អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖សភាបានប្រកាសផ្តើមនីតិវិធីទម្លាក់លោកដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សហរដ្ឋអាមេរិក ប្រធានសភា​លោកស្រី​ណាន់ស៊ី ប៉េឡូស៊ី​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ ទី២៤ កញ្ញា​ថា សភា​បើក​ការ​ស៊ើបអង្កេត​ផ្លូវការ​មួយ​ឆ្ពោះ​ទៅ​ផ្តើម​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​ត្រូវ​បាន​ក្រុម​អ្នកប្រជាធិបតេយ្យ​ចោទ​ប្រកាន់​ពី​បទ​បាន​រំលោភ​អំណាច​ដោយ​បាន​ទៅ​ពឹង​មេដឹកនាំ​បរទេស​ឲ្យ​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន​ដើម្បី​កេងចំណេញ​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០។ គួរ​រម្លឹក​ថា នីតិវិធីទម្លាក់​ដែល​ភាសា​អង់គ្លេស​ហៅ​ថា « impeachment » មួយ​នេះ​ធ្លាប់​ត្រូវ​បាន​ប្រើ​ចំនួន ៣ដង​នៅ​ក្នុង​ប្រវត្តិ​អាមេរិក​ដើម្បី​ទម្លាក់​ប្រធានាធិបតី។ តែ​គេ​បាន​សង្កេត​ឃើញ​ថា នីតិវិធី​ស្មុគស្មាញ និង​កម្រ​មួយ​នេះ​មិន​ដែល​ទទួល​ជោគជ័យ​ម្តង​ណា​ទេ។

ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ី ប៉េឡូស៊ី
ប្រធានសភាអាមេរិកលោកស្រីណាន់ស៊ី ប៉េឡូស៊ី 照片来源:路透社REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ដើមចម​ដែល​បាន​ជំរុញ​ក្រុម​អ្នកប្រជាធិបតេយ្យ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឆ្ពោះ​ទៅ​ផ្តើម​នីតិវិធី​ទម្លាក់​លោក​ដូណាល់ ត្រាំ​កើត​ចេញ​ពី​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្ស៊ីឡិនស្គ៊ី​កាល​ពី​រដូវក្តៅ​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ត្រាំ​បាន​ប្រើ​ជំនួយ​យោធា​របស់​អាមេរិក​សម្រាប់​អ៊ុយក្រែន​ជា​មធ្យោបាយ​ដាក់​គំនាប​លើ​លោក​ហ្ស៊ីឡិនស្គ៊ី​ដើម្បី​ឲ្យ​ប្រធានាធិបតី​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​មួយ​លើ​ក្រុមគ្រួសារ​របស់​អតីត​អនុប្រធានាធិបតី​អាមេរិក​លោក​ចូ បាយដិន ពិសេស​កូនប្រុស​លោក​បាយដិន​ឈ្មោះ​ហាន់ធ័រ​ដែល​បាន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ ២០១៤ នេះ​បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត Wall Street Journal កាល​ពី​ថ្ងៃ​សុក្រ ទី២២ កញ្ញា។

លោក​ត្រាំ​បាន​សារភាព​ជា​សាធារណៈ​ថា លោក​ពិត​ជា​បាន​និយាយ​ឈ្មោះ​លោក​បាយដិន និង​កូនប្រុស​លោក​បាយដិន​នៅ​ក្នុង​កិច្ចសន្ទានា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ហ្ស៊ីឡិនស្គ៊ី តែ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ពី​ការ​ដាក់​គំនាប​លើ​លោក​ហ្ស៊ីឡិនស្គ៊ី។ នៅ​យប់​ថ្ងៃ​អង្គារ ទី២៤ កញ្ញា លោក​ត្រាំ​បាន​សន្យា​បញ្ចេញ​ជា​សាធារណៈ​នា​ថ្ងៃ​ពុធ ទី២៥ កញ្ញា​នេះ​នូវ​សម្លេង​កិច្ចសន្ទនា​ទាំង​ស្រុង​រវាង​លោក និង​លោក​ហ្ស៊ីឡិនស្គ៊ី។ បន្ទាប់​មក លោក​ត្រាំ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ថា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច និង​បាន​ចោទ​ពួក​អ្នកប្រជាធិបតេយ្យ​ជា​ថ្មី​ម្តង​ទៀត​ពី​បទ​ឆ្លៀត​កកើយ​រឿង​នេះ​ដើម្បី​កេងចំណេញ​នយោបាយ។

ចំណែក​លោក​ចូ បាយដិន​ដែល​ជា​តួអង្គ​ផ្ទាល់​នៅ​ក្នុង​រឿងរ៉ាវ​មួយ​នេះ​បាន​អំពាវនាវ​លោក​ត្រាំ​ឲ្យ​ចូលរួម​សហការណ៍​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​សភា។ គួរ​រម្លឹក​ថា​មាន​អាយុ ៧៦ឆ្នាំ លោក​ចូ បាយដិន​ជា​អតីត​អនុប្រធានាធិបតី​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា និង​ជា​បេក្ខជន​ម្នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​លេចធ្លោរ​ខ្លាំង​ដើម្បី​ប្រកួតប្រជែង​ទល់​នឹង​លោក​ត្រាំ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ ២០២០។

ស្វែង​យល់​ពី « impeachment »

« impeachment » ជា​នីតិវិធី​មួយ​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រាទី២ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​អាមេរិកាំង​ឆ្នាំ ១៧៨៧។ « impeachment » បាន​អនុញ្ញាត​ឲ្យ​ទម្លាក់​ប្រធានាធិបតី ឬ​អនុប្រធានាធិបតី​ដែល​ជាប់ចោទ​ពី​បទ​ក្បត់ជាតិ ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ « impeachment » ជា​នីតិវិធី​មួយ​ស្មុគស្មាញ និង​សុំាញាំ​ដែល​អាច​ប្រើ​ពេល​យូរ​រហូត​ដល់​រាប់​ខែ និង​ឆ្នាំ។ ដំណើរ​ការ​របស់​នីតិវិធី​មួយ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ដំណាក់ការ ទី១ គឺ​ការ​បោះឆ្នោត​នៅ​សភា​ដោយ​សម្លេង​គាំទ្រ​ភាគច្រើន និង​ទី២ ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​ដោយ​សម្លេង​គាំទ្រ ២ភាគ៣។

បន្ទាប់​សភា​បោះឆ្នោត​គាំទ្រ​ក្នុង​សម្លេង​ភាគច្រើន នីតិវិធី​មួយ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ព្រឹទ្ធសភា​បោះឆ្នោត​ដោយ​សម្លេង​គាំទ្រ ២ភាគ៣ ដែល​ជា​ដំណាក់កាល​ចុង​ក្រោយ។ បើ​ព្រឹទ្ធសភា​បោះឆ្នោត​គាំទ្រ​ដូច​សភា​ដែរ នោះ​ការ​ទម្លាក់​ប្រធានាធិបតី​ចូល​ជា​ស្វ័យប្រវត្តិ និង​បិទផ្លូវ​តវ៉ា។ ក្នុង​ករណី​នេះ ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង​ភ្លាម និង​ត្រូវ​ជំនួស​ភ្លាមៗ​ជា​បណ្តោះអាសន្ន​ដោយ​អនុប្រធានាធិបតី​របស់​គាត់។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ប្រវត្តិ​អាមេរិក « impeachment » ត្រូវ​បាន​ប្រើ​ចំនួន ៣ដង គឺ​ប្រឆាំង​ប្រធានាធិបតី Andrew Johnson ក្នុង​ឆ្នាំ ១៨៦៨ ប្រឆាំង​ប្រធានាធិបតី Richard Nixon ក្នុង​ឆ្នាំ ១៩៧៤ និង​ទី៣ គឺ​ប្រឆាំង​ប្រធានាធិបតី Bill Clinton ក្នុង​ឆ្នាំ ១៩៩៨។ តែ​គ្មាន « impeachment » ណា​មួយ​ក្នុង​ចំណោម​ទាំង ៣ ទទួល​បាន​ជោគជ័យ​ទេ។

តើ​លោក​ដូណាល់ ត្រាំ​អាច​នឹង​ធ្លាក់​ពី​តំណែង ឬ​ទេ?

ចម្លើយ​ភ្លាមៗ​ពេល​នេះ គឺ​មិន​អាច​ទេ ព្រោះ​ក្រុម​អ្នក​សាធារណរដ្ឋ​របស់​លោក​ត្រាំ​មាន​សម្លេង​ច្រើន​លើសលប់​នៅ​ក្នុង​ព្រឹទ្ធសភា។ ពិត​ណាស់ ក្រុម​អ្នកប្រជាធិបតេយ្យ​ដែល​មាន​សម្លេង​ភាគច្រើន​នៅ​សភា​នឹង​បោះឆ្នោត​លើ​នីតិវិធី​ទម្លាក់​លោក​ត្រាំ។ តែ​នៅ​ពេល​ឡើង​ដល់​ព្រឹទ្ធសភា នីតិវិធី​ដដែល​នេះ​នឹង​ត្រូវ​ពួក​សាធារណរដ្ឋ​បោះឆ្នោត​ច្រានចោល។ នៅ​ពេល​នោះ នីតិវិធី​មួយ​នេះ​នឹង​ត្រូវ​ចប់ ហើយ​លោក​ត្រាំ​នឹង​បន្ត​កាន់​តំណែង​ប្រធានាធិបតី​យ៉ាង​រំភើយ​ដោយ​គ្មាន​បារម្ភ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​អតីតកាល ប្រធានាធិបតី​អាមេរិក​លោក Andrew Johnson ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​អំណាច​ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ក្នុង​សម្លេង​ភាគច្រើន តែ​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ច្រានចោល។

សម្រាប់​ប្រធានាធិបតី​លោក Richard Nixon ដែល​ជាប់​ចោទ​ក្នុង​រឿងអាស្រូវ Watergate ក្នុង​អាណត្តិទី២ របស់​លោក​ក៏​ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ក្នុង​សម្លេង​ភាគ​ច្រើន​ដែរ។ នៅ​ព្រឹទ្ធសភា គណបក្ស​របស់​លោក Nixon ក៏​មាន​សម្លេង​ភាគច្រើន​ដែល​អាច​បោះឆ្នោត​ច្រានចោល។ តែ​ចំណោត​នៅ​ត្រង់​ថា លោក Nixon ដែល​បាន​បាត់បង់​ការ​គាំទ្រ​ពី​បក្ស​ខ្លួន​ឯង​កាន់​តែ​ច្រើន​ឡើងៗ​បាន​បង្ខំ​ចិត្ត​ចុះ​ពី​តំណែង នៅ​ពេល​ដឹង​ថា ព្រឹទ្ធសភា​ត្រៀម​បោះឆ្នោត​ទម្លាក់​លោក។ ករណី​ប្រធានាធិបតី Bill Clinton ក៏​ដូច​ជា​លោក Andrew Johnson ដែរ គឺ​បាន​ព្រឹទ្ធសភា​ជួយ​ស្រោចស្រង់។ តាម​មើល​ទៅ វាសនា​លោក​ត្រាំ​ក៏​មិន​ខុស​គ្នា​នឹង​វាសនា​លោក Andrew Johnson ឬ​លោក Bill Clinton ទេ។

លើស​ពី​នេះ​ទៅ​ទៀត « impeachment » មិន​ច្បាស់​ជា​ហុច​ប្រយោជន៍​ឲ្យ​ក្រុមអ្នក​ដែល​ចង់​ទម្លាក់​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ផ្តល់​ផលអាក្រក់ និង​រូបភាព​មិន​ល្អ​សម្រាប់​ពួក​គេ​ទៀត​ផង។ ចំណែក​រូប​ប្រធានាធិបតី និង​គណបក្ស​របស់​គាត់​ដែល​រង​ការ​វាយប្រហារ​ក៏​មិន​ច្បាស់​នឹង​បាត់បង់​ប្រជាប្រិយភាព និង​ការ​គំាំទ្រ​ទេ តែ​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ថែម​ទៀត ប្រសិន​បើ​នីតិវិធី​មួយ​នេះ​មាន​បង្កប់​ដោយ​រឿង​នយោបាយ​ដែល​គូប្រជែង​យក​ទៅ​ប្រើ​ដើម្បី​កេង​ចំណេញ​​នយោបាយ។ ជាក់ស្តែង លោក Bill Clinton បាន​ជាប់ឆ្នោត​អាណត្តិទី២ ក្រោយ​ពី​ព្រឹទ្ធសភា​បាន​បោះឆ្នោត​ច្រានចោល​លើ​នីតិវិធី​ទម្លាក់​លោក​ពី​សភា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ