អានតួអត្ថបទ
អាល្លឺម៉ង-FMI

FMI៖ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នឹង​មិន​ទៀងទាត់​នៅ​ឆ្នាំ ២០១៦

លោកស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IMF បាន​ថ្លែង​ដោយ​ប្រមើល​ទុក​ជា​មុន​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ ២០១៦ នឹង​បន្ត​ជួប​ការ​លំបាក។ ពាក្យ​សម្តី​របស់​លោកស្រី Lagarde ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​សេដ្ឋកិច្ច​ប្រចំាថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ពុធ ទី៣០ ធ្នូ។

លោកស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
លោកស្រី Christine Lagarde នាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ REUTERS/Stephen Jaffe/IMF Staff Photo/Pool
ផ្សាយពាណិជ្ជកម្ម

មាន​ចំណុច​អវិជ្ជមាន​ចំនួន​ពីរ​ដែល​លោកស្រី Christine Lagarde ហ៊ាន​អះអាង​ពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ល្អ​នៅ​ឆ្នាំ ២០១៦ ខាង​មុខ ទី១ គឺ​នយោបាយ​សេដ្ឋកិច្ច​អាមេរិក​ដែល​បាន​ដំឡើង​អត្រាការប្រាក់​នាំ​មុខ និង​ទី២ គឺ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ។ ក្រៅ​ពី​នោះ នាយិកា IMF ក៏​បាន​លើក​ឡើង​ពី​ភាព​ទ្រឹង​មួយ​កន្លែង​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ដោយសារ​តែ​តម្លៃប្រេងឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បន្ត​ធ្លាក់​ថ្លៃ និង​នយោបាយ​ហិរញ្ញវត្ថុ​ទន់ខ្សោយ​របស់​ប្រទេស​ជា​ច្រើន​ក្នុង​លោក។ គឺ​កត្តា​រួម​ផ្សំ​ទាំង​នេះ​ហើយ​ដែល​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៦។

ទន្ទឹម​គ្នា​នេះ លោកស្រី Christine Lagarde ក៏​បាន​ឆ្លៀត​សាទរ​ពី​ការ​ផ្តើម​មាន​ភាព​ប្រក្រតី​នៃ​នយោបាយ​ហិរញ្ញវត្ថុ​នៅ​អាមេរិក និង​កំណែទម្រង់​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ចិន​ដែល​ផ្តោត​សំខាន់​លើ​តម្រូវការ​ក្នុង​ស្រុក។ គួរ​ជម្រាប​ជូន​ថា​កាល​ពី​ថ្ងៃទី១៦ ធ្នូ​កន្លង​ទៅ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​សម្រេច​ចិត្ត​ដំឡើង​អត្រា​ការប្រាក់​នំាមុខ​ជា​លើកទី១ គិត​តាំង​ពី​ជិត ១០ឆ្នាំ​កន្លង​ទៅ។ សម្រាប់​លោកស្រី Christine Lagarde ការ​ដំឡើង​អត្រា​ការប្រាក់​នាំ​មុខ​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ធនាគារ​របស់​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ពិសេស​អ្នក​ដែល​ខ្ចីលុយ។

លោកស្រី​នាយិកា IMF បាន​យល់​ឃើញ​ថា ទោះ​បី​ជា​មាន​ប្រទេស​ខ្លះ​បាន​ត្រៀម​ខ្លួន​ទុក​ជា​មុន​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ដំឡើង​អត្រា​ការប្រាក់​នាំ​មុខ​របស់​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​ក៏​ដោយ ក៏​លោកស្រី​បារម្ភ​ចំពោះ​លទ្ធភាព និង​សមត្ថភាព​របស់​ប្រទេស​ខ្លះ​ដែល​ពិបាក​ទប់​នឹង​នយោបាយ​រូបិយវត្ថុ​យ៉ាង​គំហុក​របស់​អាមេរិក​របៀប​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ