អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖​លោក​ដូណាល់ ត្រាំ​ថ្លែង​សុន្ទរកថា​លើកទី១ នៅ​មុខ​សភាពេញអង្គ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​យប់​ថ្ងៃ​អង្គារ ទី២៨ កុម្ភៈ​នេះ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​នឹង​ឡើង​ថ្លែង​សុន្ទរកថា​នៅ​មុខ​សភាពេញអង្គ។ នេះ​ជា​លើកទី១ តាំង​ពី​ឡើង​កាន់​តំណែង​បាន​ជាង ១ខែ​ដែល​លោក​ត្រាំ​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សមាជិក​សភា និង​សមាជិកព្រឹទ្ធសភា។ អន្តរាគមន៍​លើកទី១ របស់​លោក​ត្រាំ​នៅ​មុខ​សភា​ពេញអង្គ​យប់​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ដំឡើង​ថវិកា​យោធា​ចំនួន ៥៤ ០០០លានដុល្លារ​ដោយ​គិត​ចាប់​ពី​ឆ្នាំ ២០១៨។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ អាមេរិក​មាន​ថវិកា​យោធា​ប្រចាំ​ឆ្នាំ​ចំនួន ៦០៤ ៥០០លានដុល្លារ។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ឡើង​ថ្លែង​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ​នៅ​មុខ​សភាពេញអង្គ​យប់​ថ្ងៃ​អង្គារ ទី២៨ កុម្ភៈ​នេះ​មិនមែន​ជា​ការ​ឡើង​ថ្លែង​សុន្ទរកថា​ស្តីពី​នយោបាយ​ទូទៅ​ដូច​ដែល​ប្រធានាធិបតី​អាមេរិក​គ្រប់​រូប​ធ្លាប់​ធ្វើ​ទេ តែ​ជា​បទអន្តរាគមន៍ ឬ​មួយ​ក៏​ថា​ជា​វិញ្ញាសារ​នៃ​ការ​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​អំណាច​នីតិប្រតិបត្តិ និង​អំណាច​នីតិប្បញ្ញត្តិ។ ចូរ​កុំ​ភ្លេច​ថា តាំង​ពី​ឡើង​កាន់​តំណែង​បាន​ជាង ១ខែ​មក នេះ​ជា​លើកទី១ ដែល​លោក​ដូណាល់ ត្រាំ​ឡើង​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់។

គួរ​រម្លឹក​ជូន​បន្តិច​ថា សុន្ទរកថា​ស្តីពី​នយោបាយ​ទូទៅ​ដែល​ច្រើន​ធ្វើ​ក្នុង​ខែ​មករា​រៀងរាល់​ឆ្នាំ​ច្រើន​ថ្លែង​ដោយ​ប្រធានាធិបតី​កាន់​អំណាច​បាន ១ឆ្នាំ​ដើម្បី​ធ្វើ​តុល្យការ​ការងារ​សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​ទៅ និង​ដាក់​កម្មវិធី​នយោបាយ​សម្រាប់​ឆ្នាំ​បន្ទាប់។ តែ​សម្រាប់​លោក​ដូណាល់ ត្រាំ​ដែល​ទើប​តែ​ឡើង​កាន់​អំណាច គឺ​ជា​ឱកាស​អនុញ្ញាត​ឲ្យ​លោក​និយាយ​ប្រាប់​ពលរដ្ឋ​អាមេរិក និង​សភាពេញអង្គ​ពី​ការងារ​អាទិភាព​ដែល​លោក​ត្រូវ​ធ្វើ​ភ្លាមៗ​ដើម្បី​ប្រយោជន៍​ប្រទេសជាតិ និង​ពលរដ្ឋ​អាមេរិកាំង​ដូច​ដែល​លោក​បាន​សន្យា​នៅ​ក្នុង​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ថា « America first »។

បន្ទាប់​មក បទអន្តរាគមន៍​របស់​លោក​ដូណាល់ ត្រាំ​នៅ​មុខ​សភាពេញអង្គ​ថ្ងៃ​នេះ​ក៏​ជា​ឱកាស​មួយ​អនុញ្ញាត​ឲ្យ​លោក​ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ផ្តើម​ចាប់​ដៃ​ធ្វើ​ការ​រួម​គ្នា​ដោយ​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ទាប់ ពិសេស​ធ្វើ​កំណែទម្រង់​ក្នុង​ផ្នែក​ពន្ធដារ ធនាគារ បរិស្ថាន និង​សើរើ​ពិនិត្យមើល​ឡើង​វិញ​នូវ​ប្រព័ន្ធ​សុខភាព​ដ៏​ចម្រូងចម្រាស Obamacare របស់​លោក​អូបាម៉ា។

ឱកាស​ដើម្បី​ស្រោចស្រង់​កម្រិតប្រជាប្រិយភាព​ឡើង​វិញ

គួរ​បញ្ជាក់​ថា សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ​នៅ​យប់​នេះ​ធ្វើ​ឡើង ចំ​ពេល​ដែល​កម្រិតប្រជាប្រិយភាព​របស់​លោក​កំពុង​ធ្លាក់​ចុះ។ នេះ​ពិត​ជា​រឿង​មួយ​ដែល​គេ​សូវ​ឃើញ​មាន​នៅ​ក្នុង​ប្រវត្តិ​ប្រធានាធិបតី​អាមេរិក​ដែល​រូប​ប្រធានាធិបតី​ថ្មី​ទើប​ឡើង​កាន់​តំណែង​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់​ធ្លាក់​ប្រជាប្រិយភាព​យ៉ាង​គំហុក​ដូច​នេះ។ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ប្រធានាធិបតី​ថ្មី​ទើប​ចូល​កាន់តំណែង​ច្រើន​មាន​កម្រិត​ប្រជាប្រិយភាព​ខ្ពស់ ហើយ​រឿង​ធ្លាក់​ចុះ ឬ​កើន​បន្ថែម​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត គឺ​អាស្រ័យ​លើ​ការងារ​ដែល​សម្រេច​បាន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ត្រាំ​អាច​នឹង​នៅ​បន្ត​ទទួល​ការ​គាំទ្រ​ពី​ក្រុម​សកម្មជន​គណបក្ស​សាធារណរដ្ឋ។ កម្រិត​ប្រជាប្រិយភាព​លោក​ត្រាំ​ធ្លាក់​ចុះ​ក៏​ដោយសារ​តែ​អាកប្បកិរិយា អត្តចរិត និង​ការ​និយាយ​ច្រើន​ផ្តេសផ្តាស់លឿនជ្រុល រួច​ត្រឡប់​មក​កែតម្រូវ​ជា​ក្រោយ រួម​ទាំង​វិធានការ​មួយ​ចំនួន​ដែល​ធ្វើ​តាម​នឹកឃើញ គ្មាន​ហេតុផល​ត្រឹមត្រូវ។ ជាក់ស្តែង ក្រិត្យប្រឆាំង​ជនអន្តោប្រវេសន៍​ដែល​ទីបំផុត​ត្រូវ​តុលាការ​ព្យួរ ឬ​មួយ​ក៏​ការ​ចេញ​មុខ​ប្រឆាំង​ពួក​អ្នក​កាសែត​ដោយ​ចាត់​ទុក​ជា​សត្រូវ​របស់​ពលរដ្ឋ​ជា​ដើម។ បន្ទាប់​មក រឿង​អាស្រូវ​ទាក់ទង​នឹង​ឥស្សរជន​ខ្លះ​ដែល​លោក​ត្រាំ​បាន​តែងតាំង និង​គ្រោង​តែងតាំង តែ​បែរ​ជា​ត្រូវ​បង្ខំ​ចិត្ត​លា​ចុះ​ពី​មុខ​តំណែង និង​បដិសេធ​មិន​ទទួល​តំណែង​ទៅ​វិញ។

បន្ទាប់​មក​ទៀត នៅ​មាន​ជំហរ​ស្រពិចស្រពិល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​អាមេរិក​មាន​ជាមួយ​ប្រទេស​ផ្សេង ឬ​មួយ​ក៏​ជំហរ​ប្រែប្រួល​របស់​អាមេរិក​នៅ​ក្នុង​ទំនាក់ទនង​ជាមួយ​ប្រទេស​ខ្លះ​ដែល​លោក​ត្រាំ​បាន​ធ្វើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្តៅក្រហាយ​មិន​តិច​ទេ។ ដូច្នេះ​មាន​រឿង​អាស្រូវ​ច្រើន​ណាស់​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​ទី១ នៃ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ត្រាំ និង​ដែល​លោក​ត្រូវ​ពន្យល់ បំភ្លឺ​ឲ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​សុន្ទរកថា​ចំពោះ​មុខសភាពេញអង្គ​យប់​នេះ។

កាត់​បន្ថយ​ចំណាយ​ទៅ​បរទេស និង​បង្កើន​ការ​ចាយវាយ​ក្នុង​ស្រុក

នៅ​ក្នុង​សុន្ទរកថា​យប់​នេះ​ដែរ លោក​ត្រាំ​ក៏​ត្រូវ​និយាយ​ពី​ហេតុផល​ដែល​លោក​បាន​សម្រេច​ដំឡើង​ថវិកា​​យោធា​ដល់​ទៅ ៥៤ ០០០លានដុល្លារ​ចាប់​ពី​ឆ្នាំ ២០១៨ ពោល​ដំឡើង​ជិត ១០%។ បច្ចុប្បន្ន​នេះ អាមេរិក​មាន​ថវិកា​ការពារជាតិ​ចំនួន ៦០៤ ៥០០លានដុល្លារ ពោល​ច្រើន​ជាង​ឆ្ងាយ​ណាស់​ពី​ប្រទេស​ចិន ឬ​រុស្ស៊ី​ដែល​ស្ថិត​លំដាប់ថ្នាក់​ទី២ និង​ទី៣។ សូម្បី​តែ​ថវិកា​ការពារជាតិ​ចំនួន ៧ប្រទេស​បន្ទាប់​ពី​អាមេរិក​បូក​បញ្ចូល​គ្នា​ក៏​មិន​ស្មើ​នឹង​អាមេរិក​ម្នាក់​ឯង​ផង។

លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដំឡើង​នៅ​ថ្ងៃ​ចន្ទ ទី២៧ កុម្ភៈ​ដោយ​ពន្យល់​ថា ដើម្បី​ការពារ​ពលរដ្ឋ​អាមេរិកាំង និង​ចង់​ផ្ញើសារ​ទៅ​កាន់​ពិភពលោក​ស្តីពី​កម្លាំង និង​ការ​ប្តេជ្ញាចិត្ត​របស់​អាមេរិក។ លោក​ដូណាល់ ត្រាំ​បាន​ប្រើ​រូបមន្ត​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ដែល​ថា អាមេរិក​ត្រូវ​កាត់​បន្ថយ​ចំណាយ​ទៅ​បរទេស និង​បង្កើន​ការ​ចាយវាយ​ក្នុង​ស្រុក។ នៅ​ក្នុង​ន័យ​នេះ អ្នក​នំាពាក្យ​សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​កាត់​បន្ថយ​ថវិកា​សម្រាប់​ក្រសួង​មួយ​ចំនួន​ដែល​មិន​សូវ​សំខាន់ និង​ដែល​បាន​ចំណាយ​ច្រើន​ទៅ​បរទេស ពិសេស​គឺ​ក្រសួង​ការបរទេស និង​ក្រសួង​អភិវឌ្ឍន៍។

ដូច្នេះ​ឃើញ​ថា នេះ​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​ប្រទេស​ក្រីក្រ​នៅ​អាហ្វ្រិក ឬ​នៅ​អាស៊ី​ដែល​ធ្លាប់​ទទួល​ជំនួយ​អាមេរិក​តាម​រយៈ​លុយ​សុទ្ធ ឬ​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​ផ្សេងៗ។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ ប្រតិកម្ម​មាន​ច្រើន ពិសេស​ពី​ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​គេ​យល់​ឃើញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​នយោបាយ​ការបរទេស​អាមេរិក​ក្នុង​លោក និង​ពី​ភាព​មិន​ចាំ​បាច់​ក្នុង​ការ​ដំឡើង​ថវិកា​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ