អានតួអត្ថបទ
ម៉ារ៉ុក-បារំាង

មហាក្សត្រ​ម៉ារ៉ុក​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ារីស ចំ​ពេល​ដែល​មានរឿង​បែកធ្លាយ​ថា ព្រះអង្គ​មាន​គណនី ក្នុង​ធនាគារ​HSBC​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការគេចពន្ធ

កាលពីថ្ងៃ​ចន្ទ​ទី ៩​កុម្ភៈ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ឯកជន​របស់​មហាក្សត្រ​ម៉ារ៉ុក មូហាម៉េដ ទី៦ ក្នុង​ទីក្រុង​ប៉ារីស ប្រមុខដឹកនាំ​បារាំង និង​ព្រះចៅ​ម៉ារ៉ុក​បាន​ប្រកាស​ផ្សាភ្ជាប់ ទំនាក់ទំនង​ជាផ្លូវការ ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ និង​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស នៅក្នុង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ វត្តមាន​របស់​ព្រះចៅ​ម៉ារ៉ុក ក្នុង​ទឹកដី​បារំាង ធ្វើឡើង នៅចំ​ថ្ងៃ ដែល​កាសែត​បារាំង Le Monde បាន​ចុះ​ផ្សាយ​ព័ត៌មាន​ដែលថា ព្រះមហាក្សត្រ​ម៉ារ៉ុក មាន​ឈ្មោះ​នៅក្នុង​បញ្ជី​​ក្រុមមនុស្ស​ដែល ដាក់​លុយ​ក្នុង​​ធនាគារ​អង់គ្លេស HSBC ក្នុង​ប្រទេស​ស្វ៊ីស ដើម្បី​លួច​គេច​ពន្ធ។ 

ប្រធានាធិបតី​បារាំង លោក​ Francois Hollande ចាប់ដៃ​ជាមួយព្រះចៅ​ម៉ារ៉ុក Mohammed​ទី ៦ កាលពីថ្ងៃ​ទី៩​កុម្ភៈ​ដើម្បីបិទបញ្ចប់​ទំនាស់​ការទូត​នឹងគ្នា
ប្រធានាធិបតី​បារាំង លោក​ Francois Hollande ចាប់ដៃ​ជាមួយព្រះចៅ​ម៉ារ៉ុក Mohammed​ទី ៦ កាលពីថ្ងៃ​ទី៩​កុម្ភៈ​ដើម្បីបិទបញ្ចប់​ទំនាស់​ការទូត​នឹងគ្នា REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​លេចធ្លាយ​ដែល​ថា  ព្រះមហាក្សត្រ​ម៉ារ៉ុក មាន​គណនី ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​គេចពន្ធ នៅក្នុង​ធនាគារ​អង់គ្លេស HSBC អាច​ជា​រឿង​អាស្រូវ​របស់​ព្រះរាជវង្ស​ម៉ារ៉ុក នៅក្នុង​ក្រសែភ្នែក​របស់​អន្តរជាតិ ប៉ុន្តែ នៅម៉ារ៉ុក​ផ្ទាល់ រឿងនេះ មិនមែន​ជា​រឿង​ថ្មីនោះ​ទេ។ ប្រជាជន​ម៉ារ៉ុក​ដឹងច្បាស់​ណាស់​ថា ព្រះមហាក្សត្រ និង​រាជវង្ស​ម៉ារ៉ុក ដែល​មាន​សិទ្ធិ មាន​អំណាច​ពេញដៃ មាន​ទ្រព្យ​សម្បត្តិ ច្រើន​ហូរហៀ ស្រាប់​ទៅហើយ។ ដូច្នេះ ពួកគេ​មិន​ឆ្ងល់​ទេ នៅពេល​ដឹង​ថា ព្រះមហាក្សត្រ និង​រាជវង្ស​ម៉ារ៉ុក​ដទៃ​ទៀត មាន​ទឹកប្រាក់​សន្ធឹកសន្ធាប់ ប្រមាណ ៨លាន​អឺរ៉ូ នៅក្នុង​គណនី ធនាគារ HSBC​ដែល​កាសែត​បារាំង Le monde បាន​បកអាក្រាត​កាលពីថ្ងៃ​ម្សិលមិញនោះ។ ទឹកប្រាក់​៨លាន​អឺរ៉ូនេះ គឺ​នៅ​តិចតួចណាស់ ព្រោះ​បើ​តាម​ទស្សនាវដ្តី អាមេរិកាំង Forbes ព្រះចៅ​ម៉ារ៉ុក មូហាមេដ ទី ៦ អាច​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២ពាន់​អឺរ៉ូ​ឯណោះ។

 
មួយវិញទៀត រដ្ឋាភិបាល​ម៉ារ៉ុក​ហាក់​មិនភ្ញាក់ផ្អើល​នឹង​ការចុះផ្សាយ​បកអាក្រាត​របស់​កាសែត​បារាំង ព្រោះថា ទីក្រុង​ប៉ារីស ធ្លាប់​ជូន​ព័ត៌មាន​នេះ តាំងពី​យូរមក​ហើយ ទៅ​រាជធានី រ៉ាបា។ ប៉ុន្តែ យ៉ាងណាក៏ដោយ ការចុះផ្សាយ​រឿង​អាស្រូវដែល​ថា ព្រះមហាក្សត្រ​មាន​គណនី ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​គេច​មិន​បង់ពន្ធ នៅ​ក្នុង​ធនាគារ​អង់គ្លេស HSBC នឹង​អាច​ធ្វើ​ទំនាក់ទំនង​ដែល​ទើបចាប់ល្អ​នឹង​គ្នា រវាង​បារាំង និង​ម៉ារ៉ុក នឹង​អាច​ជួប​រកាំរកូស​នឹង​គ្នា ឡើងវិញ ទៅ​ថ្ងៃ​អនាគត ព្រោះថា អាជ្ញាធរ​ម៉ារ៉ុក មិនចូល​ចិត្ត​ឲ្យ​គេ ជា​ពិសេស បារាំង ដែល​ធ្លាប់​ជា​ម្ចាស់​អាណានិគម​ក្នុង​អតីតកាល យក​រាជវង្ស​ម៉ារ៉ុក ទៅ​ប្រឡាក់ប្រលូស នៅក្នុង​រឿង​អាស្រូវ​នោះ​ទេ។

បារាំង និង​ម៉ារ៉ុក​នៅតែត្រូវការគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម
បន្ទាប់ពី​រកាំរកូស ការទូត ជាមួយ គ្នា អស់​ជាង​មួយឆ្នាំ បារាំង នឹង​ម៉ារ៉ុក​បាន​សម្រេច​បិទ​ទំព័រ​ចាស់ និង​បើក​ទំព័រថ្មី នឹង​គ្នា​ឡើងវិញ នៅ​ដើម​ឆ្នាំនេះ។ សូម​រំលឹក​ជូន​ថា ម៉ារ៉ុក​ធ្លាប់​អន់​ចិត្ត ខឹង​នឹង​បារាំង ដែល​មិន​តម្លៃ ដល់​ម៉ារ៉ុក ដូចជា​បារាំង​ងាក​ទៅ​ចាប់ដៃគូ​ជាមួយ​អាល់ហ្សេរី ដែល​ជា​គូប្រជែង​របស់​ម៉ារ៉ុក នៅក្នុង​ប្រតិបត្តិការ​ប្រឆាំង​ក្រុមភេរវជន​នៅ​ប្រទេស​ម៉ាលី។ ម៉ារ៉ុក​ខឹង​នឹង​រដ្ឋាភិបាល​បារាំង ដែល​ប្រើ​អាជ្ញាធរ​របស់ខ្លួន​ឲ្យ​ចូល​ទៅក្នុង​ស្ថានទូត​ម៉ារ៉ុក ក្នុង​ក្រុង​ប៉ារីស និង​សម្រេច​តាម​ផ្លូវតុលាការ ចោទប្រកាន់​អនុប្រធាន​ចារកិច្ច​ម៉ារ៉ុក ក្នុង​ទឹកដី​បារាំង ពីបទ​ធ្វើ​ទារុណកម្ម។

លើសពីនោះ ម៉ារ៉ុក​បាន​ចាត់ទុក ការចាប់ឆែកឆេរ​រដ្ឋមន្រ្តី ការបរទេស​ម៉ារ៉ុក នៅ​ព្រលាន​យន្តហោះ បារាំង កាលពី​ខែ​មីនា ឆ្នាំមុន ថា ជា​ឥរិយាបថ​មើលងាយ របស់​បារាំង​ទៅលើ​ម៉ារ៉ុក។ ក្នុង​កែវភ្នែក​របស់​ម៉ារ៉ុក រដ្ឋាភិបាល​បារាំង​មិន​ដែល​ផ្តល់​តម្លៃ​ដល់​ខ្លួន​ម្តងណាទេ។ ប៉ុន្តែ ដូចគេ​ដឹងហើយថា បើទោះបី​ជា​បារាំង និង​ម៉ារ៉ុក មាន​ទំនាក់ទំនង​ល្អក់កករ​នឹង​គ្នា ប៉ុន្តែ ប្រទេស​ទាំងពីរ ជា​ដៃគូ​សេដ្ឋកិច្ច​ដែល​មិនអាច​ខ្វះបាន ព្រោះ​បារាំង ជា​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ធំ​ទីមួយ​របស់​ម៉ារ៉ុក។ ចំណែក ម៉ារ៉ុក​មាន​ប្រជាជន​របស់ខ្លួន​ជាង​១​លាន​នាក់ រស់នៅ ក្នុង​ទឹកដី​បារាំង។

ម្យ៉ាងទៀត អំពើ​ភេរវកម្ម នៅទីក្រុង​ប៉ារីស ប្រឆាំង​នឹង​ទស្សនាវដ្តី​ឆាលី អិបដូរ កាលពី​ថ្ងៃ​ទី ៧​មករា បាន​ជួយ​ឲ្យ​ម៉ារ៉ុក និង​បារាំង ត្រលប់មក​ត្រូវរ៉ូវ​គ្នា​ឡើងវិញ ព្រោះថា បារាំង​ត្រូវការ​ម៉ារ៉ុក ក្នុង​ផ្នែក​ចារកិច្ច​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើភេរវកម្ម។ ចាប់តាំងពី​មាន​ភេរវកម្ម​ក្នុង​ទីក្រុង​ប៉ារីស នៅ​ដើម​ឆ្នាំនេះ ម៉ារ៉ុក​បាន​ជួយ​បារាំង​បាន​ច្រើន ជាពិសេស គឺចាប់បាន​ជីហាត​បារាំង​ជាច្រើន ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​ម៉ារ៉ុក។ រដ្ឋមន្រ្តីយុត្តិធម៌​បារាំង និង​ម៉ារ៉ុក ទើប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា កាលពី​សប្តាហ៍មុន នៅក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​រួម​គ្នា។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ