អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជនអន្តោប្រវេសន៍ខុសច្បាប់នៅសហរដ្ឋអាមេរិកកំពុងសំរុកចូលទៅសុំសិទ្ធិរស់នៅក្នុងប្រទេសកាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

 គ្រាន់​តែ​រយៈ​ពេល​ពីរ​ខែ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ប្រទេស​កាណាដា​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​ ​ចំនួន​ ៥ ៥២០ ច្បាប់។​ តួលេខ​នេះ​ គឺ​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​រហូត​ទៅ​ដល់​ទ្វេ​ដង​ឯណោះ។ ​ អ្នក​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​ទាំងនោះ​ គឺ​ក្នុង​ឋានៈ​ជា​ជន​ភៀស​ខ្លួន។​​ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ប្រទេស​កាណាដា​ក៏​កំពុង​ប្រឈម​នឹង​បាតុភូត​អន្តោប្រវេសន៍​ថ្មី​មួយ​ទៀត។​ នោះ​គឺ​ការ​សំរុក​លួច​ឆ្លង​ចូល​ព្រំដែន​ពីសំណាក់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រស់​នៅ​សហរដ្ឋ​អាមេរិក។​ បណ្តា​ជន​ទាំង​នោះ​កំពុង​តែ​ភ័យ​ខ្លាច​នឹង​ការ​បណ្តេញ​ចេញ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ បាន​ដាក់​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹង​រ៉ឹង​មួយ។ 

​លោក Donald Trump ប្រធានាធិបតី​អាមេរិក និង​លោក​ Justin Trudeau នាយករដ្ឋមន្រ្តី​កាណាដា
​លោក Donald Trump ប្រធានាធិបតី​អាមេរិក និង​លោក​ Justin Trudeau នាយករដ្ឋមន្រ្តី​កាណាដា REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​ថ្ងៃ​ទី​២១ មីនាកន្លង​ទៅ​នេះ​ ក្រសួង​អន្តោប្រវេសន៍​កាណាដា​បាន​ផ្សព្វផ្សាយ​របាយការណ៍​​​ស្ថិតិមួយ​ស្តីពី​ការសុំ​សិទ្ធិ​រស់​នៅ​ក្នុង​ឋានៈ​ជាជន​ភៀស​ខ្លួន​។ បើ​យើង​ប្រៀប​ធៀប​ជាមួយ​នឹង​បណ្តា​ឆ្នាំ​មុនៗ​ ពោល​គឺ ​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥​ ប្រទេស​កាណាដា​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​ក្នុង​ឋានៈ​ជា​ជនភៀស​ខ្លួន​ជាមធ្យម​ក្នុង​ចំនួន​តែ​ ១៧ ១៤៤ នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។​ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ សំរាប់​រយៈពេល​ ២ ខែ​ដើម​ឆ្នាំ​២០១៧​ ប្រទេស​កាណាដា​បាន​ទទួល​ពាក្យ​សុំ​របៀប​នេះ​រហូត​ទៅ​ដល់​ចំនួន​ ៥ ៥២០ ច្បាប់។​ បើ​តាម​ការ​ប៉ាន់​ស្មាន​ ពី​ពេល​នេះ​រហូត​ទៅ​ដល់​ចុង​ឆ្នាំ​ ប្រសិន​បើ​ចំនួន​នេះ​នៅ​តែ​បន្ត​កើន​ឡើង​បែប​នេះ​ ប្រទេស​កាណាដា​អាច​នឹង​ទទួល​អ្នក​សុំ​រស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ក្នុង​ឋានៈ​ជាជន​ភៀស​ខ្លួន​រហូត​ទៅ​ដល់​ ៣ ម៉ឺន​នាក់។

សូម​រំលឹក​ផង​ដែរ​ កាលពី​ឆ្នាំ​២០១៦​ ចំនួន​ជនភៀស​ខ្លួន​សុំ​សិទ្ធិ​រស់​នៅ​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ចំនួន​ ២៣ ៨៩៥ នាក់។ ប៉ុន្តែ ​កាលទេសៈ​ពេល​នោះ​មាន​លក្ខណៈ​ពិសេស​ ព្រោះ​វា​ជា​ការ​សន្យា​របស់​លោក​ Justin Trudeau ក្នុង​ពេល​យុទ្ធនាការ​ស្វែង​រក​សម្លេង​ឆ្នោត។​ ក្រោយ​ពី​បាន​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្រ្តី​កាណាដា​​ លោក​ Trudeau បាន​គោរព​ពាក្យ​សន្យា​ដោយ​បាន​យល់​ព្រម​ទទួល​យក​​ជនភៀស​ខ្លួន​ស៊ីរី​ជាង​ ២ ម៉ឺន​។​ ជន​ភៀស​ខ្លួន​មួយ​ចំនួន​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​កាណាដា​ដោយ​ផ្ទាល់​តែ​ម្តង​។​ ចំណែក​ជន​ភៀស​ខ្លួន​មួយ​ផែ្នក​ធំ​ទៀត​ត្រូវ​បាន​ធានា​រ៉ាប់រង​ដោយ​ពលរដ្ឋ​ និង​បណ្តា​សមាគម​កាណាដា​នានា។

របាយការណ៍​របស់​ក្រសួង​អន្តោប្រវេសន៍​នេះ​ក៏​គាប់​ជួន​គ្នា​ផង​ដែរ​ ខណៈ​ពេល​ដែល​ប្រទេស​កាណាដា​កំពុង​តែ​ទទួល​ប្រឈម​នឹង​បញ្ហា​អន្តោប្រវេសន៍​ថ្មី​មួយ​ទៀត។​ នោះ​គឺ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​រស់​នៅ​សហរដ្ឋ​អាមេរិក​កំពុង​តែ​សំរុក​លួច​ឆ្លង​ព្រំ​ដែន​មក​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់នៅ​ក្នុង​ប្រទេស​កាណាដា។​ ចាប់​តាំង​ពីដើម​​ឆ្នាំ២០១៧​នេះ ភ្នាក់​ងារ​ប៉ូលីស​ព្រំដែន​កាណាដា​បាន​ស្ទាក់​ចាប់​ជនអន្តោ​ប្រវេសន៍​ខុស​ច្បាប់​ចំនួន​ ១ ១៣៤ នាក់​ ដែល​បាន​លួច​ឆ្លង​ព្រំ​ដែន។ ជន​អន្តោប្រវេសន៍​និយម​​លួច​ឆ្លង​ព្រំដែន​តាម​ខេត្ត​ចំនួន​បី​ គឺ​ខេត្ត​កេបិច​ ខេត្ត​ម៉ានីតូបា​ និង​ខេត្ត​កូឡំប៊ី​ប្រ៊ីតានិក។ ភាគ​ច្រើន​នៃ​ជន​ទាំង​នោះ​បាន​សំរេច​ចិត្ត​ប្រថុយ​ចូល​ប្រទេស​កាណាដា​ ព្រោះ​សំណើ​សុំ​សិទ្ធិ​រស់​នៅ​លើ​ទឹកដី​អាមេរិក​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ។

ចំណែក​មួយ​ចំនួន​ទៀត​បាន​សំរេច​ចិត្ត​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ព្រោះ​គេ​បារម្ភ​ភ័យ​ខ្លាច​នយោបាយ​អន្តោ​ប្រវេសន៍​ដ៏​តឹងរ៉ឹង​ និង​រើស​អើង​របស់​លោក​ប្រធានាធិបតី​ ដូណាល់​ ត្រាំ។ បើ​យោង​តាម​បណ្តា​សារព័ត៌មាន​កាណាដា​នានា​បាន​ឲ្យ​ដឹង​ថា អ្នក​លួច​ឆ្លង​ព្រំ​ដែន​ទាំង​នោះ​បាន​ឆ្លៀត​ឱកាស​កេង​ចំណេញ​ពី​កិច្ច​ព្រម​ព្រៀង​កាណាដា-អាមេរិក​ស្តីពី​ជន​ភៀសខ្លួន។​ តាម​រយៈ​កិច្ច​ព្រម​ព្រៀម​នោះ​ ប្រសិន​បើមាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ពី​សហរដ្ឋ​អាមេរិក​លួច​ឆ្លង​ចូល​ទឹកដី​កាណាដា​ដោយ​ពុំ​បាន​ចូល​តាម​រយៈ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ត្រឹម​ត្រូវ​ ប្រទេស​កាណាដា​គ្មាន​សិទ្ធិ​បណ្តេញ​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​ចេញ​ពី​ទឹកដី​កាណាដា​ឡើយ​។ ​ករណី​នេះ​ក៏​អនុវត្ត​ដូច​គ្នា​សំរាប់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កាណាដា​ ដែល​ចង់​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក។ ម៉្យាង​ទៀត​ បាតុភូត​លួច​ឆ្លង​ដែន​ចូល​ប្រទេស​កាណាដា​នេះ​ក៏​ដោយ​សារ​តែមាន​បណ្តាញ​ក្រុម​មេខ្យល់​ជា​អ្នក​រៀបចំ​ផងដែរ។

អាជ្ញាធរ​កាណាដា​ និង​អាមេរិក​កំពុង​តែ​ស៊ើប​អង្កេត​ករណី​នេះ​ ដើម្បី​ចៀស​វាង​អំពើ​កេង​ប្រវ័ញ្ច​ជួញ​ដូរ​មនុស្ស។ កន្លង​មក​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ Justin Trudeau ​បាន​បង្ហាញ​ជំហរ​ទទួល​ស្វាគមន៍​ចំពោះ​បណ្តា​ជន​សុំ​សិទ្ធិ​រស់​នៅ​លើ​ទឹកដី​កាណាដា។​ ជាក់​ស្តែង​កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​ ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ ​បាន​ចេញ​ក្រឹត្យ​ប្រឆាំង​អន្តោប្រវេសន៍​ខុស​ច្បាប់​ ពេលនោះ​ លោក​ Justin Trudeau ​បាន​សរសេរ​នៅ​លើ​បណ្តា​សង្គម​ Twitter ដោយ​អះអាង​ថា​ កាណាដា​បើក​ទ្វារស្វាគមន៍​។ ហើយ​លោក​ស្នើ​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​រៀបចំ​ដាក់​ពាក្យ​សុំ​សិទ្ធិ​រស់​នៅ​លើ​ទឹកដី​កាណាដា។​ ក្នុង​ជំនួប​រវាង​លោក​ Justin Trudeau និង​លោក​ ដូណាល់​ ត្រាំ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ​កន្លង​ទៅ​នេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា​ក៏​បាន​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ។

សព្វ​ថ្ងៃ​នេះ មាន​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​ជាង ១១ លាន​នាក់​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក។​ ក្នុង​នោះ​មាន​ជនជាតិ​ម៉ិចស៊ិក​ជាង​ ៥ លាន​នាក់។​ ក្រោយ​ពី​បាន​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ ត្រាំ គ្រោង​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​។ បើ​តាម​ការ​គ្រោង​ទុក​ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចន្លោះ​ពី​ ២ ទៅ​ ៣​ លាន​នាក់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ទឹកដី​អាមេរិក។​ កាលពី​សម័យ​លោក​អតីត​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥​ សហរដ្ឋ​អាមេរិក​បាន​បណ្តេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចំនួន​ជាង​ ២,៥ លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ