អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​សាកល្បង​ស្ទាក់​បាញ់​គ្រាប់មីស៊ីល​​ដោយ​ជោគជ័យ តែ​កូរ៉េខាងជើង​ព្រមាន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា​ថា ខ្លួន​បាន​ធ្វើ​ការ​សាកល្បង​ស្ទាក់​បាញ់​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប​ប្រកប​ដោយ​ជោគជ័យ។ នេះ​ជា​ជោគជ័យ​លើក​ទី១ របស់​កងទ័ព​អាមេរិក​ក្នុង​ការ​ស្ទាក់​បាញ់​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប និង​ក៏​ជា​សញ្ញា​ព្រមាន​ដល់​កូរ៉េខាងជើង ឬ​មួយ​ក៏​ប្រទេស​ផ្សេង​ទៀត​ដែល​តែងតែ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​តាម​រយៈ​ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។ ម្យ៉ាង​ទៀត ជោគជ័យ​នៃ​ការ​សាកល្បង​នេះ​ក៏​ជា​ការ​ធានា​សន្តិសុខ​ទឹកដី និង​ពលរដ្ឋ​អាមេរិក​ឲ្យ​គេច​ផុត​ពី​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​សត្រូវ​អាមេរិក​ដែរ។

អាមេរិក​សាកល្បង​ស្ទាក់​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ដោយ​ជោគជ័យ​ថ្ងៃទី៣០ ឧសភា ២០១៧
អាមេរិក​សាកល្បង​ស្ទាក់​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ដោយ​ជោគជ័យ​ថ្ងៃទី៣០ ឧសភា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កងទ័ព​អាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សាកល្បង​ស្ទាក់​បាញ់​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប​ប្រកប​ដោយ​ជោគជ័យ​នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា កូរ៉េខាងជើង​ចេញ​មុខ​ឆ្លើយ​តប​វិញ​ដោយ​ព្រមាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ពុធ ទី៣១ ឧសភា។ កាសែត​ផ្លូវការ​នៃ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង​បាន​បញ្ជាក់​ច្បាស់ៗ​ថា កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ទៅ​កន្លែង​ណា​ក៏​បាន នៅ​ពេល​ណា​ក៏​បាន​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​គីម ជុនអ៊ុន។ កាសែត​ផ្លូវការ​កូរ៉េខាងជើង​ដដែល​បាន​បន្ថែម​ដោយ​រម្លឹក​ដាស់​តឿន​អាមេរិក​ថា កូរ៉េខាងជើង​អាច​កម្ទេច​អាមេរិក​ឲ្យ​ទៅ​ជា​ផេះ​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ និង​ថា សម្តី​របៀប​នេះ​មិនមែន​ជា​សម្តី​ខ្យល់​ទេ។

គេ​អាច​មិន​ចាប់​អារម្មណ៍​លើ​សម្តី និង​ការ​ព្រមាន​របស់​ព្យុងយ៉ាង តែ​ចូរ​កុំ​ភ្លេច​ថា គ្រាន់​តែ​ក្នុង​រយៈពេល ៣សប្តាហ៍​កន្លង​ទៅ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ចំនួន ៣ដង និង​មាន​ចំនួន ១២ដង បើ​គិត​តាំង​ពី​ដើម​ឆ្នាំ ២០១៧។ ម្យ៉ាង​ទៀត ទោះ​បី​ជា​គ្រាប់មីស៊ីល​អន្តរទ្វីប​ដែល​កូរ៉េខាងជើង​បាន​បាញ់​កន្លង​មក​ទទួល​បរាជ័យ ឬ​ជោគជ័យ​ដោយ​ផ្ទុះ​លើ​អាកាស ធ្លាក់​ចូល​ទឹកសមុទ្រ ឬ​មួយ​ក៏​មិន​ធ្លាក់​លើ​ទឹកដី​អាមេរិកាំង​ក្តី ក៏​វា​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​មហិច្ឆតា​ជាក់ច្បាស់​របស់​របប​កុម្មុយនិស្ត​ក្រុង​ព្យុយ៉ាង​ក្នុង​ការ​បំពាក់​អាវុធនុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អាមេរិក​តែង​បាន​ធ្វើ​ការ​សាកល្បង​ស្ទាក់​បាញ់​កម្ទេច​គ្រាប់មីស៊ីល។ កន្លង​មក កងទ័ព​អាមេរិក​ធ្លាប់​បាន​សាកល្បង​ស្ទាក់​បាញ់​កម្ទេច​គ្រាប់មីស៊ីល​ចម្ងាយ​ជិត​ចំនួន ៣ដង តែ​ទទួល​បរាជ័យ​ទាំង ៣ដង។ គឺ​ទើប​តែ​ការ​សាកល្បង​នៅ​ឆ្នាំ ២០១៤ ទេ​ដែល​ទទួល​បាន​ជោគជ័យ។ ចំណែក​ការ​សាកល្បង​លើ​គ្រាប់មីស៊ីល​អន្តរទ្វីប ឬ​គ្រាប់មីស៊ីល​ចម្ងាយ​ដែល​ទើប​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា​បែរ​ជា​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​តែ​ម្តង។

ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​អន្តរទ្វីប​របស់​អាមេរិក​នៅ​មាន​កម្រិត

ជោគជ័យ​របស់​កងទ័ព​អាមេរិក​ក្នុង​ការ​សាកល្បង​ស្ទាក់បាញ់​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប​ពេល​នេះ ជា​ការ​ព្រមាន​កូរ៉េខាងជើង​ផង និង​ក៏​ដើម្បី​ការពារ​អាមេរិក​ផង​ដែរ នោះ​បើ​ទោះ​បី​ជា​លោក Jeff Davis អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ ទី៣០ ឧសភា​ថា ការ​សាកល្បង​ស្ទាក់បាញ់​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប​មិនមែន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាងជើង​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។ តែ​លោក Davis បាន​និយាយ​ជា​លក្ខណៈ​ទូទៅ និង​បន្ថែម​ថា កូរ៉េខាងជើង​អាច​ជា​ហេតុផល​មួយ​ដែល​បាន​បង្ខំ​អាមេរិក​ឲ្យ​បំពាក់​​ប្រព័ន្ធមីស៊ីល​ប្រឆាំង​មីស៊ីល​អន្តរទ្វីប​នៅ​ពេល​នេះ។

តាម​លោក Davis ក្រុង​ព្យុងយ៉ាង​បាន​បន្ត​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប ដូច​ដែល​កូរ៉េខាងជោង​បាន​ធ្វើ​នៅ​ចុង​សប្តាហ៍​កន្លង​មក ព្រម​ទាំង​បាន​ប្រើ​ពាក្យ​សម្តី​ព្រមាន​កំញើញ​ដ៏​គ្រោះថ្នាក់​ដែល​អាច​បញ្ជាក់​ពី​ការ​ដែល​កូរ៉េខាងជើង​មាន​លទ្ធភាព​អាច​វាយប្រហារ​អាមេរិក​ដោយ​ប្រើ​គ្រាប់មីស៊ីល។ គួរ​ជម្រាប​ជូន​ថា នៅ​ពេល​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា​កន្លង​ទៅ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​ធ្លាប់​បាន​សន្យា​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ការពារជាតិ ពិសេស​ក្នុង​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល​ដើម្បី​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​ដោយ​គ្រាប់មីស៊ីលអន្តរទ្វីប​ពី​កូរ៉េខាងជើង និង​ពី​ប្រទេស​អ៊ីរ៉ង់។

តែ​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​អន្តរទ្វីប​របស់​អាមេរិក​ពេល​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ នៅ​មាន​កម្រិត​ក៏​ដោយសារ​ថា ក្នុង​ករណី​ដែល​មាន​សង្រ្គាម​នុយក្លេអ៊ែរ​ផ្ទុះឡើង​ដោយ​មាន​ការ​ចូលរួម​ពី​រុស្ស៊ី ឬ​ពី​ចិន​នោះ អាមេរិក​គ្មាន​ខែលមីស៊ីលប្រឆាំង​មីស៊ីល​អន្តរទ្វីប​គ្រប់គ្រាន់​ដើម្បី​ស្ទាក់បាញ់​កម្ទេច​គ្រាប់មីស៊ីល​ទេ។

ទ័ណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង?

គេ​សង្ឃឹម​ថា​ក្នុង​សប្តាហ៍​នេះ នឹង​អាច​មាន​សេចក្តីសម្រេចចិត្ត​ថ្មី​មួយ​ទៀត​ពី​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ថ្កោលទោស​កូរ៉េខាងជើង​ពី​បទ​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ តាម​ការ​បញ្ជាក់​របស់​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ អាមេរិក និង​ចិន​បាន​ចរចា​គ្នា​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​លើ​សេចក្តីសម្រេចចិត្ត​ថ្មី​មួយ​ដែល​អាច​ដាក់​គំនាប​បន្ថែម​លើ​កូរ៉េខាងជើង។ តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​បែក​ធ្លាយ​ព័ត៌មាន​ណា​មួយ​ស្តីពី​ខ្លឹមសារ ឬ​មួយ​ក៏​វិធានការ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីសម្រេចចិត្ត​នោះ​ទេ។

គួរ​រម្លឹក​ជូន​ថា ក្រុមប្រឹក្សា​សន្តិសុខ​បាន​ចេញ​សេចក្តីសម្រេចចិត្ត​ថ្កោលទោស​កូរ៉េខាងជើង​ច្រើន​រាប់​មិន​អស់ តែ​លើក​ណា​ក៏​ដូច​ជា​លើក​ណា កូរ៉េខាងជើង​មិន​ឈឺ​ក្បាល និង​បន្ត​ធ្វើ​អ្វី​ស្រេច​តែ​ទំនើង​ចិត្ត។ នេះ​ក៏​ដោយសារ​ថា សេចក្តី​សម្រេចចិត្ត​ទាំង​អស់​នោះ​មិន​មាន​លក្ខណៈ​បង្ខិតបង្ខំ និង​ដោយ​មាន​រុស្ស៊ី រួម​ទាំង​ចិន​ជួយ​ការពារ។ នៅ​លើក​នេះ និង​ជាង​ពេល​ណាៗ​ទាំង​អស់ ចិន​បាន​ទទួល​គំនាប​កាន់​តែ​ខ្លាំង​ឡើងៗ ពិសេស​ពី​លោក​ដូណាល់ ត្រាំ​ដែល​ព្រមាន​ដុសក្អែល​លោក​គីម ជុនអ៊ុន​ដោយ​ខ្លួន​ឯង។

នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ពោល​មួយ​ថ្ងៃ​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប​ជា​ថ្មី លោក​ដូណាល់ ត្រាំ​បាន​យល់​ឃើញ​ថា កូរ៉េខាងជើង​ព្រហឺង​ណាស់​មិន​គោរព​ចិន​បន្តិច​ណា​សោះ។ ចំណែក​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អាបេ​បាន​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​តួនាទី​សំខាន់​ខ្លាំង​ណាស់​របស់​ចិន​នៅ​ក្នុង​បញ្ហា​កូរ៉េខាងជើង។ ឃើញ​ថា ចិន​បាន​ទទួល​គំនាប​ពី​គ្រប់​ទិសទី តែ​ប៉េកាំង​ហាក់​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ទះ​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​មួយ​កំផ្លៀង​នៅ​ឡើយ​ទេ និង​បាន​ឆ្លៀត​រម្លឹក​ជា​ថ្មី​ថា អាទិភាព គឺ​កិច្ចចរចា​មិនមែន​ទ័ណ្ឌកម្ម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ