អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ច្បាប់​សុខភាព ៖ លោក ដូណាល់ត្រាំ បាន​ភ្លក្ស​រសជាតិ​​បរាជ័យ​ ជាលើក​ទី​មួយហើយ​ឬ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

សភា​អាមេរិក​បាន​លើក​ពេល​បោះឆ្នោត​​លុប​ចោល​ច្បាប់​អូបាម៉ា​ឃែរ និង​អនុម័ត​​ច្បាប់​ធានារ៉ាប់រង​សុខភាពថ្មី ដែលគ្រោង​ធ្វើ​នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ មូលហេតុ​មក​ពី​សភា​​មិន​អាច​រក​សំឡេង​គាំទ្រ​បាន​គ្រប់គ្រាន់។ ប៉ុន្តែ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បរាជ័យ​​ក្តី ក៏​ ​ លោក ប្រធានាធិបតី ដូណាល់ ត្រាំ មិន​រា​ថយ ដោយ​បានចេញ​បញ្ជា​​ដាក់​ឱសានវាទ​ឱ្យ​សភាថា​​ត្រូវ​តែ​ធ្វើ​ការ​បោះឆ្នោត​នៅ​​ថ្ងៃ​សុក្រ​ទី ២៤ មីនានេះ។

លោក ដូណាល់ ត្រាំ ដាក់ឱសានវាទ​​ឱ្យ​សភា​អនុម័ត​ច្បាប់​សុខភាព​នៅ​ថ្ងៃសុក្រ​ទី ២៤​មីនា ២០១៧
លោក ដូណាល់ ត្រាំ ដាក់ឱសានវាទ​​ឱ្យ​សភា​អនុម័ត​ច្បាប់​សុខភាព​នៅ​ថ្ងៃសុក្រ​ទី ២៤​មីនា ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ ដែល​តែង​តែ​អួត​អាង​អំពី​សមត្ថភាពដ៏​ពូកែ​ និង​មាន​ថ្វីមាត់​ចរចា​ដ៏​ចំណាន​នោះ នៅ​ទី​បំផុត​មិន​អាច​បញ្ចុះ​បញ្ចូល​សភា​អ្នក​តំណាង​បក្ស​សាធារណរដ្ឋ​ បក្ស​របស់​លោក ឱ្យ​គាំទ្រ​កំណែទម្រង់​ច្បាប់​ធានារ៉ាប់រង​សុខភាព​ ដើម្បី​លុប​ច្បាប់​អូបាម៉ាឃែរ​បាន​ទេ។

រក​សំឡេង​គាំទ្រ​ដាច់ខាត​មិន​បាន​ ប្រធានសភា​ លោក Paul Ryan បាន​ប្រកាស​លើក​ពេល​អនុម័ត​ច្បាប់​ទៅ​វិញ។ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បន្តិចមែន នៅ​ពេល​ឮ​ថា​បក្ស​សាធារណរដ្ឋ​ ដែល​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ស្រេច​ទៅ​ហើយ បែរ​ជា​មិន​អាច​សម្រេចអនុម័ត​​ច្បាប់​ស្នើ​ឡើង​ដោយ​ប្រធានាធិបតី​ជា​សាធារណរដ្ឋ​ដូច​គ្នា​នោះ។ លោក ត្រាំ​ ផ្ទាល់ក៏​ទំនង​ជា​មិន​បាន​គិត​ស្មាន​មិន​ដល់​ ពី​មុន​មក​ទេ។

ការ​បែងខ្ញែកក្នុង​ផ្ទៃអ្នក​សាធារណរដ្ឋ

ការ​ប្រឆាំង​ចេញ​ពី​បក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​និង​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​ជា​រឿង​ធម្មតា តែ​នេះគឺ​បណ្តាល​មក​ពី​​បក្ស​សាធារណរដ្ឋខ្លួន​ឯង​ មាន​ការការ​បែងខ្ញែក​គ្នា​​ច្រើនពួក ច្រើន​ក្រុម។ សម្រាប់​​​អ្នក​សា​ធារណរដ្ឋ បែប​មិន​តឹង​តែង​ ការ​លុប​ច្បាប់​អូបាម៉ាឃែរ ពិត​ជា​មិន​អាច​ទទួល​យក​បានឡើយ ប្រសិន​បើ​ការ​លុប​នោះ ធ្វើ​ឡើង​ក្រោម​ហេតុផល​ថវិកា រដ្ឋ​ត្រូវ​ខាត​បង់​លុយ។ ព្រោះ​នៅ​ពេល​លុប​ច្បាប់​ចាស់ ដាក់​ច្បាប់​ថ្មី​ប្រើ នោះចំនួន​អ្នក​គ្មាន​ការ​ធានារ៉ាប់រង​សុខភាព​នឹងកើន​ឡើង​ប្រមាណ​ពី ២០ ទៅ​២៤​លាន​នាក់។

ចំណែក​ក្រុម​អ្នក​សាធារណរដ្ឋ បែប​អភិរក្ស​ជ្រុលនិយម​វិញ ច្បាប់​ថ្មី​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​​លោក​ត្រាំ មិន​ស៊ី​ចាក់​ជ្រៅ​ ក្នុង​ទីផ្សារ​សាធារណៈ ! ការ​ធានារ៉ាប់រង​សុខភាព​មិន​ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​ដោយ​ឯកជន​ទាំងស្រុង។ ហើយ​វិធានការ​ជំនួយ​របស់​ច្បាប់​អូបាម៉ាឃែរ​ខ្លះ​ ត្រូវ​បាន​រក្សា​ទុក។ ទើប​ពួកគេ​មិន​ចង់​​គាំទ្រ។​

សភា​អាមេរិក​មាន​សមាជិក​មក​ពី​​បក្ស​ប្រជាធិបតេយ្យ ១៩២​រូប និង​បក្ស​សាធារណរដ្ឋ​២៣៧​រូប !​ ដើម្បី​អនុម័ត​ច្បាប់មួយ​បាន សភា​អាមេរិក​ត្រូវ​ការ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ​២១៥​សំឡេង។ ដូច្នេះ​បក្ស​សាធារណរដ្ឋ​អាច​អនុញ្ញាត​ឱ្យ​មាន​សំឡេង​ប្រឆាំង​ក្នុង​បក្ស​ត្រឹម​តែ​២១​សំឡេង​ប៉ុណ្ណោះ។ តែ​បើតាម​ប្រភព​ទូរទស្សន៍​NBC New មាន​សភាអ្នក​តំណាង​បក្ស​សាធារណរដ្ឋ​ចំនួន ៣០​រូប គ្រោងនឹង​បោះឆ្នោត​ប្រឆាំង ឬ មាន​និន្នាការ​ប្រឆាំង​នឹង​គម្រោង​ច្បាប់​សុខភាព​ថ្មី។

ប្រសិន​បើ​ដូច្នេះ​មែន ​ច្បាប់​របស់​លោក​ត្រាំ មិន​អាច​អនុម័ត​ចេញបាន​ទេ ! ពេល​នេះ​ អ្វីៗ​ស្ថិត​ក្នុង​ភាព​មិន​ជាក់​លាក់​ទាំង​អស់។ ការ​ចរចា​បញ្ចុះ​បញ្ចូល​នៅ​តែ​បន្ត​ធ្វើ​ពេញ​មួយ​យប់​ថ្ងៃព្រហស្បតិ៍​នេះ ! ហើយ​រហូត​ដល់​យប់​ជ្រៅ​ទៅហើយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ថា​ជញ្ជីង​ផ្អៀង​ទៅ​ខាង​ណាដែរ។

បញ្ចុះ​បញ្ចូល​មិន​សម្រេច ​​​លោក​ត្រាំ បាន​ប្រើ​វិធី​សំឡុត ​ ​​ដាក់ឱសានវាទ
 
ច្បាប់​អូបាម៉ាឃែរ ជា​ចំណុច​ដៅ​វាយប្រហារ របស់​អ្នក​សាធារណរដ្ឋ ​តាំង​ពីមុន​និង​ក្រោយ​ការ​បោះឆ្នោត​​ប្រធានាធិបតី។ ​លោក​ដូណាល់ ត្រាំ បាន​យក​ការ​លុប​ច្បាប់​ធានារ៉ាប់រង​​បង្កើត​ឡើង​ដោយ​លោក​អូបាម៉ា ដែល​មាន​អាយុ​៧​ឆ្នាំ​គត់ នៅ​សប្តាហ៍​នេះ ជា​អាទិភាព​មួយ និង​ជា​កាតព្វកិច្ច​ត្រូវ​សម្រេច​មុន​គេ ព្រោះ​សម្រាប់​លោកច្បាប់​នេះ​បាន​ធ្វើ​ខាត​បង់​ប្រាក់​រដ្ឋ​ខ្លាំង​ណាស់។

គ្រាន់​តែ​បាន​ស្បថ​ចូល​កាន់​តំណែង​ នៅ​ថ្ងៃទី ២០ មករា ២០១៧​ភ្លាម លោកដូណាល់ត្រាំ ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​ប្រឆាំង​នឹង​អូបាម៉ាឃែរភ្លាម​ដែរ ជា​និម្មិត្តរូប​នយោបាយ។ មួយ​ខែ​ក្រោយ​មក​ទៀត លោក​ត្រាំ បាន​ធ្លោយ​មាត់​ថា ច្បាប់​សុខភាព​​មាន​លក្ខណៈ​ស្មុគស្មាញ មិន​គួរ​ឱ្យ​ជឿ !

លោក​បាន​ចុះ​ប្រលូក​ដោយ​ផ្ទាល់ ណាត់​ជួប​តំណាង​សភា​​ដល់​សេតវិមាន តែ​ទី​បំផុត​សភា​នៅ​តែ​មិន​អាច​អនុម័ត​ច្បាប់​សុខភាព​ថ្មី​បាន​នៅ​យប់ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ លោកត្រាំ គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ត្រូវ​ប្រើ​ធម៌​ក្តី ​បែប​គំរាម​កំហែង ​ដាក់​ឱសានវាទ​ ថា​សភា​ត្រូវ​តែបោះឆ្នោត​អនុម័ត​ច្បាប់​សុខភាព ដើម្បី​លុប​និង​យក​ទៅ​ជំនួស​ច្បាប់​អូបាម៉ា​ឃែរ ​នៅ​សុក្រ​នេះ!

សម្រាប់​លោក​ត្រាំ​ ពេលវេលា​នៃ​ការ​ចរចា​ត្រូវ​ចប់ ! គេ​ត្រូវ​តែ​បោះឆ្នោតអនុម័ត ! បើ​ត្រូវ​ចាញ់ នោះ​ច្បាប់​អូបាម៉ាឃែរ​នឹង​បន្តមាន​ជីវិត​ទៀត ! តែ​គឺ​បក្ស​សាធារណរដ្ឋ​ទាំង​មូល​ដែល​ត្រូវ​រង​គ្រោះ​ថ្នាក់ ទៅ​ថ្ងៃ​មុខ ! បក្ស​សាធារណរដ្ឋ អាច​នឹង​ត្រូវ​ចាញ់​ឆ្នោត​សភា​និង​ព្រឹទ្ធសភា នៅ​ឆ្នាំ​២០១៨ ព្រោះ​បក្ស​នេះ​មិន​បាន​គោរព​ពាក្យ​សន្យា លុប​ច្បាប់​សុខភាព​របស់​រដ្ឋបាល​លោក​អូបាម៉ា។

បក្ស​សាធារណរដ្ឋ​ សាក​ល្បង​បិទ​ខ្ទប់​រំលាយ​ច្បាប់​អូបាម៉ាឃែរ តាំង​ពី​លោក​បារ៉ាក់​អូបាម៉ា នៅ​កាន់​តំណែង​ប្រធានាធិបតី​មក​ម្ល៉េះ។ បក្ស​នេះ​​ធ្លាប់​បាន​សន្យា ថា​នៅ​ពេល​ជាប់​ឆ្នោត មាន​ប្រធានាធិបតី​អ្នក​សាធារណរដ្ឋ​​​ដឹកនាំ​ប្រទេស នឹង​លុប​ច្បាប់​នេះ​ចោល​ភ្លាម។ ឥលូវ​មាន​ឱកាស​ហើយ​ហេតុអ្វី​បែរ​ត្រូវ​ទុក​ឱ្យ​ខក​ខាន​ទៅវិញ ?! នេះ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​ពី​ឆ្នាំ​២០០៦​មក ​ដែល​បក្ស​សាធារណរដ្ឋ​មាន​អំណាច​យ៉ាង​ពេញ​ដៃ កាន់​​តំណែង​​ប្រធានាធិបតី​ហើយកាន់កាប់​សភា ​និង​ព្រឹទ្ធសភា​ទាំង​មូល។ មាន​អំណាច​ពេញ​ដៃ​ ហើយ​មិន​អាច​អនុម័ត​ច្បាប់​ចេញ បូក​ផ្សំ​នឹង​ស្នាដៃ​ដ៏​ស្តួច​ស្តើងរបស់​លោក​ត្រាំ​​ទៀត តើ​ប្រជាពលរដ្ឋ​នឹង​បន្ត​ផ្តល់​ជំនឿ​លើ​បក្ស​សាធារណរដ្ឋ នៅ​ពេល​បោះឆ្នោត​ពាក់កណ្តាល​អាណាត្តិទៀតឬ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ