អានតួអត្ថបទ
អាមេរិក-ចិន

ពលរដ្ឋចិន​ម្នាក់​បាន​សារភាព​ជា​ចោរ​លួច​បច្ចេកវិទ្យា​ផលិត​យន្តហោះចម្បាំង​អាមេរិក

នៅ​សហរដ្ឋអាមេរិក ក្រសួង​យុត្តិធម៌​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ មីនា​នេះ​ថា ពលរដ្ឋ​ចិន​ម្នាក់​ឈ្មោះ​ស៊ូ ប៊ីន​បាន​ប្រកាស​សារភាព​នា​ថ្ងៃ​ពុធ ទី២៣ មីនា​ពី​បទ​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​មួយ​ដែល​ទទួល​បន្ទុក​ផលិត​គ្រឿងសព្វាវុធ​ឲ្យ​កងទ័ព​អាមេរិក។ គោលដៅ​ត្រូវ​បាន​លោក​ស៊ូ ប៊ីន​អះអាង​ថា គឺ​ដើម្បី​លួច​ទិន្នន័យ​បច្ចេកវិទ្យា​ស្តីពី​យន្តហោះ​ចម្បាំង និង​យន្តហោះ​ដឹកជញ្ជូន​ទ័ពអាមេរិកាំង។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បារាំងលោកស្រី Loretta Lynch
រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​បារាំងលោកស្រី Loretta Lynch REUTERS/Mike Theiler/Files
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៥០ឆ្នាំ លោក​ស៊ូ ប៊ីន​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៤ នៅ​ក្នុង​ប្រទេស​កាណាដា តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​អាមេរិកាំង។ កាល​ណោះ តុលាការ​អាមេរិក​បាន​ចោទ​លោក​ស៊ូ ប៊ីន​ពី​បទ​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ប៊ូអ៊ីង (Boeing) និង​ក្រុមហ៊ុន​តូចតាច​ផ្សេង​ទៀត​ក្នុង​គោលដៅ​លួច​ទិន្នន័យ​បច្ចេកវិទ្យា​យន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទ F-២២ និង F-៣៥ ព្រម​ទាំង​យន្តហោះ​ដឹកជញ្ជូន​ប្រភេទ C-១៧ ផង​ដែរ។

គឺ​ទើប​តែ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦ នេះ​ទេ​ដែល​លោក​ស៊ូ ប៊ីន​បាន​យល់​ព្រម​ឲ្យ​រដ្ឋអំណាច​កាណាដា​បញ្ជូន​រូប​លោក​ទៅ​ឲ្យ​រដ្ឋណាច​អាមេរិក។ នៅ​ចំពោះ​មុខ​តុលាការ​អាមេរិក លោក​ស៊ូ ប៊ីន​បាន​សារភាព​ត្រង់ៗ​ពី​តួនាទី​ឃុបឃិត​របស់​លោក​ជាមួយ​នឹង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។ លោក​ស៊ូ ប៊ីន​បាន​អះអាង​ថា នៅ​ចន្លោះ​ខែ​តុលា ឆ្នាំ ២០០៨ និង​ខែ​មីនា ឆ្នាំ ២០១៤ លោក​បាន​រួម​សហការណ៍​ជាមួយ​មនុស្ស​ពីរ​នាក់​នៅ​ចិន​ដើម្បី​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ឲ្យ​កងទ័ព​អាមេរិក។ កម្មវត្ថុ គឺ​លួច​យក​ព័ត៌មាន​សំខាន់ៗ​ស្តីពី​បច្ចេកវិទ្យា​យន្តហោះ​ចម្បាំងអាមេរិក រួច​បញ្ចូន​ទៅ​ស្រុក​ចិន។

លោក​ស៊ូ ប៊ីន​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​មនុស្ស​ពីរ​នាក់​នៅ​ចិន​ដែល​លោក​បាន​ធ្វើ​ការ​ជាមួយ​ទេ តែ​បើ​យោង​តាម​កាសែត​កាណាដា​មួយ​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​ពីរ​នាក់​នោះ​ជា​មន្រ្តី​យោធា​ចិន។ នៅ​ពេល​ដែល​លួច​យក​បាន​ទិន្នន័យ​ហើយ លោក​ស៊ូ ប៊ីន​នឹង​ធ្វើ​ការ​បកប្រែ​ពី​ភាសា​អង់គ្លេស​ទៅ​ចិន មុន​នឹង​បញ្ជូន​ទៅ​ស្រុក​ចិន។ តែ​ក្រសួង​យុត្តិធម៌​អាមេរិក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ​ថា តើ​បុគ្គល ឬ​ក្រសួង​ណា​មួយ​ជា​អ្នក​ទទួល​ទិន្នន័យ​ទាំង​អស់​នោះ។ យ៉ាង​ណា​ក៏​ដោយ លោក​ស៊ូ ប៊ីន​នឹង​អាច​ទទួល​ទោស​ជាប់​ពន្ធនាគារ​ច្រើន​បំផុត ៥ឆ្នាំ និង​ផាកពិន័យ​ជា​ប្រាក់​ចំនួន ២៥ម៉ឺនដុល្លារ។

គួរ​ជម្រាប​ជូន​ថា រឿងរ៉ាវ​មួយ​នេះ​បាន​ធ្លាក់​មក ចំ​ពេល​ដែល​ចិន និង​អាមេរិក​កំពុង​បន្ត​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ក្នុង​សំណុំរឿង​ចោរអ៊ីនធ័រនែត។ នា​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​អាមេរិក​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៥ លោក​ស៊ី ជីនពីង និង​សមភាគី​អាមេរិក​លោក​អូបាម៉ា​បាន​ឯកភាព​គ្នា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ចោរអ៊ីនធ័រនែត។ តែ​អាមេរិក​ក៏​ធ្លាប់​បាន​បញ្ជាក់​ថា អាមេរិក​ត្រូវ​រងចាំ​មើល​ការ​អនុវត្តន៍​ជាក់ស្តែង​របស់​ចិន គឺ​មិនមែន​លើ​តែ​ទ្រឹស្តី​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ