អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអូឌីត​

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក លោក James MATTIS ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​Ryad​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ពុធ​នេះ។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ផ្តល់​សន្ទុះ​ជាថ្មី​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអូឌីត​ដែល​មាន​គូ​ប្រជែង​​​រួម​គ្នា​​គឺ​​​អ៊ីរ៉ង់។ 

រដ្ឋមន្រី​ការពារជាតិអាមេរិក លោក​ James Mattis
រដ្ឋមន្រី​ការពារជាតិអាមេរិក លោក​ James Mattis REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

លោក MATTIS បាន​ពន្យល់​ប្រាប់​ថា ដំណើរ​មក​ទីក្រុង Ryad នេះ​ គឺ​ដើម្បី​ចង់​ស្តាប់​ជា​ពិ​សេស​សេចក្តី​ត្រូវការ​ពិតប្រាកដ​របស់​អារ៉ាប៊ីសាអ៊ូឌីត។ នៅទីនេះ លោកនឹង​​ត្រូវ​ជួប​ប្រាស្រ័យ​​ជាមួយ​មហាក្សត្រ Salamane ព្រះអង្គម្ចាស់ Mohammed ben Nayef ដែល​ជា​រជ្ជទាយាទ​ទី​១ និង​រជ្ជទាយាទ​ទី២​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​ប្រទេស​គឺ​ព្រះអង្គម្ចាស់ Mohammed ben Salmane ​ដែល​ធ្លាប់​ត្រូវ​បាន​លោក Donald Trump ​ទទួល​ជួប​ម្តង​រួច​មក​ហើយ​កាលពី​មួយ​ខែ​មុន​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក បាន​លើក​ឡើង​ដែរ​ថា អារ៉ាប៊ីសាអ៊ូឌីត នៅ​ឱកាស​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​​ចុះ​ហត្ថលេខា​ដោយ​រដ្ឋបាល​លោក​អូបាម៉ា​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៥ មាន​អារម្មណ៍​ថា​​ហាក់​ដូច​ជា​បាន​បាត់​បង់​ឱកាស​ល្អ។​

ថ្នាក់​ដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីតវិញដែល​តែងតែ​ព្រួបារម្មណ៍​នៅ​លើការ​ជ្រៀតជ្រែក​របស់​អ៊ីរ៉ង់​នៅ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប​មួយ​ចំនួន​​ដោយ អ៊ីរ៉ង់់ បានយក​សហគមន៍​អ៊ីស្លាម​និកាយ​ស៊ីអ៊ីតប្រើ​ជា​កូន​អុក​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​ដូច​ជា​នៅ Bahreïn ឬ Liban​ ឬ​​ក៏​នៅ​យេមែន។

ជាមួយនឹង​រដ្ឋបាល​របស់​​លោក Donald Trump អារ៉ាប៊ីសាអូឌីត​ ​ហាក់​ដូច​ជា​មាន​បង្អែក ដោយ​រដ្ឋបាល​លោកត្រាំ​​ ​តែងតែ​​បរិហារ​ឥត​ឈប់ឈរ​ ថា​អ៊ីរ៉ង់​គឺ​ជា​ប្រទេស​ដ៏​​គ្រោះថ្នាក់​បំផុត​នៅ​​តំបន់​មជ្ឈិមបូព៌ា។

ថ្នាក់​ដឹកនាំ​មន្ទីរ Pentagone នៅខណៈនេះ ប្រកាន់​​ជំហរ​​ប្រុងប្រយ័ត្ន​នៅ​លើ​សេចក្តី​សំរេចចិត្ត​នានា​ដែល​អាមេរិក​ អាច​នឹង​ត្រូវ​ជួយ​អារ៉ាប៊ីសាអូឌីត។ ឧទ្ទាហរណ៍​ដូចជា​អាមេរិក អាច​នឹង​លើក​ចេញ​វិញ​ ​ការ​ហាម​ឃាត់​​លក់​អាវុធ​ទំនើបៗ​ឲ្យ​ដល់​អារ៉ាប៊ីសាអ៊ូឌីត ការ​ហាម​លក់​អាវុធ​ដែល​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​ជំនាន់​រដ្ឋបាល​​លោក​ អូបាម៉ា​កាលពី​ខែ​ធ្នូ​មុន ដោយ​ហេតុតែ​មាន​ជន​រងគ្រោះ​ស៊ីវីល​ស្លាប់​ជា​​ច្រើន​ពេក​នៅ​ក្នុង​សង្គ្រាម​ស៊ីវីល​នៅ​យេមែន។

មិនតែប៉ុណ្ណោះ​​រដ្ឋបាល​អាមេរិក ក៏​មាន​បំណង​ចង់​អោយ​អារ៉ាប៊ីសាអ៊ូឌីត បង្កើន​កិច្ចប្រឹងប្រែង​របស់ខ្លួន​ផងដែរ​នៅ​លើ​ការ​ចូលរួម​​​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ក្រុម​អ៊ីស្លាម​ជីហាត​​អង្គការរដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់​និង​នៅ​ស៊ីរី ឧទ្ទាហរណ៍​ដូច​ជា​ជួយ​នៅលើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ជើង​អាកាស​​ឬ​ក៏​​បង្កើន​​ជំនួយ​មនុស្សធម៌​ជា​ដើម-នេះ​​បើយោងតាម​យោបល់​​របស់​រដ្ឋមន្ត្រី​ការពារជាតិ​​អាមេរិក។ លោក Mattis ​បាន​សង្កត់​ពាក្យ​​ទៀត​ថា ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​​អង្គការ​រដ្ឋអ៊ីស្លាម គឺ ជា​អាទិភាព​ចំបង​របស់​កងទ័ព​អាមេរិក​នៅ​ខណៈ​នេះ។

សូមបញ្ជាក់ថា ​បន្ទាប់ពី​ដំណើរទស្សនកិច្ច​នៅ​អារ៉ាប៊ីសាអ៊ូឌីត លោក Mattis ​នឹង​ត្រូវ​បន្ត​ដំណើរ​​ទៅ​កាន់​អេហ្ស៊ីព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ហើយ​នៅ​ថ្ងៃ​សុក លោក នឹង​បន្តទស្សនកិច្ច​របស់​លោក​នៅ​អ៊ីស្រាអ៊ែល។ នៅ​ទីនោះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​នឹង​ត្រូវជួប​ប្រាស្រ័យ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ មុន​នឹងអញ្ជើញ​ទៅ​កាន់​ប្រទេស​កាតា​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ