អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាអាមេរិក​នឹង​ចាប់ផ្តើម​សរសេរ​បទចោទប្រកាន់ ផ្លូវការ ដើម្បីទម្លាក់លោកដូណាល់ ត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធាន​សភាអ្នកតំណាងរាស្រ្តអាមេរិក នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​បញ្ជាឲ្យ​​គេ​ចាប់សរសេរបទចោទប្រកាន់ជាផ្លូវការ ដើម្បី​ទម្លាក់តំណែង​លោកប្រធានាធិបតីដូណាល់ ត្រាំ។ គណៈកម្មការ​ស៊ើបអង្កេត​របស់សភាអ្នកតំណាងរាស្រ្ត​ដែលគ្រប់គ្រង​ដោយបក្ស​ប្រឆាំង គណបក្ស​ប្រជាធិបតេយ្យ នឹង​ចងក្រង​បទចោទប្រកាន់ បន្ទាប់ពី​បានបើក​សវនាការ សាកសួរ​ដេញដោល សាក្សី ១៧នាក់ ក្នុង​សំណុំចោទប្រកាន់ ដែលថា ​​ប្រធានាធិបតី អាមេរិកបាន​ដាក់​សម្ពាធលើ​មេដឹកនាំ​អ៊ុយក្រែន ឲ្យ​​ស៊ើបអង្កេត​លើ​គូប្រជែងនយោបាយ​របស់​លោកដូណាល់ ត្រាំ គឺ​លោក​ចូ បាយដិន ជាថ្នូ​នឹង​ជំនួយយោធា​អាមេរិក។ 

ប្រធានសភាអ្នកតំណាងរាស្រ្ត លោកស្រីNancy Pelosi នៅក្នុង​សន្នីសិទកាសែត​ថ្ងៃទី ៥ធ្នូ ២០១៩
ប្រធានសភាអ្នកតំណាងរាស្រ្ត លោកស្រីNancy Pelosi នៅក្នុង​សន្នីសិទកាសែត​ថ្ងៃទី ៥ធ្នូ ២០១៩ ©REUTERS/Tom Brenner
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សភាអ្នកតំណាងរាស្រ្ត​អាមេរិក លោកស្រី Nancy Pelosy នៅ​ថ្ងៃ​ព្រហស្បតិ៍​បង្កើន​ល្បឿន​នីតិវិធីទម្លាក់​លោកដូណាល់ ត្រាំ ដោយ​បាន​បញ្ជា​ប្រាប់​គណៈកម្មការ​យុត្តិធម៌របស់​សភា ឲ្យ​សរសេរ​បទចោទប្រកាន់​លោកដូណាល់ ត្រាំ ជាផ្លូវការ។

សម្រាប់​លោកស្រី Nancy Pelosy ប្រធាន​សភាអ្នកតំណាងរាស្រ្ត​អាមេរិក លោកប្រធានាធិបតី​ ដូណាល់ ត្រាំ គ្មានទុក​ជម្រើស​អ្វីផ្សេងឲ្យ​សភា​នោះ​ទេ ពីព្រោះ​លោកកំពុង​ព្យាយាម​សា​ជាថ្មី​ ធ្វើឲ្យ​ការបោះឆ្នោតពុករលួយខូច គឺ​ដើម្បី​ប្រយោជន៍តែ​​ផ្ទាល់ខ្លួន។ ប្រធាន​សភាអ្នកតំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង នៅបាន​វាយប្រហារ​ខ្លាំងៗ លើ​លោកដូណាល់ ត្រាំ ថា ជា​ប្រធានាធិបតី​ដែល​រំលោភអំណាច ធ្វើ​ឲ្យ​សន្តិសុខ​ជាតិ​អាមេរិក​ចុះខ្សោយ និង​ដាក់​បូរណភាព​បោះឆ្នោត​អាមេរិកក្នុង​ស្ថានភាព​គ្រោះថ្នាក់។

លោកប្រធានាធិបតី​អាមេរិក​បាន​ធ្លាក់​ចូល​ក្នុង​សំណាញ់​ស៊ើបអង្កេត​របស់សភា​អ្នកតំណាងរាស្រ្ត  ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយត្យ បន្ទាប់​ពី​សភា បាន​ដឹងថា លោកដូណាល់ ត្រាំ បាន​សុំ​ឲ្យ​ប្រធានាធិបតី អ៊ុយក្រែន ស៊ើបអង្កេត លើ​កូនប្រុស​របស់​លោកចូ បាយដិន ដែល​ជាគូប្រជែងសំខាន់​របស់លោក នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០។ ​ការស៊ើបអង្កេត និង​សវនាការ​សាកសួរ សាក្សី ១៧នាក់ ដែល​សុទ្ធតែ​ជា​មន្រ្តីជាន់ខ្ពស់ ក្នុង​រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​បង្ហាញថា រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ដាក់​លក្ខខណ្ឌថា នឹង​ទទួល​ជួប​ប្រធានាធិបតី​អ៊ុយក្រែននៅ​សេតវិមាន បើសិន អ៊ុយក្រែន​ស៊ើបអង្កេតលើ​កូនប្រុស​របស់​លោក ចូ បាយដិន។ តាម​មន្រ្តីជាន់ខ្ពស់​អាមេរិក រដ្ឋបាលលោកដូណាល់ ត្រាំ បាន​យក​ជំនួយ យោធា ៤០០​លាន​ដុល្លារ សម្រាប់​អ៊ុយក្រែន មក​ធ្វើ​ជា​លេស ផងដែរ​ដើម្បី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​អ៊ុយក្រែន។

លោកដូណាល់ ត្រាំ​ប្រឈម​នឹង​បទចោទប្រកាន់ ៣

កាល​ពី​ថ្ងៃ​ពុធ គណៈកម្មការស៊ើបអង្កេត​របស់​សភាអ្នកតំណាងរាស្រ្ត បាន​កោះហៅ សាស្រ្តាចារ្យ ច្បាប់​៤នាក់ ដើម្បី​សាកសួរ​ពី​យោបល់​របស់​ពួកគ​ទាក់ទង​នឹង​ដំណើរការផ្លូវច្បាប់​ដើម្បី ទម្លាក់​តំណែង​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។

នៅពេល​សាស្ត្រាចារ្យម្នាក់ ដែល​អញ្ជើញ​ដោយ​បក្ស​សាធារណរដ្ឋ​របស់​លោកដូណាល់ ត្រាំ លើកឡើង​ពី​កង្វះភស្តុតាង ដើម្បី ចោទប្រកាន់ និងទម្លាក់​តំណែង​លោកដូណាល់ ត្រាំ សាស្រ្តាចារ្យ បីរូប​ផ្សេងទៀត ដែល​អញ្ជើញ​ដោយ​ក្រុមគណបក្ស​ប្រជាធិបតេយ្យ បាន​លើក​ឡើង​ពី​បទចោទប្រកាន់ ធំ ដែល​លោកដូណាល់ ត្រាំ ត្រូវប្រឈម។

ទី១ គឺ​ការំលោភអំណាច ហើយ​និង​ពុករលួយ។ ទី​២ គឺ​បង្កើត​ឧបសគ្គ​សម្រាប់​ដំណើរការ​ស៊ើបអង្កេត សាកសួរ​ដេញដោល​របស់​សភាអ្នកតំណាងរាស្រ្ត ចំណែក​បទចោទប្រកាន់ទី ៣ គឺ​ការព្យាយាម បង្ក​ឧបសគ្គផងដែរ ដល់​ដំណើរការ​ស៊ើបអង្កេត​របស់​តុលាការ។

នៅក្នុង​បទចោទប្រកាន់​រំលោភអំណាច លោកដូណាល់ ត្រាំ ត្រូវ​គណបក្ស​ប្រឆាំង​ចោទថា បាន​រំលោភអំណាច​ប្រធានាធិបតី ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ពោល​គឺ​បាន​សុំ​ឲ្យ​សមភាគី​អ៊ុយក្រែន​ស៊ើបអង្កេត លើ​គ្រួសារ​របស់​លោកចូ បាយដិន ដែល​ជា​គូប្រជែង របស់លោកដូណាល់ ត្រាំ នៅក្នុង​ការបោះឆ្នោត ឆ្នាំក្រោយ។ សម្រាប់​សាស្រ្តាចារ្យ​ច្បាប់​នៅ​មហាវិទ្យាល័យ Havard Noah Feldman ដោយ​បង្កក​ជំនួយ​យោធា​អាមេរិក និង​ដាក់លក្ខខណ្ឌ​ក្នុង​ការទទួល​ជួប​ប្រធានាធិបតី អ៊ុយក្រែន នៅសេតវិមាន លោកដូណាល់ ត្រាំ បាន​រំលោភអំណាច ប្រធានាធិបតី ដើម្បី​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន។ អ្នកជំនាញច្បាប់​ម្នាក់ទៀត​របស់​សកលវិទ្យាល័យ Stanford គឺ​សាស្រ្តាចារ្យ Pamela Karlan បាន​វាយតម្លៃថា ការអូសទាញបញ្ចូល​រដ្ឋាភិបាល​បរទេស នៅក្នុង​ការបោះឆ្នោត​អាមេរិក គឺ​ជា​សកម្មភាព​រំលោភអំណាច​ធ្ងន់ធ្ងរ ព្រោះ​វា​មានគោលដៅ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ចុះខ្សោយ។

នៅក្នុង​បទចោទប្រកាន់ទី ២ ស្តីពីការបង្ក​ឧបសគ្គ​ដល់​ការងារ​ស៊ើបអង្កេតរបស់​គណៈកម្មការ​របស់​សភាអ្នកតំណាងរាស្រ្ត លោកដូណាល់ ត្រាំ ត្រូវ​បាន​ចោទប្រកាន់ រំលោភច្បាប់រដ្ឋធម្មនុញ្ញ ព្រោះ​លោក​បាន​ហាម​មិន​ឲ្យ​អ្នកធ្វើការ​ជាមួយ​លោក ផ្តល់​ឯកសារ ឬ​ចូលទៅ​ឆ្លើយបំភ្លឺ​នៅ​ក្នុង​សវនាការ​សួរដេញដោល​របស់​សភា។

នៅក្នុង បទចោទប្រកាន់ទី​៣​ដែល​និយាយ​ពីការបង្ក​ឧបសគ្គ​ដល់​នីតិវិធី​តុលាការ គណៈកម្មការ​របស់​សភាអ្នកតំណាងរាស្រ្ត បាន​លើកយោង​ដល់​របាយការណ៍​របស់​រដ្ឋអាជ្ញាពិសេស ដែល​បាន​ស៊ើបអង្កេត​លើ​ការលូកដៃ​របស់​រុស្ស៊ី នៅក្នុងការបោះឆ្នោត ដែល​មាន​លោកដូណាល់ ត្រាំ ជា​បេក្ខជន​ឈ្នះឆ្នោត។

នៅក្នុង​របាយការណ៍ កម្រាស ៤០០​ទំព័រ លោក​រដ្ឋអាជ្ញាពិសេស Robert Muller​មិន​បាន​រកឃើញភស្តុតាង​ដែលថា រុស្ស៊ី​បាន​ចូលរួម​ជាមួយ​ក្រុមឃោសនា​បោះឆ្នោត​របស់​លោកដូណាល់ ត្រាំ។ ប៉ុន្តែ រដ្ឋអាជ្ញាពិសេស បានបិទបញ្ចប់​ការសន្និដ្ឋាន​របស់​លោក ដែលថា លោក​មិន​អាច​ធានា ទេ ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ មិន​បាន​លូកដៃ បង្ក​ឧបសគ្គ​ដល់ការងារ​ស៊ើបអង្កេត​របស់​តុលាការ។

សូមអាន៖ ចំណុចសំខាន់ៗ​គួរដឹង​ជុំវិញ​ដំណើរការ​ដកតំណែង​ប្រធានាធិបតី​ដូណាល់ត្រាំ

លោកដូណាល់ ត្រាំ​ទាមទារ​ឲ្យ​មាន​សវនាការ​ឆាប់ៗ

នៅក្រោយ​ការប្រកាស​របស់​ប្រធាន​សភាអ្នកតំណាងរាស្រ្ត លោកដូណាល់ ត្រាំ បាន​ប្រតិកម្ម​តប​ភ្លាមៗ​ថា លោក​ចង់ឲ្យ​គេ​បើក​សវនាការ​ឆាប់ៗ នៅ​ព្រឹទ្ធសភា ព្រោះ​លោកជឿជាក់​ថា ព្រឹទ្ធសភា​នឹង​លាងជម្រះ មន្ទិលសង្ស័យ និង​ការចោទប្រកាន់​ទាំង​ប៉ុន្មាន​របស់​បក្ស​ប្រឆាំង ទៅលើលោក។

តាម​គម្រោង សភាអ្នកតំណាងរាស្រ្ត​នឹង​បង្ហាញ​អត្ថបទច្បាប់​ចោទប្រកាន់​ផ្លូវការ នៅមុន​បុណ្យ​ណូអែល ចុងឆ្នាំ នៅពេល​សវនាការ​នៅព្រឹទ្ធសភា នឹងអាច​ចាប់បើក នៅ​ខែ​មករា​ដើមឆ្នាំ។

លោក​ដូណាល់ ត្រាំ ជាប្រធានាធិបតី អាមេរិក ទី​៣ ដែល​ប្រឈម​នឹង​ការបោះឆ្នោត ទម្លាក់​ពីតំណែង នៅ​សភា​អ្នកតំណាងរាស្រ្ត​គឺ​ដូច លោក Andrew Johnson និង​លោក​Bill Clinton។ ប៉ុន្តែ ដូចអតីតប្រធានាធិបតី​ទាំងពីរ លោកដូណាល់ ត្រាំ នឹង​ត្រូវ​ព្រឹទ្ធសភា សម្រេចក្តី​ឲ្យ​រួចទោស ព្រោះព្រឹទ្ធសភា គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ប្រកាស​រួចហើយ ពីជំហរ​គាំទ្រ ដាច់ខាត​លោកប្រធានាធិបតី​ដូណាល់ ត្រាំ។

បក្ស​ប្រជាធិបតេយ្យ​ដឹងថា ខ្លួន​នឹង​មិនបានទទួលជ័យជំនះ នៅព្រឹទ្ធសភា​នោះទេ ប៉ុន្តែ សម្រាប់​បក្ស​ប្រជាធិបតេយ្យ ផែនការ​ឈាន​ទៅ​ទម្លាក់​តំណែងប្រធានាធិបតី គឺ​ដើម្បី ធ្វើ​យ៉ាងណា​កុំ​ឲ្យ​លោកដូណាល់ ត្រាំ អាច​ជាប់ឆ្នោត ក្លាយជា​ប្រធានាធិបតី អាមេរិក មួយអាណត្តិទៀតប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ