អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោក​អូបាម៉ា និង​លោក​ដូណាល់ត្រាំ​ព្យាយាម​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ពលរដ្ឋ​អាមេរិក និង​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ជំនួប​រវាង​លោក​ប្រធានាធិបតី​ផុតអាណត្តិ​បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ដូណាល់ ត្រាំ​នៅ​សេតវិមាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ វិច្ឆិកា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ក្រៅ​ពី​ជំនួប​រវាង​លោក​អូបាម៉ា និង​លោក​ត្រាំ ក៏​មាន​ជំនួប​ក្នុង​ពេល​ជាមួយ​គ្នា​រវាង​លោក​អនុប្រធានាធិបតី​ផុតអាណត្តិ​របស់​លោក​អូបាម៉ា និង​លោក​អនុប្រធានាធិបតី​ថ្មី​របស់​លោក​ត្រាំ។ បន្ទាប់​មក ក៏​មាន​ជំនួប​រវាង​ភរិយា​លោក​អូបាម៉ា និង​ភរិយា​លោក​ត្រាំ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ កំហឹង​របស់​ពលរដ្ឋ​អាមេរិក​ប្រឆាំង​លោក​ត្រាំ​ក៏​កំពុង​បន្ត​មាន និង​ដែល​លោកត្រាំ​បាន​ចាត់​ទុក​ជា​ការ​អុជអាល​ពី​មធ្យោបាយឃោសនា​មហាជន​ក្នុង​ស្រុក។

លោក​ដូណាល់ ត្រាំ និង​លោក​បារ៉ាក់ អូបាម៉ា​នៅ​សេតវិមាន ថ្ងៃទី១០ វិច្ឆិកា ២០១៦
លោក​ដូណាល់ ត្រាំ និង​លោក​បារ៉ាក់ អូបាម៉ា​នៅ​សេតវិមាន ថ្ងៃទី១០ វិច្ឆិកា ២០១៦ REUTERS/Kevin Lamarque TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

លោក​បារ៉ាក់ អូបាម៉ា​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ជំនួប​មួយ​ទល់​មួយ​រវាង​លោក និង​លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មីថ្មោង​ដូណាល់ ត្រាំ​នៅ​សេតវិមាន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១០ វិច្ឆិកា។ ទង្វើ​របៀប​នេះ​អាច​ថា​ជា​ប្រពៃណី​ទំនៀមទម្លាប់​ក៏​បាន ឬ​មួយ​ថា​ជា​រឿង​ចាំ​បាច់​ក៏​បាន​ដែរ តែ​លោក​អូបាម៉ា​មិន​ចាំ​បាច់​រៀបចំ​យ៉ាង​ទាន់ហន់​នៅ ១ថ្ងៃ​ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោក​ត្រាំ​ទេ មាន​ន័យ​ថា លោក​អូបាម៉ា​អាច​រៀបចំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ក៏​បាន​ដែរ ព្រោះ​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃទី២០ មករា​ឆ្នាំ ២០១៧ ទើប​លោក​ដូណាល់ ត្រាំ​ចូល​កាន់​តំណែង​ជា​ផ្លូវការ។

ក៏​ប៉ុន្តែ ការ​ដែល​លោក​អូបាម៉ា​ចង់​ធ្វើ​ឲ្យ​បាន​ឆាប់ៗ​ពេល​នេះ ព្រោះ​លោក​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​ពី​ឯកភាពជាតិ និង​ចង់​រំងាប់​ភាព​ពុះកញ្រ្ជោល​នៅ​ក្នុង​សង្គម​អាមេរិកាំង។ ដូច​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ពិភពលោក ក៏​ដូច​ជា​ពលរដ្ឋ​អាមេរិក​ទូទៅ​​ភ្ញាក់ផ្អើល និង​មាន​ក្តីបារម្ភ។ រហូត​មក​ដល់​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា​នេះ បាតុកម្ម​ហិង្សា​ប្រឆាំង​លោក​ដូណាល់ ត្រាំ​បាន និង​កំពុង​បន្ត​មាន​នៅ​សឹង​តែ​គ្រប់​រដ្ឋ​អាមេរិកាំង ហើយ​បាតុករ​ភាគ​ច្រើន​ជា​សកម្មជន​គាំទ្រ​លោកស្រី​គ្លីនតុន។

លោក​អូបាម៉ា និង​លោក​ដូណាល់ ត្រាំ​សុទ្ធ​តែ​មាន​មេរៀន​ជូរចត់​រវាង​គ្នា។ គេ​ចាំ​បាន​មិន​ភ្លេច​រហូត​ដល់​ថ្ងៃ​ឃោសនា​ចុង​ក្រោយ លោក​អូបាម៉ា​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ជួយ​លោកស្រី​គ្លីនតុន​ដោយ​បរិហារ​លោក​ត្រាំ​ចំៗ​ថា ជា​មនុស្ស​មិន​ឲ្យ​គួរ​ទុក​ចិត្ត​ប្រគល់​កូដនុយក្លេអ៊ែរ​ឲ្យ។ ជា​ការ​ឆ្លើយ​តប​វិញ លោក​ត្រាំ​បាន​ដៀល​លោក​អូបាម៉ា​ជា​ប្រធានាធិបតី​ស្ទើរទឹក​ដែល​មិន​សូវ​ស្គាល់​ប្រវត្តិសាស្រ្ត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នៅ​ក្នុង​ពិធី​ជប់លៀង​មួយ លោក​ត្រាំ​ដែល​មាន​វត្តមាន​ជាមួយ​លោក​អូបាម៉ា​ហ៊ាន​ទាំង​ថ្លែង​ជា​សាធារណៈ​ថា លោក​អូបាម៉ា​មិន​បាន​កើត​ក្នុង​ទឹកដី​អាមេរិក គ្មាន​សញ្ជាតិអាមេរិកាំង និង​មាន​រាង​មិន​សម​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក។ លោក​អូបាម៉ា​ក៏​បាន​ឡើង​តប​ជា​សាធារណៈ​ភ្លាមៗ​នា​ឱកាស​នោះ​ដោយ​ធ្វើ​ឲ្យ​លោកត្រាំ​អាម៉ាស​មុខ​យ៉ាង​ខ្លាំង​នៅ​ចំពោះ​មុខ​ភ្ញៀវ។

រាត្រី​ទឹកខ្មេះ​ក្លាយ​ជា​រាត្រី​ទឹកឃ្មុំ !

លោក​អូបាម៉ា និង​លោក​ដូណាល់ ត្រាំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សម្រុះសម្រួល​គ្នា​ដើម្បី​បង្ហាញ​ពិភពលោក​អំពី​ឯកភាពជាតិ​របស់​អាមេរិក និង​ក៏​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​អាមេរិកាំង។ នៅ​ក្នុង​ជំនួប​មួយ​ទល់​មួយ​ដែល​បាន​អូសបន្លាយ​ដល់​ទៅ ៩០នាទី និង​ដែល​គ្មាន​វត្តមាន​អ្នកកាសែត មាន​សំណុំរឿង​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ដែល​ឥស្សរជន​ទាំង​ពីរ​បាន​លើក​យក​ទៅ​ជជែក រួម​ទាំង​ការ​ដើរ​ពិនិត្យ​ទីកន្លែង​ផ្សេងៗ​នៅ​ក្នុង​សេតវិមាន​របស់​ពី​សំណាក់​លោក​ដូណាល់ ត្រាំ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ពិតមែន​តែ​លោក​ដូណាល់ ត្រាំ​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី២០ មករា​ឆ្នាំ​ក្រោយ​មែន តែ​ចាប់​ពី​ពេល​នេះ​ទៅ លោកត្រាំ និង​ក្រុម​ការងារ​របស់​លោក​ផ្តើម​ធ្វើ​ការ​ជាមួយ​លោក​អូបាម៉ា និង​ក្រុមការងារ​លោក​អូបាម៉ា​បណ្តើរៗ​ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​ការ​ផ្ទេរតំណែង និង​ការ​ផ្ទេរ​ការងារ​មាន​ដំណើរ​ការ​ដោយ​សន្សឹមៗ ដោយ​រលូន និង​មាន​ប្រសិទ្ធិភាព។ ទោះ​បី​ជា​លោក​អូបាម៉ា និង​លោកត្រាំ​មិន​ចង់​មើល​មុខ​គ្នា​ដោយ​រឿង​គំនុំ​ផ្ទាល់ខ្លួន​ក៏​ដោយ ក៏​អ្នក​ទាំង​ពីរ​បាន​រក្សា​ទុក​គំនុំ​ផ្ទាល់ខ្លួន​មួយ​កន្លែង ហើយ​ព្យាយាម​ជំនះ​ភាព​ខុស​គ្នា​ដើម្បី​ធ្វើ​ការ​រួម​គ្នា​ក្នុង​ផលប្រយោជន៍​ប្រទេសជាតិ។

នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ថតរូប និង​សម្លេង​លោក​ដូណាល់ ត្រាំ និង​លោក​អូបាម៉ា លោក​អូបាម៉ា​បាន​ថ្លែង​ឲ្យ​ដឹង​ពី​កិច្ចសន្ទនា​ដ៏​ប្រសើរ​ជាមួយ​លោក​ត្រាំ និង​ថា អាទិភាព​ទី១ របស់​លោក​
ក្នុង​រយៈពេល ២ខែ​ខាង​មុខ គឺ​សម្រួល​ការ​ផ្ទេរតំណែង​ដើម្បី​ធានា​ភាព​ជោគជ័យ​របស់​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត។ លោក​ត្រាំ​បាន​ឆ្លើយ​ដោយ​
សម្តី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា លោក​មាន​ក្តី​គោរព​ច្រើន​ចំពោះ​លោក​អូបាម៉ា និង​សប្បាយចិត្ត​នឹង​ធ្វើ​ការងារ​ជាមួយ​លោក​អូបាម៉ា​នៅ​ថ្ងៃ​ខាង​មុខ និង​ទទួល​យក​មតិយោបល់​ពី​លោក​អូបាម៉ា។

លោក​ដូណាល់ ត្រាំ​បាន​បន្ថែម​នៅ​ចុង​បញ្ចប់​ថា លោក​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ស្ថិត​ក្បែរ​លោក​អូបាម៉ា និង​ថា លោក​សង្ឃឹម​នឹង​បាន​ជួប​លោក​អូបាម៉ា​ជា​ច្រើន​ដង​ទៀត​នា​ពេល​ខាង​មុខ។

ទ្រឹស្តី និង​ការ​អនុវត្តជាក់ស្តែង​ជា​ពីរ​ផ្ទុយ​គ្នា

តិច ឬ​ច្រើន និង​ទោះ​បី​ជា​ទង្វើ​សម្របសម្រួល​របស់​លោក​អូបាម៉ា និង​លោកត្រាំ​ជា​ឆាកល្ខោន ឬ​មួយ​ជា​ឆន្ទៈ​ពិត​ក៏​ដោយ ក៏​កាយវិការ​ទាំង​អស់​នេះ​បាន​ចូលរួម​ជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​ស្ថានការណ៍​ស្រពិចស្រពិល​ច្រើន​ណាស់។ ជាក់ស្តែង តម្លៃ​ភាគហ៊ុន​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​ក្នុង​លោក​ដែល​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ក្រោយ​ការ​ជាប់ឆ្នោត​ភ្លាម​របស់​លោក​ដូណាល់ ត្រាំ​ក៏​ផ្តើម​ឡើង​ក្រឺតៗ​វិញ​នៅ​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា។ ទន្ទឹម​គ្នា​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​ពាក្យពេចន៍​មួយ​ចំនួន​ដែល​លោក​ត្រាំ​បាន​ថ្លែង​នា​ពេល​ឃោសនា​បោះឆ្នោត ដូច​យ៉ាង​ពាក់ព័ន្ធ​នឹង​ជនអន្តោប្រវេសន៍​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​បារម្ភ​ខ្លាំង​ក៏​ស្រាប់​តែ​ត្រូវ​បាន​លប់​ចេញ​ពី​គេហទំព័រ​របស់​លោក​ត្រាំ​ទៅ​វិញ។

បន្តិច​ម្តងៗ ឥស្សរជន​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ​ដែល​ធ្លាប់​ឈប់​គាំទ្រ​លោកត្រាំ​ដោយសារ​ផ្ទុះរឿងអាស្រូវ​មួយ​ចំនួន​ក៏​ផ្តើម​គាំទ្រ​លោកត្រាំ​ឡើង​វិញ។ ជា​ការ​ពិត គ្រប់​គ្នា​បារម្ភ​ខ្លាំង​ពី​គោលនយោបាយ​របស់​លោកត្រាំ​ទាក់ទង​នឹង​នយោបាយ​ផ្ទៃក្នុង​ក៏​ដូច​ជា​នយោបាយ​អន្តរជាតិ។ តែ​គេ​មិ​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គេ​មិន​អាច​យក​ទ្រឹស្តី និង​វោហារ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ទៅ​អនុវត្តន៍​ជាក់ស្តែង​នៅ​ពេល​ដែល​ទទួល​បាន​អំណាច​ពិតប្រាកដ​ឡើយ។ កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ជា​ច្រើន​ដែល​រដ្ឋបាល​លោក​អូបាម៉ា​បាន​អនុម័ត​ក្នុង​ស្រុក ឬ​មួយ​ជាមួយ​ប្រទេស​ផ្សេង​ក៏​លោក​ត្រាំ​មិន​អាច​សម្រេច​កែប្រែ ឬ​មួយ​លប់ចោល​ទាំង​ស្រុង​តាម​តែ​ចិត្ត​ចង់​នោះ​ដែរ ព្រោះ​អ្វីៗ​នឹង​ត្រូវ​ឆ្លង​កាត់​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា។

ឃើញ​ថា លោក​ដូណាល់ ត្រាំ​ដែល​ជា​មាហសេដ្ឋី​គ្មាន​បទពិសោធន៍​នយោបាយ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន​ដោយ​ចៀស​មិន​រួច​នា​ពេល​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ