អានតួអត្ថបទ
សហរដ្ឋអាមេរិក

បក្សប្រជាធិបតេយ្យ​វាយតម្លៃ​ថា លោក​ដូណាល់ ត្រាំ ប្រព្រឹត្តកំហុស​ច្រើន​ជាង​អតីតប្រធានាធិបតី​និចសុន

សវនាការ​ជា​សាធារណៈ​របស់​សភា​អាមេរិក ដើម្បី​ឈាន​ទៅ​ទម្លាក់​តំណែង​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​បិទបញ្ចប់ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ នៅក្រោយ​សវនាការ សាកសួរ​ដេញដោល អស់ រយៈពេល​៨ថ្ងៃ ដែល​មាន​ការចូលរួម​ផ្តល់សាក្ខីកម្ម របស់​មន្រ្តីទូត​អាមេរិក ជុំវិញ សំណុំរឿង​ទូរស័ព្ទ​របស់​លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន គណៈកម្មការស៊ើបអង្កេត​របស់​សភាអ្នកតំណាងរាស្រ្ត ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​ទាញ​ក្តីសន្និដ្ឋាន​ថា ករណីរបស់​លោកដូណាល់ ត្រាំ គឺ​ធ្ងន់ធ្ងរ​ជាង​សំណុំរឿង​អាស្រូវ Watergate របស់​អតីតប្រធានាធិបតី រីឆាត និចសុន​ទៅ​ទៀត។ 

លោកស្រីFiona Hillមន្រ្តីជាន់ខ្ពស់​ទទួលបន្ទុកអឺរ៉ុប និង​រុស្ស៊ីនៅទីប្រឹក្សាសន្តិសុខជាតិនៅក្នុង​សវនាការសួរដេញដោល ថ្ងៃព្រហស្បតិ៍ទី ២១​វិច្ឆិកា នៅគណៈកម្មការស៊ើបអង្កេត​របស់សភាអ្នកតំណាងរាស្រ្ត
លោកស្រីFiona Hillមន្រ្តីជាន់ខ្ពស់​ទទួលបន្ទុកអឺរ៉ុប និង​រុស្ស៊ីនៅទីប្រឹក្សាសន្តិសុខជាតិនៅក្នុង​សវនាការសួរដេញដោល ថ្ងៃព្រហស្បតិ៍ទី ២១​វិច្ឆិកា នៅគណៈកម្មការស៊ើបអង្កេត​របស់សភាអ្នកតំណាងរាស្រ្ត ©REUTERS/Erin Scott
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការសាកសួរ ដេញដោល អស់​ជា​រយៈពេល​ជា​ច្រើនថ្ងៃ នៅក្នុង​ដំណើរ​ការទម្លាក់តំណែង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានក្រុមស៊ើបអង្កេត​នៅ​សភាអ្នកតំណាងរាស្រ្ត​អាមេរិកាំង លោក Adam Schiff បាន​ចេញសេចក្តី​សន្និដ្ឋានមួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​និយាយ​បន្ទោស លោក​ដូណាល់ ត្រាំ ថា បាន​ធ្វើ​កំហុស​ធ្ងន់ធ្ងរ ជាង​អតីត​លោកប្រធានាធិបតី រីឆាត និចសុន​ទៅទៀត។ លោកAdam Schiff ចង់​សំដៅ​ទៅដល់​សំណុំរឿង អាស្រូវ របស់​លោក​រីឆាត និចសុន ដែលបាន​បញ្ជា​គេលួច​យកការណ៍​សម្ងាត់ ពី​ក្រុមបក្ស​ប្រជាធិបតេយ្យ កាលពីឆ្នាំ ១៩៧៤។ លោក និចសុន ដែលបាន​ចុះចេញ​ពីតំណែង នៅ​ឆ្នាំ ១៩៧៤ នៅ​មុន​ការបោះឆ្នោត​ទម្លាក់​តំណែង​របស់​លោក​នៅ​ព្រឹទ្ធសភា​អាមេរិក។

៤៥​ឆ្នាំ ក្រោយ លោកដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ ដូច​លោក​និចសុន បាន​រង​ការស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី ពីព្រោះ​លោក​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន ស៊ើបអង្កេត​លើ​លោក ចូ បាយដិន ដែល​ជា​គូប្រជែង​នយោបាយ​របស់​លោក នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី នៅ​ឆ្នាំ២០២០។

នៅ​អាមេរិក ការស្នើសុំ​ជំនួយ​ពី​បរទេស ដើម្បី ផលប្រយោជន៍​ផ្ទាល់ខ្លួន នៅក្នុង​ការបោះឆ្នោត ជា​រឿង​ខុសច្បាប់។ ជាមួយ​នឹង​សំណុំរឿង​ទូរស័ព្ទ លោកដូណាល់ ត្រាំ និង​ប្រធានាធិបតី​ថ្មី​របស់​អ៊ុយក្រែន ក្រុមបក្ស​ប្រជាធិបតេយ្យ បាន​ចោទប្រកាន់ ម្ចាស់សេតវិមាន ថា​បាន​រំលោភអំណាច ដាក់​សម្ពាធ​លើ​ភាគី​អ៊ុយក្រែន ឲ្យ​ស៊ើបអង្កេត​លើលោកចូ បាយដិន ដែល​ជា​គូប្រជែង​របស់លោក ជាថ្នូរ​នឹង​ការផ្តល់ជំនួយ​យោធា សម្រាប់​អ៊ុយក្រែន។

ឆ្លើយ​ទៅកាន់​អង្គសវនាការ​សួរដេញដោល​របស់​សភាអ្នកតំណាងរាស្រ្ត កាលពីថ្ងៃ ពុធ អគ្គរដ្ឋទូត អាមេរិក​ប្រចាំ​សហភាពអឺរ៉ុប លោក​Gordon Sondland បាន​អះអាង នូវ​ការជឿជាក់របស់​លោក ដែល​ថា សេតវិមាន​នឹង​មិនអញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន ឲ្យ​ទៅជួប​លោកដូណាល់ ត្រាំ នៅ​វ៉ាស៊ីនតោនទេ បើសិន​អ៊ុយក្រែន​មិន​ប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន​អ៊ុយក្រែន ដែល ជាប់ពាក់ព័ន្ធ​កូនប្រុស​របស់​លោក​ចូ បាយដិន ជាមុនសិន។

នៅក្នុង​សវនាការ​ចុងក្រោយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អតីត​មន្រ្តីជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​រុស្ស៊ី នៅក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោកស្រី Fiona Hill បាន​និយាយ​ដាក់បន្ទុក លោក ដូណាល់ ត្រាំ ថា បាន ព្យាយាម បង្វែរចំណាប់​អារម្មណ៍​ ឲ្យ​គេ​ស៊ើបអង្កេត​ទៅលើការលូកដៃ​របស់​អ៊ុយក្រែន ដើម្បី ជួយ លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​គូប្រជែង​របស់​លោក ក្នុង​ការបោះឆ្នោត ប្រធានាធិបតី​កន្លងទៅ។ សម្រាប់​អតីតមន្រ្តីជាន់ខ្ពស់​របស់​សេតវិមាន ដោយ​មិន​ខ្វល់​ពី​យោបល់​របស់​ទីប្រឹក្សា លោកដូណាល់ ត្រាំ បាន​បដិសេធ​មិន​ទទួល​យកការពិត និង ព្យាយាម​មិន​ឲ្យ​គេចោទប្រកាន់​រុស្ស៊ី ថា ជាអ្នកលូកដៃ ចូលក្នុង​ការបោះឆ្នោតប្រធានាធិបតី ឆ្នាំ ២០១៦។

ដោយគ្មាន​ឈ្មោះ សាក្សី​ផ្សេងទៀត សម្រាប់​សវនាការ​សួរដេញដោល​ជា​សាធារណៈ បក្ស​ប្រជាធិបតេយ្យ ដែល​គ្រប់គ្រង​សំលេង​ភាគច្រើន នៅ​សភាអ្នកតំណាង​ដែល​ប្រមូល​បាន​សក្ខីកម្ម​ដាក់បន្ទុក​ច្រើន​លើ​លោកដូណាល់ ត្រាំ នឹង​អាច​ចាប់ផ្តើម បោះឆ្នោត ទម្លាក់​លោកដូណាល់ ត្រាំ ជា​ផ្លូវការ ក្នុង​ពេលឆាប់ៗ​ខាងមុខ។

អ្នកនាំពាក្យ​របស់​សេតវិមាន នៅ​ថ្ងៃ​ម្សិលមិញ បាន​ទាមទារ​ឲ្យគេ​បិទបញ្ចប់ សវនាការ​ខុសច្បាប់ និង​ថា បើសិន​គេ​នៅតែបន្ត នោះ​លោកប្រធានាធិបតី​ដូណាល់ ត្រាំ ចង់​ឲ្យ​ការបើកសវនាការ នៅ​ព្រឹទ្ធសភា អាមេរិក ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​របស់​លោក ប៉ុន្តែ ជា​អ្នកដែល​មាន​អំណាច អារកាត់ចុងក្រោយ ថា លោក ជា​មនុស្ស​គ្មានកំហុស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ