អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​ដូណាល់ ត្រាំ​​ បំពេញ​​​ទស្សនកិច្ច​​​នៅ​​​​​​អារ៉ាប៊ី​សាអូឌីត​​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹក​​ថ្ងៃសៅរ៍​២០ឧសភា​នេះ ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បានធ្វើដំណើរ​​​ទៅដល់ ទីក្រុង​រីយ៉ាត ប្រទេស​​អារ៉ាប៊ីសាអូឌីត។ ព្រះមហាក្សត្រ​សាល់ម៉ាន បាន​ទទួល​លោក​ត្រាំ​យ៉ាង​អធិកអធម។ នេះជា​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ត្រាំ នៅក្រៅ​ប្រទេស គិត​តាំង​ពី​លោកឡើងកាន់​អំណាច​មក។ គណបក្ស​​សាធារណរដ្ឋ​សង្ឃឹម​ថា ទស្សនកិច្ច​លោកដូណាល់ ត្រាំ នៅ​បរទេស​លើកនេះ អាចជួយ​​​បន្ធូរ​រឿងអាស្រូវ​នយោបាយ​របស់​លោកត្រាំ​បាន​ខ្លះ។ 

Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុអ្វី​​លោកដូណាល់ ត្រាំ​ ​ជ្រើសរើស​អារ៉ាប៊ី សាអូឌីត ជា​ប្រទេស​ទី១ សម្រាប់​ទស្សនកិច្ច​ដំបូង​របស់​លោក​នៅបរទេស?

ជាទូទៅ ​ប្រធានាធិបតី​អាមេរិក អាណត្តិមុនៗ តែង​​​ជ្រើសរើស​​​ប្រទេស​ជិតខាង ដូចជា​កាណាដា រឺ​ក៏ម៉ិចស៊ិក ក្នុង​ដំណើរទស្សកិច្ច​លើកដំបូងនៅ​ក្រៅប្រទេស។ ទិសដៅចំបង​​នៃទស្សនកិច្ច​លោកត្រាំ​នៅ​អារ៉ាប៊ីសាអូឌីត​ ​​គឺដើម្បី​បង្ហាញ​ជំហរ​​អាមេរិកក្នុង​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត ក្នុង​ការ​កំចាត់ភេរវកម្ម ​ក្នុង​តំបន់។ ឆ្លៀតពេលនេះ ​​គេមើលឃើញដែរ​​​ថា លោកត្រាំ​ចង់​ស្តារ​ទំនាក់ទំនង​រវាង​អាមេរិក ​​ជាមួយ​អារ៉ាប៊ី​សាអូឌីត​ឡើងវិញ ព្រោះ​ក្នុងអាណត្តិ​របស់​លោក​អូបាម៉ា ​​ទំនាក់ទំនងរវាង​អាមេរិក​ និង​អារ៉ាប៊ីសាអូឌីត​មិនសូវជា​ល្អូកល្អឺន​ទេ។ ​​​លោក​អូបាម៉ានិង​មេដឺកនាំ​មហាអំណាច​លោកខាងលិច ​​បានសម្រេច​​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​ជាមួយ​អ៊ីរ៉ង់ ដែលជា​សត្រូវ​របស់​អារ៉ាប៊ី​សាអូឌីត​ ក្នុង​តំបន់។ ប្រទេ​សអារ៉ាប់​និកាយ​ស៊ុននីត​ និង​អ៊ីស្រាអែល មិនសូវ​​ចូលចិត្ត​លោក​អូបាម៉ា​ទេ។

កន្លងមក ក្នុង​ពេល​ឃោសនា​បោះឆ្នោត​អាមេរិក ​លោកដូណាល់ ​​ត្រាំ​ ក៏ធ្លាប់​រិះគន់កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ដែរ។ អញ្ចឹងពេល​លោកត្រាំ ជាប់ឆ្នោត​​នៅ​អាមេរិក​ អារ៉ាប៊ី សាអូឌីត​សប្បាយចិត្ត​មិនតិចទេ។ លោក​ដូណាល់ ត្រាំ នឹង​ជួយស្តារ​​​ទំនាក់ទំនង​អាមេរិក-អារ៉ាប៊ីសាអូឌីត អោយ​ប្រសើរ​​ឡើងវិញ។ ​កាលពី​ខែមិនា លោកត្រាំ ធ្លាប់​ទទួល​​រាជបុត្រ​ស្នងរាជ​លំដាប់ទី២​របស់​អារ៉ាប៊ី សាអូឌីត ​គឺ​ព្រះអង្គម្ចាស់ បេន សាល់ម៉ាន នៅសេតវិមា​នរួចហើយ។ ហើយ​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក​​ជីម ម៉ាទីស ក៏បាន​ទៅ​ទីក្រុង​រីយ៉ាត​រួចហើយដែរ។

​លោក​ត្រាំ ធ្លាប់​លើកឡើង​ថាគឺនៅ​អារ៉ាប៊ីសាអូឌីតហ្នឹងហើយ ដែល​អាមេរិក​នឹង​ចាក់គ្រឹះ​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ និង​គាំទ្រ​ប្រទេស​សម្ព័ន្ធមិត្ត​ ដើម្បី​កំចាត់​ក្រុមជ្រុលនិយម។ ថ្ងៃអាទិត្យ​​ស្អែក​ ​ទីក្រុង​រីយ៉ាត​រៀប​​ជំនួប​​កំពូល​អារ៉ាប់ មាន​​មេដឹកនាំ​មកពីជាង​៥០ប្រទេស​ចូលរួម។ ក្នុង​ឧកាស​នេះ លោកត្រាំក៏អាច​ឆ្លៀត​ពង្រឹង​ទំនាក់ទំនង​អាមេរិក និង​ប្រទេស​អារ៉ាប់ផ្សេងទៀត​​ផងដែរ។ ​  ​

គេមើលឃើញថា ប្រតិបត្តិការ​អាមេរិក​​​កំចាត់ក្រុមភេរវកម្ម កំចាត់​​ក្រុម​ជ្រុល​និយមក្នុង​តំបន់ ​​ក៏​​ជា​មូលហេតុ​របស់​លោកត្រាំ ក្នុង​ការ​​ផ្សព្វផ្សាយ​ឧស្សាហកម្ម​អាវុធ​​​របស់​អាមេរិក​​ដែរ។ លោកត្រាំ​ចង់​លក់​អាវុធ​អោយ​អារ៉ាប៊ី​សាអូឌីត តាម​រយៈ​កិច្ចសន្យា​ជាច្រើន ដែល​មា​នតម្លៃ​១០០ពាន់លាន​ដុល្លារ។ ប៉ុន្តែ គេ​សួរថា តើ​ក្រុង​រីយ៉ាត​អាច​ចុះហត្ថលេខា​ទិញ​ដែរទេ ហើយ​បើទិញ​ តើ​ត្រូវបង់​លុយ​ដូចម្តេច ព្រោះ​ពេលនេះ ថ្លៃប្រេង​ឆៅ​ដាំក្បាលចុះ មិនទាន់​ងើបតម្លៃ​​ឡើង​បានស្រួល​ទេ។ ​និយាយ​រឿង​រកស៊ី​នេះ ​អារ៉ាប៊ីសាអូឌីត ជា​ប្រទេសមហាសេដ្ឋី​ប្រេង​ លោកដូណាល់ ត្រាំ ជា​ប្រធានាធិបតី មាន​បទពិសោធន៍​​រកស៊ី​ជ្រៅជ្រះ នេះក៏​​អាច​​ជាមូលហេតុ​ចំបង​មួយ​ដែរ​ ​​ដែលធ្វើអោយ​​​លោក​ត្រាំ​​ ជ្រើសរើស​​អារ៉ាប៊ី​សាអូឌីត ជា​ប្រទេស​ដំបូង​ក្នុងដំណើរទស្សនកិច្ច។

ប្រធានាធិបតី​អាមេរិក ទស្សនកិច្ច​​អារ៉ាប៊ីសាអូឌីត ​២ថ្ងៃ រហូត​​ថ្ងៃ​អាទិត្យ​ស្អែក រួច​លោក​​​បន្ត​ដំណើរ​ទៅ​​អ៊ីស្រាអែល ប៉ាឡេស្ទីន បុរីវ៉ាទីកង់ ​និង​បែលហ្ស៊ិក។ នៅ​បែលហ្ស៊ិក លោក​នឹង​ចូលរួម​ជំនួប​អូតង់ រួច​ហើយ​លោក​បន្ត​ទៅ​ស៊ីស៊ីល ចូលរួម​ជំនួប​ប្រទេសឧស្សាហកម្ម​​G៧។

ទិសដៅ​សន្ទរកថា​របស់​​លោកដូណាល់ ត្រាំ នៅ​ទីក្រុង​រីយ៉ាត គឺ​ចៀស​បង្កភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ីស្លាម​
ក្នុង​ជំនួប​មេដឺកនាំប្រទេស​​អារ៉ាប់និង​ប្រទេស​កាន់សាសនា​អ៊ីស្លាម ​មកពី​ជាង​៥០ប្រទេស​ ​នៅអារ៉ាប៊ីសាអូឌីត ថ្ងៃអាទិត្យ​​ស្អែកនេះ ​លោកត្រាំ នឹង​ថ្លែង​សន្ទរកថា​​ លើកឡើង​ពី​​ចក្ខុវិស័យ​​សន្តិភាព​របស់​សាសនា​អ៊ីស្លាម។ ​ដើម្បីពង្រឹង​ចំណង​អាមេរិក​ជាមួយបណ្តា​​ប្រទេស​នៅ​តំបន់​បូព៌ា ​លោកត្រាំ​ក៏​នឹង​ឆ្លៀត​​​បង្ហាញ​​ថា​អាមេរិក​គាំទ្រ​ប្រទេស​កាន់សាសនា​អ៊ីស្លាម ក្នុង​ការ​ស្វែងរក​ស្ថិរភាព​សន្តិភាព​​ក្នុង​តំបន់​ ប្រឈម​នឹង​ក្រុមជ្រុលនិយម។ ​ដើម្បី​ចៀសវាង​​ភាពតានតឹង​ជាមួយ​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ លោកត្រាំ​ច្បាស់ជា​មិននិយាយ​ពី​បញ្ហា​​សិទ្ធិមនុស្ស រឺ​ក៏​ក្រឹត្យ​អន្តោប្រវេសន៍​របស់​លោក ដែល​​ហាមឃាត់​ពលរដ្ឋ​មកពី​ប្រទេស​ចំនួន​៧​មិនអោយ​ជាន់ទឹកដី​អាមេរិកទេ។​

គួររំលឹក​ថា ក្រឹត្យអន្តោប្រវេសន៍​របស់​លោក​ដូណាល់ ត្រាំ​ មានទិសដៅចូលរួម​បង្ការ​​ភេរវកម្ម​នៅ​អាមេរិក ប៉ុន្តែ​មើលអោយជាក់ស្តែង​ ​​តាម​ក្រឹត្យនេះ គេរឹតតែ​ឃើញថា ​លោកត្រាំ​ជា​មនុស្សមិនភ្លេច​ប្រយោជន៍​រកស៊ី​របស់​លោក​នៅ​តាម​ប្រទេស​អារ៉ាប់ដែរ។ ក្រឹត្យ​លោក​ត្រាំ​ហាមឃាត់​​ពលរដ្ឋ​៧ប្រទេស​មិនអោយ​ចូលអាមេរិក មាន​ពលរដ្ឋ​មកពី​ប្រទេស​ដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី ស៊ូដង់ ​រឺ​សូម៉ាលី ជាដើម។ ​​ប្រទេស​​ទាំងនេះ​សុទ្ធតែ​ជាប្រទេស​ក្រីក្រ។ តែ​ប្រទេស​កាន់សាសនា​អ៊ីស្លាម ប្រទេស​​អ្នកមាន​ដូចជា​អារ៉ាប៊ី សាអូឌីត អេមៀរ៉ាតអារ៉ាប៊រួម ​រឺ​ប្រទេស​​ដូចជា​អេហ្ស៊ីប គ្មានឈ្មោះ​ក្នុង​បញ្ជី​លោកត្រាំ​ទេ។ ​នៅអារ៉ាប៊ីសាអូឌីត សំបូរ​ក្រុមហ៊ុន​អាមេរិក​រកស៊ី នៅ​អេហ្ស៊ីប​មានក្រុមហ៊ុន​រកស៊ី​យីហោ​ត្រាំ ដល់ទៅ២ ហើយ​នៅអេមៀរ៉ាត​អារ៉ាប់រួម​ក៏មាន​យីហោ​ត្រាំ​ដែរ។ ​អញ្ចឹង​លោកត្រាំ​មិនបាន​ហាមឃាត់​ពលរដ្ឋ​ប្រទេស​ធំៗ​ទាំងនេះ​មិនអោយ​ជាន់ដី​អាមេរិក​ទេ ព្រោះ​កុំអោយ​ខាតប្រយោជន៍​សហគ្រាស​អាមេរិក រឺ​សហគ្រាស​យីហោត្រាំ។

ព្រឹទ្ធសភា​អាមេរិក​​ប្រកាស​ថា លោក​ចេម ខមី ​អតីត​នាយកFBI​ព្រមចូល​​បំភ្លឺ​​​​រឿង​អាស្រូវ​នយោបាយ​របស់​លោកត្រាំ
បក្ស​កាន់​អំណាច​សាធារណរដ្ឋ​សង្ឃឹម​ថា ទស្សនកិច្ច​លោកត្រាំ​នៅ​ក្រៅប្រទេស​អាច​ជួយ​បន្ធូរ​បរិយាកាស​អាប់អួរ​ក្នុងស្រុក ដែល​បង្កឡើង​ដោយ​រឿងអាស្រូវ​របស់​លោក​ដូណាល់ ត្រាំ មួយរយៈ​ចុងក្រោ​យមនេះ។ ​ប៉ុន្តែ ​​​ព្រឹទ្ធសភា​អាមេរិក​ទើបនឹង​​ប្រកាស​ថា លោក​ចេម ខមី ជា​អតីត​នាយកFBI​ ដែល​លោកត្រាំ​បណ្តេញចេញ​​ពីតំណែង​យ៉ាងទាន់ហន់ កាលពី​១០ថ្ងៃមុន បាន​​​ព្រម​ឡើង​មក​ធ្វើ​បំភ្លឺ​ទាក់ទង​រឿងអាស្រូវនយោបាយ​លោកត្រាំ​។

ចម្លើយ​បំភ្លឺ​របស់​លោក​ខមី នៅ​មុខ​សភា មា​នសារៈ​សំខាន់​ណាស់ អាច​អោយគ្រប់គ្នា​ដឹង​ថា ​តើ​លោកដូណាល់ ​ត្រាំពិតជាចង់លូកដៃ​ក្នុង​កិច្ចការ​ស៊ើបអង្កេត​របស់​ FBI​ តើ​លោកត្រាំ​ពិតជា​ធ្លាប់​​បាន​សុំអោយ​អតីត​នាយក​ FBI​​បិទបញ្ចប់​ការ​ស៊ើបអង្កេត​លើអតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ ម៉ៃឃើល ភ្លីន​ ដែរ​រឺយ៉ាងណា។ គេមើលឃើញថា លោកត្រាំ​បាន​​បណ្តេញ​លោក​ខមី ពី​តំណែង​​នាយក​FBI កាលពី​ថ្ងៃ​៩ឧសភា ​ក៏ដោយសារ​FBIស៊ើប​​អង្កេត​ពី​​ទំនាក់ទំនង​ដែល​​​​ក្រុមការងារ​លោក អាច​ជាប់ពាក់ព័ន្ធ​​ជាមួយ​រុស្ស៊ី​នោះហើយ។​ ការ​បំភ្លឺ​​​របស់​លោក​ខមី ទាក់ទង​​រឿងអាស្រូវ​អស់នេះ ​មាន​សារៈសំខាន់​ណាស់ ព្រោះបើ​លោកត្រាំ​បាន​​អន្តរាគមន៍​​ ​ក្នុង​ការងារ​ស៊ើបអង្កេត​របស់FBIមែន គេអាច​ចោទ​លោក​ត្រាំ​ថាលូកដៃក្នុង​ប្រព័ន្ធ​យុត្តិធម៌ អញ្ចឹង​គេ​អាច​ធ្វើ​និតិវិធី​ទំលាក់លោក​ពីអំណាច​បាន​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ