អានតួអត្ថបទ
អ.ស.ប.-អាមេរិក

ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់​ដើម្បី​ផ្តល់​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃ​សុក្រ ទី១៦ កញ្ញា​ដើម្បី​សិក្សា​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​សមាជិក​ចំពោះ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដែល​អនុម័ត​រួម​គ្នា​ដោយ​អាមេរិក និង​រុស្ស៊ី។ តាម​ការ​សង្កេត​ជា​រួម បទ​ឈប់​បាញ់​ត្រូវ​បាន​​ភាគី​ពាកព័ន្ធ​គោរព​តិច ឬ​ច្រើន។ តែ​ក្តីបារម្ភ​របស់​សហគមន៍​អន្តរជាតិ​នៅ​ពេល​នេះ គឺ​ការ​រារាំង​របស់​រដ្ឋាភិបាល​ស៊ីរី​ក្នុង​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ទីក្រុង​អាឡិប។

ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់ដើម្បីផ្តល់ការគាំទ្រលើកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី
ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់ដើម្បីផ្តល់ការគាំទ្រលើកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ គឺ​ជា​កិច្ចប្រជុំ​បិទទ្វារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នកកាសែត​ចូល​យកការណ៍​ទេ។ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​ចូលរួម​ជជែក និង​ពិគ្រោះយោបល់​គ្នា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដែល​អាមេរិក និង​រុស្ស៊ី​បាន​អនុម័ត​កាល​ពី​ថ្ងៃទី៩ កញ្ញា​កន្លង​ទៅ។ កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ត្រូវ​បាន​ភាគី​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​បះបោរ​គោរព​តាម​តិច ឬ​ច្រើន។ តែ​កម្មវត្ថុ​នៃ​កិច្ចប្រជុំបន្ទាន់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ពេល​នេះ គឺ​ផ្តល់​ការ​គាំទ្រ និង​ជួយ​ផ្តល់​សន្ទុះ​បន្ថែម​លើ​កិច្ចព្រមព្រៀង​ដើម្បី​ឲ្យ​មាន​ការ​គោរព​ពេញលេញ។

ប្រទេស​រស្ស៊ី​បាន​ដាក់​គំនាប​លើ​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អង្គការ​ពិភពលោក​មួយ​នេះ​ផ្តល់​ការ​គាំទ្រ​លើ​កិច្ចព្រមព្រៀង តែ​មាន​ប្រទេស​សមាជិក​ខ្លះ​ដូច​យ៉ាង​បារាំង​ចង់​ដឹង​ពី​ខ្លឹមសារ​លំអិត​របស់​កិច្ចព្រមព្រៀង​អាមេរិក រុស្ស៊ី​ជា​មុន​សិន។ ផ្អែក​តាម​កិច្ចព្រមព្រៀង បទឈប់​បាញ់​រយៈពេល ១សប្តាហ៍​នៅ​ស៊ីរី​នឹង​អនុញ្ញាត​ឲ្យ​អាមេរិក និង​រុស្ស៊ី​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​យុទ្ធនាការ​វាយប្រហារ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។ ជា​រួម ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​ទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ក្រុម​បះបោរ​ហាក់​ដូច​ជា​ស្ងប់ស្ងាត់ តែ​រដ្ឋាភិបាល​ស៊ីរី​នៅ​បន្ត​រារាំង​មិន​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាជន​ស៊ីរី​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ទីក្រុង​អាឡិប។

កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ពេល​នេះ​បាន​ធ្វើ​ឡើង ទន្ទឹម​គ្នា​នឹង​កិច្ចប្រជុំ​ក្រុមសន្តិសុខជាតិ​អាមេរិក​កោះ​ប្រជុំ​ដោយ​លោក​អូបាម៉ា និង​ដែល​មាន​គោលដៅ​ពិនិត្យមើល​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដូច​គ្នា។ ដោយឡែក​នៅ​រុស្ស៊ី អ្នកនាំពាក្យ​វិមាន​ក្រិមឡាំង​បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ ទី១៦ កញ្ញា​ថា មូស្គូ​បាន​ត្រៀម​ខ្លួន​នឹង​ដាក់​គំនាប​បន្ថែម​លើ​របប​ស៊ីរី និង​កងទ័ព​ដើម្បី​ឲ្យ​មាន​ការ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ឲ្យ​បាន ១០០%។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ