អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​ទៅលើ​កូរ៉េខាងជើង នៅក្នុងរឿង​​វាយប្រហារព័ត៌មាន​វិទ្យា​លើ​ក្រុមហ៊ុន​សូនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​សុក្រ​ទី ២ មករា លោក​ប្រធានាធិបតី​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ ដែល​បាន​បើកផ្លូវ​ឲ្យ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ដែល​លោកអូបាម៉ា​ចោទ​ថា ជាអ្នកនៅពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​ហូលីវូដ សូនី។ ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ កូរ៉េខាងជើង​នៅ​កំពុង​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក ជាពិសេស សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់ខ្លួន។ លើកនេះ ក្រុមហ៊ុន​កូរ៉េខាងជើង​ចំនួន​ពីរ និង​បុគ្គល​១០​នាក់​ត្រូវ​រង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី របស់​អាមេរិក។ តើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​អាមេរិក​ទៅលើ​កូរ៉េខាងជើង​នឹង​អាច​មាន​ប្រសិទ្ធិភាព ឬ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ទីក្រុង​ព្យុងយ៉ាង​ដែរឬទេ?  

ផ្សាយពាណិជ្ជកម្ម

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ កាលពី​ថ្ងៃ​សុក្រ ដែល​និយាយ​ពី​ការដាក់​បន្ថែម​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង។ តាម​សេតវិមាន ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​សូនី​ដែល​ប៉ូលិស​សហព័ន្ធ​FBI វាយតម្លៃថា រៀបចំ​ឡើង​ដោយ​របប កុម្មុយនិស្ត​កូរ៉េខាងជើង។

 
តំាងពី​មុន​ចេញ​ទៅ​វស្សមកាលម្ល៉េះ លោកអូបាម៉ា ធ្លាប់​បាន​ប្រកាស​រួចហើយ​ថា នឹង​វាយបក​ទៅវិញ ឲ្យ​សមគួរ ទៅលើ​អ្នកដែល​បាន​ប្រព្រឹត្ត គឺ​អ្នកដែល​បាន​វាយប្រហារ ព័ត៌មានវិទ្យា​ទៅលើ​ក្រុមហ៊ុន​សូនី។ កាលណោះ លោកអូបាម៉ា​បាន​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា គឺ​កូរ៉េខាងជើង​ដែល​ជា​អ្នកនៅពីក្រោយ​ការវាយប្រហារ​ព័ត៌មានវិទ្យា។ ដូច្នេះ ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​កូរ៉េខាងជើង កាលពីថ្ងៃ​សុក្រ គ្រាន់តែ​ជា​ជំហាន​ទីមួយ នៃ​ការសន្យា​របស់​លោកអូបាម៉ា​ដែល​ថា នឹង​ចាត់វិធានការ វាយបក​ទៅលើ​ចោរអ៊ីនធ័រនែត​តែប៉ុណ្ណោះ។

នៅក្នុង​រឿង​វាយប្រហារ​ព័ត៌មានវិទ្យា​​ទៅលើ​ក្រុមហ៊ុន​ហូលីវូដ​សូនី មាន​ចំណុច​ពីរ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ចាំបាច់​ត្រូវ​តែ​ធ្វើ​អន្តរាគម។ ទីមួយ គឺ​ការការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច ​ឲ្យ​ក្រុមហ៊ុន​អាមេរិក។ ពួក​Hackers ឬ​ចោរអ៊ីនធ័រនែត​ហ៊ាន​ចូល​វាយប្រហារ​លើ​ក្រុមហ៊ុន​ឯកជន​ដែល​ស្ថិតនៅ​លើ​ទឹកដី អាមេរិក រហូត​ធ្វើ​ឲ្យ​ខាងបង់​ទឹកប្រាក់​រាប់រយ​លាន ដុល្លារ។ ទីពីរ គឺ​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញមតិ​នៅ​ក្នុង​ទឹកដី អាមេរិក។ លោក​អូបាម៉ា​ធ្លាប់​និយាយ​ថា សូនី បាន​ធ្វើ​កំហុសឆ្គង​មួយ ដែល​បាន​ដក ឈប់​បញ្ចាំង​រឿង ដ៏ចម្រូងចម្រាស The Interview។ ប្រធាន​ក្រុមហ៊ុន​សូនី​បាន​សម្រេច​ដក​កុន​ពីរោងបញ្ចាំង ក្រោយ​ពី​ពួក​ចោរ​អ៊ីនធ័រនែត បាន​សំឡុត វាយប្រហារ ឬ​បញ្ចេញ​ទិន្នន័យ​របស់​ក្រុមហ៊ុន​សូនី ដែល​ចោរ​លួច​យក​បាន​កាលពីខែ​វិច្ឆិកា។ សម្រាប់​​លោក​អូបាម៉ា គេមិន​អាច​អនុញ្ញាត​ឲ្យ​មេផ្តាច់ការ​បរទេស ចូល​មក​ដំឡើង​អំណាច នៅក្នុង​ទឹកដី​អាមេរិក​បានទេ។

មុខសញ្ញា​ដែល​ជាប់​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​អាមេរិក គឺ​មាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងជើង ក្រុមហ៊ុន​កូរ៉េខាងជើង​ពីរ ដែល​ធ្វើជំនួញ​ខាងទិញ និង​លក់​អាវុធ។ ចំណែក​បុគ្គល​១០​នាក់​ដែល​ត្រូវ​ជាប់​រងទណ្ឌកម្ម​ពី​អាមេរិកដែរ​នោះ ភាគច្រើន គឺ​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ទាំងពីរ ដែល​កំពុង​ប្រចាំការ​នៅប្រទេស​អ៊ីរ៉ង់ ស៊ីរី និង​រុស្ស៊ី។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​បុគ្គល​ទាំង​១០​នាក់ ដែល ​៣​នាក់​បម្រើការ​ឲ្យ​រដ្ឋាភិបាល​ព្យុងយ៉ាង សុទ្ធតែមាន មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋអំណាច​ព្យុងយ៉ាង។

មន្រ្តីអាមេរិក​ផ្ទាល់​ក៏​ទទួល​ស្គាល់​ថា គេ​គ្មាន​ភស្តុតាង​អ្វី​យក​មក​បញ្ជាក់​ជា​ផ្លូវការ​ថា មនុស្ស​ទាំងនោះ​បាន​ចូលរួម ដោយ​ផ្ទាល់​ក្នុងសកម្មភាព​លួច​ទិន្នន័យ​របស់ក្រុមហ៊ុន​សូនីដែរ។ គេ​គ្រាន់តែ​ដឹងថា មនុស្ស​ទាំង​១០​នាក់ ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ក្រុម​មនុស្ស​រងទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក ព្រោះ​ពួកគេ​បម្រើការ​ឲ្យ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ឬ​ជាអ្នកតំណាង​គណបក្ស​ពលករ​កូរ៉េខាងជើង នៅបរទេស។

តាម​អាមេរិក ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េខាងជើង​ត្រូវ​តែ​ជាប់រង​ទណ្ឌកម្ម​សេដ្ឋកិច្ច ព្រោះ ទីភ្នាក់ងារ​មួយ​នេះ​ធ្វើការ​ច្រើន​ទៅលើ​ការវាយប្រហារ​ព័ត៌មានវិទ្យា ដោយ​បាន​​បណ្តុះបណ្តាល​មនុស្ស​ជាច្រើន​ពាន់នាក់ ដើម្បី​វាយប្រហារ​លើ​ព័ត៌មានវិទ្យា​របស់ប្រទេស​ដទៃ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជា​និមិត្តរូប
ខុសពី​អ៊ីរ៉ង់ និង​រុស្ស៊ី ដែល​អាច​រងប៉ះពាល់​ខ្លាំង ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក កូរ៉េខាងជើង​ឯណោះវិញ គឺ​មិនសូវ​រង​ផល​ប៉ះពាល់​ណាស់ណាទេ។ នៅក្នុង​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាលពីថ្ងៃ​សុក្រ គេ​បាន​ចែង​ពីការហាម​ធ្វើដំណើរ​របស់​បុគ្គល​ដែល​រងការដាក់ទណ្ឌកម្ម​ចូល​ក្នុង​ទឹកដី​អាមេរិក ឬ​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់អាមេរិក។ ប៉ុន្តែ ជាក់ស្តែង ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​អាមេរិក កាលពីថ្ងៃម្សិលមិញ គឺ​គ្រាន់តែ​ទណ្ឌកម្ម​ដែល​អាមេរិក​យក​ធ្វើ​ជា​និមិត្តរូប​តែប៉ុណ្ណោះ ពោល​គឺ​គ្មាន​ផ្តល់​ផល អ្វី​ជា​ដុំកំភួនទេ។ នៅ​ក៏ព្រោះថា មន្រ្តី​របស់​កូរ៉េខាងជើង ដែល​ជាប់​ឈ្មោះ ក្នុង​បញ្ជី​ទណ្ឌកម្ម គ្មាន​ទ្រព្យសម្បត្តិ​ច្រើន រាប់ពាន់​លាន​ដុល្លារ ដាក់​ក្នុង​ធនាគារ​អាមេរិក ដែល​អាច​ឲ្យ​អាមេរិក​បង្កក​ដូច​អ្នកដទៃ​នោះទេ។

កូរ៉េខាងជើង​នៅ​ជាប់​រងទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​អស់​៥០ឆ្នាំ​មកហើយ។ អាមេរិក​បាន​ពង្រឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម កាន់តែខ្លាំង នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដើម្បី​ប្រឆាំង​នឹង​ការផ្គើន​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊េរ។ ប៉ុន្តែ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​ទាំងអម្បាលម៉ាន មិនបាន​បំបាក់​ទឹកចិត្ត ឬ​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បញ្ឈប់​មហិច្ឆតា ផលិតអាវុធ​នុយក្លេអ៊ែរ​នោះទេ។ មាន​តែ​ផ្ទុយទៅវិញ គឺ​របប​កុម្មុយនិស្ត​នៅ​តែ​គំរាម​បាញ់​សាកល្បង​នុយក្លេអ៊ែរ​មិន​ឈប់ឈរ។ តាមអ្នកជំនាញ​ខ្លះ ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​មិន​បាន​បន្ទុចបង្អាក់​កូរ៉េខាងជើង​ដើម្បី​ទិញ និង​លក់​អាវុធ ទេ។ ដោយសារ​តែ​ទណ្ឌកម្ម​របស់​អាមេរិក កូរ៉េខាងជើង​ប្រើ​យុទ្ធសាស្រ្ត​បំពាក់​បច្ចេកវិទ្យា ផលិត​អាវុធ​របស់ខ្លួន តាម​រយៈការទិញដូរ នៅ​តាម​ទីផ្សារ​ងងឹត។

យ៉ាងណាក៏ដោយ បើទោះបី​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មាន​លក្ខណៈ​ជានិមិត្តរូប នឹង​មិនអាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កូរ៉េខាងជើង​ដួលរលំ ប៉ុន្តែ អាមេរិក​សង្ឃឹមថា នឹង​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​ដាក់​កូរ៉េខាងជើង ឲ្យ​កាន់តែ​ឯកោ និង​បង្ក​ឧបសគ្គ​ដល់​សេដ្ឋកិច្ច​របស់ប្រទេស​នេះ។ ជាក់ស្តែង ក្រុមហ៊ុន​ទាំងពីរ​ដែលស្ថិតនៅក្នុង​បញ្ជី​ទណ្ឌកម្ម​កាលពីថ្ងៃ​សុក្រ គ្មាន​ជាប់ទាក់ទង​ដោយ​ផ្ទាល់​នឹង​ការវាយប្រហារ​អ៊ីនធ័រនែត​លើ​ក្រុមហ៊ុន​សូនី​មែន ប៉ុន្តែ វាត្រូវ​ទទួល​រង​ទណ្ឌកម្ម​ពី អាមេរិក ព្រោះ អាមេរិក​ចង់​ខ្ទប់​បិទ​ផ្លូវ ដើម្បី​ធ្វើបាប​ក្រុមហ៊ុន​ជំនួញ​អាវុធ​របស់​កូរ៉េខាងជើង ដូចដែល​កូរ៉េខាងជើង បាន​ធ្វើ​ទៅលើ​ក្រុមហ៊ុន​ឯកជន​សូនី ដែល​ស្ថិតនៅ​លើ​ទឹកដីអាមេរិក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ