រធានាធិបតី ​បាន​ឆ្លៀត​បន្ថែម​ផង​ដែរ​ថា ​បារាំង​គាំទ្រ ​និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​នៅ​តាម​ប្រទេស​អាហ្វ្រិក ​ដែល​ត្រូវ​ការ​អភិវឌ្ឍន៍​ខ្លួន ​ទៅ​រក​ប្រជាធិបតេយ្យ​ពេញ​លេញ។

ទាក់ទិន​ នឹង​ការ​ប្រយុទ្ធ​ជាមួយ​ក្រុម​បូកូហារ៉ាម ​លោក​ប្រធានាធិបតី​បារាំង ​បាន​បញ្ជាក់​ថា ​បារាំង​ពេញចិត្ត​នឹង​រៀបចំ​ចាត់ចែង​ ជំនួប​កំពូល​ជាថ្មី​ម្តង​ទៀត ​នៅ​ក្រុង​ប៉ារីស ​រវាង​ប្រទេស​អាហ្វ្រិក​ ដែល​រង​ការ​គំរាម​កំហែង​ ដោយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​មួយ​នេះ ​មាន​ដូចជា ​នីហ្សេរីយ៉ា ​កាមេរូន ​និង​ឆាដ ​ដើម្បី​រិះរក​មធ្យោបាយ​ថ្មី​ទៀត ​ដែល​មាន​ប្រសិទ្ធិភាព ​ក្នុង​ការ​បង្រ្កាម​ក្រុម​បូកូហារ៉ាម។ លោក​បន្ត​ថា ​ប្រទេស​ទាំងអស់​ត្រូវ​ធ្វើការ​សហការ​គ្នា​ឲ្យ​ល្អ​ប្រសើរ ​ជាង​មុន។ ចំណែក​បារាំង ​និង​ផ្តល់​ការ​សហការ​ផ្នែក​ទិន្នន័យ​ព័ត៌មាន ​ដូច​ជា​រូបភាព​ផ្កាយ​រណប ​ស្តី​ពី​ទីតាំង​យុទ្ធសាស្ត្រ ​របស់​ក្រុម​បូកូហារ៉ាម​ ដើម្បី​ងាយ​ស្រួល​ ក្នុង​ការ​វាយ​ប្រយុទ្ធ។ បារាំង​ក៏​នឹង ​អាច​បញ្ជូន​ក្រុម​ជំនាញ ​ដើម្បី​ធ្វើការ​ហ្វឹក​ហាត់ ​កង​កម្លាំង​ប្រទេស​ទាំងបី​ផងដែរ។

សូម​បញ្ជាក់​ថា ​ក្រុម​ឧទ្ទាម​បូកូហារ៉ាម ​គឺ​ជា​ក្រុម​ឧទ្ទាម​ព្រៃ​ អ៊ីស្លាម​ផ្តាច់ការ​ ដែល​បាន​ធ្វើ​អំពើ​អមនុស្សធម៌ ​យ៉ាង​សាហាវ​ព្រៃផ្សៃ​​ នៅ​ភាគ​ខាង​ជើង​ប្រទេស​នីហ្សេរីយ៉ា។ ក្រុមនេះ​ បាន​ធ្វើ​សកម្មភាព​ភេរវកម្ម ​កាប់​សម្លាប់​អ្នក​ភូមិ​អ្នក​ស្រុក​ នៅ​តំបន់ ​ជុំវិញ​បឹង​ឆាដ ​ដែល​ជា​ព្រំ​ប្រទល់​ រវាង​ ប្រទេស​បី ​នីហ្សេរីយ៉ា ​កាមេរូន​ និង​ឆាដ។ ក្រៅ​ពី​សម្លាប់ និង​ដុត​ផ្ទះ​ប្រជាជាន​ស្លូត​ត្រង់ ​ក្រុម​នេះ ​បាន​ចាប់​កេណ្ឌ​កុមារ​ និង​មនុស្ស​ស្រី ​ជាច្រើន​ពាន់​នាក់ ​ចូល​ទៅ​ក្នុង​ព្រៃ។ មនុស្ស​ស្រី​ត្រូវ​បាន​ក្រុម​នេះ ​យក​ទៅ​ធ្វើ​ជា​ទាសករ​បំរើ​ផ្លូវភេទ ​ប្រៀប​មិន​ស្មើ​នឹង​សត្វធាតុ​។ មួយវិញ​ទៀត ​ការ​គម្រាម​​កំហែង ​របស់​ក្រុម​ឧទ្ទាម​បូកូហារ៉ាម​នេះ ​បាន​រុញ​ច្រាន ​ប្រជាជន​អាហ្វ្រិក​ក្នុង​តំបន់​នេះ ​ឲ្យ​រត់​ភៀស​ខ្លួន ​ហើយ​មួយ​ចំនួន​ធំ​បាន​ធ្វើ​ដំណើរ​ ផ្សង​គ្រោះថ្នាក់​ ដើម្បី​មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ