អានតួអត្ថបទ
អាមេរិក

អាមេរិក​នឹង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធកុំព្យូទ័រ​របស់​កូរ៉េខាងជើង

កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​នេះ​ លោក​ប្រធានាធិបតី​ បារាក់ អូបាម៉ា​ បាន​ស្តី​បន្ទោស​ក្រុមហ៊ុន​ Sony Pictures Enternainment ដែល​បាន​សំរេច​ចិត្ត​លប់ចោល​ការ​ចាក់​បញ្ជាំង​រឿង​ The Interview។ ទីភ្នាក់ងារ​ FBI បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ថា​ ប្រទេស​កូរ៉េខាងជើង​ស្ថិត​នៅ​ពីក្រោយ​ការវាយ​ប្រហារ​តាមប្រព័ន្ធ​អ៊ិនធ័រណេត​ ដោយបាន​លួចយក​ទិន្នន័យ​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ហូលីវូដ Sony។ ​ជាការ​ឆ្លើយតប​ លោក​ អូបាម៉ា បាន​ប្រកាសថា​ អាមេរិក​នឹង​ចាត់​វិធានការណ៍​អោយ​បាន​សមស្រប​ឆ្លើយតប​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង។ 

ខ្សែភាពយន្តរឿង The Interview របស់​ក្រុមហ៊ុន​សូនី
ខ្សែភាពយន្តរឿង The Interview របស់​ក្រុមហ៊ុន​សូនី ©REUTERS/Kevork Djansezian
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសិទ​កាសែត​ចុងក្រោយ​ប្រចាំឆ្នាំ​នេះ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ បាន​អះអាងថា​ ក្រុមហ៊ុន​ផលិត​ខ្សែ​ភាពយន្ត​ Sony នៅ​ហូលីវូដ​បាន​ប្រព្រឹត្តិ​«កំហុស»​ ដោយ​ក្រុមហ៊ុននេះ​សុខចិត្ត​លប់ចោល​ការចាក់​បញ្ជាំង​ខែ្សភាពយន្ត ​The Interview ​បន្ទាប់​ពីបាន​ទទួល​ការគំរាម​កំហែង​ពីសំណាក់​ក្រុមចោរ​ ព័តមានវិទ្យា Hackers។

 

លោក អូបាម៉ា ក៏បាន​និយាយ​ចំៗថា​ ប្រទេស​កូរ៉េខាងជើង​ជាអ្នក​ស្ថិតនៅ​ពីក្រោយ​ដឹកនាំ​ការវាយ​ប្រហារ​ជាទ្រង់ទ្រាយ​ធំបែបនេះ។ ​ដោយពុំ​បាន​ផ្តល់​ព័ត៌មាន​លំអិត​ លោក​ប្រធានាធិបតី​ក៏បាន​សន្យាថា​ សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​វិញ​ចំពោះ​កាយវិការ​របស់​របប​ដឹកនាំក្រុង​ព្យុងយ៉ាង។ លោក​បាន​គូសបញ្ជាក់​ផងដែរថា​ មកដល់​ពេលនេះ​ សហរដ្ឋ​អាមេរិក​ពុំទាន់មាន​តំរុយ​អ្វីដែល​អាច​អោយដឹងថា​ កូរ៉េខាងជើង​ចូលដៃគ្នា​ជាមួយ​ប្រទេស​ណា​ផ្សេងទៀត​ក្នុងការ​ដឹកនាំ​ការវាយ​ប្រហារនេះ​ ដោយ​បង្ក​ការខូចខាត​យ៉ាងច្រើន​មហិមា​ដល់​ក្រុមហ៊ុន​ Sony ។

 

លោក​ប្រធានាធិបតី​អាមរិករូបនេះ​ក៏បាន​សង្កត់​ធ្ងន់ថា​ គេ​មិនត្រូវ​សុខចិត្ត​ចុះចាញ់​ បណ្តោយ​អោយ​របប​ផ្តាច់ការ​ដាក់ការ​ត្រួត​ពិនិត្យ​អ្វី​ទេ​លើ​សហរដ្ឋអាមេរិក។ លោក អូបាម៉ា បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការសំរេចចិត្ត​របស់​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន Sony ដោយ​ពុំ​បាន​ពិភាក្សា​ឆ្លង​យោបបល់​ពី​លោក។

 
ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នេះ​ដែរ​ មុន​សន្និសីទ​កាសែត​បន្តិច​របស់​លោក​ អូបាម៉ា ទីភ្នាក់​ FBI បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជាផ្លូវការ​ថា​ ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់ថា​ កូរ៉េខាង​ជើង​ជាអ្នក​នៅពី​ក្រោយខ្នង​ការវាយ​ប្រហារនេះ។​ ភ្លាមៗនោះ​ លោក Kim Song ​ទីប្រឹក្សា​នយោបាយ​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លើយ​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទ​ប្រកាន់នេះ។

សូមបញ្ជាក់ថា​ កាលពី​ថ្មីៗ​នេះ​ ក្រុមចោរ​តាមប្រព័ន្ធ​អ៊ិនធ័រណេត​ ឈ្មោះ​ ឆ្មាំសន្តិភាព (Les Gardiens de la Paix)​ បាន​ចូលលួច​យក​ប្រព័ន្ធទិន្នន័យ​របស់​ក្រុមហ៊ុន​ Sony ក្នុង​នោះ​មាន​ដូចជា ការឆ្លើយឆ្លង​សារអេឡិចត្រូនិក​ចំនួន​ប្រមាណ ៣២ ០០០ របស់​ប្រធាន​ក្រុមហ៊ុន​ និង​ទិន្នន័យ​ផ្ទុកព័ត៌មាន​ផ្ទាល់ខ្លួន​របស់​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​ ៥ ម៉ឺន​នាក់។ ក្រុមហ៊ុន​ Sony សុខចិត្ត​ចុះចាញ់​ធ្វើតាម​ការសំឡុត​របស់​ពួក Hackers ដោយ​យល់​ព្រម​លប់​ចោល​ការចាក់​បញ្ជាំង​ រឿង​ The Interview។ ខ្សែភាពយន្ត​បែប​កំប្លែង​ដែល​មាន​សាច់​រឿង​និយាយ​អំពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIAពីរ​នាក់ រៀប​គម្រោង​សម្លាប់​ប្រធានាធិបតី​កូរ៉េ​ខាងជើង ​គីម ជុងអ៊ុន​ គ្រោង​នឹង​ដាក់បញ្ជាំង​តាមរោងកុន​ នាសបា្តហ៍​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ