អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រឹត្យ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោកដូណាល់ ត្រាំ​ជា​កាំបិត​មុខ​ពីរ !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ក្រឹត្យ​ស្តីពី​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោក​ដូណាល់ ត្រាំ​បាន និង​កំពុង​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​នៅ​ទូទាំង​ពិភពលោក។ គឺ​ជា​ក្រឹត្យ​ដែល​លោក​ត្រាំ​បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​រស់​ក្នុង ៧ប្រទេស​កាន់សាសនា​អ៊ីស្លាម​ចូល​ក្នុង​ទឹកដី​អាមេរិកាំង​ក្នុង​រយៈពេល ៣ខែ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សេតវិមាន​បាន​ចេញ​មុខ​ធានា​ថា ក្រឹត្យ​នោះ​បន្ត​ស្ថិត​ជា​ធរមាន និង​ថា វិធានការ​របៀប​នេះ​មាន​គោលដៅ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​អាមេរិក។ ហេតុអ្វី​បាន​ជា​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​បាន​ទទួល​ការ​ប្រឆាំង​ខ្លាំង​ម្ល៉េះ និង​ថា តើ​វិធានការ​របៀប​នេះ​ពិត​ជា​ជួយ​អាមេរិក​ឲ្យ​ផុត​ពី​អំពើ​ភេរវកម្ម​មែន ឬ?។

លោក​ប្រធានាធិបតី​អាមេរិក Donald Trump
លោក​ប្រធានាធិបតី​អាមេរិក Donald Trump REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ទទួល​បាន​កូនសោ​សេតវិមាន​ក្នុង​ថ្ងៃទី២០ មករា​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ផង និង​ភ្ញាក់ផ្អើល​ផង។ ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល ព្រោះ​លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ដែល​គ្មាន​បទពិសោធន៍​នយោបាយ និង​កំពុង​ព្យាយាម​ផ្លាស់ប្តូរ​ទំនៀមទម្លាប់​របស់​អាមេរិក​ដែល​ធ្លាប់​មាន​ជាមួយ​ពិភពលោក​នា​ពេល​កន្លង​មក។ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឡើង​អង្គុយ​លើ​កៅអី​ប្រធានាធិបតី​នៅ​សេតវិមាន លោក​ដូណាល់ ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​ជា​ច្រើន​ដែល​លោក​គិត​ថា អាច​ផ្តល់​ប្រយោជន៍​ច្រើន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង។

តែ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ថា មាន​ក្រឹត្យ​ខ្លះ​បែរ​ជា​បាន​បង្ក​ឲ្យ​មាន​រឿងអាស្រូវ​ព្រោងព្រាត និង​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​នៅ​ទូទាំង​ពិភពលោក​ទៅ​វិញ។ ជាក់ស្តែង គឺ​ក្រឹត្យ​ស្តីពី​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី២៧ មករា។ នៅ​ក្នុង​ក្រឹត្យ​នោះ លោក​ដូណាល់ ត្រាំ​បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ចំនួន ៧ គឺ​ស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និង​យេម៉ែន​ចូល​ក្នុង​ទឹកដី​អាមេរិក​រយៈពេល ៣ខែ។ លោក​ត្រាំ​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​សន្តិសុខ​អាមេរិក ឬ​អាច​និយាយ​បែប​ផ្សេង កុំ​ឲ្យ​ពួក​ភេរវជន​ចូល​ទៅ​បង្ក​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិក។

ក៏​ប៉ុន្តែ មតិ​អន្តរជាតិ​ទូទៅ​មិន​បាន​ឯកភាព​លើ​ចំណាត់ការ​របស់​លោក​ដូណាល់ ត្រាំ​របៀប​នេះ​ទេ។ ពួក​គេ​បាន​ហៅ​វិធានការ​របស់​លោក​ដូណាល់ ត្រាំ​ថា​មាន​ការ​រើសអើង និង​ផ្ទុយ​ពី​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាមេរិក​តែងតាំង​ខ្លួន​ជា​គំរូ​ពិភពលោក។ ទន្ទឹម​គ្នា​នេះ មាន​ថ្នាក់ដឹកនាំ​បស្ចិមលោក​ខ្លះ​ថែម​ទាំង​ក្រើន​រម្លឹក​លោក​ដូណាល់ ត្រាំ​ពី​គោលការណ៍ និង​កាតព្វកិច្ច​អន្តរជាតិ​ក្នុង​បញ្ហា​អន្តោប្រវេសន៍ និង​ជនភៀសខ្លួន។ នៅ​អាមេរិក​ឯណោះ​វិញ ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​តតាំង​គ្នា​នៅ​តុលាការ​ដើម្បី​ចង់​ដឹង​ថា តើ​វា​ជា​ក្រឹត្យ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក ឬ​អត់?។

ងាក​ទៅ​មើល​ប្រតិកម្ម​របស់​ប្រទេស​ជាប់​ក្នុង​ក្រឹត្យ​របស់​លោក​ដូណាល់ ត្រាំ​វិញ មាន​តែ ២ប្រទេស​គត់ គឺ​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ដែល​ក្តៅ​ក្រហាយ​នឹង​ក្រឹត្យ​របស់​លោក​ត្រាំ​ខ្លាំង​ជាង​គេ។ ទីក្រុង​តេហេរ៉ង់​បាន​ចាត់​ទុក​ក្រឹត្យ​របស់​លោក​ត្រាំ​ថា​មាន​លក្ខណៈ​ប្រមាថ​លើ​ពលរដ្ឋ​អ៊ីរ៉ង់ និង​ថា អ៊ីរ៉ង់​បាន​សម្រេច​មិន​ឲ្យ​ពលរដ្ឋ​អាមេរិក​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីរ៉ង់​វិញ​ទេ ដរាប​ណា​លោក​ត្រាំ​មិន​លុប​ចោល​ក្រឹត្យ​របស់​ខ្លួន​ទេ​នោះ។ ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​លើក​ឡើង​ពី​គម្រោង​របស់​លោក​ត្រាំ​ដែល​ចង់​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក​ថា ជា​រឿង​ហួសសម័យ​ដោយ​រម្លឹក​ប្រាប់​លោក​ត្រាំ​ពី​ការ​រលំជញ្ជាំង​ក្រុង​ប៊ែរឡាំង​ក្នុង​ឆ្នាំ ១៩៨៩។

ជា​ថ្មី​ម្តង​ទៀត និង​ដើម្បី​រំងាប់​កំហឹង​ពុះកញ្រ្ជោល​ប្រឆាំង​នឹង​ក្រឹត្យ​របស់​លោក លោក​ដូណាល់ ត្រាំ​បាន​ចេញ​មុខ​បញ្ជាក់​ពី​អាទិភាព​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​អង្គការ​ភេរវនិយម ពិសេស​អង្គការ​រដ្ឋអ៊ីស្លាម​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​អាមេរិក​ជួប​ប្រទះ​ដូច​ព្រឹត្តិការណ៍​ថ្ងៃ១១ កញ្ញា ២០០១ ជា​ថ្មី​ម្តង​ទៀត។ សម្រាប់​លោក​ដូណាល់ ត្រាំ ប្រទេស​ទាំង ៧ ដែល​ស្ថិត​ក្នុង​ក្រឹត្យ​របស់​លោក​សុទ្ធសឹង​ជា​ប្រទេស​ប្រភព​ពួក​ជីហាត។ តែ​បញ្ហា​នៅ​ត្រង់​ថា មាន​ប្រទេស​ខ្លះ ដូច​យ៉ាង​អ៊ីរ៉ង់​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដែល​លោក​ត្រាំ​បាន​រាប់​បញ្ចូល​នោះ មិន​មែន​ជា​ដែនដី​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ទេ ព្រោះ​ពួក​ជីហាត​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត។

ម្យ៉ាង​ទៀត ការ​ដែល​លោក​ដូណាល់ ត្រាំ​បាន​សំអាង​លើ​ព្រឹត្តិការណ៍​ថ្ងៃ១១ កញ្ញា ២០០១ ក៏​មិន​ត្រូវ​ដែរ។ មិនត្រូវ ព្រោះ​ក្រុម​ភេរវជន​ដែល​បាន​បង្ក​ភេរវកម្ម​លើ​ទឹកដី​អាមេរិក​កាល​ពី​ជាង ១៥ឆ្នាំ​មុន មិនមែន​ជា​ជនជាតិ​ចេញ​មក​ពី​ប្រទេស​ក្នុង​ក្រឹត្យ​របស់​លោក​ត្រាំ​ទេ តែ​មក​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាអារ៉ាប់រួម និង​លីបង់​ដែល​លោក​ត្រាំ​មិន​បាន​រាប់បញ្ចូល​ក្នុង​បញ្ជី​ទេ។ ថ្មីៗ​នេះ​ទៀត ពោល​ក្នុង​ឆ្នាំ ២០១៥ និង​២០១៦ អំពើ​ភេរវកម្ម​ក្នុង​រដ្ឋ California និង​រដ្ឋ Florida បាន​រៀបចំ​ដោយ​ភេរវជន​មក​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ឬ​អារ៉ាប៊ីសាអូឌីត​ដែល​មិន​ស្ថិត​ក្នុង​ក្រឹត្យ​របស់​លោក​ត្រាំ​ឡើយ។

ពិត​ណាស់ ប្រទេស​ទាំង ៧ ដែល​ស្ថិត​ក្នុង​ក្រឹត្យ​របស់​លោកត្រាំ​កំពុង​មាន​ស្ថានភាព​វឹកវរ និង​ច្របូកច្របល់​ផ្ទៃក្នុង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន តែ​នេះ​មិនមែន​ថា សុទ្ធសឹង​ជា​ប្រទេស​ប្រកប​ដោយ​គ្រោះថ្នាក់​សម្រាប់​អាមេរិក​នោះ​ទេ។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា បើ​លោក​ដូណាល់ ត្រាំ​គ្មាន​ទំនុកទុកចិត្ត​លើ​អ្នកកាន់សាសនា​អ៊ីស្លាម មាន​បញ្ហា​ជា​មួយ​អ្នក​កាន់សាសនា​អ៊ីស្លាម ឬ​មួយ​ចាត់​ទុក​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទាំង​អស់​ជា​ភេរវជន ហេតុ​អ្វី​បាន​ជា​ចង្អុល​តែ ៧ប្រទេស ពោល​មិន​រាប់​បញ្ចូល​ប្រទេស​ផ្សេង ដូច​យ៉ាង​អេមីរ៉ាអារ៉ាប់រួម កាតា ឬ​មួយ​ក៏​អារ៉ាប៊ីសាអូឌីត​ផង​ទៅ?។ តើ​ទង្វើ​របៀប​នេះ​របស់​លោក​ដូណាល់ ត្រាំ​មិនមែន​ជា​ការ​រើសអើង និង​ជួយ​លើក​ទឹកចិត្ត​ក្រុម​ជ្រុលនិយម​ទេ ឬ​យ៉ាង​ណា?។

ចង់ ឬ​មិន​ចង់ ក្រឹត្យ​ស្តីពី​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​របស់​លោក​ដូណាល់ ត្រាំ​ជា​កំបិត​មុខ​ពីរ នៅ​ម្ខាង លោក​ត្រាំ​កំពុង​បង្ក​ឲ្យ​មាន​ការ​ប្រេះឆា​រវាង​អ្នកកាន់សាសនា​អ៊ីស្លាម​ដូច​គ្នា និង​នៅ​ម្ខាង​ទៀត ការ​ប្រេះឆា​រវាង​ពលរដ្ឋ​អាមេរិក និង​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម​ដែល​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​សងសឹក​លើ​ពលរដ្ឋ​អាមរិកាំង​វិញ​ទេ។ ចង់ ឬ​មិន​ចង់ លោក​ដូណាល់ ត្រាំ​កំពុង​ដាក់​ជីវិត​ពលរដ្ឋ​អាមេរិក​នៅ​បរទេស​ឲ្យ​ស្ថិត​ក្នុង​គ្រោះថ្នាក់ និង​ហានិភ័យ។ លោក​ដូណាល់ ត្រាំ​ហាក់​ភ្លេច​គិត​ថា អាមេរិក​ជា​ប្រទេស​មហាអំណាច​ពិភពលោក និង​ជា​ប្រទេស​គំរូ​ប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ