អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកកាសែត​អាមេរិក​​ដែល​ជាប់​ជា​ចំណាប់​ខ្មាំង​នៅ​ស៊ីរី​ត្រូវបាន​ដោះលែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​កាសែត​អាមេរិក​មួយរូប ដែល​ត្រូវ​បាន​ក្រុម​ជីហាត​ស៊ីរី​ចាប់ឃុំខ្លួន​អស់រយៈពេល​ជិត ២ឆ្នាំ​មកហើយ​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាល​ពីថ្ងៃ​អាទិត្យ​ម្សិលមិញ។ ការដោះលែង​ចំណាប់​ខ្មាំង​នេះ​បាន​កើតមាន​ឡើង​មិនដល់​មួយសប្តាហ៍​ផង ក្រោយ​ពី​អ្នក​កាសែត​អាមេរិក​ម្នាក់​ផ្សេងទៀត ឈ្មោះ James Foley ត្រូវ​បាន​ក្រុម​ជីហាត​អ៊ីរ៉ាក់​សម្លាប់​ដោយ​កាត់ក្បាល។

អ្នក​កាសែត​អាមេរិក Peter Theo Curtis នៅ​លើ​កញ្ចក់​ទូរទស្សន៍​ Al Jazeera នៅថ្ងៃ​ទី២៤​សីហា ២០១៤
អ្នក​កាសែត​អាមេរិក Peter Theo Curtis នៅ​លើ​កញ្ចក់​ទូរទស្សន៍​ Al Jazeera នៅថ្ងៃ​ទី២៤​សីហា ២០១៤ REUTERS/Al Jazeera/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

 

អ្នក​កាសែត​អាមេរិក ដែល​ត្រូវ​បាន​ដោះលែង កាល​ពីថ្ងៃ​អាទិត្យ​នេះ មាន​ឈ្មោះ​ថា Theo Curtis វ័យ ៤៥ឆ្នាំ ត្រូវ​បាន​​ក្រុម​ជីហាត​ស៊ីរី ឈ្មោះ Jabhat al-Nusra ចាប់ខ្លួន​នៅ​ក្បែរ​ព្រំដែន​ស៊ីរី-តួកគី កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។

លោក Theo Curtis ត្រូវ​បាន​ក្រុម​ជីហាត​ស៊ីរី​ប្រគល់​ខ្លួន​​ទៅ​ឲ្យ​កងមួកខៀវ ប្រចាំ​នៅ​តំបន់​ខ្ពង់រាប Golan ដើម្បី​បញ្ជូន​បន្ត​ទៅ​ឲ្យ​តំណាង​រដ្ឋាភិបាល​អាមេរិក។ លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​លើកឡើង​ថា “មួយសប្តាហ៍​ក្រោយ​ពី​សោកនាដកម្ម​ដែល​មិន​អាច​ពិពណ៌នា​បាន យើង​មាន​ការ​ធូរចិត្ត​យ៉ាង​ខ្លាំង​ដែល Theo Curtis បាន​រួច​ខ្លួន មាន​សេរីភាព​ទៅ​ជួបជុំ​គ្រួសារ​វិញ ក្រោយ​ពី​បាន​ជាប់ឃុំ​អស់រយៈពេល​យ៉ាងយូរ ក្នុងដៃ​ក្រុម Jabhat al-Nusra

គួរបញ្ជាក់ថា ក្រុម​ Jabhat al-Nusra គឺ​ជា​ក្រុម​ជីហាត ដែល​មាន​ដើម​កំណើត​នៅក្នុង​ប្រទេស​ស៊ីរី ហើយ​ជា​សាខា​របស់​ក្រុម​អាល់កៃដា​ប្រចាំ​ប្រទេស​ស៊ីរី និង​លីបង់ គឺ​ជា​ក្រុម​មួយផ្សេង​ដាច់ពី​ក្រុម​ជីហាត​ “រដ្ឋ​អ៊ីស្លាម” (ជាភាសា​អង់គ្លេស Islamic State ឬ Islamic States of Iraq and the Levant ហៅកាត់​ថា ISIL) ដែល​​​ជា​ក្រុម​ជីហាត​មាន​ដើម​កំណើត​ចេញ​​ពី​អ៊ីរ៉ាក់ ហើយ​ចូល​មក​ធ្វើ​សកម្មភាព​ នៅ​ក្នុង​ប្រទេស​ស៊ីរី។

កាលពី​ដំបូង នៅ​ពេល​ដែល​វិបត្តិ​ស៊ីរី​ទើប​នឹង​ចាប់ផ្តើម​ផ្ទុះឡើង ក្រុម​ Jabhat al-Nusra និង​ក្រុមជីហាត​អ៊ីរ៉ាក់ គឺ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា នៅ​ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​កងកម្លាំង​របស់​លោក​បាស្ហា អាល់អាសាដ។ ក៏ប៉ុន្តែ ក្រោយ​មក ដោយសារតែ​ក្រុម​ជីហាត​អ៊ីរ៉ាក់​មាន​នយោបាយ​ជ្រុលនិយម​ហួសហេតុពេក ក៏​ត្រូវ​ក្រុម​អាល់កៃដា​កាត់កាល់​លែង​ទទួលស្គាល់ ហើយ​ក្រុម​ Jabhat al-Nusra និង​ក្រុមជីហាត​អ៊ីរ៉ាក់​ក៏​បែកបាក់គ្នា ហើយ​ថែម​ទាំង​ក្លាយ​ជា​សត្រូវ​នឹង​គ្នា​ទៅទៀត។ បច្ចុប្បន្ន​ ក្រុម​ទាំងពីរ​នេះ​ច្បាំង​តទល់​នឹង​ទាហាន​របស់​លោក​បាស្ហា អាល់អាសាដ​ផង ហើយ​ច្បាំងនឹងគ្នាឯងផង។

គួររំឭកឡើងវិញ​ថា កាល​ពី​សប្តាហ៍​មុន មាន​អ្នក​កាសែត​ម្នាក់ ឈ្មោះ James Foley ត្រូវ​បាន​ក្រុម​ជីហាត​អ៊ីរ៉ាក់​សម្លាប់ ដោយ​កាត់ក្បាល ដោយ​ថត​ជា​ខ្សែអាត់វីដេអូ​ចុះផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ នៅ​ក្នុង​ខ្សែវីដេអូ​នេះ ក្រុម​ជីហាត​អ៊ីរ៉ាក់​ក៏​បាន​គំរាម​ផងដែរ​ថា​នឹង​សម្លាប់​អ្នក​កាសែត​អាមេរិក​មួយរូប​ទៀត​ ប្រសិន​បើ​អាមេរិក​នៅតែ​បន្ត​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អ្នក​កាសែត​អាមេរិក ដែល​ក្រុមជីហាត​អ៊ីរ៉ាក់​គំរាម​សម្លាប់​នេះ មាន​ឈ្មោះ​ថា Steven Sotloff គឺ​ជា​មនុស្ស​ផ្សេង ពី​អ្នក​កាសែត​ដែល​ត្រូវ​ក្រុម​ជីហាត​ស៊ីរី​ដោះលែង កាល​ពីថ្ងៃ​អាទិត្យ។
 
ការដោះលែង​អ្នក​កាសែត​ Theo Curtis មិនដល់​មួយសប្តាហ៍​ផង ក្រោយ​ពី​ការ​ប្រហារជីវិត​ចំណាប់ខ្មាំង James Foley បាន​ធ្វើ​ឲ្យ​គេ​មាន​ការ​មន្ទិលសង្ស័យ​ អំពី​សម្បទាន​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​ចំពោះ​ក្រុម​ជីហាត ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​នេះ។ រហូតមកទល់​នឹង​ពេល​នេះ គេ​នៅមិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយទេ អំពី​លក្ខខណ្ឌ​ជុំវិញ​ការដោះលែង​​អ្នក​កាសែត Theo Curtis ក៏ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ដោយ​ទទូច​ថា អាមេរិក​មិនបាន​​បង់​លុយ​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់​ខ្មាំង​នេះ​ទេ។

គួរបញ្ជាក់ថា អាមេរិក​តែងតែ​ប្រកាន់​ជំហរ​ដាច់ខាត​មិន​បង់លុយ​ទៅ​ឲ្យ​ក្រុម​ភេរវជន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង ​ក្នុងហេតុផល​ថា ប្រសិនបើ​គ្រប់​ពេល​ដែល​​ពលរដ្ឋ​អាមេរិក​ត្រូវ​ក្រុម​ភេរវជន​ចាប់​ជំរិត ហើយ​រដ្ឋាភិបាល​អាមេរិក​សុខចិត្ត​យក​លុយ​ទៅលោះ វានឹង​ធ្វើ​ឲ្យ​ចំណាប់ខ្មាំង​អាមេរិក​កាន់តែ​មាន​តម្លៃ​ខ្ពស់ ហើយ​​​​ពលរដ្ឋ​អាមេរិក​នឹង​​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់ជំរិតកាន់តែ​ខ្លាំង។ ម្យ៉ាងទៀត លុយដែល​អាមេរិក​​យក​ទៅ​បង់​ ដើម្បី​លោះ​ចំណាប់​ខ្មាំង​នេះ​នឹង​ក្លាយ​ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ក្រុម​ភេរវជន​យក​ទៅទិញ​អាវុធ និង​ពង្រឹង​កម្លាំង ដើម្បី​មក​ធ្វើការ​វាយប្រហារ​លើ​អាមេរិក​វិញ។

កាលពីពេល​កន្លងទៅនេះ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ ក៏​ធ្លាប់បាន​ទាមទារ​ដែរ​ឲ្យ​គ្រប់​ប្រទេស​​ទាំងអស់​បញ្ឈប់​ការ​បង់លុយ​ឲ្យ​ក្រុម​ភេរវជន​ជា​ថ្នូរ​នឹង​ចំណាប់​ខ្មាំង ក៏ប៉ុន្តែ ជារឿយៗ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ច្រើន​តែ​បង់​លុយ​ ទោះបី​ជា​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ទៅ​ឲ្យ​ក្រុម​ភេរវជន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់​ខ្មាំង។ គេ​ធ្វើការ​ប៉ាន់ស្មាន​ថា គ្រាន់តែ​ក្នុងរយៈពេល​ ៥ឆ្នាំ​កន្លងទៅនេះ ក្រុម​អាល់កៃដា និង​សាខា​អាល់កៃដា នៅ​ទូទាំង​ពិភពលោក អាចរកចំណូល​បាន​រហូតដល់​ទៅ ១២៥លាន​ដុល្លារ ដោយសារ​ការ​ចាប់ចំណាប់​ខ្មាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ