អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផែនការ​ធ្វើ​ភេរវកម្ម​របស់​មេដឹកនាំ​អាល់កៃដា​ធ្វើ​ឲ្យ​អាមេរិក​បន្ត​បិទ​ទ្វារ​ស្ថានទូត នៅ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពី​ចុង​សប្តាហ៍មុន អាមេរិក​ចាប់​បាន​សំឡេង​សន្ទនា​របស់​មេដឹកនាំ​អាល់កៃដា ដែល​បាន​និយាយ​ពី​គម្រោង​ធ្វើ​ភេរវកម្ម នៅ​ក្នុង​ប្រទេស​យេម៉ែន។ ក្រសួង​ការបរទេស​អាមេរិក​បាន​សម្រេច​ពន្យារ​រយៈពេល​បិទ​ស្ថានទូត​អាមេរិក នៅ​ដើមបូព៌ា និង​នៅ​អាហ្រ្វិក រហូត​ដល់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។ ជាមួយ​គ្នានេះ នៅ​យេម៉ែន ជាទី​ដែល​ការគំរាមកំហែង​ធ្វើ​ភេរវកម្ម​មាន​កម្រិតខ្ពស់ សហរដ្ឋ​អាមេរិក និង​អឺរ៉ុប បាន​សម្រេចបន្ត​​បិទ​ទ្វារ​ស្ថានទូត​របស់ខ្លួន​មួយរយៈ។

អាមេរិក​លួចស្តាប់​ដឹងថា មេដឹកនាំ​បណ្តាល​ភេរវកម្ម​អាល់កៃដាបញ្ជា​ឲ្យ​ក្រុមអាល់កៃដា នៅ​យេម៉ែន​ធ្វើ​សកម្មភាព
អាមេរិក​លួចស្តាប់​ដឹងថា មេដឹកនាំ​បណ្តាល​ភេរវកម្ម​អាល់កៃដាបញ្ជា​ឲ្យ​ក្រុមអាល់កៃដា នៅ​យេម៉ែន​ធ្វើ​សកម្មភាព ©
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​អាល់កៃដា ដែល​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ចាប់​សំឡេង នោះ គឺ​ លោក​អៃម៉ាន់ អាល់ ហ្សាវ៉ារី ដឹកនាំ​កំពូល​ របស់​អាល់កៃដា​បច្ចុប្បន្ន  ដែល​គ្រប់គ្រង​បណ្តាញ​អាល់កៃដា បន្ត​ពី អូសាម៉ា បិនឡាដិន ដែល​ត្រូវ​កងកុម្ម៉ង់ដូរ​អាមេរិក​បាញ់​សម្លាប់ កាល​ពី​ឆ្នាំ ២០១១​កន្លងទៅ។ នៅក្នុង​សន្ទនា​ដែល​ភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក​ចាប់បាន មេដឹកនាំ​កំពូល អៃម៉ាន់ អាល់ ហ្សាវ៉ារី​បាន​ចេញបញ្ជា​ទៅ​ណាសែ អាល់ វុហៃស៊ី ដែល​ជា មេដឹកនាំ​ក្រុមអាកាប់  (AQAP) បណ្តាញ​អាល់កៃដា នៅ​យេម៉ែន ឲ្យ​ធ្វើ​សកម្មភាព​អ្វី​មួយ ជាពិសេស នៅថ្ងៃ​អាទិត្យ​ទី ៤​សីហា។ ​ដោយសារ​ព័ត៌មាន​នេះ មេរិក​បាន​ប្រកាស​បិទ​ជាបន្ទាន់ បិទ​ទ្វារ​ស្ថានទូត​របស់ខ្លួន នៅ​តំបន់ដើម​បូព៌ា និង​នៅ​អាហ្រ្វិកខាងជើង សម្រាប់ថ្ងៃ​អាទិត្យ និង​ពន្យារ​ដល់​ថ្ងៃ​សៅរ៍ ទី ១០ សីហា។

 
រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ចាត់ទុក​ក្រុមអាល់កៃដា នៅ ឧបទ្វីប​អារ៉ាប់ ឬអាកាប់ ថា ជា​ក្រុម​គំរាមកំហែង​សន្តិសុខ​ដ៏​មាន​សក្តានុពល របស់​ក្រុម​អាល់កៃដា នាពេល​បច្ចុប្បន្ននេះ គឺ​បន្ទាប់ពី​បណ្តាញ​អាល់កៃដា នៅ​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថានត្រូវ​ យន្តហោះ​គ្មានមនុស្ស​បើក​Drones របស់​អាមេរិក វាយ​ប្រហារ​ខ្ចាត់ខ្ចាយ។ ក្រុមអាកាប់ ឬ​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ ​មាន​សកម្មភាព​រស់រវើក និង​មាន​សមត្ថភាព​ជាងគេ។ ក្រុមនេះ មាន​សមាជិកមួយ​ចំនួន មកពី​អារ៉ាប៊ី សាអ៊ូឌីត ដែល​ពូកែ​មាន​ស្នាដៃ ច្នៃប្រឌិត​បង្កើត​គ្រាប់បែក ដែល​មាន​កម្លាំង​ផ្ទុះខ្លាំង។

គឺ​ក្រុមអាកាប់​ដែល ធ្លាប់​បាន​ច្នៃគ្រាប់បែក ដើម្បី​ធ្វើ​ភេរវកម្ម​អត្តឃាត ​ដូចជា​ច្នៃ​គ្រាប់បែក ដាក់​ក្នុង​ខោខ្លី របស់​សមាជិក​ខ្លួនម្នាក់ ដែល​គេចាប់បាន​នៅក្នុង​យន្តហោះ ដែល​ហោះសំដៅ​ទីក្រុង​Detroit របស់​អាមេរិក កាលពី​រដូវ​បុណ្យ​ណូអែល ឆ្នាំ ២០០៩។ អាកាប់​ក៏​ជាម្ចាស់​លាក់​គ្រឿង​ផ្ទុះ​ នៅក្នុង​ម៉ាស៊ីន​បោះពុម្ព ដែល​ត្រូវ​ផ្ញើ​ទៅ​អាមេរិក ហើយ​ដែល​គេ​រកឃើញ​​ទាន់​ពេល។ បើតាម​មន្រ្តី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញឈ្មោះ នៅក្នុង​សំឡេង​សន្ទនា​ដែល​គេ​ចាប់បាន រវាង​មេដឹកនាំ​ក្រុមអាល់កៃដា គេ​បាន​ដឹងថា ក្រុមអាល់កៃដា មាន​គម្រោង​ធ្វើ​ភេរវកម្ម​អត្តឃាត ដោយ​លើក​នេះ គេ​អាច​លាក់គ្រឿងផ្ទុះ នៅក្នុង​ខ្លួន​ភេរវករ ដើម្បី​ជៀសផុត ពីការត្រួតពិនិត្យ​ចាប់បាន របស់​ក្រុមប្រឆាំង​ភេរវកម្ម។

យុទ្ធសាស្រ្ត​ប្រឆាំង​ក្រុមអាល់កៃដា របស់​អាមេរិក នៅ​យេម៉ែន គឺ​ការប្រើយន្តហោះ​Drones គ្មាន​មនុស្ស​បើក​ដើម្បី​វាយប្រហារ​ទៅលើ​សម្បុក​របស់​ក្រុម​អាល់កៃដា។ នៅថ្ងៃ​ចន្ទ​ ទី ៥​ សីហា យន្តហោះ​Drones អាមេរិក​បាន​បាញ់​​សម្លាប់​បុរស​ជាតិ​យេម៉ែន​៤​នាក់ ដែល​អាមេរិក​បញ្ជាក់ថា គឺ​ជាក្រុម​របស់​អាល់កៃដា នៅ​យេម៉ែន។ ប៉ុន្តែ យ៉ាងណាក៏​ដោយ​អាមេរិក​នៅតែ​មិនអាច​បំបែកសំបុក​របស់​ក្រុម​អាល់កៃដា នៅ​យេម៉ែន​​បានទេ។ ទីមួយ​គឺ​ដោយសារ​ហេតុផល​ទីតាំង​ភូមិសាស្រ្ត។ មេដឹកនាំ​របស់​អាល់កៃដា នៅអារ៉ាប់ ឬ​ក្រុមអាកាប់ បាន​រួចខ្លួន​ពី​ការវាយ​ប្រហារ​របស់​យន្តហោះ​អាមេរិក ដោយសារ​គេ​លាក់ខ្លួន នៅក្នុង​តំបន់​ភ្នំ និង​ការពារ​ដោយ​ក្រុម​កុល​សម្ព័ន្ធភ្នំ។ ទីពីរ ក្រុម​អាកាប់ បាន​ឆ្លៀត​យកប្រយោជន៍​ពី​វិបត្តិ​ និងអស្ថិរភាព នយោបាយ នៅ​យេម៉ែន និង​នៅ​ប្រទេស​មួយ​ចំនួន ដែល​ជួប​បដិវត្តន៍​អារ៉ាប់ ដើម្បី​ពង្រឹង​វត្តមាន និង​កម្លាំង​របស់ខ្លួន នៅភាគខាងត្បូង​ប្រទេស​យេម៉ែន។ ក្រុមអាកាប់​ កំពុង​​ទាក់ទាញ​ក្រុមជីហាត ឬ​ពួកអ៊ីស្លាម​ជ្រុលនិយម កាន់តែច្រើន បន្ទាប់ពី​ក្រុម​អ៊ីស្លាម ដូចជា នៅ​អេហ្ស៊ីប ជាដើម ត្រូវ​ទទួលរង​ការគាបសង្កត់​ពី​រដ្ឋាភិបាល។

គេជឿថា ក្រុមអាកាប់ ឬ​អាល់កៃដា នៅ​ឧបទ្វីប​អារ៉ាប់ មាន​សមាជិក​ប្រមាណ​ពី​៤០០​ទៅ ៦០០​នាក់ ដែល​ពួកគេ​ទាំងនោះ​ភាគច្រើន ជា​ពួកជីហាត មក​ពី​ប៉ាគីស្ថាន។ ក្រុម​អាកាប់ រឹតតែ​រឹងមាំ ដោយសារ​មានការចូលរួម​ប្រមូល​ផ្តុំ​ពី​ក្រុមភេរវករ​ត្រូវ​អាជ្ញាធរ​អារ៉ាប៊ី សាអ៊ូឌីត ប្រមាញ់ ដេញ​ចេញ​ពី​ប្រទេស ក្រុមភេរវករ និង​ដែល​ត្រូវ​អាមេរិក​ដោះលែង​ចេញពី​គុក Guatamamo។

ក្រុមអាកាប់​នេះ ត្រូវ​ដឹកនាំ​ដោយ​ ណាសែ អាល់ វុហៃស៊ី ដែល​ធ្លាប់​ធ្វើជា​លេខា​ផ្ទាល់​ខ្លួន​ពិសេស​របស់​អូសាម៉ា បិនឡាដិន។ វុហៃស៊ី ធ្លាប់​រត់គេច​ចេញ​ពី អាហ្វហ្កានីស្ថាន ទៅ​អ៊ីរ៉ង់ មុន​ពេល​​ត្រូវ​រដ្ឋាភិបាល​អ៊ីរ៉ង់​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​យេម៉ែនវិញ នៅឆ្នាំ ២០០៣។ នៅឆ្នាំ ២០០៦ វុហៃស៊ី បាន​លួចរត់ចេញ​ពីគុក ក្នុង​អំឡុង​ព្រឹត្តិការណ៍​ហែកគុក​របស់​អ្នកទោស​រាប់រយ​នាក់ ក្នុង​ទីក្រុង​សាណា ប្រទេស​យេម៉ែន។ បន្ទាប់មក វុហៃស៊ី​នេះ​បាន​ប្រើ​កេរ្តិ៍​ឈ្មោះ អាល់កៃដា ដើម្បី​បង្កើត​ក្រុមឧទ្ទាម នៅ​ភាគខាងត្បូង​ប្រទេស​យេម៉ែន ដែល​មាន​ឈ្មោះថា អាកាប់នេះ គឺ​ក្រុម​អាល់កៃដា​នៅឧបទ្វីប​អារ៉ាប់។

ដោយសារ​តែ​បទពិសោធន៍​ហែកគុក​របស់​មេដឹកនាំ​អាល់កៃដា    កាលពី​​ថ្ងៃ​អាទិត្យ​ទី ៤​សីហា ប៉ូលិស​Interpol ​ទាញ​សញ្ញាប្រកាស​អាសន្ន បន្ទាប់ពី​​មាន​ការលួចរត់គេច​ពី​គុក​របស់​អ្នកទោស​រាប់រយនាក់​នៅក្នុង​ប្រទេស​ចំនួន ៩។ ប៉ូលិស​Interpol សង្ស័យថា អាច​ពួកអាល់កៃដា ជា​អ្នក​ចូលរួម​ជួយ​រំដោះ​អ្នកទោស រាប់រយ​នាក់ ដែល​ជា ឧក្រិដ្ឋជន និង​ភេរវករ ដែលគេ​ចាប់បាន ដូចជា​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន។ ហើយ​គេ​កំពុងតាមដាន​មើលថា តើ​ការជួយ​រំដោះអ្នកទោស លើកនេះ មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​ភេរវកម្ម ដែល​មេដឹកនាំ​អាល់កៃដា បាន​លើកឡើង នៅក្នុង​សន្ទនា ដែល​អាមេរិក​ចាប់សំឡេង​បាន​ទាំងនោះ​ដែរឬទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ