អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្លាប់​២នាក់​​​ក្នុង​​បាតុកម្ម​តវ៉ា​​នៅ​​វ៉េណេស៊ុយអេឡា​ មន្ត្រីអ.ស.ប​ ​​លាតំណែង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​វ៉េណេស៊ុយអេឡា​ ​ប្រជាជន​បាន​បន្ត​ចុះតាម​ដងផ្លូវ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ធ្វើការតវ៉ា​ទូទាំង​ប្រទេស​ ​ប្រឆាំង​នឹង​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​ប្រធានាធីបតី​ម៉ាឌូរ៉ូ។ បាតុករ​ជា​​យុវជន​២នាក់​ បានស្លាប់​ដោយ​គ្រាប់កាំភ្លើង។ ​ម្សិលមិញ ​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស១៧៣នាក់។ លោក Isaias Medina ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ក្នុង​បេសកកម្ម​នៅ​វ៉េណេស៊ុយអេឡា​បាន​​​លាចុះ​​ពី​តំណែង​​ ដើម្បី​បរិហារ​ការបង្រ្កាប​ហិង្សា​របស់​រដ្ឋាភិបាល។​ ការតវ៉ា​ជិត​៤ខែ​មកនេះ បាន​ធ្វើអោយ​​មាន​មនុស្ស​ស្លាប់​៩៩នាក់ និង​រាប់រយ​នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន។

Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឆាំង​សម្រុកធ្វើការ​​តវ៉ា​នៅទូទាំងប្រទេស

ក្រុមប្រឆាំង​សម្រុក​ចលនា​តវ៉ា​ ជាពិសេស​ម្សិលមិញនេះ ​មាន​​ការតវ៉ា​ទូទាំង​ប្រទេស ​ដោយសារ​​នៅថ្ងៃ​៣០កក្កដា​នេះ ​គឺ​មិនដល់​១០ថ្ងៃទេ​ ​នឹងមាន​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ធម្មនុញ្ញ​៥៤៥នាក់ ដើម្បី​ចូលរួម​សរសេរ​​រដ្ឋធម្មនុញ្ញ​ឡើងវិញ។ ​​ទិសដៅ​ចំបង​នៃ​បាតុកម្ម​នៅ​វ៉េណេស៊ុយអេឡា​ គឺដើម្បី​ដាក់​សម្ពាធ​ប្រធានាធិបតី​​ មិនអោយ​សម្រេច​គម្រោង​រដ្ឋធម្មនុញ្ញ និង​​​ទាមទារ​អោយ​រៀបចំ​ការបោះឆ្នោត​មុនអាណត្តិ នៅ​ឆ្នាំ​២០១៨​។ សូមបញ្ជាក់ថា លោក​ម៉ាឌូរ៉ូ ត្រូវផុត​អាណត្តិ​ប្រធានាធិបតី ​នៅ​ដើមឆ្នាំ​២០១៩។ ​

ក្រុមប្រឆាំងបានទទួលជោគជ័យ​ក្នុង​ការបោះឆ្នោត​សភា កាលពី​ចុង​ឆ្នាំ​២០១៥ តែ​លោក​ម៉ាឌូរ៉ូ​​បែរជា​មិនទទួលស្គាល់​សភា ហើយ​តុលាការកំពូល​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រធានាធិបតី​ក៏ធ្លាប់​រឹបអូស​អំណាច​សភា​មកកាន់កាប់។ ដូច្នេះ​ ក្រុមប្រឆាំង​​​មិនសុខចិត្ត​ទេ​ ត្រូវធ្វើយ៉ាងណា​រារាំង​កុំអោយ​លោក​ម៉ាឌូរ៉ូ អាច​សម្រេច​ទិសដៅកែប្រែ​រដ្ឋធម្មនុញ្ញ​នោះអោយបាន។ ដូច្នេះ ត្រូវតែ​បន្ត​បាតុកម្ម​ដាក់សម្ពាធ កុំអោយ​មានការ​បោះឆ្នោត​រើស​សមាជិក​សភា ថ្ងៃ​៣០កក្កដា អាច​ប្រព្រឹត្តទៅបាន។

លោក​ម៉ាឌូរ៉ូ​ជាប្រធានាធិបតី​ចង់​មាន​រដ្ឋធម្មនុញ្ញ​ថ្មី ជំនួស​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៩។ លោក​ចង់​អោយ​ប្រជាជន​គ្រប់ជាន់ថ្នាក់ ចេញ​មកពី​ជួរកម្មករ សហគ្រាស រឺ​ក៏​ជនពិការ​ជាដើម អាច​ចូលរួម​ជ្រើសរើស​សមាជិក​មួយចំនួន​ក្នុង​សភា។ ក្រុមប្រឆាំងយល់ថា លោកម៉ាឌូរ៉ូ ធ្វើដូច្នេះ ​ដើម្បី​បន្ត​ក្តោបក្តាប់​អំណាច​តែ​​​ប៉ុណ្ណោះ។ កាលពី​ថ្ងៃ​១៦កក្កដា​ ក្រុមប្រឆាំង​បានរៀបចំ​ការបោះឆ្នោត​​​​​ប្រជាមតិ​មិនផ្លូវការ ដែល​មាន​មនុស្ស​រហូត​ជាង​៧លាន​នាក់ ទាំងក្នុង​និង​ក្រៅប្រទេស ​នាំគ្នា​បោះឆ្នោត​ប្រឆាំង​គម្រោង​រដ្ឋធម្មនុញ្ញ​របស់​លោក​ម៉ាឌូរ៉ូ។ នេះជា​ជោគជ័យ​​សម្រាប់​ក្រុមប្រឆាំង។ ​​សហរដ្ឋ​អាមេរិក​​​​បានទាមទារ​អោយ​​លោកម៉ាឌូរ៉ូ​បោះបង់​គម្រោង​រដ្ឋធម្មនុញ្ញដែរ​ ដោយ​គំរាម​ដាក់ទណ្ឌកម្មសេដ្ឋកិច្ច​​​លើ​វ៉េណេស៊ុយអេឡា។ លោកដូណាល់ ត្រាំ ថែមទាំង​សន្យា​នៅជិតនឹង​ប្រជាជន​​វ៉េណេស៊ុយអេឡា ក្នុង​ដំណើរការ​ស្វែងរក​លទ្ធិ​ប្រជាធិបតេយ្យ​ទៀតផង។ ​លោក​ម៉ាឌូរ៉ូ​ខឹង​អាមេរិក​បាន​ចោទ​ទៅ​អាមេរិ​កវិញថា នៅពីក្រោយ​ចលនា​តវ៉ា​នៅវ៉េណេស៊ុយអេឡា​។ ប្រឈមនឹង​សម្ពាធ​ការទូត​អន្តរជាតិ លោក​ម៉ាឌូរ៉ូ​ប្រកាស​នៅតែ​សម្រេច​អោយ​មា​នគម្រោង​រដ្ឋធម្មនុញ្ញ ដើម្បី​សន្តិភាព និងលើកស្ទួយ​សេដ្ឋកិច្ច​ឡើងវិញ។

​ថ្ងៃ១៦កក្កដា ប្រជាជន​៧លាន៦សែន​នាក់ ​​បាន​​បោះឆ្នោត​​ប្រជាមតិ​ ចង់អោយ​កងទ័ព​គាំទ្រ​រដ្ឋធម្មនុញ្ញ​​ឆ្នាំ​១៩៩៩ តែ​កងទ័ព​មិនបាន​នៅខាង​ប្រជាជន​ទេ។ ​​​​ដូច្នេះហើយ ស្ថានការណ៍​​កាន់តែ​ធ្ងន់ ​ហិង្សា​​បង្ក្រាបនៅតែ​មាន រហូត​ធ្វើអោយ​លោក​អ៊ីសៃអាស មេឌីណា ដែល​ជា​​មន្ត្រី​អសបនៅ​វ៉េំណេស៊ុយអេឡា​​ លាចុះពី​តំណែង​ ដើម្បី​ថ្កោលទោស​ការ​បង្ក្រាបបាតុកម្ម។ ប៉ុន្តែ​ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ប្រាប់ថា គាត់ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ប៉ុណ្ណោះ។ ​

បាតុករ​២នាក់​ដែល​ស្លាប់​ដោយគ្រាប់កាំភ្លើង​​ម្សិលមិញ​នេះ ​សុទ្ធតែ​ជាយុវជន អាយុ​២៤ឆ្នាំ និង​២៣ឆ្នាំ ដែល​បាន​ចូលរួម​បាតុកម្ម នៅ​ជាយក្រុង​ការ៉ាកាស និង​នៅ​វ៉ាឡិនស្យា ភាគ​ខាងជើង​​ប្រទេស។ ចលនា​តវ៉ាទូទៅ​ម្សិលមិញនេះ មានធ្វើ​នៅតាម​ទីក្រុង​ជាច្រើន និង​បាន​បង្ក​ការរាំងស្ទះដល់ចរាចរណ៍។ ​សហគ្រាស ក្រុមហ៊ុន​ សហជីព និស្សិត រឺក៏​ក្រុមហ៊ុន​​ដឹកជញ្ជូន នាំគ្នា​​ផ្អាក​ដំណើរការ ដើម្បី​ចូលរួម​បាតុកម្ម​។

ដូចជំរាបជូន​អញ្ចឹង ក្រុមបាតុករ​មិនចង់​អោយ​មានការ​បោះឆ្នោតជ្រើសរើស​អ្នក​តាក់តែង​​ច្បាប់ថ្មី​ នៅ​ថ្ងៃ​៣០កក្កដា​​នេះទេ។ ពួកគេបារម្ភ​ថា សភា​ធម្មនុញ្ញ​ថ្មីអាច​អោយ​​លោក​ម៉ាឌូរ៉ូ យកគំរូ​ដឹកនាំ​សេដ្ឋកិច្ច​​តាមប្រទេស​គុយបា។ ក្រុមប្រឆាំងវិញ​​ប្រកាស​​មិនចូលរួម​បោះឆ្នោត​​ទេ។ គម្រោង​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ នឹងជួយ​អោយ​លោក​ម៉ាឌូរ៉ូមានអំណាចពេញលេញ ​ដើម្បី​​​រំលាយ​សភា។ ហើយអាណត្តិ​​​សភា​ថ្មី​ក៏​នៅមិនទាន់​បាន​កំណត់ថា​ត្រូវ​មា​នប៉ុន្មានឆ្នាំ​​​នៅឡើយ។

បុគ្គលិក​ក្រុមហ៊ុនប្រេងជាតិ និង​ស្ថាប័ន​រដ្ឋ​​បន្ត​ដំណើរការ​ការងារ​​

អ្នកដែល​មិនចូលរួម​ចលនា​តវ៉ា​ម្សិលមិញ ច្រើនតែ​ជា​បុគ្គលិក​ស្ថាប័ន​រដ្ឋ បែបយ៉ាង​បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ជាតិ​វ៉េណេស៊ុយអេឡា ដែល​ហៅកាត់​ថា PDVSA។ ​ពួកគេ​ប្រហែល​អាច​បារម្ភ​មិនហ៊ា​នទៅ​តវ៉ា ព្រោះ​​ខ្លាច​​ត្រូវ​ចៅហ្វាយ​នាយ​បណ្តេញ​ចេញ​​ពីការងារ​​។ សូមបញ្ជាក់ថា ប្រធានាធិបតី​ម៉ាឌូរ៉ូ កាន់កាប់​ឧស្សាហកម្ម​ប្រេង ​និង​ស្ថាប័ន​រដ្ឋ​ដែល​មាន​បុគ្គលិក​ជិត​៣លាននាក់។ ​

គេនៅចាំ​ពី​ប្រវត្តិ​កូដកម្ម​ការងារ ក្នុង​ស្រុក​ កាលពី​ចុងឆ្នាំ​២០០២និង​ដើមឆ្នាំ​២០០៣។ ​កាលនោះ ក្រុម​ប្រឆាំងអំពាវនាវ​អោយ​តវ៉ា ប្រឆាំង​អតីត​ប្រធានាធិបតី​អ៊ុយហ្គោ ស្ហាវេស។ កូដកម្ម​បាន​រាំងស្ទះ​ការងារ​ផលិត​របស់​ក្រុមហ៊ុន​ប្រេងជាតិ។​ កាលនោះ ​​បុគ្គលិក​ក្រុមហ៊ុន​ប្រេងជាតិ​ប្រមាណ​ជា​១ម៉ឺន៧ពាន់នាក់ ​ត្រូវបាន​បណ្តេញ​​ពីការងារ។ ដូច្នេះហើយ​ ទើបឥឡូវនេះ នៅតាម​​ស្ថាប័ន​រដ្ឋ និង​ក្រុមហ៊ុន​ប្រេង ​គ្មាន​អ្នកទៅបាតុកម្មនោះ។

ដោយឡែក ប្រជាប្រិយ​លោក​ម៉ាឌូរ៉ូ ធ្លាក់ចុះ​ក៏ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ដុនដាប ប៉ុន្មាន​ឆ្នាំ​មកនេះ​ឯង។ ថ្លៃប្រេងឆៅ​ដែលជា​ប្រភព​ចំណូលជាតិ បាន​​ធ្លាក់ចុះ ​ប្រជាជន​​ខ្វះ​ស្បៀងអាហារ និងថ្នាំពេទ្យ។ បើគិត​១០ឆ្នាំ​មកនេះ វ៉េណេស៊ុយអេឡា​សល់​តែ​សហគ្រាស​​៣០ភាគរយ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ដំណើរការ​ក្នុងស្រុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ