អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​ពិភពលោក​នៅ​តែ​បន្ត​ប្រទាញប្រទង់​គ្នា​ក្នុង​រឿង​បញ្ហា​អាកាសធាតុ​ខ្លំាង​ម្ល៉េះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សុក្រ ទី១២ ធ្នូ​នេះ ជា​ថ្ងៃ​បិទបញ្ចប់​សន្និសីទ​ស្តីពី​បញ្ហា​អាកាសធាតុ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​រយៈពេល ២សប្តាហ៍​នៅ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ។ សន្និសីទ​ដែល​បាន​ចូលរួម​ដោយ​ប្រទេស​ចំនួន ១៩៥ ព្រម​ទំាង​អង្គការ​អន្តរជាតិ​នានា និង​អ្នក​ចូលរួម​ជាង ១០ ០០០នាក់ ពិសេស​វត្តមាន​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជា​ច្រើន​រូប។ កម្មវត្ថុ​នៃ​សន្និសីទ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ​នេះ​គឺ​សំដៅ​អនុម័ត​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​គោល​មួយ​សម្រាប់​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​នា​ចុង​ឆ្នំា ២០១៥ ខាង​មុខ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​គោល​នោះ​ត្រូវ​ចែង​ពី​កតាព្វកិច្ច​របស់​ប្រទេស​នីមួយៗ​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​ភពផែនដី។

មុខ​សាលសន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ
មុខ​សាលសន្និសីទ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ REUTERS/Mariana Bazo
ផ្សាយពាណិជ្ជកម្ម

ជា​រួម​គេ​សង្កេត​ឃើញ​ថា បរិយាកាស​នៃ​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​ចុង​ក្រោយ​នេះ​ហាក់​ដូច​ជា​តានតឹង​ខ្លំាង។ នេះ​ក៏​ដោយសារ​ថា គេ​ខ្លាច​កិច្ចប្រជុំ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ​ពេល​នេះ​បិទបញ្ចប់​ទៅ​ដោយ​គ្មាន​បាន​លទ្ធផល​អ្វី​ទំាង​អស់។ ចូរ​កុំ​ភ្លេច​ថា កម្មវត្ថុ​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​ពេល​នេះ​គឺ​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​កិច្ចព្រមព្រៀង​គោល​មួយ​ដែល​ត្រូវ​ចែង​ពី​កាតព្វកិច្ច​របស់​ប្រទេស​សមាជិក​នីមួយៗ​ក្នុង​ការ​ចូលរួម​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ដោយ​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ភពផែនដី​របស់​យើង​កើន​លើស​ពី ២អង្សាសេ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​បាន​ចេញ​មុខ​ព្រមាន​ថា ពិភពលោក​គ្មាន​ពេលវេលា​ដែល​ត្រូវ​បាត់បង់​ទៀត​ឡើយ​ទាក់ទង​នឹង​រឿង​អាកាសធាតុ​នេះ។ បន្ទាប់​មក គឺ​ការ​អំពាវនាវ​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​ដែល​សុំ​ឲ្យ​ប្រទេស​ទំាង​អស់​ចាត់វិធានការ​ជាក់ស្តែង និង​ថា ការ​កម្រិត​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ត្រូវ​តែ​ឆ្លង​កាត់​តាម​នយោបាយ​ថាមពល​របស់​ប្រទេស​នីមួយៗ។

សូម​ជម្រាប​ជូន​ថា កម្តៅ​នៅ​ក្នុង​ភពផែនដី​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នំា ហើយ​បើ​ពិភពលោក​មិន​ព្រម​នំា​គ្នា​ចាត់វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ នោះ​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស​នៃ​ភពផែនដី​របស់​យើង​នឹង​ត្រូវ​កើន​ឡើង​ពី ៤ ទៅ ៥អង្សាសេ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​សតវត្ស​ទី២១​យើង​នេះ។ គេ​ពិត​ជា​មិន​អាច​ទប់​មិន​ឲ្យ​សីតុណ្ហភាព​ឡើង​នៅ​ក្នុង​ភពផែនដី​បាន​ទេ តែ​កម្មវត្ថុ​សំខាន់​នៅ​ពេល​នេះ គឺ​មិន​ឲ្យ​កើន​លើស​ពី ២អង្សាសេ។ តែ​ដើម្បី​អាច​សម្រេច​ទិសដៅ​នេះ​បាន គឺ​មាន​តែ​ការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម និង​ស្មោះត្រង់​ពី​ប្រទេស​នីមួយៗ។

ភាព​ចម្រូងចម្រាស​រឿង​អាកាសធាតុ​មាន​ប្រភព​ពី​ការ​ច្រណែន​គ្នា

បើ​គេ​ពិនិត្យ​ជា​រួម​ទៅ​ឃើញ​ថា បញ្ហា​អាកាសធាតុ ជា​រឿង​មួយ​ស្មុគស្មាញ និង​ដែល​មាន​ការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លំាង​រវាង​ប្រទេស​នីមួយៗ។ មូលហេតុ គឺ​ចេញ​មក​ពី​ការ​ច្រណែន ឬ​មួយ​ក៏​ថា​ការ​មើល​បណ្តំា​គ្នា​ទៅ​វិញ ទៅ​មក​រវាង​ក្រុម​ប្រទេស​អភិវឌ្ឍន៍ ឬ​ក្រុមប្រទេស​អ្នកមាន និង​ក្រុមប្រទេស​កំពុង​អភវឌ្ឍន៍។ រឿង​ច្រណែន​គ្នា​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ តែ​ជា​រឿង​ច្រំដែល​ជា​ប្រវត្តិសាស្រ្ត​មួយ​ដែល​តែង​តែ​លេច​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​អាកាសធាតុ​នា​ពេល​កន្លង​មក។ តែ​ជាមួយ​គ្នា​នេះ ទំាងអស់​គ្នា​សុទ្ធ​តែ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​សីតុណ្ហភាព​នៅ​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សាសេ ព្រោះ​ពួក​គេ​បាន​យល់​ពី​ផលវិបាក​របស់​វា ដូច​យ៉ាង​ប៉ះពាល់​ដល់​សន្តិសុខ​ចំណីអាហារ កង្វះទឹកស្អាត​ប្រើប្រាស់ ជម្ងឺអាសន្នរោគ កំដៅហួតហែង ទឹកជំនន់ ឬ​មួយ​ក៏​ខ្យល់ព្យុះ​ជា​ដើម។

នៅ​ម្ខាង​គឺ​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​តែងតែ​បាន​ទម្លាក់​កំហុស​ដាក់​ក្រុមប្រទេស​អភិវឌ្ឍន៍​ដោយ​គេ​យល់​ថា គឺ​ក្រុមប្រទេស​អ្នកមាន​ជា​អ្នក​ដែល​បាន​បំពុល​បរិយាកាស​ខ្លំាង​ជាង​គេ។ ដូច្នេះ ក្រុម​ប្រទេសអ្នកមាន​ត្រូវ​ចូលរួម​វិភាគទាន​ឲ្យ​បាន​ច្រើន​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយាកាស។ ចំណែក​ក្រុមប្រទេស​អភិវឌ្ឍន៍​បាន​ឆ្លើយ​បក​វិញ​ថា បើ​និយាយ​កាល​ពី ៣០ឆ្នំា​មុន ការ​អះអាង​របស់​ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​រឿង​ពិត តែ​សម្រាប់​ពេល​នេះ គឺ​លែង​ពិត​ទៀត​ឡើយ ព្រោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន ដូច​យ៉ាង ចិន និង​ឥណ្ឌា​បាន​ក្លាយ​ជា​ជើងឯក​ខាង​បំពុល​បរិយាកាស​លំដាប់ទី១ និង​ទី៤​ក្នុង​លោក។

ផលប្រយោជន៍​សេដ្ឋកិច្ច​សំខាន់​ជាង​រឿង​អាកាសធាតុ

ចិន​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​សព្វថ្ងៃ ក៏​ជា​ផ្លៃផ្កា​បាន​មក​ពី​សកម្មភាព​ដ៏​មមាញឹក​របស់​រោងចក្រ សហគ្រាស​រាប់សិបពាន់​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​ដែរ។ គឺ​រោងចក្រ សហគ្រាស​ទំាង​អស់​នោះ​ហើយ​ដែល​កំពុង​ចាក់ចោល​ឧស្ម័នផ្ទះកញ្ចក់​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ទីក្រុង​ប៉េកំាង ការ​កាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់​មាន​ន័យ​ស្មើ​នឹង​ផ្អាកដំណើរ​ការ​រោងចក្រ និង​នំា​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់​ចុះ។ ដូច្នេះ​ឃើញ​ថា គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ពិបាក​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​នូវ​កិច្ចព្រមព្រៀង​រួម​មួយ​សម្រាប់​បរិយាកាសពិភពលោក​គ្មាន​ផ្សែង​ពុល ឬ​ក៏​យ៉ាង​ហោចណាស់​ជួយ​កាត់បន្ថយ​ដែរ ព្រោះ​វា​ជា​ប្រភព​នៃ​ការ​ឡើង​កំដៅ​នៅ​ក្នុង​ភពផែនដី​របស់​យើង​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ