អានតួអត្ថបទ
ទុយនីស៊ី

ទុយនីស៊ី៖មាន​ការ​បាញ់​ប្រហារ​លើ​សារមន្ទីរជាតិ​មួយ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩នាក់

នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ជនប្រដាប់​អាវុធ​មួយ​ក្រុម​បាន​បើក​ការ​វាយប្រហារ​លើ​សារមន្ទីរជាតិ​មួយ​ឈ្មោះ Bardo ស្ថិត​ក្បែរ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ ទី១៨ មីនា។ ព្រឹត្តិការណ៍​បាញ់​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩នាក់​ក្នុង​នោះ មាន​អ្នកទេសចរណ៍បរទេស​ចំនួន ១៧នាក់ ព្រម​ទំាង​រងរបួស​ជា​ច្រើន​នាក់។ កម្លំាង​ប៉ូលិស​ក៏​បាន​សម្រេច​ធ្វើ​អន្តរាគមន៍​ដើម្បី​រំដោះ​ចំណាប់ខ្មំាង​ដែល​ក្រុមភេរវជន​បាន​ចាប់​ជា​ថ្នូរ​នៅ​ក្នុង​សារមន្ទីរ ដោយ​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ សម្លាប់​បាន​ភេរវជន​២នាក់ និង​ចាប់​ខ្លួន​បាន​ម្នាក់។

ទុយនីស៊ី៖មាន​ការ​បាញ់​ប្រហារ​លើ​សារមន្ទីរជាតិ​មួយ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩នាក់
ទុយនីស៊ី៖មាន​ការ​បាញ់​ប្រហារ​លើ​សារមន្ទីរជាតិ​មួយ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩នាក់ AFP PHOTO / FETHI BELAID
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​ព្រឹត្តិការណ៍​បាញ់​ប្រហារ និង​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​សារមន្ទីរជាតិ Bardo ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មន្ទីរ​រដ្ឋសភាជាតិ។ តែ​ព្រឹត្តិការណ៍​នៅ​ចំ​កណ្តាលបេះដូង​ទុយនីស៊ី​ពេល​នេះ​បាន​បន្សល់​ទុក​តុល្យការ​ធ្ងន់ធ្ងរ​ណាស់ ពោល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៩នាក់​ក្នុង​នោះ​មាន​អ្នកទេសចរណ៍​បរទេស ១៧នាក់។ ទន្ទឹម​គ្នា​នេះ ប្រតិបត្តិការ​សង្រ្គោះ​ចំណាប់ខ្មំាង​របស់​កម្លំាង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ សម្លាប់​ភេរវជន​បាន​ពីរ​នាក់ និង​ចាប់​បាន​ម្នាក់។ បើ​យោង​តាម​ប្រភព​ផ្លូវការ​ឲ្យ​ដឹង​ថា ពី​ដំបូង​ឡើយ ភេរវជន​ទំាង​៣​នាក់​គ្រោង​នឹង​ចូល​វាយប្រហារ​នៅ​ក្នុង​រដ្ឋសភា​ដែល​ក្រុមតំណាងរាស្រ្ត​កំពុង​ប្រជុំ តែ​ដោយ​មិន​អាច​សម្រេច​ផែនការ​នោះ​បាន ពួក​ភេរវជន​ក៏​បាន​បែរ​ទៅ​បាញ់​ប្រហារ​លើ​រថយន្ត​ក្រុង​មួយ​ដែល​កំពុង​ដាក់​អ្នកទេសចរណ៍បរទេស​ឲ្យ​ចូល​ទៅ​ទស្សនា​សារមន្ទីរជាតិ Bardo ដែល​ស្ថិត​ក្បែរ​មន្ទីរ​រដ្ឋសភាជាតិ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នៅ​ក្នុង​ចំណោម​អ្នកទេសចរណ៍​បរទេស​ស្លាប់​ទំាង ១៧នាក់​នោះ​មាន​ជនជាតិ​អ្វី​ខ្លះ​ទេ អ្វី​ដែល​គេ​ដឹង មាន​វត្តមាន​ជនជាតិ​អ៊ីតាលី​ប្រមាណ​ជា ១០០នាក់​នៅ​ពេល​ផ្ទុះ​ព្រឹត្តិការណ៍​បាញ់​ប្រហារ​នោះ។ តែ​មន្រ្តីទូត​ម្នាក់​នៅ​អ៊ីតាលី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​របួស​ជនជាតិ​អ៊ីតាលី​ពីរ​នាក់​នៅ​ក្នុង​ការ​បាញ់ប្រហារ​នោះ។ នេះ​ជា​ភេរវកម្ម​សម្លាប់​អ្នកទេសចរណ៍​បរទេស​ច្រើន​លើក​ទី២ នៅ​ទុយនីស៊ី បន្ទាប់​ពី​ភេរវកម្ម​អត្តឃាត​ប្រឆំាង​នឹង​វិហារ​ជនជាតិ​ជ្វីហ្វ​នៅ​ទីប្រជុំកោះ Djerba ក្នុង​ខែ​មេសា ឆ្នំា ២០០២ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២១នាក់ ភាគច្រើន​ជា​ជនជាតិ​អាល្លឺម៉ង់ ឬ​បារំាង។

សូម​ជម្រាប​ជូន​ថា តំាង​ពី​ក្រោយ​បដិវត្ត​ផ្កាម្លិះ​រំលំ​របប​លោក​បិនអាលី​ក្នុង​ឆ្នំា ២០១១ មក មាន​ចលនាជ្រុលនិយម​ជា​ច្រើន​បាន​លេច​រូបរាង​ឡើង​នៅ​ទុយនីស៊ី ដូច​យ៉ាង Ansar al Charia ដែល​អាមេរិក​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម។ មួយ​វិញ​ទៀត រដ្ឋអំណាច​ទុយនីស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​យុវជន​ទុយនីស៊ី​ប្រមាណ​ជា ៣ ០០០នាក់​បាន​ទៅ​ចូលរួម​ជាមួយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​មាន​អ្នក​ខ្លះ​ក៏​បាន​វិល​ចូល​ស្រុក​វិញ។ គឺ​ពួក​វិល​ចូលស្រុក​វិញ​នេះ​ឯង​ដែល​រដ្ឋអំណាច​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ ព្រោះ​គឺ​ជា​ដង្កូវ​ចេញ​ពី​សាច់​ឯង។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​វាយប្រហារ​លើ​សារមន្ទីរ Bardo ពេល​នេះ។ លោក​ប្រធានាធិបតី​ទុយនីស៊ី​បាន​ប្រកាស​ថា ទុយនីស៊ី​នឹង​ធ្វើអ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​ថ្មីៗ​ទៀត​នៅ​ពេល​ខាង​មុខ។

ប្រតិកម្ម​ពី​បរទេស លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ថ្កោលទោស​លើ​ការ​បាញ់​ប្រហារ​នោះ និង​ចូលរួម​សម្តែង​សាមគ្គីភាព​ជាមួយ​ប្រទេស​ទុយនីស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ