អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អារ៉ាប៊ីសាអូឌីត​ទទួល​ស្គាល់​ថា លោក Khashoggi ត្រូវ​​បាន​គេ​​សម្លាប់​នៅក្នុង​​កុងស៊ុល​របស់​​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទី​បំផុត អារ៉ាប៊ីសាអូឌីត បាន​ទទួល​ស្គាល់​ជា​ផ្លូវការ នៅ​ថ្ងៃ​សៅរ៍​នេះ ថា​អ្នកកាសែតលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី (Jamal Khashoggi)ពិត​ជា​ត្រូវ​បានស្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​ របស់​រាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគីមែន។ ជា​ការ​ស្លាប់​ ដោយ​ហេតុ​តែ​មាន​ការ​វាយ​តប់​គ្នា​ ដែល​គ្មាន​ពាក់ព័ន្ធ​នឹង​រាជទាយាទ ម៉ូហាម៉េដ បេន សាល់ម៉ាន Mohamed Ben Salmanទេ។ នេះ​បើ​តាម​របាយការណ៍​អង្កេត​ជាតិ​ ដែល​ប្រកាស​អំពី​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​ចំនួន​១៨​នាក់។

អារ៉ាប៊ីសាអូឌីត ទទួល​ស្គាល់​ថា លោក​ Jamal Khashoggi ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​កុងស៊ុល​ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល
អារ៉ាប៊ីសាអូឌីត ទទួល​ស្គាល់​ថា លោក​ Jamal Khashoggi ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​កុងស៊ុល​ប្រចាំ​ក្រុង​អ៊ីស្តង់ប៊ូល AFP/Mohammed Al-Shaikh
ផ្សាយពាណិជ្ជកម្ម

រដ្ឋអាជ្ញា​​អារ៉ាប៊ីសាអូឌីត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ បញ្ជាក់​ថា អ្នកកាសែត ហ្សាម៉ាល់ ខាស្ហូហ្ស៊ី (Jamal Khashoggi)បាន​ឈ្លោះ​ទាស់ទែង​សំដី​ជាមួយ​អ្នក​ដែល​គាត់​បាន​ជួប​ក្នុង​ស្ថានកុងស៊ុល​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ រួច​ក៏​រាលដាល​ទៅ​ជាជម្លោះ​វាយ​តប់ដាល់​​គ្នា​ ទើប​បណ្តាល​ឱ្យ​អ្នក​កាសែត​ត្រូវ​ស្លាប់។ ប្រភពជាន់ខ្ពស់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បាន​ព្រលយ​បន្ថែម​ទៀត​ថា អ្នកកាសែត​ខាស្ហូហ្ស៊ី​បាន​ស្លាប់​ដោយ​គេ​ច្របាច់​ក នៅ​ពេល​ប្រវាយប្រតប់​គ្នា​នោះ​។

ពោល​គឺ​ផ្ទុយ​ស្រលះពី​ប្រភព​ព័ត៌មាន​របស់​​តួកគី​ កាលពី​ដំបូង​ដែល​ថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ទំនង​ជា​ត្រូវ​បាន​គេ​ចាប់​ខ្លួន វាយ​សួរ​ចម្លើយ រួច​សម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​ ក្រោយ​មក​មាន​ការ​កាត់​សព​ជា​ចម្រៀកៗ​ផង។ ​ តាំង​ពី​ហេតុការណ៍​បានផ្ទុះ​ឡើង​នៅ​ថ្ងៃទី ២​តុលា អារ៉ាប៊ីសាអូឌីត តែង​បាន​បដិសេធពាក្យ​ចោទ​ប្រកាន់​របស់​តួកគី​ ដោយ​អះអាង​ថា​អ្នកកាសែត​បាន​ដើរ​ចេញ​ពី​ស្ថាន​កុង​ស៊ុល​វិញ​ទៅ​ហើយ។

សូម​អាន ៖ អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ ក្រៅ​អំពីទទួល​ការ​ស្លាប់​របស់​អ្នក​កាសែត​នៅក្នុង​ស្ថានកុងស៊ុល​របស់​ខ្លួន​ហើយ ​អារ៉ាប៊ីសាអូឌីត បាន​ប្រកាស​​ដក​ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ពីរ​នាក់ ចេញ​ពី​តំណែង និង​​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​១៨​នាក់​ផ្សេង​ទៀត។ បើ​តាម​ប្រភព​ញូវយ៉ក​ថែមស៍ ក្នុងចំណោម​ជនសង្ស័យ​ចាប់​ខ្លួន​បាន ​មាន​បួន​នាក់​ជាភ្នាក់ងារ​សន្តិសុខ​​របស់​រាជទាយាទ​ ម៉ូហាម៉េដ បេនសាល់ម៉ាន Mohamed Ben Salmanផង។

ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ ដែល​ត្រូវ​ដក​ចេញ​ពី​តំណែង ទាំង​ពីរ​រូប (ឧត្តមសេនីយ៍ Ahmed Al-Assiri ​ ឥស្សរជន​ជាន់​ខ្ពស់​នៃ​ភ្នាក់ងារ​ចារកិច្ច និង​ Saoud al-Qahtani ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​រាជវាំង) គឺ​ជា​សហការី​ដ៏​​ជំនិត​បំផុត​របស់​រាជទាយាទ​ដ៏​មាន​អំណាច ម៉ូហាម៉េដ បេន សាល់ម៉ាន។ បើ​តាមអ្នក​វិភាគ​ នេះ​ជា​ការ​បូជា​ដ៏​ធំធេងណាស់ ! ប៉ុន្តែ​បើនៅ​តែ​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​សំណុំ​រឿង​ស្ងប់ស្ងាត់​ទេ ឬ​ប្រសិន​បើ​រឿង​រ៉ាវ​នៅ​តែ​បន្ត​ នោះគឺ​​រាជទាយាទ​គ្មាន​អ្វី​ការពារ​ខ្លួន​ទេ​។

​​លោក​ត្រាំ​ជឿលទ្ធផល​អង្កេតផ្លូវការ

ប៉ុន្តែ​​​ការ​ប្រកាស​លទ្ធផល​អង្កេត​នៅ​ថ្ងៃ​នេះ ជា​ជំហាន​ថ្មី​ដ៏​សំខាន់​ ​! នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​អាមេរិកដោយ​យល់​ថា​ សេចក្តី​បំភ្លឺ​របស់​រីយ៉ាដ គួរ​ឱ្យ​ជឿជាក់​​មែន។​ តែអាមេរិក​កំពុង​បន្ត​តាម​ដាន​ការ​អង្កេត​អន្តរជាតិ​ដែល​ធ្វើ​ឡើង​ដោយ​អារ៉ាប៊ីសាអូឌីត និង​តួកគី​នេះ​យ៉ាង​កៀកកិត​ដដែល។

កាលពី​ថ្ងៃព្រហស្បតិ៍ អាមេរិក​របស់​លោក​ត្រាំ បាន​ប្រកាស​ជា​លើក​ទីមួយ ថា​អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​អារ៉ាប៊ីសាអូឌីត ប្រសិន​បើ​ការ​អង្កេត​រក​ឃើញ​ថាអ្នកកាសែត​ពិត​ជា​ត្រូវ​បាន​គេសម្លាប់​នៅ​ក្នុង​ស្ថានកុងស៊ុល​មែន។ ​លោក ដូណាល់ ត្រាំ បាន​ធ្វើ​ការ​​ព្រមាន​ជាថ្មី​ អំពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​លើ​អារ៉ាប៊ីសាអូឌីត ​តែ​​មិន​ធ្វើ​ដល់​ថ្នាក់​ ដាក់ទណ្ឌកម្ម​ប៉ះពាល់​ដល់​កិច្ចសន្យា​លក់​អាវុធនោះ ដោយ​រំលើក​អំពី​ទំនាក់ទំនង​ដ៏​ស្អិត​ល្មួត​​រវាង​អារ៉ាប៊ីសាអូឌីតនិ​ងសហ​រដ្ឋ​អាមេរិក។ ​ ​

សូមអាន៖ រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

លោក​ប្រធានាធិបតី​បាន​ត្រឹម​រំលឹក​ថា អារ៉ាប៊ីសាអូឌីត​ជា​សម្ព័ន្ធមិត្ត​សំណព្វ​របស់​វ៉ាស៊ីនតោន សម្រាប់​ប្រឈម​នឹង​សត្រូវ​ជួរ​មុខ​គឺ​អ៊ីរ៉ង់ ! អារ៉ាប៊ីសាអូឌីត ជា​អ្នក​វិនិយោគ​ដ៏​ប្រពៃរបស់​អាមេរិក ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាមេរិក​ចាត់​ទុក​ដំណឹង​មរណភាព​របស់​អ្នកកាសែត​ខាស្ហូហ្ស៊ី ជា​ដំណឹង​គួរ​ឱ្យ​សោកស្តាយ​និង​អកុសល​ណាស់។

សម្រាប់​លោក​ដូណាល់​ត្រាំ ​ទំនួល​ខុស​ត្រូវដាក់​ទណ្ឌកម្ម​ជា​ភារៈ​​របស់​​សភា​និង​ព្រឹទ្ធសភា​​ថា​ជា​អ្នក​ដែល​សម្រេច​បន្ត​ ហើយ​លោក​នឹងរង់ចាំ​ស្តាប់​។ សមាជិក​​សភា​និ​ងព្រឹទ្ធ​សភា​អាមេរិក​ ​មាន​ជំហរ​តឹង​តែង​ខ្លាំង​ជាង​សេតវិមាន​ និង​យល់​​ថា​ការ​បក​ស្រាយ​របស់​អារ៉ាប៊ីសាអូឌីត​ប្តូរ​ផ្លាស់​រហូត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​មិន​គួរ​ឱ្យ​ជឿទុក​ចិត្ត​ទេ ហើយ​លទ្ធផល​នៃ​ការ​អង្កេត​នេះ​ គឺ​គ្រាន់​តែ​ជា​បិទ​បាំង​​រឿង​ពិត​តែ​ប៉ុណ្ណោះ។

ការ​បញ្ជាក់​ព័ត៌មាន​ស្តី​អំពី​ការ​ស្លាប់​របស់​អ្នកកាសែត​ បានធ្វើ​ឱ្យ​ពិភពលោកស្ទើរ​ទាំង​មូល​​​កំពុង​ស្ថិត​ក្នុង​អារម្មណ៍​កត់​ស្លត់​បំផុត។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏​បាន​អំពាវនាវ​ឱ្យ​អារ៉ាប៊ីសាអូឌីត​ បើក​អង្កេត​ស៊ីជម្រៅ​។

ផលវិបាក​ផ្ទៃក្នុង

តាំង​ពី​ផ្ទុះ​រឿង​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នេះ​មក រូបភាព​របស់​រាជទាយាទ​បេន​សាល់ម៉ាន និ​ងអារ៉ាប៊ីសាអូឌីត ចុះ​ស្រអាប់​​ខ្លាំង​ណាស់។ ​ក្រៅ​អំពី​ការ​គំរាម​របស់​អាមេរិក​ចង់​​ដាក់​ទណ្ឌកម្ម ក្រុម​ហ៊ុន អ្នកជំនួញ​ធំៗ​ ព្រមទាំង​តំណាង​ស្ថាប័ន​គ្រាក់លើ​ពិភពលោក ដូច​យ៉ាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ប្រកាស​អវត្តមាន​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​រីយាដ សប្តាហ៍​ក្រោយ​ ...

នៅ​ផ្ទៃក្នុង​រាជវង្ស​ ក៏​មាន​សកម្មភាព​ខ្លាំង។ បើ​តាម​ប្រភព​ស្និទ្ធ​នឹង​គ្រួសាររាជវង្ស សម្ពាធ​អន្តរជាតិ​បាន​រុញ​ច្រាន​ ​ព្រះ​ចៅ​ សាល់​ម៉ាន ​ជា​បិតាស្នងរាជ នៅស្ងៀម​លែង​កើត និង​បាន​ ​បង្ខំ​ចិត្ត​​ចេញ​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់​ ​បញ្ជា​ឱ្យ​មាន​ការ​កែប្រែរចនាសម្ព័ន្ធ​នៃ​នាយកដ្ឋាន​ចារកិច្ច​ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រុម​ការ​ត្រួត​ពិនិត្យ​ផ្ទាល់​ពី​រាជទាយាទ​ បេន សាល់ម៉ាន។

​ព្រះ​ចៅ​សាល់​ម៉ាន ត្រូវ​ចេញ​មុខ​ប្រឈម​ជាមួយ​រាជទាយាទ ដែល​មាន​អំណាច​ស្ទើរ​គ្រប់​វិស័យ យោធា សេដ្ឋកិច្ច​ សង្គម... បើ​តាម​អ្នក​វិភាគ​ខ្លះ ព្រះមហាក្សត្រ​ អាច​នឹង​ដក​តំណែង​ខ្លះ​ពី​រាជទាយាទនេះ​ជា​និម្មិត្តរូប ដើម្បី​ជាការ​ព្រមាន​រាជបុត្រ​ផ្សេង​ទៀត និង​ដើម្បី​លួង​ចិត្ត​សហគមន៍​អន្តរជាតិ​។ គេធ្លាប់​ឃើញ​ស្តេច​អារ៉ាប៊ីសាអូឌីត ព្រះអង្គ​ធ្លាប់​បាន​ចេញ​មុខ​ខ្ទាស់​ជាមួយ​រាជទាយាទ ម៉ូហាម៉េដ ​បេន សាល់​ម៉ាន ​ម្តង​ហើយ នៅ​ពេល​រាជបុត្រ​នេះ​​ចង់​សម្រប​ខ្លួន​តាម​​អាមេរិក ​ទទួល​ស្គាល់​ក្រុង​ហ្សេរ៉ុយសាឡិម​ជា​រដ្ឋ​ធានី​អ៊ីស្រាអែល។ ​តើ​ក្នុង​រឿង​ធំ​នៅ​លើ​នេះ​ព្រះ​អង្គ​ឆ្វេង​យល់​យ៉ាងណា​ទៅ​វិញ គ្រប់គ្នា​ក៏​កំពុង​រង់​ចាំ​ចម្លើយ។

​សេចក្តី​ប្រកាស​ព័ត៌មាន​ទទួល​ស្គាល់​ការ​ស្លាប់​របស់អ្នក​កាសែត ហ្សាម៉ាល់ ខាស្ហួហ្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រះចៅ​សាល់ម៉ាន បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តួកគី អែរដូហ្កាន​ តែ​ប៉ុណ្ណោះ។ តួកគី​មានទំនាក់ទំនង​មិន​ល្អ​ជាមួយ​អារ៉ាប៊ីសាអូឌីត​និងអាមេរិក​ទេ ហើយ​ក៏​មិន​ត្រូវ​ការ​ឱ្យ​សំណុំ​រឿង​រីក​រាល​វែង​ឆ្ងាយ​ ក្នុង​ទឹកដី​ខ្លួនដែរ។ ដូច្នេះ​ ​សហការ​ជាមួយ​រីយាដ អាច​ជា​​ឱកាស​មួយបាន​និយាយ​ចូល​​​អាមេរិក​វិញផង​ក៏​ថា​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ