អាមេរិកផ្តើមនីតិវិធីដកខ្លួនជាផ្លូវការពី កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៣២
អាមេរិកចាប់ផ្តើមដកខ្លួនជាផ្លូវការពីកិច្ចព្រមព្រៀងប៉ារីស ស្តីពីអាកាសធាតុ។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទទី៤វិច្ឆិកា រដ្ឋាភិបាលអាមេរិក បានដាក់ពាក្យ សុំទៅ អង្គការសហប្រជាជាតិដើម្បីដកខ្លួន ជាផ្លូវការពីកិច្ចព្រមព្រៀងអន្តរជាតិ ស្តីពីអាកាសធាតុ។ ភ្លាមៗ បារាំង និងជប៉ុនដែលជាអ្នកជំរុញ ការពារកិច្ចព្រមព្រៀងអាកាសធាតុ បានសំដែងការសោកស្តាយ នៅក្រោយការប្រកាសរបស់ក្រសួងការបរទេសអាមេរិក។
នៅដើមខែមិថុនា ឆ្នាំ ២០១៧ លោកដូណាល់ ត្រាំ ពិតជាបានប្រកាសយ៉ាងដូច្នេះ មែន គឺដកអាមេរិកចេញពីកិច្ចព្រមព្រៀងប៉ារីស ស្តីពីអាកាសធាតុ។ ប៉ុន្តែ ការសម្រេចរបស់លោកដូណាល់ ត្រាំ មានតែនៅលើមាត់ប៉ុណ្ណោះ គឺមិនទាន់អាចអនុវត្តចេញជារូបរាង បានទេ ដោយសារថា ទៅតាមមាត្រារបស់កិច្ចព្រមព្រៀង ប្រទេសហត្ថលេខីត្រូវរង់ចាំ ពេលវេលា ៣ឆ្នាំ ក្រោយ ថ្ងៃចុះហត្ថលេខា ទើបអាចមានសិទ្ធិសុំដកខ្លួនចេញពីកិច្ចព្រមព្រៀង។ អាមេរិកក្រោមអាណត្តិរបស់លោកអូបាម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសធាតុ នៅថ្ងៃទី ៤វិច្ឆិកា ឆ្នាំ ២០១៦ ដូច្នេះ អាមេរិកទើបអាចមានសិទ្ធិសុំដកខ្លួន ជាផ្លូវការពីកិច្ចព្រមព្រៀង នៅថ្ងៃទី ៤វិច្ឆិកាឆ្នាំ២០១៩ គឺថ្ងៃចន្ទម្សិលមិញនេះ។
នៅថ្ងៃទី ៤វិច្ឆិកាម្សិលមិញនេះ នៅពេល អាមេរិកអាចមានសិទ្ធិ ចាប់ផ្តើមនីតិវិធី ដកខ្លួនជាផ្លូវការពីកិច្ចព្រមព្រៀង ក្រុងប៉ារីសស្តីពីអាកាសធាតុ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍អះអាងថា អាមេរិក បានដាក់ពាក្យជូនដំណឹងជាផ្លូវការទៅអង្គការសហប្រជាជាតិពីបំណងដកខ្លួនរបស់អាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុ។
តាំងពីក្រុងប៉េកាំង ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែលជាអ្នកជំរុញគាំទ្រ កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ សំដែងការសោកស្តាយ ប៉ុន្តែ ជាមួយគ្នានោះ បានអំពាវនាវឲ្យប្រទេសចិន ចូលរួមជាមួយសហភាពអឺរ៉ុប ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបានសកម្មជាងមុន។
អាមេរិក ត្រូវរង់ចាំពេល មួយឆ្នាំទៀត ពោលគឺរហូតដល់ថ្ងៃទី ៤វិច្ឆិកា ឆ្នាំ ២០២០ ទើបអាមេរិកអាចដកខ្លួនជាផ្លូវការ តែម្តង ពី កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។
នៅពេលនោះ អាមេរិកនឹងក្លាយជាប្រទេសឯកោ តែម្នាក់ឯង ក្នុងលោក ដែលស្ថិតនៅក្រៅសៃង្វៀន នៃកិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ ព្រោះថា ប្រទេសទាំងអស់ក្នុងពិភពលោក ចំនួន ១៩៧ សូម្បីតែកូរ៉េខាងជើង គឺសុទ្ធតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមានគោលដៅ កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុធ្វើឲ្យផែនដីឡើងកំដៅ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ជាថ្មី ពីមូលហេតុ ដែលធ្វើឲ្យអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង។ ប្រមុខការបរទេសអាមេរិក បានអះអាងថា កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ មិនយុត្តិធម៌ សម្រាប់សេដ្ឋកិច្ច និងប្រជាជនអាមេរិកាំង។ សម្រាប់ រដ្ឋមន្រ្តីការបរទេស ទោះជាអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀង ប៉ុន្តែ អាមេរិកនៅតែបន្តអនុវត្តនយោបាយ ផ្សេងទៀត ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយប្រសិទ្ធិភាព។
តាំងពីមិនទាន់ ជូនដំណឹង ទៅអង្គការសហប្រជាជាតិ ឬចាំឲ្យអាមេរិកដកខ្លួន ជាផ្លូវការ ចេញផុតពីកិច្ចព្រមព្រៀងអាកាសធាតុផង រដ្ឋបាលអាមេរិករបស់លោកដូណាល់ ត្រាំ បានធ្វើនយោបាយជាច្រើន ដែលដើរផ្ទុយពីកិច្ចព្រមព្រៀង អាកាសធាតុ ទៅហើយ។ តាំងពីឆ្នាំ ២០១៧ ពោលគឺនៅក្រោយលោកប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង រដ្ឋបាលលោកដូណាល់ ត្រាំ ឈប់ គោរពតាមការសន្យា របស់អាមេរិក ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពី២៦% ទៅ ២៨% រហូត ដល់ឆ្នាំ ២០២៥។ លោកដូណាល់ ត្រាំ បានបន្ធូរបន្ថយ ច្បាប់ស្តីពីការបញ្ចេញផ្សែងពុលរបស់រោងចក្រអគ្គិសនី ដែលដោយថាមពលបានមកពីធ្យូងថ្ម។ ដោយសារតែយោគយល់ លើកទឹកចិត្តថាមពលបានមកពីធ្យូងថ្ម ការបញ្ចេញឧស្ម័នកាបូនិក ដែលធ្លាប់តែចុះថយ ប្រមាណ ១២%ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៨ បានកើនឡើង វិញ ប្រមាណ ៣% កាលពីឆ្នាំ មុន។
អាមេរិក ដែលជាប្រទេសធំទី ២ ក្នុងពិភពលោក បន្ទាប់ពីចិន ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេ។ ដោយដកខ្លួនចេញពីកិច្ចព្រមព្រៀង អាកាសធាតុ ចង់មានសេរីភាព ជំរុញសេដ្ឋកិច្ចរបស់ខ្លួន។ ប៉ុន្តែជាមួយគ្នានោះ អាមេរិក ក៏លែងមានសិទ្ធិអាចចូលរួមក្នុងកិច្ចប្រជុំ របស់សន្និសីទស្តីពីបញ្ហាប្រែប្រួលអាកាសធាតុ ដើម្បីបញ្ចេញយោបល់ឬសម្រេចអ្វី ទាក់ទងនឹងគោលការណ៍ធំៗក្នុងកិច្ចព្រមព្រៀងដែលមាននិយាយតាំងពីបញ្ហាវិទ្យាសាស្រ្ត ឬហិរញ្ញវត្ថុ។ ចង់ ឬមិនចង់ ប៉ះពាល់ដល់មហិច្ឆតារបស់អាមេរិកខ្លួនឯងដែលចង់ឲ្យមានកិច្ចព្រមព្រៀងជាលក្ខណៈសកល សម្រាប់គ្រប់ប្រទេស រួមទាំងប្រទេសចិន៕
កិច្ចព្រមព្រៀងស្តីដួលរលំដូចដូមីណូ
នេះជាអ្វីដែលគេកំពុងព្រួយបារម្ភ។ នៅពេលលោកដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង កាលពីពាក់កណ្តាលឆ្នាំ ២០១៧ គ្រប់ប្រទេសនៅក្នុងពិភពលោក នាំមុខដោយបារាំង និងប្រទេសផ្សេងទៀត ដែលប្រឈមខ្លាំងនឹងផលវិបាកដោយសារការប្រែប្រួលអាកាសធាតុ ធ្លាប់បានប្រតិកម្ម ទាំងខឹងសម្បារ សោកស្តាយ។ គេបារម្ភខ្លាចថា នឹងមានប្រទេសមួយចំនួនផ្សេងទៀត ដូចជា អូស្ត្រាលីជាដើម ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើធ្យូងថ្ម ឬប្រេស៊ីលដែលមានព្រៃអាម៉ាហ្សូន យកគំរូតាមអាមេរិក ដើរចេញពីកិច្ចព្រមព្រៀង អាកាសធាតុ។ ចង់ ឬមិនចង់ ដោយសារតែឃើញអាមេរិក ដែល ជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ច្រើនជាងគេ ដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ប្រទេសមួយចំនួន ផ្សេងទៀត ហាក់ នៅមិនស្ងប់នោះទេ។ រុស្ស៊ីហើយនិងតួកគីជាដើម ទោះជាបានចុះហត្ថលេខា ប៉ុន្តែ នៅមិនទាន់ផ្តល់សច្ចាប័ននៅឡើយទេ។
អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងក៏កំពុងធ្វើឲ្យគេព្រួយបារម្ភផងដែរ ពីបញ្ហាហិរញ្ញវត្ថុសម្រាប់គម្រោងបៃតង របស់អង្គការសហប្រជាជាតិ ព្រោះថា អាមេរិកធ្លាប់ជាប្រទេសដែលផ្តល់ហិរញ្ញវត្ថុសំខាន់មួយ សម្រាប់ជួយប្រទេសក្រីក្រ ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។
សម្រាប់បារាំង ដែលជាម្ចាស់ផ្ទះ និងជាអ្នកជំរុញខ្លាំងឲ្យមានកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ទោះយ៉ាងណាក៏ដោយ ក៏គេក៏មិនអស់សង្ឃឹមដែរ។ អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ប៉ុន្តែនៅមានប្រទេសមហាអំណាចចិនម្នាក់ទៀត ដែលបានសន្យាចូលរួមអនុវត្តកិច្ចព្រមព្រៀងតាមរយៈ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ នៅទឹកដី អាមេរិក ទោះជារដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀង ប៉ុន្តែ ថ្នាក់ដឹកនាំរដ្ឋជាង២០ របស់អាមេរិក ហើយនិងក្រុមហ៊ុនអាមេរិករាប់រយ បានប្រកាសថា ពួកគេនៅតែចូលរួមគោរពតាមកិច្ចព្រមព្រៀង គឺមិនដូចលោកដូណាល់ ត្រាំនោះទេ។ ពួកគេនៅតែអនុវត្តគោលនយោបាយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ហើយនិងចូលរួមវិភាគទានសម្រាប់គម្រោង បៃតងរបស់អង្គការសហប្រជាជាតិ។
អាមេរិកនឹងអាចចេញជាផ្លូវការនៅថ្ងៃ ទី៤វិច្ឆិកា ឆ្នាំ ២០២០ ពោលគឺនៅមួយថ្ងៃ ក្រោយ ដែលអាមេរិក បោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មី។ បើសិនគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោត នោះអាមេរិកនឹងអាចប្តូរចិត្ត វិលត្រលប់មកក្នុងកិច្ចព្រមព្រៀង ប៉ុន្តែ បើសិនលោកដូណាល់ ត្រាំ ដែលស្អប់កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុឈ្នះឆ្នោត ចូលកាន់តំណែង ជាប្រធានាធិបតីមួយអាណត្តិទៀត នោះក្តីបារម្ភដែលថា ពពកខ្មៅអួរអាប់ដែលនឹងធ្វើឲ្យកិច្ចព្រមព្រៀង អាកាសធាតុ ដួលរលំ ដូចដូមីណូ ពិតជាអាច កើតចេញ ជារូបរាង ពិតៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ