អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រុស្ស៊ី-អាមេរិក ទម្លាក់ទំនួល​ខុស​ត្រូវ​​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រឿងបទ​ឈប់​បាញ់​នៅ​​​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ការ​ផ្ទុះ​អាវុធ ទម្លាក់​គ្រាប់​បែក និង​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ នៅ​ថ្ងៃសុក្រ​ទី ១៦​កញ្ញ បណ្តាល​ឱ្យ​​ជនស៊ីវិល​បី​នាក់​រង​របួស ក្នុង​នោះ​ពីរ​នាក់​ជា​កុមារ។ នេះ​គឺ​ជា​ជន​គ្រោះ និង​ការ​រំលោភ​បទ​ឈប់​បាញ់​ដ៏​ធ្ងន់ធ្ងរ​ដំបូង​គេ គិត​ចាប់​តាំង​ពី​​បទ​ឈប់​បាញ់​នៅ​ស៊ីរី បាន​ចូល​ជា​ធរមាន តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មក។ រុស្ស៊ី និង​អាមេរិក បាន​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​ទី​បំផុត​ជំនួប​ប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ត្រូវ​លុប​ចោល​។

ពលរដ្ឋ​ស៊ីរី​រត់ភៀស​ខ្លួន​នៅ​ជិត​ព្រំដែន​តួកគី
ពលរដ្ឋ​ស៊ីរី​រត់ភៀស​ខ្លួន​នៅ​ជិត​ព្រំដែន​តួកគី BULENT KILIC / AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ស្គាល់​ភាព​ស្ងប់​ស្ងាត់​បី​ថ្ងៃ ក្មេង​អាច​រត់​លេង​ដោយ​​គ្មាន​​សំឡេង​គ្រាប់​កំដរ ​ការ​ទម្លាក់​គ្រាប់​បែក ពី​លើ​អាកាស និង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ ដោយ​បាញ់​រ៉ុកកែតផង បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃសុក្រ​ និង​​បន្ត​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​ដាម៉ា ជាមួយ​ពួក​ឧទ្ទាម​រហូត​ដល់​យប់​ជ្រៅ។

ជា​លទ្ធផល​មានផល​ប៉ះពាល​ខ្លាំង​ដល់​​ផ្នែក​ការទូត​ ​! ជំនួប​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ ដែល​មាន​សមាជិក​អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍​ទាំង​១៥ ចូល​រួម​ប្រជុំ​ដោយ​បិទ​ទ្វារ ស្រាប់​តែ​ត្រូវ​បាន​ប្រកាស​លុប​ចោល​ទៅ​វិញ​ នៅ​នាទី​ចុងក្រោយ​តែ​ម្តង តាម​សំណើ​របស់​រុស្ស៊ី​និង​អាមេរិក។ ​

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​ល្ងាច​ថ្ងៃសុក្រ​ម្សិលមិញ ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​​បទ​ឈប់​បាញ់​នៅ​ស៊ីរី ដែលជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​អាមេរិក​និង​រុស្ស៊ី និង​ដែល​បាន​ចូល​ជា​ធរមាន តាំ​ងពី​ថ្ងៃ​ចន្ទ​មក។ គ្រប់​គ្នា​សង្ឃឹម​ថា​នឹង​មាន​ការ​ពន្យារ​ពេល​បទ​ឈប់​បាញ់​ជា​បន្ត​ទៀត នា​ឱកាស​ជំនួប​ប្រជុំ​យប់​មិញ​នេះ។

រុស្ស៊ី​ចោទ​អាមេរិក​គ្មាន​តម្លាភាព

បើ​គ្មាន​ជំនួប​ប្រជុំ ​សេចក្តី​សម្រេចចិត្ត​របស់​សហប្រជាជាតិក៏​ ទំនង​ជា​គ្មានដែរ ! ព្រោះ​​សហរដ្ឋ​អាមេរិក​ថា​​មិន​ព្រម​ចែក​រំលែក​ព័ត៌មានជុំវិញ ខ្លឹម​សារ​លម្អិត​នៃ​កិច្ចព្រមព្រៀង​​អាមេរិក​​រុស្ស៊ី​លើ​វិបត្តិស៊ីរី ​​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​។

សម្រាប់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​​ប្រចាំ​អង្គការ​សហប្រជាជាតិ តើ​ក្រុមប្រឹក្សា​​អាច​ផ្តល់​ការ​គាំទ្រ​យ៉ាង​ដូចម្តេច​ទៅ​កើត បើ​អង្គការ​មិន​បាន​ទាំង​អាន​​​ព័ត៌មាន​សំខាន់ៗ​ សរសេរ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ផង។ កិច្ចព្រមព្រៀង​អាមេរិក-រុស្ស៊ី ដែល​ជា​ចំណែក​មួយ​នៃ​បទ​ឈប់​បាញ់​​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បើក​ផ្លូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ថ្នាំពេទ្យ​និង​ស្បៀង​អាហារ​ដល់​ជនស៊ីវិល។ ហើយ​បន្ទាប់​មក​បើ​បទ​ឈប់​បាញ់​ត្រូវ​បាន​ប្រកាន់​ខ្ជាប់​យូរ នោះ​ម៉ូស្គូ​និង​វ៉ាស៊ីនតោន​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​យោធារួម​គ្នា សហការ​​កម្ចាត់​ពួក​ជី​ហាត។ មិន​តែ​ប៉ុណ្ណោះ ភាគី​អាមេរិក​ថែម​ទាំង​ចង់​បញ្ចេញ​បញ្ចូល​ កែប្រែ​​កិច្ចព្រម​ព្រៀង​ ដោយ​សាកល្បង ​បក​ស្រាយ​ ​និង​ព្រលាត់​ចុះ​ព្រលាត់​ឡើង​កិច្ចព្រមព្រៀង។ នេះ​បើ​ពាក្យ​ចោទ​ប្រកាន់​របស់​ប្រមុខ​ការទូត​រុស្ស៊ី។

ប្រធានាធិបតី​រុស្ស៊ី លោកពូទីន បាន​ទាមទារ​ឱ្យ​អាមេរិក​បង្កើន​តម្លាភាព។ ជា​ដំបូង​ឡើយ រុស្ស៊ី​​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​​មិន​បាន​​​បញ្ចេញ​សកម្មភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ពួក​ឧទ្ទាម​ប្រឆាំង ឱ្យ​ដក​ខ្លួន​ចេញ​ពី​ពួក​រណសិរ្ស​ជីហាត ហ្វាតេះ​ អែលឆាម។

ជំនួយ​មនុស្សធម៌​យឺតយ៉ាវជ្រុល

សហរដ្ឋ​អាមេរិក មិន​បាន​នៅ​ស្ងៀម​ទេ និង​បាន​ទន្ទេញ​ពាក្យ​ដដែល​ ជា​ថ្មី​ទៀត កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋ​អាមេរិក​​មិន​អាច​ធ្វើ​សហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី​ នៅ​ស៊ីរី បានឡើយ ល្គិក​ណា​របប​លោក​បាស្ហារ អាល់អាសាដ មិន​បើក​ផ្លូវ​ ឬ​ដក​ថយ​ចេញ​ពី​តំបន់​​ឡោមព័ទ្ធ​។ បើ​តាម​ក្រសួងការបរទេស​អាមេរិក ​ភាគី​ម្ខាង​ទៀត គោរពមិន​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ នោះ​គឺ “ភាព​យឺតយាវ​ម្តង​ហើយ​ម្តង​ទៀត នៃ​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌​ ទៅ​ឱ្យ​ប្រជាជន​ស៊ីវិល”។

អ្នក​នាំ​ពាក្យ​សេតវិមាន​ បាន​រៀប​រាប់​ស្ថានការណ៍​ថា នៅ​ពេល​ម៉ោង​​និយាយ​គ្នា​នេះ កាមីញ៉ុង​ដែល​មាន​ផ្ទុក​ជំនួយ​ស្បៀង​អាហារ​ និង​ថ្នាំ​សង្កូវ​ចាំបាច់​សម្រាប់​ជីវិត កំពុង​ជាប់​កុន​នៅ​តំបន់​ទ្រនាប់​ ជាប់​ព្រំដែន​​រវាង​តួកគី​និង​ស៊ីរី។ ការ​ជាប់​គាំង​នេះ គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្រុង​ដាម៉ាស ដែល​ពុំ​ព្រម​ដក​ខ្លួន​ចេញ​ពី​ការ​ឡោមព័ទ្ធ។ ហេតុដូច្នេះហើយ​បាន​ជា​សម្រាប់​ភ្នែក​អាមេរិក គឺ​គ្មាន​ការធានាសន្តិសុខ​និង​សុវត្ថិភាព​ដល់​​ក្រុម​ដឹកជំនួយ​មនុស្សធម៌។

ភ្នាក់​ងារ​សារព័ត៌មាន​បារាំង​បាន​អះអាងថា​​ គ្មាន​ឃើញ​ចលនា​ដឹកជញ្ជូន​​តាម​ផ្លូវ​ទេ នៅ​ថ្ងៃសុក្រ​ម្សិលមិញ។ ហើយ​បើ​តាម​អង្គការ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្សស៊ីរី ថ្វីបើ​កងទ័ព​រុស្ស៊ី​បាន​ដក​ចេញ​ពី​​មែន តែ​កងទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស នៅ​តែ​ដាក់​ពង្រាយ​ពេញ។

ពេល​នេះ​ស្ថានភាពស៊ីរី​​កាន់​តែ​ដុនដាប និង​ស្មុគស្មាញ​​មួយ​ជាន់​ទៀត បន្ទាប់​ពី​ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថា​បាន​ពង្រាយ​ទ័ព​ពិសេស​​ ជា​ជំនួយ​កងទ័ព​តួកគី​ និង​កង​យុទ្ធជន​ឧទ្ទាម​អ៊ីស្លាម​មិន​តឹង​ ដើម្បី​សម្រុក​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅភាគ​ខាង​ជើងប្រទេស​ស៊ីរី។ ជន​ម្នាក់​ដែល​មាន​ថានៈ​ស្មើ​នឹង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ស្លាប់​ ក្នុង​ប្រតិបត្តិការ​ផ្លូវ​អាកាស​របស់​សម្ព័ន្ធមិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ