អានតួអត្ថបទ
អាមេរិក

អាមេរិក៖​គណបក្ស​សាធារណរដ្ឋ​ផ្តើម​នីតិវិធី​ស្តីពី​ច្បាប់​សុខភាព​ថ្មី​ដើម្បី​ជំនួស​ច្បាប់ Obamacare

នៅ​សហរដ្ឋអាមេរិក គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សម្លេង​ច្រើន​នៅ​សភា​បាន​ផ្តើម​នីតិវិធី​ជជែក​នា​ថ្ងៃ​ចន្ទ ទី៦ មីនា​លើ​សំណើ​ថ្មី​ស្តីពី​កំណែទម្រង់​ច្បាប់​ស្តីពី​សុខភាព។ គោលដៅ គឺ​ដើម្បី​ដាក់​ច្បាប់​ថ្មី​នេះ​ជំនួស​ច្បាប់​ស្តីពី​សុខភាព​អនុម័ត​ក្នុង​ជំនាន់​លោក​អូបាម៉ា​ដែល​ហៅ​ថា Obamacare។ សូម​ជម្រាប​ជូន​ថា កំណែទម្រង់​លើ​ប្រព័ន្ធ​សុខភាព​ដោយ​សំដៅ​លប់​ច្បាប់ Obamacare ជា​ការ​ចង់​បាន​របស់​លោក​ដូណាល់ ត្រាំ​ដែល​លោក​យល់​ថា បាន​ធ្វើ​រដ្ឋ​ចំណាយ​លុយ​ច្រើន​ណាស់។

នៅ​អាមេរិក គណបក្ស​​សាធារណរដ្ឋ​​ផ្តើម​​នីតិវិធី​​ស្តីពី​​ច្បាប់​សុខភាព​​ថ្មី​ដើម្បី​ជំនួស​​​ច្បាប់ Obamacare
នៅ​អាមេរិក គណបក្ស​​សាធារណរដ្ឋ​​ផ្តើម​​នីតិវិធី​​ស្តីពី​​ច្បាប់​សុខភាព​​ថ្មី​ដើម្បី​ជំនួស​​​ច្បាប់ Obamacare RHONA WISE / AFP
ផ្សាយពាណិជ្ជកម្ម

សំណើ​ច្បាប់​ថ្មី​ស្តីពី​សុខភាព​ដែល​មាន​ការ​ថ្លឹងថ្លែង និង​ជជែក​ពិភាក្សា​យ៉ាង​លំអិត​ជាមួយ​សេតវិមាន​ទើប​បាន​បោះផ្សាយ រួច​នឹង​ត្រូវ​ដាក់​ឲ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​នៅ​ក្នុង​សភា​នា​ប៉ុន្មាន​ខែ​ខាង​មុខ។ លោក Paul Ryan ប្រធាន​ក្រុម​តំណាងរាស្រ្ត​សម្លេង​ភាគច្រើន​បាន​ថ្លែង​ថា វា​ល្មម​ដល់​ពេល​ដែល​ត្រូវ​បើក​ទំព័រ​ថ្មី​ដើម្បី​ស្រោចស្រង់​ប្រព័ន្ធ​សុខភាព និង​បិទ​បញ្ចប់​ច្បាប់​ស្តីពី​សុខភាព​សល់​ពី​ជំនាន់​លោក​អូបាម៉ា Obamacare ដ៏​មហន្តរាយ។

សូម​ជម្រាប​ជូន​ថា ច្បាប់​ស្តីពី​សុខភាព Obamacare ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០១០ ដោយ​សភា​ដែល​ក្រុម​អ្នក​ប្រជាធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន និង​ដែល​តាំង​ពី​ក្រោយ​ការ​អនុម័ត​មក ច្បាប់​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាមេរិក​ជាង ២០លាននាក់​ទទួល​បាន​សេវា​ធានា​រ៉ាប់រង​ដោយ​មាន​ជំនួយ​ពី​រដ្ឋ​ជា​លើកទី១ នៅ​ក្នុង​ជីវិត​របស់​ពួក​គេ។ ច្បាប់ Obamacare បាន​ជួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​ដែល​គ្មាន​សេវា​ធានារ៉ាប់រង​សុខភាព​ទាល់​តែ​សោះ​ថយ​ចុះ​ពាក់​កណ្តាល ពី ១៦%មក​នៅ​ប្រមាណ​ជា ៨,៩% ក្នុង​ឆ្នាំ ២០១៦។

សំណើ​ច្បាប់​ថ្មី​ស្តីពី​សុខភាព​ដែល​បាន​បង្ហាញ​ចេញ​ក្នុង​ថ្ងៃ​ចន្ទ ទី៦ មីនា​នឹង​ត្រូវ​ដាក់​ឲ្យ​សភា​ជជែក​ដេញដោល​គ្នា​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។ ពិត​ណាស់​ថា ច្បាប់​ថ្មី​នេះ​មាន​គោលដៅ​ជំនួស​ច្បាប់ Obamacare តែ​ក៏​មាន​ការ​រក្សា​ទុក​នូវ​មាត្រា​សំខាន់​ចំនួន​ពីរ ទី១ ទុក​លទ្ធភាព​ឲ្យ​កូនៗ​បន្ត​ស្ថិត​ក្នុង​សេវា​ធានារ៉ាប់រង​ជាមួយ​ឱពុក ម្តាយ​រហូត​ដល់​អាយុ ២៦ឆ្នាំ និង​ទី២ ហាម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មិន​ឲ្យ​រើសអើង​ក្នុង​ការ​ទទួល​អ្នក​ចង់​បាន​សេវាធានា​រ៉ាប់រង​ដោយ​ពិនិត្យ​មើល​លើ​ប្រវត្តិ​ជម្ងឺ​របស់​ពួក​គេ។

យ៉ាង​ណា​ក៏​ដោយ និង​បើ​ទោះ​បី​ជា​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ​មាន​សម្លេង​ភាគ​ច្រើន​នៅ​សភា និង​ព្រឹទ្ធសភា​ដែល​អាច​លុប​ច្បាប់ Obamacare ដោយ​គ្មាន​ឧបសគ្គ​ក៏​ដោយ ក៏​មាន​សមាជិក​ព្រឹទ្ធសភា​ខ្លះ​របស់​បក្ស​សាធារណរដ្ឋ​បាន​សម្តែង​ក្តី​បារម្ភ​ពី​វិធានការ​យ៉ាង​គំហុក និង​ទាញ​សញ្ញា​ព្រមាន​ទុក​ជា​មុន​ថា គេ​ត្រូវ​ចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ណា​ដែល​កំពុង​ទទួល​បាន​សេវា Obamacare បែរ​ជា​បាត់បង់​ទាំង​ស្រុង​នូវ​សេវា​ធានា​រ៉ាប់រង​សុខភាព​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ