អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

ប៉ាគីស្ថាន-អាមេរិក៖លោក​ណាវ៉ា ស្ហារី្វ​ទៅ​អាមេរិក​ដើម្បី​និយាយ​ពី​បញ្ហា​ប្រទេស​អាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២២ តុលា លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​សហរដ្ឋអាមេរិក។ វត្តមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​នៅ​អាមេរិក​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​សម្រេច​ចិត្ត​ពន្យារ​​ពេល​ការ​ដក​កម្លំាង​ទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ជិតខាង។ ការ​សម្រេច​ពន្យារ​ពេល​ទុក​ទ័ព​អាមេរិក​លើ​ទឹកដី​អាហ្វហ្កានីស្ថាន​ដោយ​លោក​អូបាម៉ា​យល់​ឃើញ​ថា ទ័ព​អាហ្វហ្កានីស្ថាន​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ប្រទេស​ប្រឈម​ទប់​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដោយ​ខ្លួន​ឯង​ឡើយ។

លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif
លោក​ប្រមុខ​ការទូត​អាមេរិក John Kerry (រូបឆ្វេង) និង​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន Nawaz Sharif REUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក​តែងតែ​បាន​ចាត់​ទុក​ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល និង​មាន​ទឹកមាត់​ប្រៃ​ក្នុង​ការ​និយាយ​ជាមួយ​ពួក​ឧទ្ទាម​តាលីបង់​ដែល​កំពុង​ប្រយុទ្ធប្រឆំាង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ឆ្លៀត​ឱកាស​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​នៅ​អាមេរិក​ពេល​នេះ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​ការ​ប៉ាគីស្ថាន​ឲ្យ​រៀបចំ​ជា​ថ្មី​នូវ​កិច្ចចរចា​សន្តិភាព​រវាង​ក្រុមឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ កិច្ចចរចា​ដែល​បាន​ផ្អាក​កាល​ពី​រដូវ​ក្តៅ​កន្លង​ទៅ ដោយសារ​តែ​ការ​ស្លាប់​មេកើយ​តាលីបង់​ម៉ូឡា អូម៉ា។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ជំនួប​រវាង​លោក​ណាវ៉ា ស្ហារី្វ និង​លោក​អូបាម៉ា​ក្នុង​សេតវិមាន លោក​អូបាម៉ា​ស្នើ​ឲ្យ​ប៉ាគីស្ថាន​និយាយ​បញ្ចុះបញ្ចូល​ពួក​ឧទ្ទាម​តាលីបង់​អាហ្វហ្កានីស្ថាន​ឲ្យ​ចូល​អង្គុយ​តុ​ចរចា​ជា​ថ្មី​ឡើង​វិញ។ តែ​ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​ទាមទារ​ឲ្យ​ប៉ាគីស្ថាន​បញ្ឈប់​ផ្តល់​ទឹកដី​របស់​ខ្លួន​ឲ្យ​ពួក​ឧទ្ទាម​តាលីបង់​ប្រើប្រាស់​ដើម្បី​រៀបចំ​អំពើ​ភេរវកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ក៏​ដូច​ជា​កម្លំាង​បរទេស ពិសេស​ទាហាន​អាមេរិក​ដែល​កំពុង​បំពេញ​បេសកកម្ម​លើ​ទឹកដី​អាហ្វហ្កានីស្ថាន។

គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​មហា​ភេរវកម្ម ១១ កញ្ញា ២០០១ នៅ​អាមេរិក​មក ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​ប្តូរ​ជំហរ​ឈប់​គំាទ្រ​ពួក​ឧទ្ទាម​តាលីបង់​អាហ្វហ្កានីស្ថាន។ កាល​ពី​ឆ្នំា ២០១៤ កន្លង​ទៅ កងទ័ព​ប៉ាគីស្ថាន​បាន​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើ​ជំរំ​​ពួក​ឧទ្ទាម​តាលីបង់​នៅ​តាម​បណ្តាយ​ព្រំដែន​អាហ្វហ្កានីស្ថាន។ តែ​ស្រប​ពេល​គ្នា​នេះ អាមេរិក​បន្ត​មិន​ទុកចិត្ត និង​ចង្អុល​មុខ​រដ្ឋាភិបាល ព្រម​ទំាង​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ប៉ាគីស្ថាន​ថា ជា​អ្នក​បន្ត​ផ្តល់​ជម្រក​ឲ្យ​ពួក​ឧទ្ទាម​តាលីបង់។

តំាង​ពី​ឆ្នំា ២០០៩ មក ប៉ាគីស្ថាន​បាន​ទទួល​ជំនួយ​ពី​អាមេរិក​ប្រមាណ​ជា ៤ ៦០០លានដុល្លារ។ នៅ​ឆ្នំា ២០១៦ ខាង​មុខ ជំនួយ​អាមេរិក​សម្រាប់​ប៉ាគីស្ថាន​នឹង​មាន​ប្រមាណ​ជា ៧៩៤លាន​ដុល្លារ។ ជំនួយ​អាមេរិក​សម្រាប់​ប៉ាគីស្ថាន​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​ទីក្រុង​អ៊ីស្លាម៉ាបាត​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ពួក​ឧទ្ទាម​តាលីបង់​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន។ តែ​បញ្ហា​នៅ​ត្រង់​ថា ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​ក្រោយ​ការ​ដួល​រលំ​របប​តាលីបង់​រយៈពេល ១៤ឆ្នំា​កន្លង​ទៅ​ហាក់​ដូច​ជា​កាន់​តែ​ដុនដាប​ខ្លំាង​ទៅ​វិញ។ តើ​ប៉ាគីស្ថាន​កំពុង​ដើរ​តួ​ខ្លួន​មួយ មុខ​ពីរ ឬ​យ៉ាង​ណា?។ នេះ​ជា​សំណួរ​មួយ​ដែល​លោក​អូបាម៉ា​ត្រូវ​ការ​ចម្លើយ​ច្បាស់​ពី​លោក​ណាវ៉ា ស្ហារី្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ