អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មន្ត្រី​ការទូត​ជាន់​ខ្ពស់​ចិន ​ទៅ​សេត​វិមាន​អាមេរិក​ ពិភាក្សា​​ពី​ទំនាក់ទំនង​មហា​អំណាច​ទាំងពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទំនាក់​ទំនង​រវាង​ចិន​ និង​សហរដ្ឋ​អាមេរិក ​កំពុង​ស្ថិត​ក្នុងភាព​ស្រពេច​ស្រពិល ​ម្តងក្តៅ​ម្តង​ត្រជាក់​ ក្រោយ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ដូណាល់ ត្រាំ។ បន្ទាប់​បី​បាន​រិះគន់​ចិន ​កប់ៗ​មាត់​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត ​លោក​ដូណាល់ ត្រាំ​ថែម​ទាំង​បាន​ព្រមាន ​លែង​ទទួល​ស្គាល់​គោល​ការណ៍​ទឹក​ដី​ចិន ​តែមួយ​ថែម​ទៀត​ផង។ តែ​ទីបំផុត ​ក្នុង​រយៈពេល​មួយខែ​ចុង​ក្រោយ​នេះ ​អ្វីៗ​ហាក់​បាន​វិល​ទៅ​រក​ការ​ស្រុះស្រួល​គ្នា ​រវាង​មហា​អំណាច​ទាំង​ពីរ។ នៅថ្ងៃ​ចន្ទ​នេះ ​លោក​ទី​ប្រឹក្សា​រដ្ឋ​ចិន​ម្នាក់ ​ដ៏​មាន​ឥទ្ធិពល ​បាន​ចេញ​ដំណើរ​យ៉ាង​តក់​ក្រហល់​ ទៅកាន់​ក្រុង​វ៉ាស៊ីនតោន ​ដើម្បី​ជួប​ជជែក​ជាមួយ​មន្ត្រី​នៃ​សេតវិមាន​ ស្តីពី​ទំនាក់​ទំនង​រវាង​ចិន​ និង​អាមេរិក។

លោក Yang  Jiechi ទីប្រឹក្សារដ្ឋ​ផ្នែកការបរទេស​របស់​រដ្ឋាភិបាល​ចិន
លោក Yang Jiechi ទីប្រឹក្សារដ្ឋ​ផ្នែកការបរទេស​របស់​រដ្ឋាភិបាល​ចិន AFP
ផ្សាយពាណិជ្ជកម្ម

បញ្ជូនអ្នក​ជំនាញ​កិច្ចការ​បរទេស​ ដើម្បីទៅ​ស្ទាប​កំដៅ​របស់​អាមេរិក

 
នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​មាន​ជំនួប​ទ្វេរភាគី ​ក្នុង​ក្របខណ្ឌ​ខ្ពស់​បែប​នេះ ​ រវាង​សហរដ្ឋ​អាមេរិក​​និង ​ចិន ​នៅ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ​បាន​ចូលកាន់​តំណែង។ ជំនួប​នេះ ​គឺ​ជា​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ​ដែល​បាន​ស្រង់​សំដី​ប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទស​ចិន ​បាន​ឲ្យ​ដឹង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ​លោក​ យ៉ាង ជាឈី ​នឹង​អញ្ជើញ​ទៅ​ក្រុង​វ៉ាស៊ីនតោន ​រយៈពេល​ពីរ​ថ្ងៃ។ លោក​ យ៉ាង ជាឈី ​គឺ​ជា​មន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់ ​របស់​ចិន ​ដែល​មាន​តំណែង​ជា​ទីប្រឹក្សា​រដ្ឋ ​ផ្នែក​កិច្ចការ​បរទេស ​របស់​លោក​ប្រធានាធិបតី​ចិន។​ បើតាម​ទំលាប់ ​នៅ​ប្រទេស​ចិន​តំណែង​ទីប្រឹក្សារដ្ឋ​ផ្នែក​កិច្ចការ​បរទេស​នេះ ​មាន​ឥទ្ធិពល​ធំ​ជាង​រដ្ឋមន្ត្រី​ការបទេស​ទៅទៀត។

លោក ​ យ៉ាង ជាឈី ​មាន​អាយុ​៦៦​ឆ្នាំ ​ធ្លាប់ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ដែរ​ នៅ​រវាង​ឆ្នាំ​២០០៧ ​ដល់​ ២០១៣ ​ហើយ​លោក​ម្នាក់​នេះ ​ក៏ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​របស់​ចិន ​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ដែរ។ ដូច្នេះ​ហើយ ​បាន​ជា​រាល់​កិច្ចការ​ទំនាក់ទំនង​ផ្លូវរដ្ឋ ​រឺ​ដោះស្រាយ​បញ្ហា​នានា ​គឺ​ប្រធានាធិបតី​ចិន​ តែងតែ​បញ្ជូន​លោក​ យ៉ាង ជាឈី​ទៅ​ជាមុន។

រៀបចំ​ជំនួប​រវាង​ ស៊ី ជីនពីង​ និង​ ដូណាល់ ត្រាំ

មកត្រឹម​ពេល​នេះ ​ទាំង​ខាង​សេតវិមាន​ ទាំង​ខាង​រដ្ឋាភិបាល​ចិន​ មិន​បាន​ផ្តល់​ដំណឹង​អ្វី ​ឲ្យបាន​ល្អិត​ល្អន់​ទេ ​ទាក់ទង​នឹង​ជំនួប​នេះ។ គេ​មិន​ទាន់​ដឹងថា​លោក ​យ៉ាង ជាឈី ​នឹង​ទៅជួប​ប្រជុំ​ជាមួយ​នឹង​អ្នកណា ​ឲ្យប្រាកដ​ទេ​នៅ​សេតវិមាន។ គេ​ក៏​មិន​ប្រាកដ​ដែរ​ថា ​មន្ត្រី​ការបទេស​ចិន​រូបនេះ ​នឹង​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ ​ទទួល​ឲ្យជួប​ដែរ។

ក៏ប៉ុន្តែ​ ទី​ភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី ​បាន​ស្រង់​សំដី​អ្នក​ជំនាញ ​ផ្នែក​កិច្ចការ​បរទេស​ចិន​ម្នាក់ ​ ដែល​បាន​និយាយ​ថា ​ កម្មវត្ថុ​មួយ​ដ៏​សំខាន់ ​ក្នុង​ចំណោម​កម្មវត្ថុ​ដែល​ត្រូវ​ពិភាក្សា​គ្នា​ គឺ​ ​លោក​យ៉ាង ​ជាឈី ​ត្រូវ​ទៅ​និយាយ​ជាមួយ​សេតវិមាន​អាមេរិក​ ស្តី​អំពីរ​ការ​រៀបចំ​ជំនួប​ទ្វេរភាគី ​ដោយ​ផ្ទាល់​ រវាង​លោក​ ដូណាល់ ត្រាំ ​និង​លោក ស៊ី ជីនពីង។ ត្រង់​ចំណុច​នេះ ​យើង​នៅ​មិន​ទាន់​ដឹងថា​ ពេលណា ​ប្រធានាធិបតី​នៃ​មហាអំណាច​ទាំង​ពីរ​នេះ ​នឹង​ជួប​គ្នាទេ ​ហើយ​ក៏​មិន​ដឹង​ថា ​អ្នកណា ​មក​ផ្ទះ​អ្នក​ណា​ដែរ។

ក្រៅ​ពី​ចំណុច​នេះ ​ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ចិន​នេះ ​គ្រាន់តែ​បាន​លើកឡើង​ថា ​លោក​ យ៉ាង ជាឈី ​នឹង​ត្រូវ​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក ​ស្តី​ពី​ទំនាក់ទំនង​ទ្វេរ​ភាគី ​និង​ការ​សម្រុះសម្រួល​ស្តី​ពី​ផល​ប្រយោជន៍​រួមគ្នា ​រវាង​មហាអំណាច​ទាំងពីរ។ គួរ ​រំលឹក​ថា ​ ដើម​ឆ្នាំ​ ២០១៧​នេះ ​ស្ថានភាព​ទូទៅនៃ​ទំនាក់ទំនង​ការទូត​ រវាង​ប្រទេស​ទាំងពីរ​ មាន​ភាព​ប្រែព្រួល​ខ្លាំង​ គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ។ ការ​បញ្ជូន​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការទូត​របស់​ចិន​ ទៅ​ជួប​ជា​មួយ​មន្ត្រី​សេតវិមាន ​នា​ពេល​នេះ ​វា​បង្ហាញ​ ប្រាប់​ពី​ចេតនា​ក្នុង​ការ​ស្រុះស្រួល​គ្នា​។

ដូណាល់ ត្រាំ ​ប្តូរឥរិយាបថ​ច្រើន ​ប្រឈម​មុខ​នឹង​ចិន

ជម្លោះ​ទាស់ទែង​គ្នា ​វា​មិន​ដែរ​បង្ក​ផល​ល្អ​ទេ ​សម្រាប់​ភាគី​ណាក៏​ដោយ ​ ក្នុង​ក្របខណ្ឌ​អ្វី​ក៏ដោយ ​មិន​ថា​រវាង​មនុស្ស ​រឺ​រវាង​ប្រទេស​នីមួយៗ​នោះទេ។​ ជាង​នេះ​ទៅទៀត ​សហរដ្ឋ​អាមេរិក​ និង​ចិន​គឺ​ជា​មហាអំណាច ​ទាំង​វិស័យ​យោធា ​ទាំង​វិស័យ​សេដ្ឋកិច្ច ​ដូច្នេះ ​វា​គ្មាន​ផល​ល្អ​សម្រាប់​ពិភពលោក​ទេ ​បើ​ប្រទេស​ទាំង​ពីរ​នេះ​ ឈ្លោះ​​គ្នា​។ ទំនាក់ទំនង​ រវាង​ចិន​ និង​អាមេរិក​ មួយ​រយៈ​នេះ​ ម្តង​ក្តៅ​ម្តង​ត្រជាក់ ​ដោយសារ​តែ​គោល​ជំហរ​មិន​ច្បាស់លាស់ ​របស់​លោក​ដូណាល់ ត្រាំ។

លោក ត្រាំ ​បាន​រិះគន់ ​ចោទ​ប្រកាន់​ចិន​ ​ថា​ជា​អ្នក​ប្លន់​យក​ការងារ ​និង​រោងចក្រ​របស់​អាមេរិក​ ទៅ​បង្កើត​នៅ​ចិន​អស់។ ក្រោយ​មក​ទៀត ​លោក​ ត្រាំ ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​តៃ​វ៉ាន់ទៀត ​ដែល​ការ​នេះ ​បាន​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បើម​ណាស់ ​ព្រោះវា​ហាក់​មាន​ន័យ​ថា​ សហរដ្ឋ​អាមេរិក ​ចង់​ទទួល​ស្គាល់​តៃវ៉ាន់ ​ជា​ប្រទេស​ពេញ​សិទ្ធិ ​ដាច់​ពី​ចិន​។ ចាប់​តាំង​ពី​ឆ្នាំ១៩៧៩​មក ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ ចាប់​បើក​ទំនាក់​ទំនង​ជាមួយ​ចិន​ឡើងវិញ ​ ​គឺ​មិន​ដែល​មាន​ប្រធានាធិបតី​អាមេរិក​ណា ​ហ៊ាន​ធ្វើ​បែប​នេះទេ។ ក៏ប៉ុន្តែ​ ក្រោយ​ចូល​កាន់​តំណែង ​គេ​សង្កេត​ឃើញ​លោក ​ដូណាល់ ត្រាំ ​ហាក់​បន្ទន់​ឥរិយាបថ​ច្រើន។ តាម​ការ​ស្មាន ​ប្រហែល​ជា​ទីប្រឹក្សា ​ឬ​មន្ត្រី​ជំនិត​របស់​គាត់​ បាន​ផ្តល់​យោបល់​ថា ​មិន​ត្រូវ​បង្ក​ជំលោះ​ជាមួយ​ចិន​ទេ​ ព្រោះ​អាមេរិក​អាច​នឹង​ខាត​ធ្ងន់។

កាល​ពីមាន​ប្រជុំ​កំពូល​ ប្រទេស​សេដ្ឋកិច្ច​នាំមុខ​ទាំង​២០​ ​នៅ​អាល្លឺម៉ង់​ គេ​ឃើញ​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​បាន​ជួប​ប្រជុំ​ទ្វេរភាគី​ជាមួយ​លោក ​Wang Yi ​រដ្ឋមន្ត្រី​ការបរទេស​ចិន។ ក្នុង​ឱកាស​នោះ ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​បាន​ស្នើ​សុំ​ឲ្យ​ចិន ​ជួយ​ដាក់​គំនៀប​ទៅ​លើ​កូរ៉េ​ខាងជើង។ ក្រោយ​មក​តែ​ប៉ុន្មាន​ថ្ងៃ ​គឺ​គេ​ឃើញ​ចិន ​បាន​ធ្វើ​ដូច​អាមេរិក​សំណូម​ពរមែន ​ ដោយ​បាន​បិទ​បញ្ឈប់​ការ​នាំចូល​ធ្យូងថ្ម​របស់​កូរ៉េ​ខាងជើង។ ត្រង់​ចំណុច​នេះ ​យើង​ឃើញ​កាន់​តែ​ច្បាស់​ថា ​ចិន​មិន​ចង់​បិទ​ផ្លូវ​ជាមួយ​អាមេរិក​ទេ។

ភាព​អត្មានិយម​របស់​ ដូណាល់ ត្រាំ ​អាច​ឲ្យ​ចិន​ជិះ​សេះ​លែងដៃ
 
បើ​យោង​តាម​សម្តី​លោក ​តៅ វ៉េនចាវ ​អ្នក​វិភាគ​ម្នាក់ ​នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ​ចិន​អាមេរិក​ បាន​ពន្យល់​ថា ​លោក​ដូណាល ត្រាំ ​មិន​មែន​ល្ងង់​ ទៅ​បង្ក​ជម្លោះ​ជាមួយ​ចិន​ទេ។ ក្នុង​ចំណោម​ប្រទេស​ដែល​លោក​ដូណាល់ ត្រាំ ​រិះគន់​កន្លង​មក​ក្នុង​ពេល​ឃោសនា ​គឺ​មាន​តែ​ចិន​ ទេ​ ដែល​លោកត្រាំ ​បាន​បន្ទន់​សម្តី​ទៅវិញ។ អ្នក​វិភាគ​ម្នាក់​នេះ​យល់​ថា ​វា​គឺ​ជា​ទំងន់​រវាង​មហា​អំណាច​ពីរ​ដ៏​សំខាន់។ អាមេរិក​មិន​អាច​អត់​ចិន ​ចិន​ក៏​មិន​អាច​អត់​អាមេរិក​ដែរ។

ចំណុចមួយទៀត ​គួរពិចារណា​ដែរ ​គឺ​ថា​ចិន​សង្កេត​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​លោក​ដូណាល់ ត្រាំ។ លោកត្រាំ ​មាន​និន្នាការ​ដឹកនាំ​ប្រទេស​បែប​អត្មានិយម ​និង​ការពារ​ប្រយោជន៍​អាមេរិក​ជ្រុល​បំផុត។ ដូច្នេះ​មាន​ន័យ​ថា ​សំណុំ​រឿង​កិច្ចការ​បរទេស​ផ្សេង​ទៀត ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​បើ​សិន​ជា​អាមេរិក​មិន​ចំណេញ​ទេ ​គឺ​លោក​ត្រាំ​មិន​ទៅ​ខ្វល់​ឡើយ។ អញ្ចឹង​មាន​ន័យ​ថា ​ចិន​អាច​យក​ចិត្ត​អាមេរិក​ បាន​ដោយ​ងាយ ​តាម​រយៈ​ការ​ផ្តល់​ប្រយោជន៍​ឲ្យ​មួយ​ផ្នែក ​ហើយសុំ​ឲ្យ​អាមេរិក​បើក​ផ្លូវ​ឲ្យខ្លួន​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ លើបញ្ហា​ផ្សេង​​ ដូចជា​សំណុំ​រឿង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ