អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ក្រុម​គ្រួសារ​លោក​ថាក់ស៊ីន​ពិត​ជា​ដើមចម​នៃ​វិបត្តិ​ហែកហួរគ្នា​នៅក្នុង​សង្គមថៃ​បច្ចុប្បន្ន ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ ២​ថ្ងៃ​ក្រោយ​រដ្ឋប្រហារ​យោធា របបសឹក​បាន​បន្ត​កោះហៅ​ឥស្សរជន​មួយ​ចំនួន​ឲ្យ​ចូល​ជួប។ នៅ​ថ្ងៃ​សៅរ៍ ទី២៤ ឧសភា​នេះ មាន​ឥស្សរជន​ចំនួន ៣៥នាក់​ទៀត​ត្រូវ​បាន​របសសឹក​កោះហៅ បន្ទាប់​ពី​បាន​កោះហៅ​អតីត​ថ្នាក់ដឹកនំា​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ និង​ឥស្សរជន​នយោបាយ​មួយ​ចំនួន​របស់​គណបក្ស​ភឿថៃ និង​គណបក្ស​ប្រជាធិបតេយ្យ ព្រម​ទំាង​សមាជិក​ជា​ច្រើន​នាក់​របស់​ក្រុមគ្រួសារ​លោក​ថាក់ស៊ីន សរុប មាន​គ្នា​ទំាង​អស់​ចំនួន ១៥៤នាក់។ ក្នុង​ចំនួន​អ្នក​កោះហៅ​សួរ​ចម្លើយ​ទំាង​អស់ មាន​ភាគច្រើន​ត្រូវ​បាន​របបសឹក​ឃុំ​ទុក ក្នុង​នោះ​ក៏​មាន​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​យីងឡាក់​ដែរ។ អ្វី​ដែល​ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch កំពុង​បារម្ភ​ពេល​នេះ គឺ​ការ​កំចាត់​អ្នកនយោបាយ​ដែល​ជា​បក្សពួក​ជិត ឬ​ឆ្ងាយ​របស់​លោក​ថាក់ស៊ីន។

លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤
លោកស្រី​យីងឡាក់ នៅបាងកក ថ្ងៃ​ពុធ ៧ ឧសភា ២០១៤ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​របបសឹក​បាន​កោះហៅ​ឥស្សរជន​សំខាន់ៗ និង​អតីត​ថ្នាក់ដឹកនំា​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ព្រម​ទំាង​ឥស្សរជន​នយោបាយ​មួយ​ចំនួន​របស់​គណបក្ស​ភឿថៃ និង​គណបក្ស​ប្រជាធិបតេយ្យ រួម​ទំាង​សមាជិក​ជា​ច្រើន​នាក់​របស់​ក្រុមគ្រួសារ​លោក​ថាក់ស៊ីន​មក​សួរ​ចម្លើយ​ពេល​នេះ គឺ​ចង់​ឲ្យ​ពួក​គេ​និយាយ​រៀបរាប់​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​មាន​ឡើង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​មុន​ថ្ងៃ​ដែល​មាន​កងទ័ព​បាន​ប្រកាស​ធ្វើ​រដ្ឋប្រហារ​រំលំ​រដ្ឋាភិបាល​ចំាផ្ទះ​របស់​លោក​នីវ៉ាត់ទុមរ៉ុង ប៊ុនសុងប៉ៃសាន។ នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦ របបសឹក​ក៏​បាន​កោះហៅ និង​ឃុំខ្លួន​មនុស្សជំនិត​ដែល​រួម​ការងារ​ជាមួយ​លោក​ថាក់ស៊ីន​ជា​ច្រើន​នាក់​ដែរ តែ​មិន​សូវ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​លើក​នេះ​ទេ។ ទង្វើ​របស់​របប​ថ្មី​ក្រុង​បាងកក​ពេល​នេះ វា​ជា​រឿង​មួយ​ធម្មតា​ដែល​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​ចង់​ស្តាប់ និង​ចង់​ឮ​ផ្ទាល់​ត្រចៀក​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា និង​ការ​ចង់​បាន​របស់​គូ​វិវាទ​នយោបាយ​ទំាង​ពីរ​គណបក្ស​នា​ពេល​កន្លង​មក។ គួរ​រម្លឹក​ជូន​បន្តិច​ថា វិបត្តិ​ហែកហួរ​គ្នា​រវាង​ពួក​អាវលឿង និង​ពួក​អាវក្រហម​បាន​ចាប់​មាន​ពន្លក​ឡើង​តំាង​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦។

ក្រៅ​ពី​បាន​កោះហៅ​ចំនួន ១៥៤នាក់​នៅ​ថ្ងៃ​សុក្រ ទី២៣ ឧសភា របបសឹក​ក៏​ទើប​បាន​កោះហៅ​ឥស្សរជន​សំខាន់ៗ​ចំនួន ៣៥នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍ ទី២៤ ឧសភា ក្នុង​នោះ​មាន​ក្រុមអ្នកជំនាញ​មក​ពី​សកលវិទ្យាល័យ និង​លោក​សុងឌី លឹមថុងគុល ស្ថាបនិក​ចលនា​រាជានិយម​ប្រឆំាង​លោកស្រី​យីងឡាក់។ មនុស្ស​ទំាង​អស់​ដែល​របបសឹក​បាន​កោះហៅ​ឲ្យ​ចូល​ជួប ពិសេស​ឥស្សរជន​នយោបាយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស​ទេ។ ប្រភព​យោធា​ថៃ​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី២៤ ឧសភា​នេះ​ថា បើ​តាម​ច្បាប់អាជ្ញាសឹក មនុស្ស​ចាប់ខ្លួន​ទំាង​អស់​នឹង​ត្រូវ​ជាប់ឃុំ​យ៉ាង​យូរ​បំផុត​មួយ​សប្តាហ៍។ តែ​អ្វី​ដែល​របបសឹក​មិន​ព្រម​បញ្ជាក់​នោះ គឺ​ចំនួន​មនុស្ស​ដែល​ពួក​គេ​បាន​ឃុំឃំាង ពិសេស​គេ​មិន​ដឹង​ថា តើ​ភាគច្រើន​ជា​សមាជិក​របស់​បក្ស​ភឿថៃ ឬ​មួយ​ក៏​បក្ស​ប្រជាធិបតេយ្យ។

របបសឹក៖ការ​ដោះលែង​លោកស្រី​យីងឡាក់​នៅ​មិន​ទាន់​កំណត់​ពេល

អ្នករួមការងារ​របស់​លោកស្រី​យីងឡាក់​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៤ ឧសភា​នេះ​ថា លោកស្រី​កំពុង​ស្ថិត​នៅ​កន្លែង​សុវត្ថិភាព​មួយ​ដែល​មិនមែន​ស្ថិត​ជំរំ​កងទ័ព​ទេ និង​ថា លោកស្រី​មាន​សុខទុក្ខ​ធម្មតា។ នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ព្រឹកមិញ របបសឹក​បាន​បញ្ជាក់​ថា ការ​បន្ត​ឃុំឃំាង​លោកស្រី​យីងឡាក់​រយៈពេល​យូរ ឬ​ឆាប់ វា​អាស្រ័យ​លើ​កិច្ចសហប្រតិបត្តិការ​របស់​លោកស្រី​ជាមួយ​របបសឹក មាន​ន័យ​ថា លោកស្រី​ត្រូវ​តែ​ឆ្លើយ​ការ​ពិត​ចំពោះ​សំណួរ​ទំាង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​កើត​មាន​ឡើង​ក្រោម​ការ​ដឹកនំា​របស់​លោកស្រី ពិសេស​រឿងអាស្រូវ​ដែល​នំា​ឲ្យ​មាន​ការ​ងើប​បះបោរ​ប្រឆំាង​លោកស្រី​ពី​ពួកអាវលឿង​កន្លង​មក។

មាន​អាយុ ៤៦ឆ្នំា លោកស្រី​យីងឡាក់ គឺ​ជា​ប្អូនស្រីបង្កើត​របស់​លោក​ថាក់ស៊ីន និង​ដែល​ត្រូវ​បាន​តុលាការធម្មនុញ្ញ​ដកចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​កាល​ពី​ដើមខែ​ឧសភា។ ទន្ទឹម​គ្នា​នេះ លោកស្រី​ក៏​កំពុង​ទទួល​រងការ​ចោទ​ប្រកាន់​ពី​បទពុករលួយ​នៅ​ក្នុង​កម្មវិធី​មួយ​របស់​រដ្ឋាភិបាល​ដែល​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ក្នុង​តម្លៃ​ថ្លៃ​ជាង​តម្លៃទីផ្សារ ជាថ្មូរ​នឹង​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល។ តែ​កម្មវិធី​នេះ​ត្រូវ​បាន​គណៈកម្មការ​ប្រឆំាង​អំពើ​ពុករលួយ​យល់​ឃើញ​ថា បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ប្រាក់​យ៉ាង​ច្រើន​សម្បើម។ ឥឡូវ​នេះ ពិត​មែន​តែ​លោកស្រី​យីងឡាក់​អស់​អំណាច​ក្តី ក៏​សំណុំរឿង​អាស្រូវ​មួយ​នេះ​កំពុង​បន្ត​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា។ ព្រឹទ្ធសភា​ដែល​អាច​នឹង​សម្រេច​ដាក់​ទោស​លោកស្រី​មិន​ឲ្យ​ធ្វើ​នយោបាយ​ចំនួន ៥ឆ្នំា។

នេះ​ពិត​ជា​សម្មតិកម្ម​មួយ​ដែល​លោកស្រី​យីងឡាក់​មិន​អាច​គេច​រួច​ទេ ព្រោះ​ថា របបសឹក​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​កាល​ពី ២ថ្ងៃ​មុន មិន​បាន​រំលាយ​ចោល​ស្ថាប័ន​ព្រឹទ្ធសភា និង​តុលាការ​ធម្មនុញ្ញ​ទេ។ ដូច្នេះ​ឃើញ​ថា នេះ​ពិត​ជា​ឆាកល្ខោន​មួយ​ដែល​មេរដ្ឋប្រហារ​ប្រាយុទ្ធ ចាន់អូចា​បាន​រៀបចំ​ទុក​ជា​មុន​រួច​ជា​ស្រេច ព្រោះ​ចូរ​កុំ​ភ្លេច​ថា តុលាការ​ធម្មនុញ្ញា​មាន​ទំនោរ​រក​រាជានិយម និង​កងទ័ព​តំាង​ពី​ដើម​មក រីឯ​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​ទៀត​សោត ក៏​ចេញ​មក​ពី​ពួក​អាវលឿង​គំាទ្រ​រាជានិយម និង​កងទ័ព​ដែរ។

ក្រុមគ្រួសារ និង​បក្សពួក​របស់​លោក​ថាក់ស៊ីន​កំពុង​ត្រូវ​គេ​ព្យាយាម​កាច់​ធ្មុង

គេ​អាច​និយាយ​​បាន​ថា គឺ​ក្រុមគ្រួសារ និង​បក្សពួក​របស់​លោក​ថាក់ស៊ីន​ទៅ​វិញ​ទេ​ដែល​បាន និង​កំពុង​ទទួល​រងគ្រោះថ្នាក់ ត្រូវ​បាន​គេ​តាម​ឈ្នានីស​ធ្វើ​បាប​ខ្លំាង​នៅ​ពេល​នេះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​បុគ្គល​ថាក់ស៊ីន​រូប​នេះ​ឯង​ដែល​នំា​ឲ្យ​មាន​ការ​ពុះចែក​សង្គមថៃ​ជា​ពីរ​រវាង​ពួកអាវក្រហម និង​ពួក​អាវលឿង​តំាង​ពី​ឆ្នំា ២០០៦ មក​ដល់​សព្វថ្ងៃ។ ឆ្នំា ២០០៦ ដែល​លោក​ថាក់ស៊ីន​ត្រូវ​បាន​កងទ័ព​ទម្លាក់​ពី​អំណាច។ តំាង​ពី​ពេល​នោះ​មក លោក​ថាក់ស៊ីន​បាន និង​កំពុង​បន្ត​ក្លាយ​ជា​ឥស្សរជន​នយោបាយ​ថៃ​ម្នាក់​ដែល​មាន​អ្នកស្អប់ មិន​ចង់ ឮ​ឈ្មោះ និង​អ្នកស្រឡាញ់​ងប់​បាត់​ស្រមោល​មិន​បាន។ លោក​ថាក់ស៊ីន​កំពុង​ភៀសខ្លួន​រស់​នៅ​បរទេស​មែន តែ​ស្រមោល និង​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន​កំពុង​បន្ត​មាន​នៅ​ក្នុង​ឆាកនយោបាយ​ថៃ​ជានិច្ច។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ របបសឹក​បាន​កោះហៅ​ឥស្សរជន​នយោបាយ​ទំាង​ពីរ​គណបក្ស ព្រម​ទំាង​សមាជិក​មួយ​ចំនួន​របស់​ក្រុមគ្រួសារ​លោក​ថាក់ស៊ីន​ដើម្បី​សួរ​ចម្លើយ។ តាម​ពិត​ទៅ គោលដៅ​ចុង​ក្រោយ​របស់​កងទ័ព គឺ​ព្យាយាម​កាច់បំបាក់​ឥទ្ធិពល​របស់​ក្រុមគ្រួសារ និង​បក្សពួក​របស់​លោក​ថាក់ស៊ីន។ ការ​ហាម​មិន​ឲ្យ​ពួក​នេះ​ចាកចេញ​ពី​ប្រទេស ពិសេស​លោកស្រី​យីងឡាក់ គឺ​ដើម្បី​ចៀសវាង​សេណារីយ៉ូ​ដូច​ឆ្នំា ២០០៦ ដែល​លោក​ថាក់ស៊ីន​ស្ថិត​នៅ​ក្រៅ​ប្រទេស តែ​បាន​រៀបចំ​ជួយ​ឲ្យ​គណបក្ស​របស់​លោក​ឲ្យ​ឈ្នះ​ឆ្នោត​ក្នុង​ឆ្នំា ២០០៧ និង​ឈ្នះ​បន្តបន្ទាប់​មក​ទៀត​រហូត​ធ្វើ​ឲ្យ​ប្អូនស្រី​ក្លាយ​ជា​នាយករដ្ឋមន្រ្តី។

នៅ​ក្នុង​ក្បួន​បាតុកម្ម​របស់​ពួក​អាវលឿង​នា​រយៈពេល​ចុង​ក្រោយ​នេះ ពួក​អាវលឿង​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កំចាត់​ក្រុមគ្រួសារ និង​បក្សពួក​ថាក់ស៊ីន​ចេញ​ពី​ឆាកនយោបាយ​ថៃ​ដែរ។ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​នៅ​ពេល​នេះ​គឺ​ថា តើ​វិបត្តិនយោបាយ​ច្រំដែល​នៅ​ថៃ​ពេល​នេះ វា​ជា​កំហុស​របស់​លោក​ថាក់ស៊ីន ឬ​យ៉ាង​ណា?។ មាន​តែ​របបសឹក​សព្វថ្ងៃ​នេះ​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន។ តែ​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ទុក​ជា​មុន​រួច​ជា​ស្រេច​ថា ជម្រើស​កំចាត់​ក្រុមគ្រួសារ​ថាក់ស៊ីន និង​បក្សពួក​ថាក់ស៊ីន​ចេញ​ពី​ឆាកនយោបាយ គឺ​ជា​ជម្រើស​ដែល​មិន​គួរ​នឹង​ធ្វើ​ទេ ព្រោះ​វា​នឹង​រឹត​តែ​ធ្វើ​ឲ្យ​សង្គមថៃ​បែកបាក់​គ្នា​កាន់​តែ​ខ្លំាង​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ