អានតួអត្ថបទ
ទុយនីស៊ី

ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម​ប្រកាស​ចេញមុខ​ជាអ្នក​ធ្វើ​​ភេរវកម្ម​នៅ ទុយនីស៊ី

នៅ​ប្រទេស​ទុយនីស៊ី អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ដឹង​​ថា ភេរវជន​ទាំង​២​រូប​ដែល​បាន​បាញ់​សម្លាប់​អ្នកទេសចរ​បរទេស ២០​នាក់ នៅ​សារមន្ទីរ បារដូ ក្នុង​ក្រុង​ទុយនីស ធ្លាប់​ត្រូវ​បាន​បំពាក់បំប៉ន ហ្វឹកហ្វឺន ឲ្យ​ចេះ​ប្រើ​អាវុធ នៅ​ក្នុង​ប្រទេស​លីប៊ី។ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩​មីនា ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​អំពើភេរវកម្ម​ដែល​បាន​សម្លាប់​មនុស្ស​​សរុប ២១​នាក់ កាលពី​ថ្ងៃ​ពុធ។ 

ប៉ូលិសទុយនីស៊ី នៅ​ច្រក​ចូល​សារមន្ទីរ បារដូ នៅ​ទុយនីស ដែល​ទទួល​រងភេរវកម្ម នៅ​ថ្ងៃទី ១៨មីនា
ប៉ូលិសទុយនីស៊ី នៅ​ច្រក​ចូល​សារមន្ទីរ បារដូ នៅ​ទុយនីស ដែល​ទទួល​រងភេរវកម្ម នៅ​ថ្ងៃទី ១៨មីនា REUTERS/Anis Mili
ផ្សាយពាណិជ្ជកម្ម

ការស៊ើបអង្កេត​របស់​ប៉ូលិស​ទុយនីស៊ី​បាន​ផ្តល់​លទ្ធផល​ជា​បណ្តើរៗ។ តាម​អនុរដ្ឋលេខាធិការ​ទុយនីស៊ី ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ ភេរវជន​ទាំង​២​រូប ដែល​ចូល​បាញ់​ប្រហារ​ទៅលើ​ក្រុមអ្នកទេសចរ នៅ​សារមន្ទីរ បារដូ ចេញ​មក​ពីក្រុម​អ៊ីស្លាម​ជ្រុលនិយម តាហ្វីរីស។ ពួកគេ​បាន​ធ្វើដំណើរ ដោយ​លួចលាក់ ចេញ​ពី​ទុយនីស៊ី ទៅ​ប្រទេស​លីប៊ី នៅ​ខែ​ធ្នូ ចុងឆ្នាំមុន។ នៅ​លីប៊ី មាន​ជំរំ​ហ្វឹកហ្វឺន​យោធា​ជា​ច្រើន ដែល​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​ប្រជាជន​ទុយនីស៊ី ដូចជា​នៅ​ទីក្រុង​បិនហ្គាហ្ស៊ី ឬ សាប៉្រាតា ជាដើម។ នៅ​ទីនោះ ភេរវជន​បាន​ទទួល​ការហ្វឹកហាត់​ឲ្យ​ចេះ​ប្រើកាំភ្លើង​មុន​នឹង​ត្រលប់​ចូល​ទៅ​ប្រទេស​ទុយនីស៊ី​វិញ។

 
តាម​អនុរដ្ឋលេខាធិការ​ទុយនីស៊ី ភេរវជន​ទាំងពីរ​នាក់​ធ្លាប់​ស្ថិតនៅក្នុង​បញ្ជី​តាមដាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ទុយនីស៊ី។ ប៉ូលិស​ដឹង​ថា ពួកគេ​ទាំងពីរ​មក​ពី​ក្រុម​អ៊ីស្លាម​ជ្រុលនិយម តាហ្វីរីស និង​សង្ស័យ​ថា ពួកគេ​អាច​ធ្វើ​សកម្មភាព បង្ក​អសន្តិសុខ​នៅថ្ងៃ​ណាមួយ។ ប៉ុន្តែ ប៉ូលិស​នៅ​មិនទាន់​​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​អាច​ចាប់ខ្លួន​ជនសង្ស័យ​ទាំងពីរ។ ជាក់ស្តែង ភេរវជន​ម្នាក់ គឺ យ៉ាស៊ីន អាប៊ីឌី ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ម្តង​ហើយ នៅ​មុន​ចាកចេញ​ទៅលីប៊ី ប៉ុន្តែ ក៏​ត្រូវ​ដោះលែង​ទៅវិញ។

ទុយនីស៊ី​មាន​ជនជាតិ​របស់ខ្លួន ច្រើន​ជាងគេ ប្រមាណ ៣០០០​នាក់ នៅក្នុង​ជួរកងទ័ព​បរទេស​របស់​ក្រុមជីហាត។ អាជ្ញាធរ​ទុយនីស៊ី​បារម្ភថា ជនជាតិ​ទុយនីស៊ី ៥០០​នាក់​ដែល​បាន​ត្រលប់​ចូល​ស្រុក​វិញ នឹង​អាច​បង្ក​អំពើភេរវកម្ម នៅពេល​ណាមួយ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​បានប្រកាស​ថា គឺ​មនុស្ស​របស់ខ្លួន ដែល​ធ្វើ​ភេរវកម្ម​សម្លាប់​ជនបរទេស នៅ​សារមន្ទីរ បារដូ។ ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែលមាន​វត្តមាន​នៅ​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​បោះទីតាំង​នៅ​លីប៊ី ប្រទេស​ជិត​ខាង​របស់​ទុយនីស៊ី នៅ​បាន​គំរាម​បង្ក​ភេរវកម្ម​ផ្សេងទៀត ប្រឆាំង​នឹង​ទុយនីស៊ី ដោយ​ប្រើ​ពាក្យ​នេះ ភេរវកម្ម កាលពីថ្ងៃ​ពុធ គ្រាន់តែ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ។ គេ​មិន​ដឹង​ច្បាស់​ទេ​ថា ឧក្រិដ្ឋជន​ទាំង​ពីររូប ដែល​ធ្វើ​ភេរវកម្ម កាលពីថ្ងៃ​ពុធ ជា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមជីហាត ដែរ ឬ​យ៉ាងណា​នោះទេ។ ប៉ុន្តែ តាមប៉ូលិស គេ​រកឃើញ គ្រឿងផ្ទុះ​ជា​ច្រើន នៅលើ​ខ្លួន របស់​ភេរវជន គឺ ដូចជា​ការ​ការអះអាង​របស់​ក្រុម​ជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដែល​ថា វីរបុរស​របស់ខ្លួន មានបំពាក់​ដោយ​អាវុធ​ស្វ័យប្រវត្តិ និង​គ្រាប់បែក ដើម្បី ចូល​ទៅ​បំផ្ទុះ ធ្វើ​ភេរវកម្ម​នៅ​សារមន្ទីរ បារដូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ