លោកត្រាំ និងលោកទ្រូដូ សម្តែងគំនិតផ្ទុយគ្នាក្នុងសន្នីសីទកាសែតរួម
ក្រោយជំនួបនៅសេតវិមាន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីកាណាដា លោក ទ្រូដូ ជាភ្ញៀវបាន បានធ្វើសន្និសីទកាសែតរួមគ្នា។ ជាសន្និសីទរួម ប៉ុន្តែមេដឹកនាំប្រទេសជាប់របងគ្នាទាំងពីរ បានបំភ្លឺជាសាធារណៈនូវគំនិតផ្ទុយគ្នា លើសំណុំរឿងអន្តោប្រវេសន៍ និង ការផ្តោះប្តូរពាណិជ្ជកម្មសេរី។ ប្រធានាធិបតីអាមេរិកចង់សើរើចរចាឡើងវិញ តែនាយករដ្ឋមន្ត្រីកាណាដាបានរំលឹកវិញថា កិច្ចព្រមព្រៀងនេះជាអាយុជីវិតរបស់សេដ្ឋកិច្ចកាណាដា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៧
លោក ត្រាំ និងលោក ទ្រូដូ បានបញ្ជាក់ ដោយចំហនិងយ៉ាងរលូន អំពីជំហរពីរផ្ទុយគ្នានេះ នៅក្នុងសន្និសីទកាសែតរួមគ្នា ក្រោយជំនួបបិទទ្វារនៅសេតវិមានរួច។
ប្រមុខដឹកនាំទាំងពីរ ទទួលខុសត្រូវទាំងស្រុងចំពោះជំហរនយោបាយរបស់ខ្លួនរៀងៗខ្លួន។ នៅក្នុងសំណុំរឿងអន្តោប្រវេសន៍ ដែលតុលាការអាមេរិកទើបបានសម្រេចព្យួរក្រិត្យប្រធានាធិបតី លោកត្រាំ នៅតែរក្សាជំហរដាច់ខាតដដែល ដោយបញ្ជាក់ថា “យើងមិនអាចអនុញ្ញាតឱ្យមនុស្សអាក្រក់ចូលប្រទេសទេ។ ខ្ញុំមិនអាចបណ្តោយឱ្យវាកើតបានឡើយ។ ជាសេចក្តីសម្រេចដែលពិបាកទទួលយកបន្តិច ប៉ុន្តែធាតុពិត នេះជានយោបាយល្អ”។
ឯខាងលោកនាយករដ្ឋមន្ត្រីទ្រូដូ ដែលបានទៅទទួលជនអន្តោប្រវេសន៍ដល់ព្រលានយន្តហោះ មិនយល់ស្របនឹងលោកត្រាំឡើយ ប៉ុន្តែលោកទ្រូដូ បានអះអាងថា លោកគ្មានហេតុផលអ្វីត្រូវផ្តល់មេរៀនឱ្យអាមេរិកទេ ក្នុងសំណុំរឿងនេះ ហើយលោកក៏មិនដាក់បម្រាមលើខ្លួនឯងដែរ ៖ “សុវត្ថិភាពរបស់ពលរដ្ឋកាណាដា ជាគ្រឹះនៃទំនួលខុសត្រូវរបស់គ្រប់រដ្ឋាភិបាល ! តែទន្ទឹមគ្នានេះ យើងប្រកាន់ខ្ជាប់ជានិច្ចនយោបាយបើកចំហទទួលអន្តោប្រវេសន៍និងជនភៀសខ្លួនដែលមិនប៉ះពាល់ដល់សុវត្ថិភាព។ ការទទួលខុសត្រូវរបស់ខ្ញុំ គឺចង់ធ្វើជាគំរូវិជ្ជមានឱ្យពិភពលោក”។
ផ្ទុយទៅវិញ គេមិនបានដឹងអំពីជោគវាសនាអនាគតរបស់កិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មទេ។ លោកត្រាំ និងលោកទ្រូដូ បានបង្ហាញអំពីភាពស៊ីចង្វាក់គ្នា តែហាក់ដូចមានរអៀសចិត្តគ្នាខ្លះ ឯសុន្ទរកថាក៏ដូចជាស្មើជ្រុល។ លោកត្រាំបានត្រឹមតែធានារ៉ាប់រងដៃគូកាណាដាថា នឹងតម្រឹមកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរី ឯលោកនាយករដ្ឋមន្ត្រី ទ្រូដូ វិញ បានទន្ទេញពាក្យដដែលៗ បញ្ជាក់អំពីភាពសំខាន់ស្លាប់រស់នៃការផ្តោះប្តូរពាណិជ្ជកម្មសេរីសម្រាប់កាណាដា និង ៣៥រដ្ឋរបស់អាមេរិក ដែលរំពឹងទាំងស្រុងលើទីផ្សារកាណាដា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ