អានតួអត្ថបទ
ទុយនីស៊ី

ទុយនីស៊ី៖មនុស្ស​រាប់ម៉ឺននាក់​បាន​ដើរ​ដង្ហែក្បួន​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម

នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី២៩ មីនា មាន​មនុស្ស​រាប់សិប​ម៉ឺន​នាក់​បាន​នំា​គ្នា​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ទុយនីស ប្រទេស​ទុយនីស៊ី​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម។ ក្បួន​ដង្ហែ​ពេល​នេះ​បាន​រៀបចំ​ឡើង ជាង ១០ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ​លើ​សារៈមន្ទីរ​បារដូ​កាល​ពី​ថ្ងៃទី១៨ មីនា​កន្លង​ទៅ។ ការ​បាញ់​ប្រហារ​កាលណោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២០នាក់ ភាគ​ច្រើន​ជា​អ្នក​ទេសចរណ៍​បរទេស។ ក្រៅ​ពី​វត្តមាន​ប្រជាជន​ទុយនីស៊ី ក៏​មាន​វត្តមាន​ថ្នាក់ដឹកនំា​ជាន់​ខ្ពស់​បរទេស​ជា​ច្រើន​រូប ដូច​ជា​វត្តមាន​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់។

ទុយនីស៊ី៖មនុស្ស​រាប់ម៉ឺននាក់​បាន​ដើរ​ដង្ហែក្បួន​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម
ទុយនីស៊ី៖មនុស្ស​រាប់ម៉ឺននាក់​បាន​ដើរ​ដង្ហែក្បួន​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ក្បួន​ដង្ហែ​ដើម្បី​សន្តិភាព និង​ប្រឆំាង​នឹង​ភេរវនិយម​ដែល​មាន​មនុស្ស​ចូលរួម​ជា​ច្រើន​ម៉ឺននាក់។ វត្តមាន​អ្នក​ចូលរួម​មាន​តំាង​ពី​ក្មេង ចាស់ និង​គ្រប់​ស្រទាប់​វណ្ណៈ​ទំាង​អស់ តំាង​ពី​ប្រជាជន​សាមញ្ញ​រហូត​ដល់​ថ្នាក់ដឹកនំា​នយោបាយ​គ្រប់​និន្នាការ ព្រម​ទំាង​អង្គការ​សហជីព​នានា។ នៅ​ក្នុង​ហ្វូង​មនុស្ស គេ​សង្កេត​ឃើញ​មាន​ការ​ស្រែក​ប្រឆំាង​នឹង​ភេរវនិយម ព្រម​ទំាង​លើក​បដា​យ៉ាង​ព្រោងព្រាត​ដោយ​សរសេរ​ថា យើង​ជា​បារដូ យើង​មិន​ត្រូវ​ការ​ភេរវនិយម​ទេ និង​យើង​មិន​ចុះ​ញ៉ម​ជា​ដាច់​ខាត។ ជាមួយ​គ្នា​នេះ ប្រជាជន​ទុយនីស៊ី​ក៏​បាន​ឆ្លៀត​ស្រែក​ផ្ញើ​សារ​ទៅ​កាន់​បរទេស​ដោយ​អំពាវនាវ​ជនបរទេស​កុំ​ឲ្យ​បារម្ភ​ភ័យ​ខ្លាច​មក​ដើរកំសាន្ត​ក្នុង​ប្រទេស​ទុយនីស៊ី។ សារ​របៀប​នេះ គឺ​ជា​ការ​ធានា​ចំពោះ​ជនបរទេស បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លើ​សារៈមន្ទីរ​បារដូ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២០នាក់ ភាគ​ច្រើន​ជា​អ្នក​ទេសចរណ៍​បរទេស​កាល​ពី​ថ្ងៃទី១៨ មីនា​កន្លង​ទៅ។

នា​ឱកាស​ក្បួន​ដង្ហែ​ដើម្បី​ប្រឆំាង​នឹង​ភេរវនិយម​នេះ គេ​សង្កេត​ឃើញ​មាន​វិធានការ​​សន្តិសុខ​យ៉ាង​ម៉ឹងម៉ាត់ តំាង​ពី​កងកម្លំាង​ប៉ូលិស និង​កងឧទ្ធម្ភាគចក្រ។ នេះ​ក៏​ដោយសារ​ថា ក្រៅ​ពី​វត្តមាន​ប្រជាជន​ទុយនីស៊ី​គ្រប់​ជាន់ថ្នាក់ ក៏​គេ​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​បរទេស​ជា​ច្រើន​រូប​ដែរ ក្នុង​នោះ​មាន​ប្រធានាធិបតី​បារំាង ប៉ូឡូញ និង​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន ព្រម​ទំាង​នាយករដ្ឋមន្រ្តី​អ៊ីតាលី និង​ប្រមុខ​ការទូត​អឺរ៉ុប​ជា​ច្រើន​រូប​ទៀត។ តែ​វត្តមាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លំាង​នោះ គឺ​ប្រមុខ​រដ្ឋាភិបាល​អាល់ហ្សេរី ព្រោះ​អាល់ហ្សេរី​ក៏​បាន​រួម​ប្រយុទ្ធ​ទល់​នឹង​ភេរវនិយម​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ទុយនីស៊ី​ដែរ។

ក្បួន​ដង្ហែ​ដើម្បី​សន្តិភាព និង​ប្រឆំាង​ភេរវនិយម​ក្នុង​ប្រទេស​ទុយនីស៊ី​ពេល​នេះ​នំា​ឲ្យ​គេ​នឹក​ឃើញ​ដល់​មហាក្បួនដង្ហែ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​កាល​ពី​ថ្ងៃទី១១ មករា បន្ទាប់​ពី​អំពើ​ភេរវកម្ម​វាយប្រហារ​លើ​ទស្សនាវដ្តី Charlie Hebdo និង​ហាង​លក់​ទំនិញ Hyper Cacher របស់​ជនជាតិ​ជ្វីហ្វ​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​សរុប ១៧នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ