អានតួអត្ថបទ
បារាំង-កាណាដា

បារាំង​បញ្ចុះ​បញ្ចូល​កាណាដា​ឲ្យ​បង្កើន​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាសធាតុ

ក្នុង​​សន្ទរកថា​ជាង​កន្លះ​ម៉ោង​ថ្លែង​ទៅ​កាន់​សមាជិក​សភា​និង​រដ្ឋាភិបាល​នៅ​ឯវិមាន​រដ្ឋសភា​នា​ទីក្រុង អូតាវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី​បារាំង​ហ្រ្វង់ស្វ័រ​ហូឡង់ បាន​ថ្លែង​ផ្តោត​ជា​សំខាន់​ពី កាលានុវត្តភាពនៃ​ការអភិវឌ្ឍន៍​ចំណង​សេដ្ឋកិច្ច​បារាំង​កាណាដា​ក្នុង​ការធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ តែ​មិន​ភ្លេច​ទទូច​ស្នើ​ឲ្យ​កាណាដាបង្កើន​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល​​អាកាសធាតុ។  

ការចាប់ដៃគួសមរវាងប្រធានាធិបតីបារាំងហ្វ្រង់ស័រហូរឡង់ន(François Hollande )(ឆ្វេង) និងនាយករដ្ឋមន្ត្រីកាណាដា ស្ទីវិនហាភឺ(Stephen Harper )(ស្តាំ) នៅមុនសន្ទរកថានៅសភា
ការចាប់ដៃគួសមរវាងប្រធានាធិបតីបារាំងហ្វ្រង់ស័រហូរឡង់ន(François Hollande )(ឆ្វេង) និងនាយករដ្ឋមន្ត្រីកាណាដា ស្ទីវិនហាភឺ(Stephen Harper )(ស្តាំ) នៅមុនសន្ទរកថានៅសភា REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

 

លោក​ហ្រ្វង់ស្វ័រ​ហូឡង់​បាន​ចាប់​ផ្តើម​សន្ទរកថា​ដោយ​ថ្លែង​រំលឹក​ហេតុការណ៍​ដ៏​សោកនាដកម្ម​កាល​ពី​ថ្ងៃ​ទី ២២​តុលា​កន្លង​ទៅ ដែល​បណ្តាល​ឲ្យ​យោធិន​ ណាតង់ សុីរីឡូ​ស្លាប់​បាត់បង់​ជីវិត​នៅ​បូជនីយដ្ឋាន​រំលឹក វិញ្ញាណក្ខន្ធ​សង្រ្គាម​ក្បែរ​វិមាន​រដ្ឋសភា។ លោក​បាន​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​នេះ ព្រម​ទាំង​រំលឹក​ថា ទាំង​បារាំង ទាំង​កាណាដា​សុទ្ធតែ​មាន​គោលជំហរ​ប្រយុទ្ធ​ប្រឆាំង​​​នឹង​អំពើ​ភេវកម្ម និង​បាន​ដឹកនាំ​ទ័ពវាយ ប្រយុទ្ធ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ដូចគ្នា។

ក្នុង​សន្ទរកថា​ដដែល​នោះ​លោក​បាន​លើក​ឡើង​ពី​កាលានុវត្តភាព​នៃ​ការរឹត​ចំណង​កិច្ច​សហ​ប្រតិ្តបត្តិការ សេដ្ឋកិច្ច ការផ្តោះផ្តូរ​ពាណិជ្ជកម្ម និង ពោល​កោត​សរសើរ ពី​ភាពមានបាន​ខាង​ធនធាន​ធម្មជាតិ​របស់ ខេត្ត​អាល់បែរតា​ដែល​លោក​ទើប​នឹង​បាន​បំពេញ​ទស្សនៈ​កិច្ច។
តែ​​លោក​​មិន​ភ្លេច​ទទូច​ស្នើ​ឲ្យ​កាណាដា បង្កើន​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ការកាត់​បន្ថយ ការសាយ​ភាយ​ ឧស្ម័ន​កាបូនិក។ លោកហូឡង់ ក៏​ធ្លាប់​បាន​បញ្ចុះបញ្ជូល​ម្តង​រួច​មក​ហើយ​កាល​ពី​ជំនួប​ជាមួយ​លោក នាយករដ្ឋមន្រ្តី​ស្ទីវិន​ហាភឺ​នា​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​កាល់ហ្ការី។ នៅទីនោះ ​លោក​បាន​និយាយ​ថា​ បារាំង​និង កាណាដា នឹង​ពួត​ដៃ​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា បរិស្ថាន​និង អាកាសធាតុ។

បើ​ទោះ​ជា​កាណាដា​និង​បារាំង អាច​មាន​ផលប្រយោជន៍​ខុសគ្នា តែ​យើង​មាន​ក្តីបារម្ភ​ដូចគ្នា ហើយ​យើង​នឹង​ធ្វើការ​រួមគ្នា​សម្រាប់​​សន្និសីទ​អាកាសធាតុ​ដែល​នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ក្នុង​ទីក្រុង ប៉ារីស នៅ​ចុង​ឆ្នាំ​២០១៥។

នៅថ្ងៃចន្ទនេះ​ក្នុងសន្ទរកថា​ថ្លែង​ទៅ​កាន់​សមាជិក​រដ្ឋសភា និង​រដ្ឋាភិបាល​ទាំងអស់ លោក​បាន​លើក​ឡើង ពី​របាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៃ​អង្គការ​សហប្រជាជាតិ ជា​សក្ខីភាព​ដែល​មិន​អាច​ប្រកែក​បាន ពី​គ្រោះអាសន្ន​ដែល​នឹង​អាច​កើត​មាន​ចំពោះ​ភព​ផែន​ដី ពី​ការកើន​កំដៅ​ផែនដី និង​ថា​នេះ​មិន​មែន​ជា​បញ្ហា​សំរាប់​ទីកន្លែង​មួយ​ឬ​តំបន់​មួយ​ប៉ណ្ណោះ​ទេ តែ​វា​គឺជា​បញ្ហា​សំរាប់​ភពផែនដី​ទាំងមូល​ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់រដ្ឋ​ទាំងអស់​ក្នុង​ពិភព​លោក។

ហើយ​លោក​សង្ឈឹម​ថា កាណាដា​នឹង​ចូលរួម​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​បម្រែ​បម្រួល អាកាសធាតុ​នេះ។ គួរំលឹក​ផង​ដែរ​ថា ប្រទេស​កាណាដា កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១១ បាន​ដក​ខ្លួន​ចេញ​ពី ពិធីសារ​ក្យូតូ​ស្តីពី​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ