អានតួអត្ថបទ

កូនប្រុស​កាដាហ្វី​ អតីត​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​ បាន​រួច​ខ្លួន

​​ពួក​ប្រដាប់​អាវុធ​លីប៊ី​នៅ​តំបន់ហ្សេតាន បាន​ប្រកាស​ដោះលែង​ លោក សាអ៊ីហ្វ អាល់ អ៊ីស្លាម កូនប្រុស​របស់​អតីត​មេដឹកនាំ​ផ្តាច់ការលីប៊ី ​កាដាហ្វី ដែល​ពួក​គេ​ចាប់​ឃុំឃាំង​តាំង​ពី​ឆ្នាំ​២០១១។​ ឆ្នាំ​ដែលកាដាហ្វី​បាន​ស្លាប់​។ បើ​តាម​មេធាវី សាអ៊ីហ្វ អាល់ អ៊ីស្លាម កាដាហ្វី បាន​ទទួល​សេរីភាព ក្នុង​ក្របខ័ណ្ឌ​នៃច្បាប់​​លើក​លែង​ទោស​ អនុម័ត​កាលពី​ឆ្នាំ​ទៅ។ គេ​ធ្លាប់​ឮ​សេចក្តី​​ប្រកាស​លើក​លែង​ទោស ម្តង​ហើយ តែ​លើក​នេះលោក សាអ៊ីហ្វ អ៊ីស្លាម ​កាដាហ្វី ពិត​ជា​បាន​ចាក​ចេញ​ពី​តំបន់ហ្សេតាន ​Zentaneមែន។

Saïf al-Islam Kadhafi ក្នុង​ពន្ធនាគារ ថ្ងៃទៅ ២៧ មេសា ២០១៤
Saïf al-Islam Kadhafi ក្នុង​ពន្ធនាគារ ថ្ងៃទៅ ២៧ មេសា ២០១៤ MAHMUD TURKIA / AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៤៤ឆ្នាំ សាអ៊ីហ្វ អាល់អ៊ីស្លាម កាដាហ្វី ជា​កូន​ប្រុស​​ដែល​មហាជន​ទូទៅ​ស្គាល់​ខ្លាំង​ជាង​គេ ក្នុង​ចំណោម​កូន​កាដាហ្វី​ទាំង​អស់ និងត្រូវ​បាន​គេ​ចាត់​ទុក​ថា​កូន​​​ស្នង​ត្រកូលបន្ត​អំណាច​ផង។ សាអ៊ីហ្វ អាល់អ៊ីស្លាម កាដាហ្វី ត្រូវ​បាន​តុលាការ​លីប៊ី​កាត់​ទោស​ប្រហារ​ជីវិត​ នៅ​ឆ្នាំ​២០១៥ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គម  និង​មនុស្ស​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិចេញ​ដីកា​តាម​ស្វែង​រក​បំផុត។

តាមការពិត ទោះ​ស្ថិត​ក្នុងពន្ធនាគារ​ក្តី ក៏ សាអ៊ីហ្វ អ៊ីស្លាម បាន​ទទួល​ការ​ថែទាំ និងរស់​ជាប់​ឃុំ​ប្រកប​ដោយ​ផាសុកបំផុត។ តាំង​ពី​ឆ្នាំ​មុន​មក កូនប្រុស​កាដាហ្វី​ម្នាក់​នេះ អាច​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ក្រុង ហ្សេតាន ដើម្បី​ជួប​មេដឹកនាំ​ធំៗ​ក្នុង​តំបន់ តែ​ថ្ងៃ​នេះ​សាអ៊ីហ្វ អ៊ីស្លាម បាន​ទទួល​សេរីភាពពេញ​លេញ  និង​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទិសដៅ​សម្ងាត់​មួយ ដើម្បី​សន្តិសុខ។ មិន​ដឹង​ថា​ទៅ​ទីណា​ឱ្យ​ប្រាកដ​ទេ ! អាច​ទៅ​អេហ្ស៊ីប ​ ឬ​នៅ​តែ​ក្នុង​ប្រទេសលីប៊ី នៅ​ភាគ​ខាង​កើត​ប្រទេស ដែល​មាន​ឧត្តមសេនីយ៍ តាសហ្វា ជា​សម្ព័ន្ធមិត្ត​នយោបាយ ឬ​នៅភាគ​ខា​ង​ត្បូង​ តំបន់​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ធ្វើ​បុណ្យ​អបអរ​ភ្លាម​នៅ​ពេល​បាន​ទទួល​ដំណឹង​ដោះលែង។

ក្រុមប្រដាប់​អាវុធ​លីប៊ី ស្និទ្ធ​នឹង​របប​កាដាហ្វី តែង​លើក​ឡើង​ជាញឹកញយ​ដង​ហើយ ថា​មាន​តែ​ សាអ៊ីហ្វ អ៊ីស្លាម​កាដាហ្វី​ទេ ដែល​អាច​បង្រួប​បង្រួម​លីប៊ី​ និង​នាំ​លីប៊ី​ឱ្យ​ស្គាល់​ស្ថិរភាព ហើយ​ក្លាយ​ជា​បេក្ខជន​​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតីបាន។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ​ខ្លះ​ទៀត កូនប្រុស​កាដាហ្វី​ គ្មាន​ប្រជាប្រិយភាព​ខ្លាំង​ពេញ​ប្រទេស​ទេ។ ការ​ដោះលែង​នេះ​អាច​ជាការ​បញ្ចេះ​កំហឹង និង​បង្ក​ភាព​ប្រេះឆា​កាន់​តែ​ខ្លាំង។ ពលរដ្ឋ​លីប៊ី​ភាគ​ច្រើន នៅ​តែ​មិន​ចង់​ឃើញ​ត្រកូល​កាដាហ្វី​ត្រលប់​មក​ដឹកនាំ​ប្រទេស​ឡើយ។
សម្រាប់​ពេល​នេះ គេ​មិន​ដឹង​ថា​តើ​ សាអ៊ីហ្វ អ៊ីស្លាម កាដាហ្វី​ អាច​ដើរ​តួអ្វី​ឡើយ​នៅ​ក្នុង​លីប៊ី​ដែល​បែង​ភាគ លិច​ កើត ត្បូង ​ដឹកនាំ​ដោយ​ក្រុមប្រដាប់​អាវុធ​ផ្សេងៗដែល​​កំពុងប្រយុទ្ធ​​ប្រជែង​គ្នាដើម្បី​​​អំណាច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ