អានតួអត្ថបទ
បារាំង-ម៉ារ៉ុក

ប្រធានាធិបតី​​បារាំង​ទៅ​ម៉ារុក ​ដើម្បី​បញ្ជាក់​ពី​ការ​ជានា​គ្នា​ឡើង​វិញ

លោក​ហ្វ្រង់ស័រ ហូឡង់​ ប្រធានាធិបតី​បារាំង ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ារ៉ុក​ ចាប់​ពី​ថ្ងៃ​សៅរ៍​ទី​១៩ ​កញ្ញា​​នេះ ​រហូត​ដល់ថ្ងៃ​អាទិត្យ​ទី ​២០ ​កញ្ញា ​ដោយ​មាន​ការ​ទទួល​បដិសណ្ឋារកិច្ច​ជា​ផ្លូវការ ​ដោយ​ព្រះចៅ​ម៉ូហាម៉េដ ​ទី៦ ​ព្រះ​មហាក្សត្រ​ម៉ារ៉ុក។ ក្រៅ​ពី​កម្មវត្ថុ​នៃ​ការ​រឹត​ចំណង​សេដ្ឋកិច្ច​ រវាង​ប្រទេស​ទាំង​ពីរ​ ទស្សនកិច្ច​នេះ​ ត្រូវ​​បាន​គេ​មើល​ឃើញ​ថា ​ជា​កាយ​វិការ​របស់​បារាំង ​ដើម្បី​បញ្ជាក់​ថា ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​ ហើយ​ចាប់​ពី​ពេល​នេះ​ទៅ ​គឺ​ប្រទេស​ទាំង​ពីរ​ នឹង​ជា​នា​គ្នា​ឡើង​វិញ។

ព្រះចៅ​ ម៉ូហាម៉េដ ទី៦ មហាក្សត្រ​ម៉ារ៉ុក នៅ​ពេល​ទស្សនកិច្ច​នៅក្រុង​ប៉ារីស ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បីូ​រក​វិធី​ផ្សះ​ផ្សារ​គ្នា
ព្រះចៅ​ ម៉ូហាម៉េដ ទី៦ មហាក្សត្រ​ម៉ារ៉ុក នៅ​ពេល​ទស្សនកិច្ច​នៅក្រុង​ប៉ារីស ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បីូ​រក​វិធី​ផ្សះ​ផ្សារ​គ្នា REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

តាម​ការ​គ្រោងទុក​ លោក ហ្រ្វង់ស័រ ហូឡង់ ​នឹង​អញ្ជើញ​ទៅ​ដល់​ទីក្រុង ​តង់ហ្ស៊េ ​ភាគ​ខាង​ជើង​ម៉ារ៉ុក ​នៅ​វេលា​ម៉ោង ៣​រសៀស ​ម៉ោង​នៅ​ម៉ារ៉ុក​ ដោយ​មាន​ព្រះចៅ​ម៉ូហាម៉េដ ​ទី៦ ​នៅ​ចាំ​ទទួល​ស្វាគមន៍។ អម​ដំណើរ​ជាមួយ​​លោក​ហូរឡង់​ គឺ​មាន​រដ្ឋមន្ត្រី​បារាំង​៣នាក់ ​សុទ្ធ​តែ​ស្រី ​គឺ​មាន​លោកស្រី​សេហ្គូឡែន រ៉ូយ៉ាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោកស្រី ​ណាហ្សាត់ វ៉េឡូ ប៊ែលកាសេម ​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​ដែល​មាន​ដើម​កំណើត​ មក​ពី​ម៉ារ៉ុក​ផ្ទាល់​ ហើយ​និង​ចុង​ក្រោយ ​គឺ​លោកស្រី ​មីរីយ៉ាំ អែល គុមរី ​រដ្ឋមន្ត្រី​ក្រសួង​ការងារ។

 
តាម​ការ​គ្រោង​ទុក​ លោក​ប្រធានាធិបតី​បារាំង​ នឹង​អញ្ជើញ​ទៅ​កន្លែង​បី​ខុស​គ្នា។ ទីមួយ​គឺ ​នៅ​ស្ថានីយ៍​ជួសជុល​​ទូ​រថភ្លើង​ថ្មី​ ដែល​សាងសង់​សម្រាប់​ជួសជុល​ទូរ​រថភ្លើង​ល្បឿនលឿន​ TGV​ ដែល​ជា​របស់​ក្រុមហ៊ុន​បារាំង។ វា​គឺ​ជា​ខ្សែរ​រថភ្លើង​​ល្បឿនលឿន ​ត​ភ្ជាប់​ពី​ក្រុង​តង់ហ្ស៊េ ​ទៅ​ដល់​ក្រុង​កាហ្សាប្លង់កា ​ដែល​នឹង​ដាក់​​ ឲ្យ​ដំណើរ​ការ​ នៅ​រវាង​ឆ្នាំ​២០១៧។

បន្ទាប់​មក​ទៀត ​លោក​ប្រធានាធិបតី​បារាំង ​និង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ ​កំពង់ផែ​ក្រុង​តង់ហ្ស៊េ។ កំពង់ផែ​នេះ ​ជា​កំពង់ផែ​ធំ​ទីបី​ ក្នុង​ទ្វីប​អាហ្វ្រិក​ទាំងមូល​តែ​ម្តង។ ចំណុច​ពិសេស​នៃ​កំពង់​ផែ​នេះ ​​គឺ​វា​ស្ថិត​នៅ​នឹង​មាត់​ច្រក​សមុទ្រ Gibralta ​រវាង​ទ្វីប​អាហ្វ្រិក ​និង​ទ្វីប​អឺរ៉ុប ​ពោល​គឺ​ជា​ច្រក​សំខាន់​ណាស់ ​ក្នុង​ការ​ចរាចរណ៍​នាវា​ដឹក​ទំនិញ ​សម្រាប់​ប្រទេស​ដែល​នៅ​ជុំវិញ​សមុទ្រ​ម៉េឌីទែរ៉ាណេ។

បន្ទាប់​មក​ លោក​ប្រធានាធិបតី​បារាំង ​និង​ព្រះចៅ​ម៉ូហាម៉េដ​ទី ៦ ​នឹង​រួមគ្នា ​បញ្ចុះ​ធម្មសិលា ​បើក​ការដ្ឋាន​​សាងសង់​​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នឹង​ស្រាវជ្រាវ​ផ្នែក​ថាមពល​ ដោយ​ចីរភាព​ ឧទាហរណ៍​ដូច​ជា​ថាមពល​​ដើរ​​ដោយ​ពន្លឺ​​ព្រះអាទិត្យ​​ជាដើម។ សូម​បញ្ជាក់​ថា ​ក្នុង​វិស័យ​បរិស្ថាន​ កាត់​បន្ថយ​ឧស្ម័ន​ពុល​នេះ ​ ម៉ារ៉ុក ​ជា​ប្រទេស​តែ​មួយ​គត់​ ​នៅ​តំបន់​ម៉ាគ្រេប ​ដែល​បាន​ប្រគល់​ការ​សន្យា ​ទៅ​ដល់​គណៈកម្មកា​រៀបចំ​សន្និសីទ​ស្តីពី​អាកាសធាតុ​ ថា​នឹង​កាត់​បន្ថយ​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស។​ ក្នុង​ន័យ​នេះ ​រដ្ឋាភិបាល​ម៉ារ៉ុក​ បាន​ដាក់​ទិសដៅ​អាទិភាព​ថា ​ពី​នេះ​រហូត​ដល់​ឆ្នាំ​២០២០ ​គឺ​ម៉ារ៉ុក ​នឹង​ប្រើប្រាស់​ថាមពល​ដោយ​ចីរភាព ​ឲ្យ​បាន​ដល់​៤២%។

សរុប​ជារួម​មក​  ​គឺ​ដំណើរ​ទស្សនកិច្ច​នេះ ​បារាំង​ចង់​ បង្កើន​កិច្ច​សហប្រតិបត្តិការ​ទេ្វរ​ភាគី ​ជាមួយ​ម៉ារុក​ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ព្រោះ​ថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បារាំង​ដូច​ជា​ធ្លាក់ដៃ​ច្រើន ​ព្រោះថា ​ដៃគូ​ពាណិជ្ជកម្ម​ចំបង​របស់​ម៉ារ៉ុក​ បច្ចុប្បន្ន​នេះ​មិនមែន​បារាំង​ទេ ​គឺ​អេស្ប៉ាញ។

ទស្សនកិច្ច​និម្មិតរូប​បង្ហាញ​ថា​ បារាំង ​និង​ម៉ារ៉ុក ​លែង​ឈ្លោះគ្នា​ទៀត​ហើយ៖
ជាការ​ពិត​ណាស់ ​នៅ​ពី​ក្រោយ​ហេតុផល​សេដ្ឋកិច្ច​ទាំង​នេះ ​គឺ​ថា​ទស្សនកិច្ច​របស់​លោក​ហ្រ្វង់ស័រ ​ហូឡង់ ​ធ្វើឡើង​ដើម្បី​ជា​និម្មិតរូប ​ដែល​បញ្ជាក់​ពី​ការ​ជានា​គ្នា​ឡើងវិញ​ រវាង​ប្រទេស​ទាំង​ពីរ​នេះ។ ដើម​ហេតុ​ដំបូង ​ដែល​ឈាន​ទៅ​ដល់​ការ​មើលមុខ​គ្នា​មិន​ត្រង់ ​រវាង​បារាំង ​និង​ម៉ារ៉ុក ​គឺ ​ចាប់​ផ្តើម​ឡើង​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៤ ​កន្លង​ទៅ។​ កាល​ណោះ ​នៅ​បារាំង ​មាន​បណ្តឹង​តុលាការ​មួយ ​ដោយ​បាន​ចោទ ​លោក ​Abdellatif Hammouchi ​ប្រធាន​នគរបាល​ស៊ើបការណ៍​​​សម្ងាត់​របស់​ម៉ារ៉ុក ​ពី​បទ​ប្រើ​ទារុណកម្ម​ខុស​ច្បាប់។

ចៅក្រម​ស៊ើប​អង្កេត​បារាំង ​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​នេះ ​ឲ្យ​មក​ចូលខ្លួន​ដើម្បី​ឆ្លើយ​សំណួរ។ ភ្លាមៗ​នោះ ​រដ្ឋាភិបាល​ម៉ារ៉ុក ​បាន​បដិសេធ ​ហើយ​ថែម​ទាំង​បាន ​ព្យួរទុក​កិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការ​កិច្ចការ​យុត្តាធិការ​​ រវាង​ប្រទេស​ទាំងពីរ​ ទៀត​ផង។ ក្រោយ​មក​នៅ​ខែ​មីនា​ ឆ្នាំ​២០១៤ ​លោក​អគ្គរាជទូត​ម៉ារ៉ុក ​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​បារាំង ​ត្រូវ​បាន​គេ​ចាប់​ឆែកឆេរ​ នៅ​ព្រលាន​យន្ត​ហោះ ​ដែល​ការណ៍​នេះ​ វា​រឹត​តែ​ធ្វើឲ្យ​ម៉ារ៉ុក ​កាន់តែ​អន់​ចិត្ត​នឹង​បារាំង ​ថែមទៀត។

អស់​រយៈពេល​ ពេញ​មួយ​ឆ្នាំ ​ដោយសារ​តែ​រឿង​នេះ ​បារាំង ​និង​ម៉ារ៉ុក​ អត់​មាន​និយាយ​រក​គ្នា​សោះ​តែម្តង​​ រហូត​ទាល់តែ​​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥ ​ទើប​មាន​ការ​ចុះ​ហត្ថលេខា​ រវាង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​ប្រទេស​ទាំង​ពីរ​ លើ​លក្ខខន្តិកៈ​បំពេញ​​បន្ថែម ​ស្តីពី​កិច្ច​សហការ​គ្នា ​ក្នុង​វិស័យ​យុត្តិធម៌។ ដូច្នេះ ​ពេល​នេះ ​គឺ​បារាំង​ ចង់​បង្ហាញ​ជា​ឱឡាឫក​ថា ​ភាព​មិន​​ចុះ​សម្រុង​នឹង​គ្នា ​កន្លង​មក​គឺ​ជា​រឿង​កន្លង​ហួស​ទៅ​ហើយ។

កុំឲ្យ​ម៉ារ៉ុក​ ច្រណែន​អាល់ហ្ស៊េរី៖
ហើយ​នៅ​មាន​ចំណុច​មួយ​ទៀត​ ដែល​សំខាន់​ដែរ ​គឺ​ថា ​បារាំង ​ខិត​ខំ​ព្យាយាម​ថ្នមចិត្ត​ម៉ារ៉ុក ​និង​អាល់ហ្សេរី ​កុំឲ្យ​ច្រណែន​គ្នា ​ព្រោះ​ថា ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​លោក​ហ្រ្វង់ស័រ ហូឡង់ ​បាន​អញ្ជើញ​ទៅ​អាល់ហ្សេរី។ ប្រទេស​ជិត​ខាង​ទាំង​ពីរ​ អាល់ហ្សេរី ​និង​ម៉ារ៉ុក​នេះ ​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​បារាំង​ដូច​គ្នា ​ប៉ុន្តែ​មិន​សូវ​ជា​ត្រូវគ្នា​ប៉ុន្មា​ន​ទេ។ ប្រជាជន​បារាំង ​ដែល​មាន​ដើម​កំណើត ​ពី​ប្រទេស​ទាំង​ពីរ​នេះ ​ក៏​មាន​ច្រើន​ដែរ​ ដូច្នេះ ​វា​ជា​ការ​ចាំបាច់​ដែល​ រដ្ឋាភិបាល​បារាំង​ ព្យាយាម​យក​ចិត្ត​ប្រទេស​ទាំង​ពីរ​ ឲ្យ​បាន​ស្មើរ​គ្នា។

បារាំង​សុខចិត្ត​ធ្វើ​ពលីកម្ម​វិស័យ​យុត្តិធម៌ ​និង​សិទ្ធិមនុស្ស ​ដើម្បី​ស្តារ​វិស័យ​ការទូត៖
ធម្មតា​ទេ ​ទង្វើរ​រដ្ឋាភិបាល​មួយ ​តែងតែ​ត្រូវ​បាន​គេ​ចាំ​តាម​ដាន ​និង​រិះគន់​ជានិច្ច។ ប៉ុន្តែ​ការរិះគន់​ទាំងនេះ ​វា​ជា​កម្លាំង​មួយ ​ដែល​ជម្រុញ ​ឲ្យ​ថ្នាក់​ដឹកនំា ​ហ៊ាន​ប្រឈមមុខ​នឹង​ការ​ពិត។ ជា​ការ​ពិត​ណាស់ ​អង្គការ​​អន្តរជាតិ​ជាច្រើន ​បាន​រិះគន់​បរិហារ​រដ្ឋាភិបាល​ម៉ារ៉ុក ​ថា​ពុក​រលួយ ​និង​ប្រើប្រាស់​កម្លាំង ​បំបិទ​សម្លេង​ប្រឆាំង។ ទាក់ទិន​ នឹង​លក្ខខន្តិកៈថ្មី​ស្តីពី​​​កិច្ច​សហការ​ក្នុង​វិស័យ​យុត្តិធម៌​ រវាង​ប្រទេស​ទាំងពីរ​ ក៏​មាន​គេ​រិះគន់​ច្រើន​ណាស់​ដែរ  ​ដោយសារ​តែវា​ បាន​បន្ទាប​តំលៃ​ការងារ​ស្វែងរក​យុត្តិធម៌​ របស់​តុលាការ​បារាំង។

ដោយសារ​តែ​ចង់​ផ្សះផ្សារ​ចំណង​ការទូត ​បារាំង​សុខចិត្ត​ធ្វើ​ពលីកម្ម​វិស័យ​យុត្តិធម៌ ​ដែល​នេះ​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន​ទេ​​ សម្រាប់​អ្នក​ដែល​ស្រលាញ់​សេរីភាព ​និង​យុត្តិធម្ម។ ប៉ុន្តែ​ ការ​ដែល​រក្សា​ទំនាក់ទំនង​ការទូត ​ឲ្យ​នៅ​តែ​អាក្រក់ ​មិន​ព្រម​និយាយ​គ្នា ​ក៏​វា​នឹង​មិន​ហុច​ផល​អ្វី​ទាំង​អស់​ដែរ។ ដូច្នេះ​ បើ​បារាំង​ចង់​និយាយ​ដាស់តឿន​កែ​លម្អ ​ដល់​ម៉ារ៉ុក ​ក៏​គេ​មិន​ស្តាប់​ដែរ​ ព្រោះ​ថា ​ប្រទេស​ទាំងពីរ​អត់​ត្រូវ​គ្នា​ផង។ អញ្ចឹង ​ទាល់តែ​ស្តារ​មិត្តភាព​នឹង​គ្នា​សិន ចាំ​និយាយ​គ្នា​ ពី​បញ្ហា​ផ្សេងៗ​ទៅ​ វា​ងាយ​ស្តាប់​គ្នា​បាន។ ទោះ​បី​ជា​គោល​ជំហរ​បារាំង​ នា​ពេល​នេះ ​ផ្តល់​អាទិភាព​ដល់​ការ​រិត​ចំណង​ការទូត ​និង​វិស័យ​សេដ្ឋកិច្ច ​ក៏​ពិត​មែន​ តែ​មិនមែន​មាន​ន័យ​ថា ​បារាំង​ មិន​ខ្វល់​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ នោះ​ទេ។

តួនាទី​ម៉ារ៉ុក​សំខាន់ ​ក្នុង​ការ​ផ្សព្វផ្សាយ​គោលការណ៍​សាសនា​អ៊ីស្លាម​ត្រឹមត្រូវ ​មិន​ជ្រុល​និយម៖
នៅ​មាន​ចំណុច​ មួយទៀត​ ដែល​សំខាន់​សម្រាប់​បារាំង​ គឺ​តួនាទី​របស់​ម៉ារ៉ុក​ ក្នុង​ការ​បោស​សម្អាត​ចលនា​អ៊ីស្លាម​និយម របស់​ក្រុម​ជីហាដ។ រដ្ឋាភិបាល​ម៉ារ៉ុក ​មាន​គោល​ជំហរ ​មួយ​អំពាវនាវ ​ឲ្យ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់ ​អនុវត្តន៍​នូវ​អ្វី​ដែល​ជា​ផ្លូវ​កណ្តាល ​កុំ​ឲ្យ​ជ្រុល​និយម​ ផ្តាច់ការ​ដូច​ពួក​ក្រុម​ជីហាដ។ ការ​ផ្សព្វផ្សាយ​បណ្តុះ​ស្មារតី​ ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹមត្រូវ​នេះ ​គឺ​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ ​ប្រមុខ​សាសនា​អ៊ីស្លាម ​នៅ​តាម​វិហារ​ម៉ូស្កេ​នីមួយ។

ដូច្នេះ​ហើយ ​បាន​ជា​បារាំង ​សង្ឃឹម​លើ​ម៉ារ៉ុក​ ក្នុង​ការ​បណ្តុះបណ្តាល​មគុទេសន៍​សាសនា​អ៊ីស្លាម ​ឲ្យ​បាន​ត្រឹមត្រូវ​ ព្រោះ​ថា​ពួក​គេ​ទាំង​នោះ​ហើយ ​ដែល​នឹង​ទៅ​ផ្សព្វផ្សាយ​បន្ត​ នៅ​តាម​វិហារ​ម៉ូស្កេ​​នៅ​បារាំង។ ទាំង​នេះ ​វា​នឹង​រួម​ចំណែក ​កាត់​បន្ថយ​ ការ​ប្រព្រឹត្តិ​បែក​ឆ្វេង ​របស់​យុវជន​ក្មេងៗ ​ដែល​ជឿ​តាម​ការ​អូសទាញ ​របស់​ក្រុម​ជ្រុល​និយម​ ដូច​ជា​ពូក​ជីហាដ ​អង្គការ​រដ្ឋ​អ៊ីស្លាម​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ